ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ដឹងបន្ត​«ដើមស្វាយតានី»…​ កុំឱ្យ​មាន​មន្ទិល​សង្ស័យ​ទៀត

4 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ កុំឱ្យ​សាធារណជន​មាន​មន្ទិល​សង្ស័យ អ្នក​យក​ព័ត៌មាន​កោះសន្តិភាព បាន​ទៅ​ដល់ទី​តាំង​ដើម​ស្វាយ​តានី ដែល​ស្ថិត​ក្នុងភូមិ​ស្វាយ​តានី ឃុំ​បឹង​ព្រះ ស្រុក​បាភ្នំ ខេត្តព្រៃវែង និង​បាន​ជួប​សម្ភាសន៍…

ខេត្តព្រៃវែង ៖ កុំឱ្យ​សាធារណជន​មាន​មន្ទិល​សង្ស័យ អ្នក​យក​ព័ត៌មាន​កោះសន្តិភាព បាន​ទៅ​ដល់ទី​តាំង​ដើម​ស្វាយ​តានី ដែល​ស្ថិត​ក្នុងភូមិ​ស្វាយ​តានី ឃុំ​បឹង​ព្រះ ស្រុក​បាភ្នំ ខេត្តព្រៃវែង និង​បាន​ជួប​សម្ភាសន៍ ជាមួយ​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន​ផង​ដែរ ទាក់ទិន​នឹង​ការ​លេចឮ​ពី​រឿង​ដើម​ស្វាយ​តានី​នេះ ។
​ទាក់​ទិន​នឹង​ឈ្មោះដើម​ស្វាយ​តានី បាន​ធ្វើ​ឱ្យ​លេចឮ​ព័ត៌មាន​ថា ត្រូវ​បាន​គេ​គាស់​លក់​ឱ្យ​ឈ្មួញ​បម្រុង​នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម ប៉ុន្តែ​ទំនង​ជាដើម​ស្វាយ​តានី នៅ​មាន​បារមី ទើប​បណ្តាល​ឱ្យ​រឿងរ៉ាវ​នេះ
ដឹង​ដល់​ឯកឧត្តម​ម្នាក់ បាន​តាម​ទៅ​ទិញ​យក​មក​វិញ និង​ដាក់​ដាំ​នៅ​កន្លែង​ដើម​វិញ​ផង​ដែរ ។
តើ​ព័ត៌មាន​នេះ ពិត​ដែរ​ឬ​យ៉ាងណា ?

ជួបជាមួយ​លោកយាយ ឡឹ​ក បាន អាយុ​៧១​ឆ្នាំ ដែល​មានផ្ទះ​នៅ​ជាប់​នឹង​ដើម​ស្វាយ​តានី បានឱ្យ​ដឹង​ថា ការ​លេចឮ​ថា ដើម​ស្វាយ​តានី ត្រូវ​គេ​គាស់​លក់​នោះ មិនមែន​ជា​ការ​ពិត​ទេ ព្រោះ​ដើម​ស្វាយ​តានី បាន​ងាប់​និង​ត្រូវ​អ្នក​ស្រុក​​ប្រមូល​ដុត​អស់តាំងពី​ជាង​១០​ឆ្នាំ​មុន​មក​ម្ល៉េះ តើ​បាន​ដើម​ស្វាយ​តានី​ឯណា​លក់​នោះ ?​លោកយាយ​ក៏​បាន​បញ្ជាក់​ទៀត​ថា ចំពោះ​ការ​លើក​ឡើង​ថា មាន​ឯកឧត្តម​ម្នាក់​បាន​ទិញ​ដើម​ស្វាយ​តានី​យក​មក​ដាំ​វិញ​នៅ​កន្លែង​ដើម​នេះ ជា​ការ​ពិត គឺ​ឯកឧត្តម ជា ផើយ ជា​អ្នក​យក​មក​ដាំ​ កាលពី​ថ្ងៃ​ទី​២៥
មេ​សា​ ថ្មី​ៗ​នេះ ដោយ​បាន​ទិញ​ដើម​ស្វាយ​១​ដើម អាយុប្រមាណ​ជិត​១០០​ឆ្នាំ ក្នុង​តម្លៃ​ប្រមាណ​ជា​៤០០០​ដុល្លារពី​កន្លែង​ផ្សេង យក​មក​ដាំ​នៅ​កន្លែង​ដើម​ស្វាយ​តានី​នេះ ក្នុង​បំណង​ឱ្យ​ដើម​ស្វាយ​នោះ នៅ​ជា​តំណាង​ឱ្យ​ដើម​ស្វាយ​តានី ធ្លាប់​ជា​ឈ្មោះ​ប្រវត្តិសាស្ត្រ​នៅ​ក្នុងស្រុក​ភូមិ​បន្ត​ទៀត​កុំឱ្យ​បាត់ឈ្មោះ ។

