ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​៖ ពាណិជ្ជករ​បរទេស​គួរ​ចុះបញ្ជី​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​ដើម្បី​ទទួល​បានការ​គាំពារ​ផ្លូវច្បាប់​នៅ​កម្ពុជា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​ទទួល​បានការ​ការពារ​ផលប្រយោជន៍​ក្រោម​ច្បាប់​កម្មសិទ្ធិបញ្ញា ក្រសួងពាណិជ្ជកម្ម​បាន​អំពាវនាវ និង​ជំរុញ​ឱ្យ​ពាណិជ្ជករ​បរទេស ដែល​មាន​ផលិតផល​មាន​លក្ខណៈ​ពិសេស​មក​ធ្វើការ​ចុះបញ្ជី​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​នៅ​ក្រសួង​ដើម្បី​ទទួល​ការ​គាំំ​ពារ​តាម​ផ្លូវច្បាប់ ព្រោះ​ប្រទេស​កម្ពុជា គឺជា​សមាជិក​នៃ​អង្គការ​កម្មសិទ្ធិបញ្ញា​ពិភពលោក ដែល​មាន​ទាំង​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​ជា​ច្រើន…

រាជធានី​ភ្នំពេញ ៖ ដើម្បី​ទទួល​បានការ​ការពារ​ផលប្រយោជន៍​ក្រោម​ច្បាប់​កម្មសិទ្ធិបញ្ញា ក្រសួងពាណិជ្ជកម្ម​បាន​អំពាវនាវ និង​ជំរុញ​ឱ្យ​ពាណិជ្ជករ​បរទេស ដែល​មាន​ផលិតផល​មាន​លក្ខណៈ​ពិសេស​មក​ធ្វើការ​ចុះបញ្ជី​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​នៅ​ក្រសួង​ដើម្បី​ទទួល​ការ​គាំំ​ពារ​តាម​ផ្លូវច្បាប់ ព្រោះ​ប្រទេស​កម្ពុជា គឺជា​សមាជិក​នៃ​អង្គការ​កម្មសិទ្ធិបញ្ញា​ពិភពលោក ដែល​មាន​ទាំង​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​ជា​ច្រើន សម្រាប់​ការពារ​ទាំង​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​កម្ពុជា និង​បរទេស​។ នេះ​ជា​ការ​លើក​ឡើង​របស់​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរ​ស័ក្តិ នា​ឱកាស​អញ្ជើញ​ចូលរួម​ពិធី​ប្រកាស​ទទួលស្គាល់​នូវ​ផលិតផល​ស្រា​មួយ​ប្រភេទ​របស់​ប្រទេស​បារាំង កាលពី​រាត្រី​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០១៩ នៅ​ស្ថានទូត​បារាំង ដែល​ផលិតផល​ស្រា​នោះ​បាន​ក្លាយជា​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​បរទេស​ដំបូង​គេ​នៅ​កម្ពុជា ។

នៅ​ក្នុង​ឱកាស​នោះ លោក ប៉ាន សូរ​ស័ក្តិ បាន​លើក​ឡើង​ពី​កិច្ច​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​លើក​ស្ទួយ​វិស័យ​កម្មសិទ្ធិបញ្ញា​ជាតិ តាម​រយៈ​ការ​ខិតខំ​ពង្រឹង​អនុវត្ត​ច្បាប់ ការ​បណ្តុះបណ្តាល និង​បញ្ជ្រាប​កម្មសិទ្ធិបញ្ញា​ទៅ​ក្នុង​កម្មវិធី​អប់រំ ការ​រៀបចំ​ទិវា​កម្មសិទ្ធិបញ្ញា​ពិភពលោក និង​ការ​ចូលរួម​កិច្ច​ព្រៀម​ព្រៀង​អន្តរជាតិ​សំខាន់​ៗ ពាក់ព័ន្ធ​នឹង​កម្មសិទ្ធិបញ្ញា​។ បន្ថែម​លើ​នេះ លោក​រដ្ឋមន្ត្រី ក៏​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា​-​បារាំង និង​បាន​ស្នើ​សុំ​លោក​ជំទាវ​ឯកអគ្គរដ្ឋទូត និង​ពាណិជ្ជករ​បារាំង បន្ត​ធ្វើ​ធុរកិច្ច និង​វិនិយោគ​ថែម​ទៀត​នៅ​កម្ពុជា ដើម្បី​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​ពាណិជ្ជកម្ម​ប្រទេស​ទាំង​ពីរ ជា​ពិសេស​ចូលរួម​អភិវឌ្ឍន៍​កំណើនសេដ្ឋកិច្ច និង​កាត់​បន្ថយ​ភាព​ក្រីក្រ ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​។

ស្រប​ពេល​ក្រសួងពាណិជ្ជកម្ម​អំពាវនាវ​ដល់​ពាណិជ្ជករ​បរទេស​ធ្វើការ​ចុះបញ្ជី​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​ដើម្បី​ទទួល​បានការ​គាំពារ​ផ្លូវច្បាប់ បើ​តាម​មន្ត្រី​អ្នកនាំពាក្យ​ឆ្លាស់ វេ​ណ​បញ្ជាក់​ថា​មក​ដល់​បច្ចុប្បន្ន​នេះ​ក្រសួង​ទើប​ប្រកាស​ទទួលស្គាល់​ផលិតផល​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​មក​ពី​បរទេស​នេះ ទើប​មាន​តែ​មួយ​គត់ ពោល​គឺ​ផលិតផល​ស្រា​សំ​ប៉ា​ញ​ដែល​មាន​ប្រភព​នៅ​ប្រទេស​បារាំង​។

