រាជធានីភ្នំពេញ ៖ ស្ថិតក្នុងបរិបទវិស័យសំណង់និងអចលនទ្រព្យកម្ពុជាមានការរីកចម្រើននិងបង្ហាញមាឌកាន់តែធំ គេសង្កេតឃើញថានៅមួយរយៈចុងក្រោយនេះឃើញលេចចេញក្រុមផ្តល់សេវា ផ្នែកសំណង់និងអចលនទ្រព្យមានចំនួនច្រើនគួរឱ្យកត់សម្គាល់ ខណៈដែលប្រទេសកម្ពុជាមិនទាន់ស្ថាប័នឯកជនឬរដ្ឋផ្តល់ចំណេះដឹងក្នុងវិស័យមួយនេះនៅឡើយ។
តាមអ្នកជំនាញ នៅពេលបច្ចុប្បន្នការការផ្តល់សេវាមិនមានជំនាញវិជ្ជាជីវៈច្បាស់លាស់មិនទទួលបានគម្រោងវិនិយោគធំៗនោះទេ គឺទទួលបានត្រឹមគម្រោងតូចៗហើយអាចមានចំនួនច្រើន។ លោក វ៉ា វីរៈ នាយកក្រុមហ៊ុន Century 21 Fortuna Investment មានប្រសាសន៍ថា «អ្នកដែលគេមានជំនាញគេទទួលបានគម្រោងធំៗដែលចំណាយទុនវិនិយោគរាប់សិបលានដុល្លារអាមេរិក ប៉ុន្តែសម្រាប់អ្នកដែលផ្តល់សេវាគ្មានជំនាញវិជ្ជាជីវៈគាត់អាចទទួលបានគម្រោងតូចៗ ឬសាងសង់បានត្រឹមផ្ទះធម្មតា ឬជាផ្ទះល្វែង មិនអាចជាបានជាច្រើនទេ។ តែបើយើងគិតដល់កម្រិតថ្នាក់ខេត្ត ខណ្ឌ ឃុំ និងសង្កាត់ អ្នកគ្មានជំនាញបានធ្វើ (ផ្តល់សេវា) អាចមានតួលេខច្រើនដែរ»។
លោកលើកឡើងបន្តទៀតថា «អ្នកមានជំនាញគេត្រូវការថែរក្សាកេរ្តិ៍ឈ្មោះរបស់គេដើម្បីរកស៊ីបន្តទៀត។ មិនមែនទទួលបានគម្រោងមួយហើយបិទក្រុមហ៊ុននោះទេ គេត្រូវការរក្សាឈ្មោះឱ្យបានរាប់រយឆ្នាំទៅមុខទៀត។ តែសម្រាប់អ្នកឥតជំនាញគាត់ត្រូវការបិទ-បើក។ អីចឹងនៅក្រមសីលធម៌ផ្តល់ជាសេវាកម្មមានគុណភាព ឬអ្វីផ្សេងទៀតមិនអាចប្រកួតជាមួយអ្នកដែលគេមានជំនាញបានទេ។ អ្នកមានជំនាញគេមានការទទួលខុសត្រូវ, មានការបណ្តុះបណ្តាលពីវិស័យមួយនេះមានចំនួនច្រើន»។ តាមនាយកក្រុមហ៊ុន ក្រុមហ៊ុន Century 21 Fortuna Investment «អ្នកផ្តល់សេវាគ្មានជំនាញ ភាគច្រើនកើតចេញពីសហគ្រិនក្នុងស្រុកតូចៗ ឬពួកគាត់ទើបតែរៀនចប់ ដោយសារគាត់អត់ទាន់យល់ពីរៀបបង្កើតក្រុមហ៊ុន ឬចុះបញ្ជីក្រុមហ៊ុនច្បាស់លាស់,គាត់អត់មានគ្មានសហការច្រើនបង្កើតជាក្រុមហ៊ុន។ចំណែកអ្នកមកពីខាងក្រៅក៏មានខ្លះដែរមកពីប្រទេសជិតខាងឬតំបន់អាស៊ី។ប៉ុន្តេអ្នកមកពីខាងបើកក្រុមហ៊ុនធំៗគេមានជំនាញវិជ្ជាជីវៈនិងមានការគោរពតាមច្បាប់»។
លោកលើកឡើងថា « ការផ្តល់សេវាគ្មានវិជ្ជាជីវៈវាមានគុណវិបត្តិ មានដូចជា៖ខ្វះការទទួលខុសត្រូវទាំងផ្នែកបច្ចេកទេសនិងផ្លូវច្បាប់។ផ្នែកបច្ចេកទេស សំណង់គ្មានគុណភាព,ផ្លូវច្បាប់ គាត់មិនគោរពទៅតាមច្បាប់កំណត់ទាក់ទងនិងកម្ពស់អគារ ទំហំ រួមនិងលក្ខណៈបច្ចេកទេស ។លើសពីនេះឯកសារមិនមានលក្ខណៈច្បាស់លាស់។ដូចនេះនៅពេលអតិថិជនទៅទិញឬប្រើប្រាស់សេវាទាំងអស់នេះថ្ងៃក្រោយវាអាចមានបញ្ហាដល់យើង»។
តាមលោក វ៉ា វីរៈ ការផ្តល់សេវាដោយអ្នកដែលគ្មានជំនាញវិជ្ជាជីវៈនេះ វាជាបច្ច័យមួយមិនសូវល្អ។ តែនៅក្នុងតំណាក់កាលដំបូងនេះអាចជួយដល់ប្រទេសមួយផ្នែក។ តែទោះជាយ៉ាងណារាជរដ្ឋាភិបាលត្រូវរកវិធានការយ៉ាងម៉េចកៀរគរឬប្រមូលអ្នកទាំងនោះចូលទៅគន្លងផ្លូវច្បាប់ជាបណ្តើរៗឬដល់លក្ខណៈណាមួយបង្ខំឱ្យគាត់ធ្វើខ្លួនស្របទៅតាមច្បាប់។ បើមិនដូច្នេះទេវានឹងធ្វើឱ្យប៉ះពាល់ដល់គុណភាពសេវា,ប៉ះពាល់ដល់ការប្រមូលចំណូលចូលរដ្ឋ។ បើតាមអ្នកជំនាញបើសិនអ្នកផ្តល់សេវាចង់រីកចម្រើនទៅមុខទាល់តែការផ្តល់សេវាត្រូវមានវិជ្ជាជីវៈមានឱកាសទទួលដៃគូសហការជាមួយវិនិយោគិនមកពីខាងក្រៅប្រទេសបាន ៕
ចែករំលែកព័តមាននេះ