ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កែវ រំ​ចង់ មិន​ភ័យ​រឿង​ធ្លាក់​ទីផ្សារ​ ក្រោយ​ប្រកាស​មិន​វាយ​ជាមួយ​កីឡាករ​ខ្មែរ​ដូច​គ្នា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មក​ទល់​ពេល​នេះ អាច​មាន​តែ​កីឡាករ កែវ រំ​ចង់ ម្នាក់​ប៉ុណ្ណោះ ដែល​ប្រកាស​មិន​វាយ​ជាមួយ​កីឡាករ​ខ្មែរ​ដូច​គ្នា ដោយ​លោក​ប្រកាស​យ៉ាង​មុតមាំ​ថា បើ​ទោះជា​បាន​តម្លៃ​ខ្លួន​ប៉ុន្មាន​ក៏​មិន​ប្រកួត​ដែរ…

រាជធានី​ភ្នំពេញ ៖ មក​ទល់​ពេល​នេះ អាច​មាន​តែ​កីឡាករ កែវ រំ​ចង់ ម្នាក់​ប៉ុណ្ណោះ ដែល​ប្រកាស​មិន​វាយ​ជាមួយ​កីឡាករ​ខ្មែរ​ដូច​គ្នា ដោយ​លោក​ប្រកាស​យ៉ាង​មុតមាំ​ថា បើ​ទោះជា​បាន​តម្លៃ​ខ្លួន​ប៉ុន្មាន​ក៏​មិន​ប្រកួត​ដែរ ដោយសារ​តែ​លោក​មិន​ចង់​ប្រើ​ច្ចេកទេស​ខ្លាំង​ៗ​បណ្ដាល​ឱ្យ​ជនជាតិ​គ្នា​ឯង​រង​គ្រោះ ។ អ្វី​ដែល​គួរ​អោយ​ចាប់អារម្មណ៍​ទៅ​ទៀត គឺ​លោក​មិន​ភ័យ​នឹង​បាត់​ទីផ្សារ​ឡើង​រេញ​នោះ​ផង ខណៈ​ដែល តម្លៃ​ខ្លួន​ដែល​លោក​ទទួល​ឡើង​រេញ ក៏​ខ្ពស់កប់ពពក​បើ​ធៀប​នឹង​កីឡាករ​ក្នុងស្រុក​ដូច​គ្នា​ផង​ដែរ​។

កីឡាករ កែវ រំ​ចង់ បាន​អះអាង​ថា ដ្បិតថា​លោក​មិន​ទទួល​ប្រកួត​ជាមួយ​កីឡាករ​ក្នុងស្រុក​គ្នា​ឯង ប៉ុន្តែ​សម្រាប់​ការ​ប្រកួត​របស់​លោក​ជា​រៀង​រាល់​ខែ គឺ​មិន​ដាច់​នោះ​ទេ បើ​ទោះជា​លោក​ទទួល​ប្រកួត​អោយ​ប៉ុស្តិ៍​បាយ័ន​មួយ ដែល​មាន​ន័យ​ថា​នៅ​តាម​បណ្ដា​ប៉ុស្តិ៍​ផ្សេង​បើ​ចង់បាន​លោក​ប្រកួត​ក៏​មិន​អាច​ទៅ​រួច លើក​លែងតែ​មានការ​អនុញ្ញាត​ពី​លោក​នាង ស៊ី​វត្ថា ដែល​ជា​អ្នក​លើក​ស្ទួយ​លោក​អោយ​ល្បី​នៅ​ប៉ុស្តិ៍​បាយ័ន ។

លោក​ថ្លែង​ដោយ​ជំហរ​ដដែល​ថា លោក​ឈប់​ទទួល​ប្រកួត​ជាមួយ​កីឡាករ​ក្នុងស្រុក​ជា​យូរ​មក​ហើយ ដោយសារ​តែ​ហេតុផល អោយ​តែ​ឡើង​ប្រកួត​ជាមួយ​កីឡាករ​ជាតិ​ឯង​លើក​ណា ក៏​ប្រើ​កម្លាំង​មិន​អស់ដៃ ដែល​ធ្វើ​អោយ​លោក​មានការ​រំខាន​ចិត្ត​។ លោក​ថា ការ​វាយ​កីឡាករ​គ្នា​ឯង​ទោះជា​មាន​កម្លាំង​ប៉ុនណា ក៏​វាយ​មិន​អស់ដៃ​នោះ​ដែរ ជា​ពិសេស​នៅ​ពេល​ឃើញ​គូប្រកួត​ជា​ជាតិ​សាសន៍​ដូច​គ្នា បែក​ឈាម ឬ​មាន​របួសធ្ងន់ ។

