រាជធានីភ្នំពេញ ៖ ខណៈនេះក្រសួងសាធារណៈការនឹងដឹកជញ្ជូន កំពុងរៀបចំនូវគោលការណ៍ ការអនុវត្ត និងអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាមួយចំនួនពាក់ព័ន្ធនឹងការគ្រប់គ្រងការចុះបញ្ជីលេខពិសេសផ្ទាល់ខ្លួន និងឯកសារផ្លូវការមួយដើម្បីប្រកាសពីការលក់លេខល្អៗជូនសាធារណជនទូទៅ ដែលចង់បានលេខល្អៗ ហើយវានឹងត្រូវដាក់តម្លៃលក់ដូចលេខទូរសព្ទ័ ។ មានន័យថាបើសិនជាលេខកាន់តែល្អ វាមានតម្លៃកាន់តែខ្ពស់ ។ នេះបើតាមអ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន ។ យ៉ាងណាមិញពាក់ព័ន្ធនឹងតម្លៃជាក់លាក់នៅមិនទាន់អាចបញ្ជាក់ជូននៅឡើយនោះទេ ។
បើតាមលោក វ៉ា ស៊ឹមសូរិយា អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន បានមានប្រសាសន៍ឲ្យដឹងនាថ្ងទី ០១ ខែឧសភា ម្សិលមិញថា ពេលនេះ ក្រសួងកំពុងរៀបចំអោយមានគោលការណ៍លក់ស្លាកលេខរថយន្ត ដូចលក់លេខទូរស័ព្ទដែរ ហើយសង្ឃឹមថាវានឹងចេញនៅពេលឆាប់ៗនេះ ។ ដែលគោលការណ៍នេះ អាចដាក់ដេញថ្លៃជាសាធារណៈ សម្រាប់លេខល្អៗ ដល់សាធារណជនទូទៅ ដែលចង់បានស្លាកលេខល្អៗបំពាក់លើរថយន្តរបស់ខ្លួន ។ គោលការណ៍មួយទៀត អាចនឹងដាក់តម្លៃ លក់ជាផ្លូវការតែម្ដង សម្រាប់ស្លាកលេខដែលបានចេញរួច ដូច្នេះប្រជាពលរដ្ឋទូទៅអាចមករើសលេខដោយផ្ទាល់ខ្លួនសម្រាប់បំពាក់លើរថយន្តរបស់ខ្លួន ។
លោកបន្តថា បច្ចុប្បន្ននេះ ក្រសួងក៏បានដាក់លក់ស្លាកលេខរថយន្តល្អៗដែរ ដូចជាលេខ ៩៩៩៩ , ៨៨៨៨ ជាដើម តែសម្រាប់គោលការណ៍ថ្មី វានឹងល្អជាងគោលការណ៍ចាស់ច្រើន ក្នុងនោះម្ចាស់រថយន្តក៏អាចដាក់ឈ្មោះខ្លួនឯងលើស្លាកលេខក៏បាន ហើយអាចជ្រើសរើសលេខណាដែលខ្លួនពេញ ចិត្តនិងស្រលាញ់ ។ សម្រាប់ការរៀបចំគោលការថ្មីពាក់ព័ន្ធនឹងការគ្រប់គ្រងលេខពិសេសផ្ទាល់ខ្លួនសម្រាប់ការចុះបញ្ជីរថយន្ត នេះ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ កន្លងទៅ នៅនាយកដ្ឋានដឹកជញ្ជូននៃទីក្រុងហុងកុង លោក សួន វ៉ាន់ហុង អគ្គនាយករង នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក អមដំណើរដោយ លោក ហ៊ាង សុទ្ធាយុត្តិ ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ និងសមាសភាពពាក់ព័ន្ធ នៃគណៈកម្មការអន្ដរក្រសួង ដើម្បីគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្តគ្រួសារ និងរថយន្តធុនស្រាល បានជួបពិភាក្សាជាមួយនឹងលោក Reginald CHAN អនុប្រធាននៃគណៈកម្មការគ្រប់គ្រង និងចេញអាជ្ញាបណ្ណយានយន្ត និងមន្ត្រីពាក់ព័ន្ធក្នុងវិស័យដឹកជញ្ជូនហុងកុង ។
