ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើមានអ្នកណា​ខ្លះ​ទិញដី​ពុះឡូត៍លក់​នេះ​ដែរ​ទេ?

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តើ​មាន​បងប្អូន​ណាខ្លះ បាន​ទៅ​ទិញ​ដី​ឡូ​ត៍ពី​ក្រុមហ៊ុន​ពុះ​ដី​ឡូ​ត៍មួយ ​ដែល​មាន​ស្លាក​យី​ហោ«​រៀលប្រ​ជេ​កប៊ី​ហ្ស​នេសឯ​.​ក​»ដែរ​ទេ ? ហើយ​ក្រោយ​ពេល​ទិញ​រួច​ហើយ ​ទាំង​អ្នក​ដែល​ទិញ​ឲ្យ​លុយ​គ្រប់​ចំនួន​និង​អ្នក​ដែល​ទិញ​បង់​រំលស់​នោះ ដែល​ធ្លាប់​ទៅ​មើល​ដី ​ដើម្បី​ឲ្យ​មាន​ភាព​ប្រាកដប្រជា​ថា​…

រាជធានីភ្នំពេញ ៖ តើ​មាន​បងប្អូន​ណាខ្លះ បាន​ទៅ​ទិញ​ដី​ឡូ​ត៍ពី​ក្រុមហ៊ុន​ពុះ​ដី​ឡូ​ត៍មួយ ​ដែល​មាន​ស្លាក​យី​ហោ«​រៀលប្រ​ជេ​កប៊ី​ហ្ស​នេសឯ​.​ក​»ដែរ​ទេ ? ហើយ​ក្រោយ​ពេល​ទិញ​រួច​ហើយ ​ទាំង​អ្នក​ដែល​ទិញ​ឲ្យ​លុយ​គ្រប់​ចំនួន​និង​អ្នក​ដែល​ទិញ​បង់​រំលស់​នោះ ដែល​ធ្លាប់​ទៅ​មើល​ដី ​ដើម្បី​ឲ្យ​មាន​ភាព​ប្រាកដប្រជា​ថា​ ដី​នោះ ​គឺជា​ដី​របស់​ខ្លួន​ពិតប្រាកដ​ដែរ​ទេ​ ។​ ព្រោះ​ពេល​នេះ ក្រុមហ៊ុន​ពុះ​ដី​ឡូ​ត៍ខាងលើ​កំពុង​ទទួល​រង​បណ្ដឹង​ពី​សំណាក់​អតិថិជន​របស់​ខ្លួន ​ដែល​បាន​ចោទប្រកាន់​ថា​ ជា​ក្រុមហ៊ុន​បោកប្រាស់​លក់​ដី​ខ្យល់​គាត់​បង់លុយ​រាល់​ខែ​ ទីបំផុត​មិនដឹង​ថា​ ដី​ដែល​គាត់​ទិញ​នោះ​​នៅឯណា​ឡើយ ​។​

ជាក់ស្ដែង​ កាលពី​ល្ងាច​ថ្ងៃ​ទី​០៦ ​ឧសភា ​មាន​អតិថិជន​ម្នាក់​ ដែល​ចាញ់បោក​ក្រុមហ៊ុន​មួយ​នេះ​ បាន​ទៅ​រឹបអូស​យក​សម្ភារការិយាល័យ​ នៅ​ក្នុង​ទីស្នាក់ការ​លក់​ដី​ឡូ​ត៍របស់​ក្រុមហ៊ុន​ ដែល​មាន​ទីតាំង​ស្ថិត​នៅផ្ទះ​លេខ​៣៦ មហាវិថី​ឈ្នះឈ្នះ ក្នុងភូមិ​ស្រែ​រា​ជ្ជៈ សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ដើម្បី​កាត់​លុយ ​។ ​ប៉ុន្តែ​មិន​ត្រឹមតែ​យក​មិន​បាន​ប៉ុណ្ណោះ​ទេ ​ត្រូវ​បាន​ប្រធាន​ក្រុមហ៊ុន​រារាំង បណ្ដាល​ឲ្យ​មាន ការ​ទាស់​ពាក្យ​សម្ដី​គ្នា​យ៉ាង​បែកផ្សែង ​រវាង​អិ​ថិ​ជន​រង​គ្រោះ​ និង​បុគ្គល​ដែល​បើក​ក្រុមហ៊ុន​លក់​ដី​ខ្យល់​នេះ​រហូត​មានការ​អន្តរាគមន៍​ពី​នគរបាល​និង​អាជ្ញាធរ​សង្កាត់​ ទើប​ស្ងប់ស្ងាត់​ ។