ចំណែក​ចាស់ព្រឹទ្ធាចារ្យ​នៅ​ក្នុងភូមិ បាន​បញ្ជាក់​ឱ្យ​ដឹង​ដែរ​ថា ដើម​ស្វាយ​តានី កាល​នៅ​រស់ អ្នកស្រុក​តែងតែ​នាំ​គ្នា​មក​បន់ស្រន់​គ្រប់​ៗ​គ្នា ហើយ​ការ​បន់ស្រន់​នោះ ភាគច្រើន​គឺ​បាន​សម្រេច​ដូច​បំណង ទើប​អ្នកស្រុក​ជឿ​ថា​មាន​បារមី​កាន់ និង​គោរព​គ្រប់​ៗ​គ្នា ។ ចំណែក​ប្រវត្តិ​នៃ​ដើម​ស្វាយ​តានី​នេះ ត្រូវ​បាន​ចាស់​ៗ​តំណាល​ត​ៗ​គ្នា​មក​ថា ជាដើម​ស្វាយព្រៃ ដែល​បាន​ដុះ​នៅ​លើ​ទួល​មួយ​ក្នុង​ដី​លោកតា​ម្នាក់​ឈ្មោះ តានី ហើយ​គិត​មក​ដល់​ថ្ងៃ​ដែល​ដើម​ស្វាយ​តានី​ងាប់ គឺ​នៅ​អំឡុង​ឆ្នាំ​២០០១ និង​សន្មត់​ថា​មាន​អាយុប្រមាណ​ជាង​៣០០​ឆ្នាំ ។

ពាក់ព័ន្ធ​ដែល​បណ្តាល​ឱ្យ​ដើម​ស្វាយ​តានី​នេះ​ងាប់ ត្រូវ​បាន​អ្នកស្រុក​អះអាង​ដូច​ៗ​គ្នា​ថា ដោយសារ​តែ​តា​ៗ​គណៈកម្មការ​វត្ត​រៀប​ឥដ្ឋ​ចាក់សាប​ធ្វើ​ខឿន​ព័ទ្ធ​ជុំវិញ​គល់​ស្វាយ​នេះ ក្នុង​បំណង​កែ​លម្អ និង​អភិរក្ស​ដើម​ស្វាយ​នេះ តែ​បែរជា​ធ្វើ​ឱ្យ​វា​ងាប់​ទៅ​វិញ ដោយសារ​តែ​មិន​អាច​ស្រូប​យក​ទឹក និង​ជីវជាតិ​មក​ចិញ្ចឹម​ខ្លួន​បាន ។ ទោះជា​យ៉ាងណា​ក៏​ដោយ គេ​សង្ឃឹមថា ដើម​ស្វាយ​ដាំ​ថ្មី​នេះ និង​ធ្វើ​ឱ្យ​គេ​ចង​ចាំ​ដើម​ស្វាយ​តានី ជា​ដើម​ស្វាយ​ប្រវត្តិសាស្ត្រ​មួយ​ដែល​មានឈ្មោះ​ដោយសារ​អ្នកនិពន្ធ​ទំនុកច្រៀង​បទ «​ឈើ​កាច់​បាភ្នំ​» រហូត​តទៅ បើ​ទោះជា​ដើម​ស្វាយ​តានី​លែង​មាន​ទៅ​ហើយ​ក្តី ក៏​មាន​ស្វាយ​មួយ​ដើម​ធំ​មក​ជំនួស​វិញ​ដែរ ។

បើ​និយាយ​ពី​ឈ្មោះ​ដើម​ស្វាយ​តានី ប្រជាពលរដ្ឋ​ខ្មែរ​ជា​ទូទៅ​ពិតជា​ធ្លាប់​បានឮ តាម​រយៈ​បទ​ចម្រៀង​១​បទ​ដែល​ច្រៀង ដោយ​លោក អុ​ិ​ន យ៉េ​ង មាន​ចំណងជើង​ថា «​ឈើ​កាច់​បាភ្នំ​»​ឬ​«​បាភ្នំ​រឿង​ថ្មី​»​ដែល​បាន​និពន្ធ​ដោយ​លោក ម៉ាក ថុ​ង​ជិ​ក ដែល​ជា​រឿង​ពិត​របស់​លោក ។ បទ​នេះ​ និពន្ធ​បទ​ភ្លេង​ដោយ​លោក សាត សំ​ឌិ​ត ។ ដែល​ឃ្លា​ចុង​ក្រោយ​នៃ​បទ​ចម្រៀង ដែល​មាន​ប្រជាប្រិយភាព​និង​មោទនភាព​សម្រាប់​អ្នក​ខេត្ត​ព្រៃវែង​មាន​ទំនុក​ថា «​ដើម​ស្វាយ​តានី​អ្នក​ធ្លាប់​មាន​ឫទ្ធិ ខ្ញុំ​មាន​វិបត្តិ​ម្តេច​អ្នក​មិន​ជួយ បើ​ខ្ញុំ​ដូច​ទុំ​បាភ្នំ​ត្រូវ​ជួយ គេ​ដាក់​ឈ្មោះ​ឱ្យ​ថា ​ត្បូងឃ្មុំ​ថ្មី​» ។



អត្ថបទសរសេរ ដោយ