នៅក្នុងជំនួបពិភាក្សានោះផ្តោតសំខាន់ទៅលើការផ្លាស់ប្តូរបទពិសោធន៍នៅក្នុងការគ្រប់គ្រងយានយន្ត ការចេញអាជ្ញាបណ្ណឱ្យយានយន្តអាចធ្វើចរាចរណ៍នៅលើផ្លូវសាធារណៈ ការស្នើសុំចុះបញ្ជីលេខពិសេសផ្ទាល់ខ្លួន និងការដេញថ្លៃលេខពិសេសផ្ទាល់ខ្លួន ។
សូមបញ្ជាក់ថា ទីក្រុងហុងកុងបានអនុវត្តយន្តការដេញថ្លៃលេខពិសេសផ្ទាល់ខ្លួននេះ តាំងពីឆ្នាំ១៩៩៧មក ។ នៅក្នុងប្រវត្តិនៃការដេញថ្លៃលេខយានយន្ត លេខដែលមានតម្លៃខ្ពស់ជាងគេបំផុត មានតម្លៃរហូតទៅដល់១៨លានដុល្លារហុងកុង ដែលស្មើនឹងប្រមាណ២,៥លានដុល្លារសហរដ្ឋអាមេរិក ។ នៅក្នុងជំនួបពិភាក្សានោះ រដ្ឋបាលនៃទីក្រុងហុងកុងក៏បានចែករំលែកនូវបទពិសោធន៍ ក៏ដូចជាលិខិតបទដ្ឋានពាក់ព័ន្ធជាមួយនឹងការគ្រប់គ្រង និងការអនុវត្តច្បាប់ជុំវិញការលក់លេខចុះបញ្ជីយានយន្ត និងការអនុវត្តច្បាប់រឹតបន្តឹងទៅលើការគ្រប់គ្រងអាជ្ញាបណ្ណរបស់យានយន្តផងដែរ ។ ជាមួយនឹងការចែករំលែកនូវបទពិសោធន៍នៅក្នុងកិច្ចប្រជុំនេះ តាមរយៈទស្សនកិច្ច «កម្ពុជានឹងអាចប្រើនូវគំនិតជាគន្លឹះសំខាន់ៗ ដើម្បីរៀបចំលិខិតបទដ្ឋាន ក៏ដូចជាត្រៀមយន្តការអនុវត្ត និងអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យា គ្រប់គ្រងការចុះបញ្ជីលេខពិសេសផ្ទាល់ខ្លួន និងការដេញថ្លៃ» ។ គួររំលឹកផងដែរថា កាលពីពេលថ្មីៗកន្លងទៅនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានសហការជាមួយនឹងក្រសួងស្ថាប័នពាក់ព័ន្ធបានរៀបចំនូវសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រង និងចេញស្លាកលេខយានយន្ត និងកំពុងរៀបចំនីតិវិធីស្នើសុំទៅសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីផ្តល់សុពលភាពក្នុងការអនុវត្តប្រើប្រាស់ក្នុងពេលឆាប់ៗខាងមុខនេះ ។
លេខពិសេសផ្ទាល់ខ្លួននេះមានលក្ខណៈពិសេសបន្ថែមដូចជា ៖ ១) – លេខពិសេសផ្ទាល់ខ្លួនអនុញ្ញាតអក្សរឡាតាំង និងលេខមិនលើសពី៨ខ្ទង់ ដើម្បីផ្តល់ជម្រើសសំបូរបែបជូនប្រជាពលរដ្ឋ ។ ២) – ម្ចាស់យានយន្តអាចរក្សាទុកលេខរថយន្តពេលដែលរថយន្តត្រូវបានលក់ និងផ្ទេរកម្មសិទ្ធិទៅឱ្យបុគ្គលទី២ និងទី ៣)- លេខពិសេសផ្ទាល់ខ្លួនមួយចំនួននឹងត្រូវបានដាក់ដេញថ្លៃ ដើម្បីជំរុញការប្រមូលចំណូលមិនមែនសារពើពន្ធជូនរដ្ឋ៕
ចែករំលែកព័តមាននេះ