លោក សាន មឿ​ន អាយុ​៤៥​ឆ្នាំ​ ដែល​ជា​ជន​រង​គ្រោះ​ចំណាយ​លុយ​ទិញ​ប៉​ះចំ​ដី​ខ្យល់​ពី​ក្រុមហ៊ុន​នេះ បាន​ឲ្យ​ដឹង​​ថា គាត់​បាន​ទិញ​ដី​បង់​រំលស់ពី​ក្រុមហ៊ុន​«​រៀល ប្រ​ជេ​ក ប៊ី​ហ្ស​នេស ឯ​.​ក​»​ខាងលើ​ ដែល​មានឈ្មោះ លី វ៉ា​ឌី​ណា មាន​ទីលំនៅ​ក្នុងភូមិ​សង្កាត់​កើតហេតុ​ ជា​តំ​ណា​ង​។​ ដោយ​ទិញ​ក្នុង​១​ឡូ​ត៍ តម្លៃ​៩,៨០០​ដុល្លារ​តាម​រយៈ​ការ​បង់​រំលស់​ក្នុង​១​ខែ​២០០​ដុល្លារ ហើយ​គិត​រហូត​មក​ទល់​ពេលនេះ គាត់​បង់​បាន​ចំនួន​២៥០០​ដុល្លារ​ហើយ ​។ ​ប៉ុន្តែ​អ្វី​ដែល​ជា​ការ​ហួសចិត្ត​បំផុត​នោះ​ គឺ​ក្រុមហ៊ុន​នេះ​ រំលោភ​លើ​ទំនុកចិត្ត​គ្មាន​ដី​សម្រាប់​ឲ្យ​រូប​គាត់​ឡើយ នៅ​ពេល​គាត់​សួរនាំ​រក​ដី​ដែល​គាត់​ទិញ ​បែរជា​ចង្អុល​ខុស​ទីតាំង​ដែល​គាត់​មើល​ដំបូង​ចេះ​តែ​ដើរ​​ចង្អុល​ដី​គេ​ដី​ឯង​ផ្ដេស​ផ្ដាស ​គ្មាន​ការ​ប្រាកដប្រជា​ទេ មិនតែប៉ុណ្ណោះ​​បាន​ឆ្លើយ​ដោះសារ​ពង្វាង​ដាន​ម្ដង​ចេះ​ម្ដង​ចោះ ​កុហក​មិន​ចេះ​ចប់​ឡើយ​ ។

