សេដ្ឋវិទូ​៖ កម្ពុជា​គួរ​ប្រយ័ត្នប្រយែង​ក្នុង​ការ​ផ្ដល់​កម្ចី​ក្នុង​វិស័យ​អចលនទ្រព្យ


រាជធានី​ភ្នំពេញ ៖ ក្នុង​ពេល​វិស័យ​អចលនទ្រព្យ ជា​ពិសេស​វិស័យ​សំណង់​កំពុង​រីក​ដុះដាល​ខ្លាំង​នៅ​កម្ពុជា​នោះ ការ​ផ្ដល់​កម្ចី​នៅ​ក្នុង​វិស័យ​នេះ​ក៏​បាន​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​ដែរ រហូត​មានការ​ព្រមាន​ពី​សេដ្ឋវិទូ​មួយ​ចំនួន អំពី​ហានិភ័យ​ណាមួយ​ដែល​នឹង​កើតឡើង​ពី​កម្ចី ក្នុង​វិស័យ​អចលនទ្រព្យ​នេះ ។

ជាមួយ​គ្នា​នេះ​ផង​ដែរ មាន​ទស្សនទាន​ជា​ច្រើន​ពី​វិស័យ​ឯកជន ក៏​ដូច​ជា​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​បាន​លើក​ឡើង​ថា ទំនាក់ទំនង​នយោបាយ​ដ៏​រឹង​មាំ​របស់​ប្រទេស​កម្ពុជា​ជាមួយ​ប្រទេស​ចិន ពាក់ព័ន្ធ​នឹង «​គំនិត​ផ្តួចផ្តើម​ផ្លូវ​មួយ ខ្សែ​ក្រ​វ៉ា​ត់​» មួយ​របស់​ចិន នឹង​ទាក់ទាញ​ការ​វិនិយោគ​ចិន​យ៉ាងច្រើន​បន្ថែម​ទៀត ជា​ពិសេស​មាន​លទ្ធផល​ជា​ច្រើន​បាន​បង្ហាញ​ឲ្យ​ឃើញ​តាម​រយៈ​ការ​សាងសង់​សណ្ឋាគារ​ថ្មី​ៗ អចលនទ្រព្យ​ផ្សេង​ៗ លំនៅ​ដ្ឋា​ន ហាង​លក់ទំនិញ​និង​កាស៊ីណូ ដែល​ភាគច្រើន​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ក៏​ដូច​ជា​ក្រុងព្រះសីហនុ ជាដើម​។

បើ​តាម​ទស្សនទាន​របស់​ធនាគារពិភពលោក​ប្រចាំ​កម្ពុជា​ថា សេដ្ឋកិច្ច​កម្ពុជា បាន​រក្សា​លំនឹង​មួយ​ល្អ​ប្រសើរ​ហើយ ប៉ុន្តែ​យ៉ាងណា​ក៏​ដោយ​កម្ពុជា​គួរតែ​ប្រយ័ត្នប្រយែង​ខ្ពស់​ចំពោះ​ការ​ផ្ដល់​កម្ចី​ទៅ​លើ​អចលនទ្រព្យ និង​ការ​ដំឡើង​ប្រាក់បៀវត្សរ៍ ។ របាយការណ៍​របស់​ធនាគា​ពិភពលោក ឬ​ហៅ​ថា World Bank បាន​ឲ្យ​ដឹង​ថា​ភាព​មិន​ប្រាកដប្រជា​ដែល​បន្ត​មាន បាន​ធ្វើ​អោយ​ហានិភ័យ​កាន់តែ​មាន​សភាព​តានតឹង ។

