ខេត្តកំពង់ឆ្នាំង ៖ ព្រឹកថ្ងៃទី១១ មីនា ប៉ូលិសព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តបានធ្វើសន្និសីទសារព័ត៌មានបង្ហាញជនសង្ស័យ៧នាក់ដែលជាប់ពាក់ព័ន្ធក្នុងអំពើប្លន់ប្រដាប់អាវុធ កាលពីចុងខែកុម្ភៈកន្លងទៅនៅផ្សារពង្របានលុយជាង១ម៉ឺនដុល្លារដោយសុវត្ថិភាព។ ក្នុងការបង្ហាញជនសង្ស័យទាំង៧នាក់នេះ ប៉ូលិសក៏បានបង្ហាញភស្តុតាងយ៉ាងច្រើនដែលពាក់ព័ន្ធក្នុងអំពើលួចប្លន់នោះផងដែរ ជនសង្ស័យ ទាំងនេះតែងតែបង្កអសន្តិសុខលួចប្លន់ប្រជាពលរដ្ឋឆ្លងខេត្តឥតឈប់ឈរ ហើយស្នាដៃរបស់ប៉ូលិសនេះធ្វើឱ្យប្រជាពលរដ្ឋមានការសាទរយ៉ាងខ្លាំងដោយបានលើកគ្នាទៅចោមរោមមើលកកកុញ។
ជនសង្ស័យទាំង៧នាក់ មាន១-ឈ្មោះអៀ តាល់ ហៅហេង អាយុ២៩ឆ្នាំ នៅភូមិតាកែវក្រោម ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់, ២-ឈ្មោះទិន ចយ ហៅឆយ អាយុ៤៩ឆ្នាំ នៅភូមិសារវ័ន្ត ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់, ៣-ឈ្មោះមុត ផាន់នី អាយុ២០ឆ្នាំ នៅភូមិតោ្នតញី ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល, ៤-ឈ្មោះប៉ុក ស៊ីធឿន អាយុ៣១ឆ្នាំ នៅ ភូមិស្ថានីយ ឃុំស្វាយអាត់ ស្រុកសំពៅមាស ខេត្តពោធិ៍សាត់, ៥-ឈ្មោះសុខ ចាន់រិទ្ធ អាយុ៣០ឆ្នាំ នៅភូមិទួលតាឯក ឃុំទួលតាឯក ខេត្តបាត់ដំបង, ៦-ឈ្មោះវ៉ែន វាសនា ហៅឃុន ឃីម អាយុ៤២ឆ្នាំ នៅភូមិកណ្តាល ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ និង៧-ឈ្មោះឡេង អ៊ីម ហៅដួង អ៊ឹម ហៅហ៊ឹម ហៅសល់ អាយុ៤២ឆ្នាំ រស់នៅភូមិស្តុកឈូក ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល។
ក្រោយឃាត់ខ្លួនជនសង្ស័យទាំង៧នាក់នេះ ប៉ូលិសដកហូតសំភារបំរើឱ្យចោរកម្មមានកាំភ្លើង AK បត់២ដើម គ្រាប់១៨គ្រាប់ និងបង់មួយដែល១ដើមដកហូតបានពីផ្ទះឈ្មោះវ៉ែន វាសនា។ គោយន្ត១គ្រឿង ម៉ាស៊ីនភ្លើងមួយ កន្ត្រៃកាត់ដែក២ ដែកគាស់១ ថ្នាំបំពុលឆ្កែ១ថង់ ម៉ូទ័រស្វាន៣គ្រឿង សោម៉ូតូ៦ ប្រដាប់កាច់សោម៉ូតូ២ ស្លាកលេខម៉ូតូ៤ កន្ត្រកម៉ូតូ១០ កញ្ចក់ម៉ូតូ៥គូ ឡាំងកូនសោ១ប្រអប់ ក្បាំងម៉ូតូ២ ដែកដូយ១ ស៊ីមទូរស័ព្ទ១៣ ប្រដាប់កែច្នៃលេខម៉ូតូ១ ម៉ូតូចំនួន៣គ្រឿង និងគ្រឿងបន្លាស់ម៉ូតូជាច្រើនទៀត។ សំភារខាងលើនេះបានដកហូតនៅផ្ទះឈ្មោះឡេង អ៊ឹម ដែលជាមេខ្លោង។ ក្រៅពីនេះម៉ូតូចំនួន៤គ្រឿងទៀតក៏បានដកហូតពីក្រុមនេះផងដែរដែលសរុបម៉ូតូទាំងអស់មានចំនួន៧គ្រឿង៕



ចែករំលែកព័តមាននេះ