ប្រទេសម៉ូសំប៊ិក ៖ អាជ្ញាធររាយការណ៍កាលពីថ្ងៃទី២ ឧសភា ពីការឆ្លងរាលដាលនៃជំងឺអាសន្នរោគ នៅភាគខាងជើងម៉ូសំប៊ិកមួយសប្ដាហ៍ក្រោយការវាយប្រហារ នៃព្យុះស៊ីក្លូនKENNETH ដែលបង្កការបំផ្លិចបំផ្លាញធ្ងន់ធ្ងរបំផុត ដោយសារកម្លាំងខ្យល់ដ៏ខ្លាំងនិងភ្លៀងធ្លាក់ខ្លាំង ក្នុងខេត្តCABO DELGADO។
ព្យុះស៊ីក្លូនKENNETHដែលមានខ្យល់បោកបក់ក្នុងល្បឿនដល់ទៅ២៨០គីឡូម៉ែត្រក្នុង១ម៉ោង បានបំផ្លាញគ្មានសល់បណ្ដាភូមិនានា ហើយបណ្ដាលឲ្យមនុស្សយ៉ាងតិច៤១នាក់ស្លាប់។ នាយិកានៃសេវាសុខាភិបាលខេត្ត្តCABO DELGADO លោកស្រីANASTACIA LIDIMBAថ្លែងថា គេរាប់ឃើញអ្នកឆ្លងអាសន្នរោគ១៤នាក់ ក្នុងនោះ១១នាក់ក្នុងទីក្រុងកំពង់ផែPEMBA ហើយអ្នកឆ្លង៣នាក់ទៀតគឺក្នុងស្រុកMECUFI។
យោងតាមអង្គការសុខភាពពិភពលោកថា មនុស្សយ៉ាងតិច១៨៨.០០០នាក់ ត្រូវការជំនួយសុខាភិបាលបន្ទាន់ ឬរងការគំរាមកំហែងដោយជំងឺនានា។ មជ្ឈមណ្ឌលសុខាភិបាល១៧កន្លែងរងការបំផ្លាញដោយព្យុះនិងទឹកជំនន់៕
ចែករំលែកព័តមាននេះ