ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​អធិការ​ស្រុក​បាណ​ន់​…​បានដាក់​ការ​សង្ស័យ​​លើ​សត្វ​ក្រពើ​ទាំង​២​ក្បាល

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ លោក ប៉ាន់ វ៉ា​ន់​នី អធិការ​ស្រុក​បាណ​ន់ ដែល​កំពុង​តាម​ស្រាវជ្រាវ​រឿង​សត្វ​ក្រពើ​នេះ លោក​មិន​ទាន់​ហ៊ាន​អះអាង​បែប​ណា​ឲ្យ​ជាក់លាក់​នៅឡើយ ដោយ​ដាក់​ការ​សង្ស័យ​ថា វា​អាច​ជា​សត្វ​ក្រពើ​ដែល​គេ​ចិញ្ចឹម…

ខេត្តបាត់ដំបង ៖ លោក ប៉ាន់ វ៉ា​ន់​នី អធិការ​ស្រុក​បាណ​ន់ ដែល​កំពុង​តាម​ស្រាវជ្រាវ​រឿង​សត្វ​ក្រពើ​នេះ លោក​មិន​ទាន់​ហ៊ាន​អះអាង​បែប​ណា​ឲ្យ​ជាក់លាក់​នៅឡើយ ដោយ​ដាក់​ការ​សង្ស័យ​ថា វា​អាច​ជា​សត្វ​ក្រពើ​ដែល​គេ​ចិញ្ចឹម ព្រោះ​មើលទៅ​វា​មិន​ខ្លាច​មនុស្ស ហើយ​មិន​កាច​សាហាវ​ទេ​ពេល​មនុស្ស​ចាប់​វា ។ ប៉ុន្តែ​លោក​បាន​បញ្ជាក់​ដែរ​ថា ប៉ុន្មាន​ថ្ងៃមុន​នេះ​មន្ត្រី​ជំនាញ​បាន​បើកទ្វារ​ទឹក​ទំនប់​ក​ង្ហ​ត​សម្រក​ទឹក​ប៉ែក​ខាងលើ ដើម្បី​ធ្វើ​ស្ពាន ធ្វើ​ឲ្យ​ទឹកស្ទឹង​សង្កែ​ផ្នែក​ខាងក្រោម​ឡើង​ខ្លាំង​បន្តិច ។ លោក​អធិការ​និយាយ​ថា កន្លង​មក​គេ​មិន​ធ្លាប់​ជួប​ប្រទះ​សត្វ​ក្រពើ​នៅ​តាម​ដងស្ទឹង​ទេ តែ​នៅ​ពេល​ទឹក​ស្រក ស្រាប់តែ​អ្នក​ភូមិ​ប្រទះ​ឃើញ​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ។

លោក ប៉ាន់ វ៉ា​ន់​នី បាន​បញ្ជាក់​បន្ថែម​ជុំវិញ​ការ​ចាប់​បាន​ក្រពើ​២​ក្បាល​នេះ​ថា រហូត​ដល់​ពេល​នេះ ​យើង​នៅ​តែ​មិន​ច្បាស់លាស់​អំពី​ប្រភព​នៃ​សត្វ​ក្រពើ​នេះ តែ​យើង​សង្ស័យ​ក្រពើ​នេះ​រួច​ចេញពី​កន្លែង​អ្នក​ចិញ្ចឹម នៅ​ខាង​ក្រុង​បាត់ដំបង​ឬ​នៅ​ស្រុក​ឯក​ភ្នំ ដែល​វា​បាន​ឡើង​មក​តាម​ដងស្ទឹង​សង្កែ ក្នុងអំឡុងពេល​ភ្លៀង​ប៉ុន្មាន​ថ្ងៃមុន​នេះ ។ ប៉ុន្តែ​បើ​សត្វ​ក្រពើ​ទាំងនោះ​រួច​ពី​កន្លែង​ចិញ្ចឹម​មែន គេ​ក៏​មិនដឹង​រួច​ចេញ​ប៉ុន្មាន​ក្បាល​ដែរ​។

លោក​អធិការ​បាន​ប្រាប់​ដែរ​ថា ពេល​នេះ​លោកស្នងការ​ខេត្ត​បញ្ជា​ឲ្យ​មន្ត្រី​នៅ​តាម​មូលដ្ឋាន​សហការ​ជាមួយ​ពលរដ្ឋ ត្រូវ​ធ្វើការ​តាមដាន​និង​ចុះ​ត្រូ​ត​ពិនិត្យ និង​តាម​ឃ្លាំមើល​តាម​ដងស្ទឹង​សង្កែ ក្រែង​ប្រទះ​ឃើញ​សត្វ​ក្រពើ​ដទៃ​ទៀត​ដែល​នៅ​សេសសល់​ដើម្បី​តាម​ចាប់ ចៀសវាង​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​ដែល​ចុះ​ងូតទឹក​ក្នុង​ស្ទឹង ​

