ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​រីងស្ងួត​អស់​ទៅ​ហើយ បាន​ទឹក​ពី​ណា​មក​ធ្វើស្រែ​ចំការ

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ បឹង​ធំ គឺជា​បឹង​មួយ​ដែល​មាន​ផ្ទៃ​ទឹកធំ​ល្វឹងល្វើយ​នៅ​ខែវស្សា លាតសន្ធឹង​ពី​ចំណុច​ទំនប់​បារាំង ស្ថិត​នៅ​ក្នុងភូមិ​កណ្ដាល សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង រហូត​មក​ដល់​ទួល​អំពិល ស្ថិត​នៅ​ក្នុងភូមិ​ដំណាក់​ពពូល…

ខេត្តកំពង់ឆ្នាំង ៖ បឹង​ធំ គឺជា​បឹង​មួយ​ដែល​មាន​ផ្ទៃ​ទឹកធំ​ល្វឹងល្វើយ​នៅ​ខែវស្សា លាតសន្ធឹង​ពី​ចំណុច​ទំនប់​បារាំង ស្ថិត​នៅ​ក្នុងភូមិ​កណ្ដាល សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង រហូត​មក​ដល់​ទួល​អំពិល ស្ថិត​នៅ​ក្នុងភូមិ​ដំណាក់​ពពូល សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ចំណែកឯ​ម្ខាង​បឹង​ជាប់​ដង​ទន្លេ​វិញ គឺ​ជាប់​ភូមិ​កំពង់​អុស ឃុំ​ពាម​ឆ្កោក ស្រុក​ជល​គី​រី ។ បឹង​មួយ​នេះ​មាន​វិសាលភាព​ទឹកធំ​ធេង​ណាស់ និង​ពុំដែល​រីងស្ងួត​នោះ​ឡើយ ។ ប៉ុន្តែ​ជា​អកុសល ឆ្នាំ​នេះ​បឹង​ដែល​មាន​ផ្ទៃ​ទឹកធំ​ធេង​ប្រែជា​រីងស្ងួត​គោក​ស្ទើរ​អស់ទាំង​ស្រុង ។

ផ្តើម​ចេញពី​បញ្ហា​នេះ​ធ្វើ​អោយ​ប្រជាពលរដ្ឋ​ខ្លះ​បាន​ចោទ​លើ​កត្តា​ធម្មជាតិ​ក្តៅ​ហូត​ហែង ប៉ុន្តែ​អ្នកមាន​ដីស្រែ​ចំការ​ជុំ​បឹង​ខាងលើ​នេះ​បាន​ចោទ​មក​ពី​មានការ​បង្ហូរទឹក​ចេញ​តាម​ទំនប់​បារាំង បាន​បណ្តាល​ខូចខាត​ដំណាំ​របស់​ពួក​គាត់​មាន​ដូច​ជា ស្រូវប្រាំង និង​ឈូក​ជាដើម ។

ទាក់ទង​នឹង​បញ្ហា​នេះ​លោក​ដោក ប៊ុ​ន​ថុ​ន ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្តកំពង់ឆ្នាំង​បាន​មាន​ប្រសាសន៍​ថា ការ​ដែល​បណ្ដាល​ឱ្យ​បឹង​ធំ​រីងស្ងួត​ហួត​អស់ គឺ​មិនមែន​មក​ពី​កត្តា​ធម្មជាតិ​នោះ​ទេ គឺ​បណ្ដាល​មក​ពី​ខាង​មន្ទីរ​ជំនាញ​របស់​លោក​ជា​អ្នក​បង្ហូរទឹក​ចេញ ។ លោក​បាន​ពន្យល់​ថា មូលហេតុ គឺ​ដោយសារ​បឹង​ធំ​នេះ​ចេះ​តែ​គោក​រាក់​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ជា​រៀង​រាល់​ឆ្នាំ ទើប​មន្ទីរ​ជំនាញ​របស់​លោក បាន​ធ្វើ​សំណើសុំ​ទៅ​ក្រសួង​ធនធានទឹក ដើម្បី​ស្ដា​បឹង​នេះ​ឲ្យ​ទឹក​មាន​ជម្រៅ​ជ្រៅ​ឡើង​វិញ ។ ជាមួយ​គ្នា​នេះ​រដ្ឋ​ក៏​គ្មាន​ធនធាន ឯណា​នឹង​អាច​ស្ដា​បឹង​នេះ​បាន​ដែរ ទើប​សហគមន៍​រក​ដៃគូ​មក​ជួយ​ស្ដា​បឹង​ធំ​នេះ​វិញ ដោយ​ចំណេញ​ទាំង​រដ្ឋ ចំណេញ​ទាំង​សហគមន៍​ដៃគូ​ដែល​ជា​អ្នក​ចង់បាន​អាចម៍ដី ។

