ខេត្តស្វាយរៀង ៖ ឈ្មួញនាំសាច់មាន់ និងសាច់ជ្រូកពីប្រទេសវៀតណាមចូលតាមច្រករបៀងសាលាក្រុងចំនួន១៦០គីឡូក្រាម ដែលឈ្មួញលួចបង្កប់ជាមួយបន្លែផ្លែឈើនាំចូលត្រូវបានមន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលក្រុងបាវិតធ្វើការឃាត់ចាប់យកទៅដុតកម្ទេចចោល នៅព្រឹកថ្ងៃទី២ ឧសភា ឆ្នាំ២០១៩នេះ នៅសាលក្រុងបាវិត ។
ប្រភពព័ត៌មានពីមន្ត្រីពេទ្យសត្វបានឱ្យដឹងថា ដោយមានការសង្ស័យថា មានអ្នកលួចបង្កប់សាច់មាន់ និងសាច់ជ្រូកពីប្រទេសវៀតណាមនាំចូលខេត្តស្វាយរៀងតាមច្រករបៀង និងមានមុខទំនិញដែលច្បាប់ ហាមឃាត់នោះទើបមន្ត្រីកសិកម្ម និងមន្ត្រីបសុពេទ្យនៅក្រុងបាវិតបានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិតធ្វើការឃាត់បុរសម្នាក់ ដែលជាអ្នកដឹកទំនិញចេញចូលតាមច្រករបៀងកៃមែ ស្ថិតនៅភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត ជិតសាលាក្រុងបាវិត ដែលមានឈ្មោះថោង នី ភេទប្រុស អាយុ៤២ឆ្នាំ កំពុងដឹកទំនិញពីប្រទេសវៀតណាមចូលមកសមត្ថកិច្ចយើងបានធ្វើការឆែកឆេ និងចាប់បានសាច់មាន់ស្រស់ចំនួន៩៥គីឡូក្រាម និងគ្រឿងក្នុងជ្រូកចំនួន៦៥គីឡូក្រាម ដោយខុសច្បាប់ ហើយសមត្ថកិច្ចយើងស្ទាក់ចាប់នៅលើផ្លូវ ឯកឧត្តមហ៊ុនណេងជាប់នឹងសាលាក្រុងបាវិត ។
ប្រភពខាងលើបានឱ្យដឹងទៀតថា នៅក្នុងប្រតិបត្តិការនោះសមត្ថកិច្ចបានធ្វើកិច្ចសន្យាណែនាំឱ្យបុរសខាងលើត្រូវធ្វើការបញ្ឈប់ជាបន្ទាន់នូវការដឹកសាច់ខុសច្បាប់ចូលមកទៀតតែត្រូវដកហូតគ្រឿងក្នុងជ្រូកចំនួន៦៥គីឡូក្រាម ដែលសង្ស័យថា ខូចគុណភាពធ្វើការដុតកម្ទេចចោលតាមនីតិវិធីរបស់ពេទ្យសត្វតែម្តង ។
បើតាមមន្ត្រីសាលាក្រុងម្នាក់សុំមិនបញ្ចេញឈ្មោះបានមានប្រសាសន៍ថា ឈ្មួញដឹកសាច់មាន់ គ្រឿងក្នុងមាន់ទា សាច់ជ្រូក និងគ្រឿងក្នុងជ្រូកពីប្រទេសវៀតណាមចូលតាមច្រករបៀងសាលាក្រុងនេះ គឺដោយសារមានការឃុបឃិតជាមួយមន្ត្រីនគបាលវរការពារព្រំដែន និងទាហានវរការពារព្រំដែនដែលមានឈ្មោះ រ៉ា ជាអ្នកប្រចាំការនៅច្រករបៀងនោះ គឺក្នុងមួយថ្ងៃៗរាប់សិបរ៉ឺម៉កម៉ូតូ និងមានរថយន្តដឹកបន្លែផ្លែឈើជាច្រើនទៀត ចាប់ពីម៉ោង៣ទៀបភ្លឺរហូតដល់ម៉ោង៦និង០០នាទីព្រឹក ដូចគេហែកឋិនយូៗទើបឃើញសមត្ថកិច្ចទៅស្ទាក់ចាប់បានម្តងគួរតែហៅមន្ត្រីប្រចាំការតាមច្រករបៀងមកពិន័យទើបទប់ស្កាត់បាន បើមិនដូច្នេះទេ សុវត្ថិភាពម្ហូបអាហារពិតជាប៉ះពាល់ដល់សុខភាពខ្លាំងណាស់ ៕
ចែករំលែកព័តមាននេះ