លោក ឡុ​ង កែម​វិចិត្រ មន្ត្រី​អ្នកនាំពាក្យ​ឆ្លាស់​វេ​ណ​នៃ​ក្រសួងពាណិជ្ជកម្ម​បានឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​៣០ មេ​សា កន្លង​ទៅ​ថា មក​ទល់​ឥឡូវនេះ​គឺ​មាន ផលិតផល​ស្រា​សំ​ប៉ា​ញ របស់​បារាំង​តែ​មួយ​ប៉ុណ្ណោះ ដែល​ត្រូវ​បាន​ទទួលស្គាល់​ថា​ជា​ផលិតផល​សំគាល់​ភូមិសាស្ត្រ​ដែល​បាន​ចុះ​នៅ​ប្រទេស​កម្ពុជា​។ លោក​បាន​បន្ត​ថា « ផលិតផល​ម៉ាក​សំគាល់​ភូមិសាស្ត្រ​វា​ជា​ម៉ាក​មួយ​ពិសេស​។ ដូចនេះ​ក្រុមហ៊ុន​ខ្លះ​គាត់ អត់​សិទ្ធិ​ក៏​ចុះ​មិន​បាន​ដែរ ព្រោះ​នេះ​ជា​ម៉ាក​ពិសេស​ហើយ​វា​មិនសូវ​មាន​ច្រើន​នោះ​ទេ​នៅ​កម្ពុជា​។ ការ​ដែល​ថ្នាក់ដឹកនាំ​ក្រសួង​អំពាវនាវ គឺ​សម្រាប់​ក្រុមហ៊ុន​ណាមួយ​ដែល​ជា​ម្ចាស់​ម៉ាក​ទំនិញ​មាន​លក្ខណៈ​ពិសេស​បែប​នេះ​ឱ្យ​គាត់​យក​មក​ចុះ​ជា​ទំនិញ​សំគាល់​ភូមិសាស្ត្រ​នៅ​កម្ពុជា​ដើម្បី​អាច​ឱ្យ​យើង​ការពារ​ផលិតផល​គាត់​បាន តាម​ច្បាប់​ដែល​យើង​មាន​»​។

តាម​មន្ត្រី​អ្នកនាំពាក្យ​ឆ្លាស់​វេ​ណ​ខាងលើ បាន​ពន្យល់​បញ្ជាក់​ថា « ការ​ចុះបញ្ជី​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​ការពារ​ផលប្រយោជន៍​ដល់​ពាណិជ្ជករ​បរទេស​នេះ គឺ​វា​បង្ហាញ​ថា ប្រព័ន្ធ​កម្មសិទ្ធិបញ្ញា​របស់​យើង​បាន​វិវត្តន៍​ទៅ​ដល់​កម្រិត​មួយ​ដែល​យើង​អាច​ចុះបញ្ជី​ម៉ាក​ផលិតផល​ដែល​មាន​លក្ខណៈ​ពិសេស​បាន ព្រោះ​ការ​ចុះបញ្ជី​ផលិតផល​សំគាល់​ភូមិសាស្ត្រ​នេះ​វា​មាន​លក្ខណៈ​ស្មុគស្មាញ​។ លើស​ពី​នេះ​ផលិតផល​ដែល​មាន​លក្ខណៈ​ពិសេស​ដូច​ស្រា​សំ​ប៉ា​ញ គឺ​គាត់​អាច​ចុះបញ្ជី​នៅ​កម្ពុជា​បាន គាត់​អាច​ទទួល​បានការ​ការពារ​បាន​ក្រោម​ច្បាប់​កម្មសិទ្ធិបញ្ញា​របស់​យើង​»​។

យោង​តាម​ក្រសួង រាជរដ្ឋាភិបាល​កម្ពុជា​បាន​ខិតខំ​លើក​ស្ទួយ​វិស័យ​កម្មសិទ្ធិបញ្ញា​ជាតិ តាម​រយៈ​ការ​ខិតខំ​ពង្រឹង​អនុវត្ត​ច្បាប់ ការ​បណ្តុះបណ្តាល និង​បញ្ជ្រាប​កម្មសិទ្ធិបញ្ញា​ទៅ​ក្នុង​កម្មវិធី​អប់រំ ការ​រៀបចំ​ទិវា​កម្មសិទ្ធិបញ្ញា​ពិភពលោក និង​ការ​ចូលរួម​កិច្ច​ព្រៀម​ព្រៀង​អន្តរជាតិ​សំខាន់​ៗ ពាក់ព័ន្ធ​នឹង​កម្មសិទ្ធិបញ្ញា​។

យ៉ាងណាមិញ​សម្រាប់​ផលិតផល​របស់​កម្ពុជា​វិញ គេ​កត់សម្គាល់​ឃើញ​ថា ស្ករត្នោត​កំពង់ស្ពឺ និង​ម្រេច​កំពត​បន្ទាប់​ពី ត្រូវ​បាន​ចុះបញ្ជី​និង​ទទួលស្គាល់​នៅ​សហភាព​អឺរ៉ុប បង្ហាញ​ពី​ប្រភព​ដើម និង​ការ​ចង្អុលបង្ហាញ​ភូមិសាស្ត្រ​ការពារ (PGI) បន្ទាប់​ពី​ចុះបញ្ជី​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ពី​អឺរ៉ុប ក៏​បាន​ធ្វើ​ឲ្យ​តម្លៃ​នៃ​ផលិតផល​ទាំង​ពីរ​ខាងលើ​ត្រូវ​បានការ​ពារ​និង​មាន​តម្លៃ​ទីផ្សារ​ខ្ពស់​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