និយាយ​ជា​រួម​ដើម្បី​ស្ដា​បឹង​ធំ​នេះ​បាន​លុះត្រាតែ​មាន​ដៃគូ​ពី​វិស័យ​ឯកជន​ស្ដាយ​ក​អាចម៍ដី​យក​ទៅ​ចាក់​ទីតាំង​ណាមួយ​ដែល​គេ​ត្រូវការ ។ ហើយ​បញ្ហា​នេះ​មិនមែន​ជា​រឿង​ត្រូវ​លាក់លាម​នោះ​ទេ​ត្រូវធ្វើ​ជា​ចំហរ​នៅ​ពេល​យ៉ាង​ខ្លី​នេះ លោក​នឹង​លើក​ផ្ទាំង​ប៉ាណូ​បញ្ហា​ញ​ពី​គម្រោងការ​ស្តា​បឹង​ធំ​នេះ ។ លោក​ប្រធាន​មន្ទីរ​បាន​បញ្ជាក់​ទៀត​ថា បើ​តាម​គម្រោង​របស់​ឯកឧត្តម​អភិបាលខេត្ត​បាន​ឲ្យ​ដឹង​ថា កំពុង​វាស់វែង​គ្រោង​ប្លង់​លើ​ទីតាំង​អាង​បឹង​ធំ​នេះ ដោយ​កំណត់​ទីតាំង​អោយ​បាន​ច្បាស់លាស់ ព្រោះថា​បច្ចុប្បន្ន​កំពុង​តែ​មានការ​ទន្ទ្រាន​យក​ដី​ជុំវិញ​បឹង​ពី​សំណាក់​ប្រជាពលរដ្ឋ​ដែល​ចេះ​តែ​រំកិល​បោះ​ព្រំ​យក​ដី​ចូល​ទៅ​ក្នុង​អាង​បឹង​ធំ​យ៉ាង​អនាធិបតេយ្យ​ផង​ដែរ ។

យ៉ាងនេះ​ក្តី​ក៏​មាន​ប្រជាពលរដ្ឋ​ដែល​មាន​ស្រែប្រាំង និង​មាន​ចំការ​ឈូក​នៅ​ជុំវិញ​បឹង​បាន​ត្អូញត្អែ​ថា មក​ដល់​ពេល​នេះ​ដំណាំ​ពួក​គាត់​បាន​ងាប់​ខូចខាត​អស់​ទៅ​ហើយ ដោយសារ​តែ​ការ​បង្ហូរទឹក​ចេញ ពិសេស​ប្រជាពលរដ្ឋ​នៅ​ភូមិ​កំពង់​អុស ។ មក​ដល់​ពេល​នេះ​គេ​មិន​ទាន់​ដឹង​ថា តើ​ការ​អភិវឌ្ឍន៍​ការ​ស្តា​បាត​បឹង​ខាងលើ អាច​ទៅ​ដោយ​រលូន ឬ​យ៉ាងណា​នោះ​ទេ ព្រោះ​មិន​ទាន់​ចេញ​រូបរាង​ផង​មាន​លេច ឮ​បញ្ហា​អវិជ្ជមាន​ខ្លះ​ៗ​ជា​បណ្តើរ​ៗ​ទៅ​ហើយ ម្យ៉ាងវិញទៀត​ប្រជាពលរដ្ឋ​មាន​ដីស្រែ​ចំការ​ជុំវិញ​បឹង​ធំ​នេះ​ខ្លះ​បាន​កាន់កាប់ និង​អាស្រ័យ​ផល តាំង​សម័យ​ចេញពី​របប​ខ្មែរក្រហម​មក​ម្លេះ​មិនមែន​ធម្មតា​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