រាជធានីភ្នំពេញ ៖ បុរសពីរនាក់ឪពុក និងកូនត្រូវបានកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលកាកាប ធ្វើការឃាត់ខ្លួនបញ្ជូនទៅកាន់ផ្នែកព្រហ្មទណ្ឌខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ បន្ទាប់ពីពួកគេធ្វើសកម្មភាពកាប់ប្រហារទៅលើបុរសម្នាក់ទៀតបណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ស្ទើរស្លាប់ស្ទើររស់ ។
ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី១៩ មីនា ឆ្នាំ២០១១ នៅចំណុចផ្ទះជួលក្រុមទី៨ ភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ជនដៃដល់ទាំងពីរនាក់នោះ ឪពុកឈ្មោះឆាង សុភាព អាយុ៥០ឆ្នាំ ជាសន្តិសុខឯកជន ឯកូនប្រុសឈ្មោះឆាង សាម៉ុន អាយុ១៩ឆ្នាំ ជាកម្មករសំណង់ ពួកគេទាំងពីរនាក់ស្នាក់នៅផ្ទះជួលកើតហេតុខាងលើ ។ ចំណែកឯជនរងគ្រោះឈ្មោះចៀវ ពុទ្ធី អាយុ២៥ឆ្នាំ ជាកម្មករសំណង់ ស្នាក់នៅផ្ទះជួលខាងលើដែរ រងរបួសរយះក្បាលខាងឆ្វេងសន្លប់បាត់ស្មារតី ហើយភ្លាមៗត្រូវគេបញ្ជូនទៅកាន់មន្ទីរពេទ្យព្រះកុសុមៈ តែដោយស្ថានភាពរបួសធ្ងន់ធ្ងរពេកទើបគេបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះអង្គុយលេងជាមួយបុរសម្នាក់ទៀតដែលជាបងប្អូនជីដូនមួយនៅមុខបន្ទប់ផ្ទះជួលខាងលើ ។ ចំណែកឯជនដៃដល់ឈ្មោះឆាង សាម៉ុន ក៏អង្គុយនៅមុខបន្ទប់ផ្ទះជួលរបស់ខ្លួនដែរ លុះមួយសន្ទុះក្រោយមកប្អូនស្រីជីដូនមួយរបស់ជនរងគ្រោះបានដើរកាត់មុខផ្ទះជនដៃដល់ ជននោះក៏បាននិយាយលែបខាយនូវពាក្យអសុរោះថា «ដល់កហើយមើលមេនេះគូទ.ងបះដល់ហើយវើយ» ។ ប្រភពដដែលបានបន្តថា ពេលឮបែបនេះបានធ្វើឱ្យនាងក្រមុំរូបនោះខ្មាសអៀន និងខឹងយ៉ាងខ្លាំង ចំណែកឯជនរងគ្រោះ និងបងប្អូនជីដូនមួយម្នាក់ដែលអង្គុយនៅជាមួយគ្នានោះបានយករឿងនេះទៅប្រាប់ស្ត្រីជាម្តាយរបស់នាងក្រមុំរូបនោះឱ្យដឹង។ ភ្លាមៗនោះស្ត្រីជាម្តាយបានដើរទៅសួរនាំជននោះ ឯជនរងគ្រោះក៏បានដើរទៅជាមួយដែរ ពេលទៅដល់ក៏បានសួរនាំឈ្មោះឆាង សាមុន ពីរឿងនិយាយពាក្យអសុរោះដាក់ប្អូនស្រីជីដូនមួយរបស់ខ្លួន។ ខណៈនោះជនដៃដល់អត់បាននិយាយឆ្លើយតបនោះទេ តែគេបានទាញកាំបិតប៉័ងតោមកកាប់ប្រហារទៅលើជនរងគ្រោះ បណ្តាលឱ្យដួលសន្លប់នៅនៅនឹងកន្លែងតែម្តង និងបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។
ប្រភពដដែលបានបន្តទៀតថា ដោយឡែកបុរសជាឪពុកជននោះពេលឃើញបែបនេះ អត់ចាប់ឃាត់កូនទេ បែរជាទាញពូថៅប្រុងស្ទុះទៅកាប់បងប្អូនជនរងគ្រោះទៅវិញ។ ប៉ុន្តែដោយសារតែការភ្ញាក់ផ្អើលកាន់តែខ្លាំង ទើបជននោះបញ្ឈប់សកម្មភាពរបស់ខ្លួន ហើយក្រោយមកប៉ូលិសប៉ុស្តិ៍កាកាបបានចុះទៅឃាត់ខ្លួនពួកគេទាំងពីរនាក់ឪពុក និងកូនភ្លាមៗតែម្តង ៕
ចែករំលែកព័តមាននេះ