នៅ​ក្នុង​ខែកុម្ភៈ​ដើមឆ្នាំ​នេះ​សហភាព​អឺរ៉ុប​បាន​ចាប់ផ្ដើម​ដំណើរ​ព្យួរ​បណ្ដោះអាសន្ន​នូវ​ភាព​អនុគ្រោះ សម្រាប់​កម្ពុជា​ក្រោម​ប្រព័ន្ធ​អនុគ្រោះ «​គ្រប់មុខ​ទំនិញ​ទាំងអស់​លើកលែង​គ្រឿង​សព្វាវុធ​» (EBA) ។ ជាង​នេះ​ទៅ​ទៀត បច្ចុប្បន្ន​នេះ ទីផ្សារ​ក្នុង​សហភាព​អឺរ៉ុប មាន​ចំណែក​ជាង​មួយ​ភាគ​បី​នៃ​មុខទំនិញ​នាំ​ចេញ​សំខាន់​ៗ​របស់​កម្ពុជា (​ក្នុង​នោះ​មាន​សំលៀក​បំពាក់ ស្បែកជើង និង​ទោច​ចក្រយាន​)​។ អាស្រ័យ​ហេតុនេះ ការ​បាត់បង់​ភាព​អនុគ្រោះ EBA ដែល​អនុញ្ញាត​ឱ្យ​កម្ពុជា​នាំ​ទំនិញ​ចូល​អឺរ៉ុប​ដោយ​មិន​ជាប់ពន្ធ​និង​កូតា ទំនងជា​អាច​នឹង​ធ្វើ​ឱ្យ​កំណើន​នៃ​ការ​នាំ​ចេញ​ថយ​ល្បឿន​មក​វិញ​។ ជាង​នេះ​ទៅ​ទៀត ដោយសារ​កម្ពុជា​ពឹងពាក់​ខ្លាំង​លើ​ការ​ហូរ​ចូល​មូលធន​មក​ពី​ប្រទេស​ចិន ការ​ធ្លាក់​ចុះ​យ៉ាង​គំហុក​របស់​សេដ្ឋកិច្ច​ចិន​ក្នុង​កាលៈទេសៈ​ណាមួយ នឹង​អាច​ជះ​ផល​មិនល្អ មក​លើ​ទស្សនវិស័យ​កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា​ដែរ ។

ក្នុង​ស្ថានភាព​ដែល​បន្ត​ខ្វះ​ភាព​ប្រាកដប្រជា​បែប​នេះ សំខាន់​ណាស់​ដែល​គេ​ត្រូវធ្វើ​យ៉ាងណា​កាត់​បន្ថយ​ភាព​ងាយ​រង​គ្រោះ​ផ្នែក​ម៉ាក្រូសេដ្ឋកិច្ច​ឱ្យមក​នៅ​កម្រិត​ទាប​បំផុត ។ វិធានការ​ចាំបាច់​រួម​មាន រក្សា​បញ្ជី​បៀវត្សរ៍​សាធារណៈ​កុំឱ្យ​រីក​មាឌ​តទៅ​ទៀត ពង្រឹងសមត្ថភាព​ឃ្លាំមើល​និង​ត្រៀម​ឆ្លើយ​តប​វិបត្តិ​នៅ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ និង​ពិចារណា ចាត់វិធានការ​ប្រុង​ប្រយ័ត្ន​ផ្នែក​ម៉ាក្រូសេដ្ឋកិច្ច​ថែម​ទៀត ដូច​ជា​ការ​ដាក់​កំហិត​ដល់​ធនាគារ​ក្នុង​ការ​ផ្តល់​កម្ចី​ឱ្យ​ផ្នែក​សំណង់ និង​អចលនទ្រព្យ ជាដើម ។

របាយការណ៍​ធនាគារជាតិ​នៃ​កម្ពុជា បាន​បង្ហាញ​ថា «​វឌ្ឍនភាព​ក្នុង​វិស័យ​សំណង់ បាន​ឆ្លុះ​បញ្ចាំង​តាម​រយៈ​សូចនាករ​សំខាន់​ៗ ដូច​ជា​ការ​កើនឡើង​នៃ​ការ​នាំ​ចូល​សម្ភារៈ​សំណង់ កំណើន​ឥណទាន​ចំពោះ​វិស័យ​សំណង់ និង​ផ្ទៃក្រឡា​សំណង់ ជាដើម ។ ក្នុង​វិស័យ​នេះ​ដែរ បាន​ផ្ដល់​ការងារ​ដល់​អ្នកជំនាញ និង​កម្មករ​ប្រមាណ​២២​ម៉ឺន​នាក់ ធ្វើការ​តាម​ការដ្ឋាន​នានា​ទូ​ទាំង​ប្រទេស ក្រោម​ការ​វិនិយោគ​ភាគច្រើន​ពី​វិនិយោគិន​បរទេស​ដូច​ជា ចិន កូរ៉េ ជប៉ុន ថៃ តៃវ៉ាន់ សិង្ហ​បុរី និង​អង់គ្លេស ជាដើម​» ។

