ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ស្រែអំបិល​អាច​ក្លាយជា​គោលដៅ​ទេសចរណ៍​សំខាន់​របស់​កម្ពុជា ទេ ខណៈ​ក្រសួង​អំពាវនាវ​ពលរដ្ឋ​ជួយ​ប្រើ​អំបិល​របស់​ជាតិ ?

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖​រដូវ​នេះ​ជា​រដូវ​ប្រមូល​ផល អំបិល​ពី ស្រែអំបិល​(​ខេត្ត​កែប ខេត្ត កំពត​)​។ ស្រែអំបិល​អាច​ជា​គោលដៅ​ទេសចរណ៍ មួយ សំរាប់​ទស្សនា ស្វែង​យល់​និង…

រាជធានី​ភ្នំពេញ ៖​រដូវ​នេះ​ជា​រដូវ​ប្រមូល​ផល អំបិល​ពី ស្រែអំបិល​(​ខេត្ត​កែប ខេត្ត កំពត​)​។ ស្រែអំបិល​អាច​ជា​គោលដៅ​ទេសចរណ៍ មួយ សំរាប់​ទស្សនា ស្វែង​យល់​និង អប់រំ​អោយ​មានការ​យល់​ដឹង ពី​ជីវភាព​កសិករ​និង ការ ផលិត​អំបិល​។​គួរ​នាំ​គ្នា​លើក​ស្ទួយ​និង​ប្រើប្រាស់​អំបិល​របស់​ជាតិ ( អំបិល​ក្នុងស្រុក​យើង ដែល​មាន​តាំងពី​ដើម​រៀង​មក​) ហើយ​ជា​អំបិល​ដែល​សំបូរ​ដោយ​ជាតិ Iode ដែល​អាច​ជួយ​កាត់​បន្ថយ​បាន​ច្រើន​ដល់​ជំងឺ​ពក ក​។

ដើម្បី​លើកកម្ពស់​ការ​ប្រើប្រាស់​អំបិល​ក្នុងស្រុក​ឱ្យ​កាន់តែ​សកម្ម​នៅ​លើ​ទីផ្សារ ហើយ​អាច​ជា​ផ្នែក​នៃ​គោលដៅ​ទេសចរណ៍​នៅ​គ្រា​បន្ទាប់ ក្រសួងទេសចរណ៍​បំផុស​ទស្សនៈ ឬ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​គួរ​នាំ​គ្នា​លើក​ស្ទួយ​និង​ប្រើប្រាស់​អំបិល​របស់​ជាតិ​ដែល​ផលិត​ដោយ​កូន​ខ្មែរ​ក្នុងស្រុក​តាំងពី​ដើម​មក​។« រដូវ​នេះ​ជា​រដូវ​ប្រមូល​ផល អំបិល​ពី ស្រែអំបិល (​ខេត្ត​កែប ខេត្តកំពត​) ។ ស្រែ អំបិល​អាច​ជា​គោលដៅ​ទេសចរណ៍ មួយ​សំរាប់​ទស្សនា ស្វែង​យល់​និង អប់រំ​អោយ​មានការ​យល់​ដឹង​ពី​ជីវភាព​កសិករ​និង ការ​ផលិត​អំបិល​» ។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក​ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ នា​ឱកាស​ចុះ​ទៅ​ពិនិត្យ​ស្រែអំបិល​កាលពី​ថ្ងៃ​ទី ៦ ឧសភា ម្សិលមិញ​នេះ ។

លោក​រដ្ឋមន្ត្រី​បាន​បន្ត​ថា «​គួរ​នាំ​គ្នា​លើក​ស្ទួយ​និង​ប្រើប្រាស់​អំបិល​របស់​ជាតិ (​អំបិល​ក្នុងស្រុក​យើង ដែល​មាន​តាំងពី​ដើម​រៀង​មក​) ហើយ​ជា​អំបិល​ដែល​សំបូរ​ដោយ​ជាតិ Iode ដែល​អាច​ជួយ​កាត់​បន្ថយ​បាន​ច្រើន​ដល់​ជំងឺ​ពក ក​»​។ ស្រប​ពេល​ដែល​ក្រសួង​បំផុសគំនិត​ឱ្យ​ពលរដ្ឋ​គាំទ្រ​អំបិល​ដែល​ផលិត​ឡើង​ដោយ​ផលិតករ​ក្នុងស្រុក បើ​តាម​ប្រធាន​សមាគម​អ្នក​ផលិត​អំបិល​កំពត​ក៏​ដូច​ជា​អ្នកជំនាញ​ក្នុង​វិស័យ​ទេសចរណ៍​យល់​ឃើញ​ថា នេះ​គឺជា​ការ​អំពាវនាវ​មួយ​ដ៏​ល្អ តែ​ការ​ផលិត​អំបិល​របស់​កម្ពុជា​នៅ​មួយ​រយៈ​ចុង​ក្រោយ​មកនេះ​មិន​អាច​ផលិត​បំពេញតម្រូវការ​ក្នុងស្រុក​បាន ធ្វើ​ឱ្យ​កម្ពុជា​សម្រេច​នាំ​ចូល​អំបិល​ពី​ក្រៅប្រទេស​បន្ថែម​។