គួររំលឹកថា បន្ទាប់​ពី​មានការ​ភ្ញាក់ផ្អើល​ដែល​អ្នក​ភូមិ​ចាប់​បាន​ក្រពើ​២​ក្បាល​ ជា​បន្តបន្ទាប់​នៅ​ក្នុង​ទឹកស្ទឹង​សង្កែ ពេល​នេះ​សមត្ថកិច្ច​និង​ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​ក្នុងស្រុក​បាណ​ន់ បាន​និង​កំពុង​នាំ​គ្នា​ចុះ​ត្រួតពិនិត្យ​តាម​ដងស្ទឹង​សង្កែ ដើម្បី​ស្វែងរក​ក្រពើ​ផ្សេង​ទៀត ក្រែង​មាននៅ​សេស​សល់ ដែល​គេ​អះអាង​ថា អាច​ជា​ក្រពើ ដែល​រួច​ចេញពី​កន្លែង​ចិញ្ចឹម​ណាមួយ ។

អធិការ​ស្រុក​បាណ​ន់​លោក ប៉ាន់ វ៉ា​ន់​នី បាន​ថ្លែងប្រាប់​កោះសន្តិភាព​នៅ​រសៀល​ថ្ងៃ​ទី​៦ ឧសភា​នេះ​ថា ពិតជា​មាន​សត្វ​ក្រពើ​មែន ដែល​អ្នក​ភូមិ​ចាប់​បាន​នៅ​តាម​ដងស្ទឹង​សង្កែ​ចំនួន​២​ក្បាល ។ លោក​អធិការ​បាន​ប្រាប់​ថា សត្វ​ក្រពើ​ទាំង​២​ក្បាល​នោះ ត្រូវ​អ្នក​ភូមិ​ចាប់​បាន​នៅ​កន្លែង​ផ្សេង​គ្នា និង​ចាប់​បាន​២​ថ្ងៃ​ជាប់​ៗ​គ្នា ។ លោក​និយាយ​ទៀត​ថា នៅ​រសៀល​ថ្ងៃ​ទី​៣ ឧសភា អ្នក​ភូមិ​ម្នាក់​ឈ្មោះ ស៊​ត សុ​ហេង ភេទ​ប្រុស អាយុ​៣២​ឆាំ្ន រស់នៅ​ភូមិ​ទួល​ច្រនៀង ឃុំ​បាយដំរាំ បាន​ចុះ​ទៅ​ងូតទឹក​ស្ទឹង​សង្កែ​ដែល​នៅ​ខាងលិច​ផ្ទះ​របស់​គាត់​បន្តិច ។ ពេល​នោះ​ស្រាប់តែ​ឆ្កែ​របស់​គាត់​បាន​ប្រទះ​ឃើញ​ក្រពើ​មួយ​ក្បាល​កំពុង​សម្ងំ​នៅ​លើគោក​ក្បែរ​មាត់ទឹក ហើយ​ក៏​ព្រូស​ស្ទុះ​ដេញ​សត្វ​ក្រ​ពេ​ី ទើប​គាត់​ស្ទុះ​ទៅ​វាយ​ក្រពើ​នោះ​បាន ដែល​មាន​ទម្ងន់​ប្រហែល​១០​គីឡូក្រាម ។

ដោយឡែក​ សត្វ​ក្រពើ​មួយ​ក្បាល​ទៀត​ដែល​មាន​ទម្ងន់​ប្រហែល​៣០​គីឡូក្រាម ត្រូវ​បាន​អ្នក​ភូមិ​ម្នាក់​ទៀត​ឈ្មោះ ថៃ ជ្រូក ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​ទូល​ច្រនៀង ជាមួយ​គ្នា​ដែរ ចាប់​បាន​នៅ​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​៤ ឧសភា ពេល​ដែល​គាត់​ចុះ​ទៅ​រក​បង់សំណាញ់​នៅ​ក្នុង​ស្ទឺ​ង ដែល​ស្ថិត​នៅ​ខាងលិច​ផ្ទះ​របស់​គាត់​បន្តិច ។ លោក ប៉ាន់ វ៉ា​ន់​នី បាន​បញ្ជាក់​ថា អ្នក​បង់សំណាញ់​បាន​ប្រទះ​ឃើញ​ក្រពើ​នោះ​កំពុង​ហែល​នៅ​កន្លែង​ទឹក​រាក់ ទើប​គាត់​បង់សំណាញ់​គ្រប​ចាប់​បាន​តែ​ម្ដង ។