យ៉ាងណាមិញ នៅ​ក្នុង​របាយការណ៍​ប្រចាំឆ្នាំ​២០១៨ និង​ទិស​ដៅ​២០១៩ របស់​ធនាគារជាតិ​នៃ​កម្ពុជា​ក៏​បាន​លើក​ឡើង​អំពី​បញ្ហា​ប្រឈម​មួយ​ចំនួន​ដែល​អាច​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​កម្ពុជា​សម្រាប់​ឆ្នាំ ២០១៩ ជា​ពិសេស​បណ្តាល​មក​ពី​កត្តា​ខាងក្នុង​ដូច​ជា​៖ ១- ការ​បន្ត​ពឹងផ្អែក​កាន់តែ​ខ្លាំង​នៃ​កំណើនសេដ្ឋកិច្ច​លើ​វិស័យ​សំណង់​, ២)- កំណើន​ឥណទាន​ខ្ពស់​ទៅ​កាន់​វិស័យ​សំណង់​និង​អចល​ទ្រព្យ និង​៣)- ការ​កើនឡើង​លឿ​នៃ​ប្រាក់​ឈ្នួល​អប្បបរមា ដែល​បង្កើន​ថ្លៃដើម​ផលិតកម្ម​ក្នុង​វិស័យ​កាត់ដេរ​សម្លៀក​បំពាក់​និង​ស្បែកជើង ។
របាយការណ៍​ដដែល​បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ ថា​ការ​ឲ្យ​ខ្ចី​ពី​សំណាក់​ធនាគារ​និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នានា​សម្រាប់​ការ​ទិញ​ផ្ទះ​ជា​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន​មានការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​ផង​ដែរ ជាក់ស្តែង​ក្នុង​ឆ្នាំ ២០១៨ គឺ​ការ​ឲ្យ​ខ្ចី​សម្រាប់​ការ​ទិញ​ផ្ទះ​ជា​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន​មាន​ចំនួន​ដល់​ទៅ ៨ ២៧០ ប៊ី​លាន​រៀល កើនឡើង​ពី​ចំនួន​ប្រមាណ​ជាង ៦ ២៩៦ ប៊ី​លាន​រៀល​ក្នុង​ឆ្នាំ ២០១៧ ។

បើ​តាម​លោក ចេ​ង ខេ​ង អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ ស៊ី​ភី​អិ​ល បាន​ឲ្យ​ដឹង​ថា សព្វ​ថ្ងៃនេះ សក្ដានុពល​វិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ​នៅ​តែ​មានឱកាស​ច្រើន​ទៀត ពីព្រោះ​តម្រូវការ​នៅ​តែ​មាន​ខ្ពស់ ជា​ពិសេស​ក្នុង​វិស័យ​ដីធ្លី ។ លោក​បន្ត​ថា « ខ្ញុំ​មើល​មិនឃើញ​ថា វិស័យ​អចលនទ្រព្យ​មាន​បញ្ហា​ណាមួយ​កើតឡើង​នោះ​ទេ ហើយ​វា​នៅ​តែ​មានឱកាស​ច្រើន​ទៀត​សម្រាប់​វិនិយោគិន​បណ្ដាក់ទុន​វិនិយោគ​ក្នុង​វិស័យ​នេះ ទាំង​សំណង់​និង​ដីធ្លី » ។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ ស៊ី​ភី​អិ​ល បាន​មាន​ប្រសាសន៍​បន្ត​ថា នៅ​ពេល​ខាង​មុខ​នេះ វិនិយោគិន​ថ្មី​ៗ​នឹង​ចូល​មក​បណ្ដាក់ទុន​វិនិយោគ នៅ​កម្ពុជា​បន្ថែម​ទៀត ស្រប​ពេល​ដែល​តម្រូវការ​នៅ​តែ​មាន តែ​អ្វី​ដែល​កម្ពុជា​ត្រូវ​ត្រៀមខ្លួន​ទទួល​ពួក​គេ​នោះ គឺ​ចំណេះដឹង​និង​ជំនាញ ។ ការ​វិនិយោគ​អ្វីមួយ​ត្រូវការ​ចំណេះដឹង និង​ជំនាញ​ច្បាស់លាស់ ដើម្បី​ការពារ​ហានិភ័យ​ដែល​នឹង​កើតឡើង​នៅ​ពេល​ណាមួយ ដូច្នេះ​ហើយ​អ្នក​វិនិយោគ រឺ​បម្រើសេវា​វិស័យ​អចលនទ្រព្យ​ត្រូវ​តែ​ឆ្លងកាត់​ការ​បណ្ដុះបណ្ដាល​ត្រឹមត្រូវ មុន​នឹង​ចេញ​ប្រឡូក​នឹង​ការងារ​នេះ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កិច្ចការជំនួញ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