លោក ប៊ុ​ន បារាំង ប្រធាន​សមាគម​អ្នក​ផលិត​អំបិល​ខេត្តកំពត​បានឱ្យ​ដឹង​កាលពី​ថ្ងៃ ម្សិលមិញ​ថា «​អំបិល​ដែល​ផលិត​នៅ​ក្នុងស្រុក​នៅ​ពេល​កន្លង​មក​ក៏​ដូច​ជា​មក​ដល់​សព្វ​ថ្ងៃនេះ​ប្រជាពលរដ្ឋ​គាំទ្រ​១០០​ភាគរយ ព្រោះ​អំបិល​យើង​ជា​អំបិល​ម៉ដ្ឋ ធ្វើ​ឡើង​ពី​ទឹកសមុទ្រ​។​នៅ​រយៈពេល​ពីរ​ឬ​បី​ឆ្នាំ​ចុង​ក្រោយ​នេះ ដោយសារ​យើង​ផលិត​មិន​បាន​ទើប​យើង​ធ្វើការ​នាំ​ចូល​អំបិល​មក​ពី​ខាងក្រៅ​ប្រហែល​១​ម៉ឺន​តោន​»​។ លោក​បន្ត​ថា​« នៅ​ឆ្នាំ​នេះ​យើង​ចាប់ផ្តើម​ផលិត​អំបិល​ហើយ​គិត​មក​ដល់​ពេល​នេះ យើង​មាន​អំបិល​មិន​ទាន់​ដល់​ចំនួន​៣​ម៉ឺន​តោន​ទេ ដោយសារ​នៅ​ក្នុង​តំបន់​នេះ​វា​ជួប​ភ្លៀង​ញឹកញាប់​ពេក​។​នេះ​បើ​តាម​ការ​ប៉ានស្មាន​របស់ខ្ញុំ​»​។

តាម​ប្រធាន​សមាគម​ន៍ បច្ចុប្បន្ន​សមាគម​មាន​ផ្ទៃដី​សម្រាប់​អ្នក​ផលិត​អំបិល​នៅ​ខេត្ត​កែប​និង​កំពត​សរុប​មាន​ប្រមាណ​៤,៥​ពាន់​ហិ​កតា ហើយ​ក្នុង​មួយ​ហិ​កតា​ជា​មធ្យម​ទទួល​បាន​ផល​២០​តោន​ឬ​លើស​ពី​នេះ​បើ​អាកាសធាតុ​អំណោយផល ហើយ​នៅ​ក្នុងឆ្នាំនេះ​ដែរ​បើ​អាកាសធាតុ​អំណោយផល មេឃ​មិន​មាន​ភ្លៀង​ធ្លាក់​នៅ​តំបន់​ផលិត​អំបិល​នោះ​ទេ ការ​ផលិត​អំបិល​សម្រាប់​ផ្គត់ផ្គង់​ក្នុងស្រុក​អាច​នឹង​ឆ្លើយ​តប​ទៅ​និង​តម្រូវការ​បាន តែបើ​នៅ​ក្នុង​រយៈពេល​ខែ​៥​ឬ​ខែ​៦​ខាង​មុខ​មាន​ភ្លៀង​ធ្លាក់ ធ្វើ​ឱ្យ​ការ​ផលិត​អំបិល​របស់​ផលិតករ​ជួប​បញ្ហា ពោល​គឺ​ទាមទារ​ឱ្យ​កម្ពុជា​នាំ​ចូល​អំបិល​បន្ថែម​ប្រមាណ​៧​ម៉ឺន​តោន​ដើម្បី​បង្គ្រប់​តម្រូវការ​នៅ​ក្នុងស្រុក​។