ការ​ចាប់​បាន​ក្រពើ នៅ​ក្នុង​ស្ទឹង​សង្កែ​នេះ បើ​តាម​លោក ស៊​ត សុ​ហេង ដែល​ចាប់​បាន​ក្រពើ​លើក​ដំបូង បាន​និយាយ​ប្រាប់​ស​ត្ថ​កិច្ច​ថា តាំងពី​ដើម​មក​គាត់​មិនដឹង​ថា មាន​ក្រពើ​នៅ​រស់​ក្នុង​ស្ទឹង​បែប​នេះ​ទេ ។ គាត់​និយាយ​ទៀត​ថា នៅ​ថ្ងៃ​នោះ​គាត់​បាន​ចុះ​ទៅ​ងូតទឹក ស្រាប់តែ​ឆ្កែ​របស់​គាត់​ព្រួស​យ៉ាង​ខ្លាំង ពេល​គាត់​មើលទៅ​ស្រាប់តែ​ឃើញ​ឆ្កែ​កំពុង​ព្រួស​ក្រពើ​មួយ​ក្បាល​ដែល​កំពុង​សម្ងំ​មាត់ទឹក ហើយ​ក្រពើ​នោះ​ក៏​រក​ខាំ​ឆ្កែ​វិញ​ដែរ ។ ឃើញ​ដូច្នេះ​គាត់​ក៏​ស្ទុះ​ទៅ​ទាញ​ដំបង វាយ​ក្រពើ​នោះ​ងាប់​យក​ទៅ​ចែក​អ្នក​ភូមិ​ធ្វើ​ម្ហូប​តែ​ម្ដង​ទៅ។

ដោយឡែក​លោក ថៃ ជ្រូក ដែល​ចាប់​ក្រពើ​បាន​មួយ​ក្បាល​ដែរ បាន​និយាយ​ថា នៅ​យប់​នោះ​គាត់​បាន​ចុះ​ទៅ​ក្នុង​ស្ទឹង​ដើម្បី​រក​បង់សំណាញ់ ។ ប៉ុន្តែ​ពេល​នោះ​ស្រាប់តែ​ប្រទះ​ឃើញ​ក្រពើ​មួយ​ក្បាល កំពុង​ហែល​នៅ​កន្លែង​ទឹក​រាក់ ទើប​គាត់​បង់សំណាញ់​គ្រប​ចាប់​បាន​តែ​ម្ដង ។ ក្រពើ​នោះ​មាន​ទម្ងន់​ប្រហែល​៣០​គ​.​ក ហើយ​យក​ទៅ​លក់​ឲ្យ​អ្នក​ភូមិ​ម្នាក់​បាន​តម្លៃ​៣៥​ម៉ឺន​រៀល ។

ជុំវិញ​ការ​ចាប់​ក្រពើ បាន​២​ក្បាល​នៅ​ក្នុង​ស្ទឹង​សង្កែ ខាងលើ​នេះ​ហាក់​ធ្វើ​ឲ្យ​អ្នក​ភូមិ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដោយសារ​កន្លង​មក​គេ​មិន​ធ្លាប់​ជួប​ប្រទះ​។ អ្នក​ភូមិ​ខ្លះ​និយាយ​ថា សត្វ​ក្រពើ​នោះ​ទំនង​ឆ្លង​មក​ពី​ផ្នែក​ខាងលើ នៃ​ទ្វារ​ទឹក​ទំនប់​ក​ង្ហ​ត នៅ​ប៉ែក​ខាងលើ ដែល​គេ​បាន​បើក​បង្ហូរ​នា​ប៉ុន្មាន​ថ្ងៃមុន​នេះ ។ ព្រោះ​នៅ​ប៉ែក​ខាងលើ​ទំនប់​ក​ង្ហ​ត កន្លង​ទៅ​គេ​ធ្លាប់​ប្រទះ​ឃើញ​មាន​ក្រពើ​ដែរ ។ ប៉ុន្តែ​អ្នក​ភូមិ​ខ្លះ​យល់​ផ្ទុយ​ពី​នេះ ដោយ​សង្ស័យ​ថា ក្រពើ​ទាំង​២​ក្បាល​នោះ ទំនង​អាច​រួច​ចេញពី​កន្លែង​គេ​ចិញ្ចឹម ។ ព្រោះ​បើ​ពិនិត្យ​លើ​សត្វ​ក្រពើ​ដែល​អ្នក​ភូមិ​ចាប់​បាន​នោះ គឺ​ហាក់ដូចជា​មិន​កាច​សាហាវ ដូច​សត្វ​ក្រពើ​រស់នៅ​តាម​ទឹក​បែប​ធម្មជាតិ​នោះ​ទេ ។

អត្ថបទសរសេរ ដោយ