ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លីប៊ី ៖ ​កង​កម្លាំង​​លោក​កាដាហ្វី ​​បន្ត​វាយ​​លុក​​ទៅ​ទិសខាង​​កើត​ក្រោយ​​វាយយក​បានទីក្រុង​ថ្មីៗ

15 ឆ្នាំ មុន

កង​ទ័ព​របស់លោក​មូអាម៉ា កាដាហ្វី​ ​បាន​បន្ត​​រុល​ទៅមុខឆ្ពោះ​ទៅកាន់ទីក្រុង​​បេនហ្គា​ហ្ស៊ី ​ជា​ទីតាំង​​បង្អែក​​របស់ពួកបះបោរ​​​ស្ថិត​នៅ​​ភាគ​ខាង​​កើត​​ប្រទេស ​ក្រោយ​​វាយដណ្តើម​​​បាន​ទីក្រុង​ថ្មីៗ​​មក ។​
កាលពី​​ថ្ងៃទី​​​១៣​ មីនា ​កង​កម្លាំង​​លោក​​កា​ដា​ហ្វី ​បន្ត​​រុលទៅ​​មុខ ។ ​ខ្សែ​បន្ទាត់​​​រណ​សិរ្ស​​ពេល​នេះ​​បាន​រំកិល​ថែមទៀត​​ឆ្ពោះ​ទៅ​ទិសខាង​កើត ។ បណ្តា​​ទីក្រុង​​កាន់កាប់​ដោយ​ពួក​ឧទ្ទាម​​ត្រូវធ្លាក់​​បន្ត​បន្ទាប់គ្នា​​​ក្នុង​​កណ្តាប់ដៃ​​របស់​កង​ទ័ព​​ស្និទ្ធ​លោកកាដាហ្វី ។ ទូរទស្សន៍​រដ្ឋ​លីប៊ី​​​អះអាង​ថា ទីក្រុង​ BREGA ត្រូវ​រំដោះពីពួក​បះបោរ ។​
កាលពីថ្ងៃទី​​​១២ មីនា ​កន្លង​មក​​​នេះ លោក​សៃ​​​​អុីហ្វ ​អាល់​អុីស្លាម​ កូនប្រុស​របស់​លោក​កាដាហ្វី ​ដែល​កាន់អំណាច​​ចាប់តាំង​ពី​​​៤២​ឆ្នាំ​មកហើយ ​និយាយ​ថា រូបគេ​មាន​​ទំនុកចិត្ត​​​លើ​​ជោគជ័យ​​របស់កង​ទ័ព​​រដ្ឋាភិបាល​​ដោយអះអាង​​​ក្នុង​​បទសម្ភាសន៍​ជាមួយ​​បណ្តា​​​កាសែត​​អុីតាលី​​ថា កង​ទ័ព​​រដ្ឋាភិបាល​​ដណ្តើម​​កាន់កាប់​​ដែនដី​​​៩០% ​របស់​ប្រទេស​​រួចហើយ ។ ​កូនប្រុស​​លោកកា​ដា​ហ្វី​​ រូបនេះ​​សន្យា​ពី​ការ​ធ្វើសង្គ្រាម​​​មួយរហូត​ដល់​ទីបញ្ចប់ ។ លោកសៃ​​អុីហ្វ អាល់​អុី​​​ស្លាម ​បន្ត​ថា ​«ឆាប់​ៗ​នេះ​អ្វីៗ​​នឹង​ត្រូវ​​បញ្ចប់» ។​
ទោះបីជា​​របប​​លោក​​កាដាហ្វី ហាក់ដូចជា​​មាន​​ប្រៀប​​ក្នុង​ការ​វាយ​បក​វិញរបស់ខ្លួន​​ក៏ដោយ​ ក៏​សហគមន៍​​​អន្តរជាតិ​ហាក់ដូចជា​មានប្រតិ​កម្ម​​យឺតៗ ។ ​​ក្រោយ​កិច្ចប្រជុំ​របស់​អូតង់​ និង​របស់​​សហភាពអឺរ៉ុប ដែល​ពុំ​សម្រេច​​បាន​​លទ្ធ​ផល​ជាក់លាក់​​នានា ដើម្បី​​បញ្ឈប់​​ការ​បង្ក្រាប ​ការ​ជួប​គ្នា​​ថ្មីមួយ​របស់ G8 គ្រោង​ធ្វើ​នា​ថ្ងៃទី​​​១៤ មីនា ។​
ពួក​​ប្រឆាំង​​លោកកាដាហ្វី ​កំពុងជួប​​ការ​លំបាក ។ កង​ទ័ព​លោក​កាដាហ្វី វាយដណ្តើម​​ត្រួតត្រា​វិញ​កាលពីថ្ងៃទី​​​១៣ មីនា ​នូវទីក្រុង​​​ប្រេង​​យុទ្ធ​​​សាស្ត្រ​ BREGA តាមផ្លូវ​​ទៅកាន់​ទីក្រុង​បេនហ្គាហ្ស៊ី ។ ​បរាជ័យ​ថ្មីនេះ​​​របស់ពួកបះ​បោរ​​​ញ៉ាំង​ឱ្យ​មានការ​កាត់បន្ថយ​​យ៉ាង​ខ្លាំង​​នូវ​ការ​​ផ្តល់​ថាម​ពល​ដល់​​ពួកគេ​នៅ​ភាគខាងកើត​​​ប្រទេស​​ក្រោយ​ការ​​បាត់បង់​ទីក្រុង​​ RAS LANOUF កាលពីថ្ងៃទី​​​១២ មីនា ។ ​​កង​កម្លាំង​​រដ្ឋា​ភិបាល​​បានឡោម​ព័ទ្ធ​​ភាគកណ្តាល​ទីក្រុង MISRATA ។ បណ្តា​ប្រមុខ​​​កុលសម្ព័ន្ធ​​បាន​ពិភាក្សា​​គ្នា​ជាមួយពួកឧទ្ទាម​​​ ដើម្បី​​​ឱ្យ​​ពួកគេ​យល់​​ព្រម​​​ចុះ​ចូល​ ។​ ទូរទស្សន៍​​​រដ្ឋលីប៊ី ប្រកាស​ផង​ដែរ​ថា ​បណ្តា​​កំពង់ផែ​​​ប្រេងរបស់​​ប្រទេស​​ពេលនេះត្រូវ​​បានធានា​សន្តិសុខ​​វិញហើយ ៕