លោកស្រី ឆាយ ស៊ី​លី​ន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​មាន​ថា «​ក្រសួង ទេសចរណ៍​មានការ​បំផុសគំនិត​ឱ្យ​ពលរដ្ឋ​នាំ​គ្នា​លើក​ស្ទួយ​និង​គាំំ​ទ្រ​ប្រើប្រាស់​អំបិល​ក្នុងស្រុក នេះ​វា ជា​ការណ៍​មួយ​ល្អ​មែនទែន ដោយសារ​យើង​ជា​ប្រទេស​មួយ​មានការ​ផលិត​អំបិល​ដោយ​ខ្លួនឯង​។​កន្លង​មក​ការ​ផលិតផល​របស់​យើង​អនុវត្ត​តាម​បែប​ធម្មជាតិ យើង​ដូច​មិន​មានការ​បំ​លែង​ឬ​ប្រើ​ថ្នាំ​គីមី​ណាមួយ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​ប្រើប្រាស់​»​។
លោកស្រី​បន្ត​ថា ការ​ប្រើប្រាស់​អំបិល​ផលិត​ក្នុងស្រុក​នេះ​ទៀត​សោ​ធ​នឹង​ជំរុញ​ឱ្យ​សហគមន៍​គាត់​មាន​ទឹកចិត្ត​ក្នុង​ការ​ផលិត​អំបិល​នេះ​ឡើង ហើយ​យើង​អាច​ជួយ​ការ​ផ្គត់ផ្គង់​តម្រូវការ​ក្នុងស្រុក​និង​អាច​ជួយ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ ព្រោះថា​ប្រទេស​ដែល​អាច​ផលិត​អំបិល​ដោយ​ខ្លួនឯង​និង​អាច​ដាក់​ឱ្យ​ភ្ញៀវ​ទេសចរណ៍​មើលឃើញ​នេះ​ក៏​មាន​មិន​ច្រើន​ដែរ​នៅ​លើ​ពិភពលោក​។​ដូចនេះ​ស្រែអំបិល​ជា​ផ្នែក​មួយ​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ​មក​ទស្សនា​ពី​វាលស្រែ​ក៏​ដូច​ជា​ដំណើរការ​នៃ​ការ​ផលិត​អំបិល​។

ប្រធាន​សមាគម​លើក​ឡើង​ថា «​នៅ​ពេល​កន្លង​មក យើង​មាន​ក្រុមហ៊ុន​ផ្តល់​សេវា​ទេសចរណ៍​ខ្លះ​គាត់​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​ដំណើរ​កម្សាន្ត ដើម្បី​ពន្យា​ការ​ស្នាក់​នៅ​របស់​ភ្ញៀវ​ទេសចរណ៍​បាន​មួយ​ចំណែក​។ តែ​ចំនួន​ភ្ញៀវ​ទេសចរណ៍​ទៅ​ទស្សនា​គឺ​នៅ​មាន​កម្រិត ដោយសារ ខាង​សហគមន៍​ផលិត​អំបិល​ពួក​គាត់ ពេល​ខ្លះ​ធ្វើ​សកម្មភាព​ផលិត​អំបិល​មិន​បាន​ពេញលេញ គ្រាន់តែ​បាន​ធ្វើ​ឱ្យ​ភ្ញៀវ​មើលឃើញ​បាន​ត្រឹមតែ​ស្រស់​ស្អាត​»​។ អ្នកស្រី​បញ្ជាក់​ថា «​យើង​ចង់បាន​អ្វី​បន្ថែម​ពីលើ​នេះ​បន្ថែម​ទៀត​។ ព្រោះ​កន្លង​មក​ខាង​សហគមន៍​មិន​ទទួល​បាន​អត្ថប្រយោជន៍​ពី​ភ្ញៀវ​ទេសចរណ៍​ដែល​ទៅ​ទស្សនា ដោយសារ​នៅ​ក្នុង​សហគមន៍​អត់​មានការ​ជួយ​រៀបចំ​ទីកន្លែង ចត អង្គុយ និង​ទិញ​ផលិតផល​អំបិល​។​លើស​ពី​នេះ​ត្រូវ​មាន​បន្ទប់​ឬ​កន្លែង​បង្ហាញ​ពី​ដំណើរការ​ផលិត​អំបិល​តាំងពី​ពេល​ចាប់ផ្តើម​រហូត​ដល់​ចេញ​ជា​ផលិតផល​សម្រេច​»​។

បើ​តាម​អ្នកស្រី ឆាយ ស៊ី​លី​ន ធ្វើ​តាម​ចំណុច​ខាងលើ​នេះ​ទើប​អ្នក​នៅ​ក្នុង​សហគមន៍​ទទួល​បាន​អត្ថប្រយោជន៍ ជា​ប្រាក់​ចំណូល​បន្ថែម​ពី​ភ្ញៀវ​ទេសចរណ៍ ហើយ​ក្នុង​ពេល​នេះ​ដែរ​ខ្ញុំ​សូម​អំពាវនាវ​ទៅ​ដល់​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​នានា​ក៏​ដូច​ជា​អាជ្ញាធរ​ដែនដី ធ្វើ​យ៉ាងណា​ជួយ​លើកទឹកចិត្ត ជួយ​រៀបចំ​សហគមន៍​មាន​ទីកន្លែង​ស្អាតបាត​សម្រាប់​ភ្ញៀវ​។​ពេល​ភ្ញៀវ​ចូល​ទៅ​អាច​ឱ្យ​ចំណាយ​ប្រាក់​ប្រើប្រាស់​សេវាកម្ម​ផ្សេង​ៗ​។ ទាល់តែ​យើង​ទាំងអស់​គ្នា​ចូលរួម​គ្នា ជំរុញ​ទើប​ឱ្យ​សហគមន៍​ផលិត​អំបិល​ដើរទៅ​ស្រប​តាម​កម្រិតស្តង់ដា​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