ប្រភព​ដដែល​បាន​បន្ត​ថា បន្ទាប់​ពី​ការ​ទាល់​តម្រិះ​ភាគី​ក្រុមហ៊ុន​មួយ​នេះ​ បាន​សន្យា​ប្រគល់​ឲ្យ​លុយ​គាត់​វិញ ពេល​នោះ ​គាត់​ក៏​បាន​យល់ព្រម​ដែរ​ ដោយ​នឹកឃើញ​ថា​ ប្រសើរ​ជាង​មិន​បាន​ ។​ បន្ទាប់​មក ​បាន​ធ្វើ​កិច្ច​សន្យា​មួយ​ ជាមួយ​គ្នា​ដោយ​ភាគី​ក្រុមហ៊ុន​នេះ​ បាន​សន្យា​ថា បើ​មិន​បាន​ប្រគល់​លុយ​គ្រប់​ចំនួន តាម​កិច្ច​សន្យា​ទេ​នោះ គឺ​ទោះបីជា​រូប​គាត់​ដែល​ជា​អ្នកទិញ​ដី​ចង់​រុះរើយក​ទីស្នាក់ការ ឬ​ចង់​ចង់​អ្វី​ក៏​យក​ទៅ ​។​លុះដល់​ថ្ងៃ​កំណត់​ក្រុមហ៊ុន​នេះ​ មិន​បាន​គោរព​កិច្ចសន្យា​មិន​ព្រម​ប្រគល់​លុយ​ឲ្យ​វិញ​ឡើយ ថែម​ទាំង​ប្រើ​ពាក្យ​សម្ដី​ទ្រគោះបោះបោក​ កោង​ឈ្លើយ​ថែម​ទៀត​ ទើប​គាត់​ធ្វើ​តាម​កិច្ចសន្យា​ គឺ​បាន​រើ​យក​សម្ភារ​ការិ​យាល័យ នៅ​ក្នុង​ទីស្នាក់ការ​ ដើម្បី​កាត់​លុយ​។​

ប៉ុន្តែ​ពេល​នោះ​ ត្រូវ​បាន​ក្រុម​អ្នកលក់​ដី​ខ្យល់​ទាំងនោះ ​ធ្វើការ​រារាំង​មិន​ព្រម​ឲ្យ ​ទើប​មានការ​ទាស់​ពាក្យ​សម្ដី​គ្នា​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​នគរបាល ​និង​អាជ្ញាធរ​សង្កាត់​ចុះ​ទៅ​សម្របសម្រួល​ ដោយ​ប្រាប់​ឲ្យ​ស្ងប់ស្ងាត់​រង​ចាំ​ការ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ ​។

ទាក់ទិន​ទៅ​នឹងការ​ចោទប្រកាន់​ខាងលើ​ ខាង​ភាគី​ក្រុមហ៊ុន​មួយ​នេះ​ ដែល​​មាន​លោក ឈ្មោះ លី វ៉ា​ឌី​ណា ជា​តំណាង មិន​បាន​ធ្វើការ​បំភ្លឺ​ឲ្យ​ដឹង​ថា​ តើ​រឿង​នេះ ពិត​ឬ​មិន​ពិត​នោះ​ឡើយ ហើយ​ដី​ដែល​គាត់​លក់​ឲ្យ​ទៅ​បុរស​រង​គ្រោះ​នោះ​នៅ​ត្រង់​ណា​ដែរ ។​

ទោះបីជា​បែប​ណា​ កន្លង​មក​ ក៏​មាន​អ្នក​ទៅ​ធ្វើការ​តវ៉ា​ជាមួយ​ក្រុមហ៊ុន​នេះ ​ជា​បន្តបន្ទាប់​និង​ចោទ​ថា​ក្រុមហ៊ុន​លក់​ដី​ខ្យល់​ឲ្យ​ ព្រមទាំង​បាន​ឈ្លោះ​ប្រែក​គ្នា​បែប​នេះ​មក​ហើយ​ដែរ ហើយ​នេះ​គឺជា​សារ​មួយ​សម្រាប់​បងប្អូន​ទូទៅ​ មុន​និង​ទិញ​ដី​ត្រូវពិនិត្យ​មើល​ប្រវត្តិ​ដី ​និង​ឯកសារ​ពាក់ព័ន្ធ​រួម​ និង​ទីតាំង​ដី​ឲ្យ​បាន​ច្បាស់លាស់​ជា​មុន​សិន ចៀសវាង​ទិញ​ប៉ះ​ចំ​ដី​ខ្យល់​បែប​នេះ ។


អត្ថបទសរសេរ ដោយ