លោក​ថា កាលពីមុន​អោយ​តែ​បាន​តម្លៃ​ខ្លួន​ខ្ពស់ លោក​មិន​ដែល​ខ្វល់​ថា តើ​ត្រូវ​ប្រកួត​ជាមួយ​កីឡាករ​ជនជាតិ​ណា ឬ​រូប​ណា​នោះ​ទេ ប៉ុន្តែ​សម្រាប់​ពេល​នេះ គឺ​លោក​ប្រកាន់​អត់​ប្រកួត​ជាមួយ​គ្នា​ឯង​ដាច់ខាត បើ​ទោះជា​ខាង​អ្នក​រៀបចំ​កម្មវិធី​ហ៊ាន​អោយ​តម្លៃ​ខ្លួន​លោក​ទ្វេគុណ បាន​លុយ​ច្រើន​ក៏​ដោយ ។ តាំងពី​លោក​ឡើង​កូដ លោក​ថា​មួយ​ស្នៀត​ៗ​របស់​លោក មិន​ខុស​ពី​ញញួរ​៥​គីឡូ​ដែល​គេ​សំពង​នោះ​ទេ ទើប​លោក​រមែង​មានចិត្ត​អាណិត​នៅ​ពេល​ជ្រុលដៃ​វាយ​បែក​លើ​គ្នា​ឯង ដែល​សុទ្ធតែ​ជា​កីឡាករ​ជនជាតិ​ខ្មែរ​ដូច​គ្នា​។

លោក​ថា ខ្លួន​មិន​ដែល​សប្បាយចិត្ត​ទេ​ក្នុង​ពេល​កីឡាករ​ជា​ដៃគូ​បែក​មុខ​បែក​មាត់ ហើយ​កីឡាករ​ជា​ជនជាតិ​ខ្មែរ ដែល​ខ្លួន​បាន​ប្រកួត​ជាមួយ​ទាំងនោះ អ្នកខ្លះ​ជា​អ្នកមាន​ជីវភាព​ក្រខ្សត់ ដែល​ធ្វើ​អោយ​ដឹង​ហើយ​ឮ​ហើយ គឺ​មាន​វិប្បដិសារៈ​។ លោក​ថា ខ្លួន​ឈប់​ប្រកួត​ជាមួយ​កីឡាករ​ក្នុងស្រុក​ប្រមាណ​២​ឆ្នាំ​មក​ហើយ ដោយ​ប្រកាស​ជំហរ​ថា​ជ្រុល​តែ​នៅ​បន្ត​ការ​ប្រកួត​នៅ​លើ​សង្វៀន គឺ​ក្រៅពី​កីឡាករ​បរទេស មិន​ខ្ចី​ធ្វើការ​ប្រកួត​ជាមួយ ។ យ៉ាងណាមិញ​លោក​ថា​ជំហរ​ដែល​ដាក់​ចេញ​នេះ ក៏​ដោយសារ​តែ​បាន​ភ្លើង​ខៀវ​ពី​អ្នក​រៀបចំ​ទូរទស្សន៍​បាយ័ន ដែល​ជា​អ្នក​ផ្ដល់​ប្រាក់ខែ​ផ្ដាច់មុខ​អោយ​ខ្លួន និង​ធានា​ថា​លោក​រង់​ចាំតែ​ឡើង​ប្រកួត​ជាមួយ​កីឡាករ​បរទេស​បាន​ហើយ ដោយ​ឈប់​រវល់​ជាមួយ​កីឡាករ​ក្នុងស្រុក​គ្នា​ឯង​តាម​ចិត្ត​ចុះ ។

លោក​ប្រកាស​ជំហរ​ប្រកួត​តែ​ជាមួយ​កីឡាករ​បរទេស ដោយ​អះអាង​ថា​សម្រាប់​តម្លៃ​ខ្លួន បើ​បាន​ទទួល​ទាប​ជាង​ការ​ទាមទារ​របស់​លោក​តិចតួច​ក៏​គ្មាន​បញ្ហា ប៉ុន្តែ​បើ​អោយ​ប្រកួត​ជាមួយ​កីឡាករ​ក្នុងស្រុក ហើយ​បាន​ខ្ពស់​កម្រិត​ណា ក៏​មិន​ខ្ចី​ប្រកួត​នោះ​ដែរ ។ លោក​ថា តម្លៃ​ខ្លួន​ក្នុង​មួយ​ប្រកួត​របស់​លោក​ក្នុង​មួយ​រយៈ​ចុង​ក្រោយ មិន​ក្រោម​១​ពាន់​ដុល្លារ​នោះ​ទេ បើ​ទោះជា​លោក​ត្រូវ​ប្រកួត​នៅ​លើ​សង្វៀន​ទូរទស្សន៍​បាយ័ន ដែល​ជា​ស្ថាប័ន​ដែល​លោក​ទទួល​ប្រាក់ខែ​ហើយ​ប្រកួត​អោយ​ផ្ដាច់មុខ​នោះ​ក្ដី ។

ជា​រៀង​រាល់​ខែ​លោក​ថា​អត់​មាន​ខែ​ណា​ដែល​គ្មាន​ការ​ប្រកួត​នោះ​ទេ ការ​ប្រកួត​ក្នុងស្រុក​គឺ​ទាល់តែ​១​ពាន់​ដុល្លារ​យ៉ាងតិច ទើបបាន​ទទួល​ប្រកួត ហើយ​ជំហរ​ដែល​បាន​ប្រកាស​នេះ ក៏​មិន​ដែល​ទំនេរ​មិន​បាន​ឡើង​រេញ​ម្ដង​ក្នុង​មួយ​ខែ ក្នុង​ពេល​ដែល​លោក នាង ស៊ីវត្ថា ក្រៅពី​ដាក់​អោយ​ប្រកួត​នៅ​លើ​សង្វៀន​ទូរទស្សន៍​បាយ័ន ក៏​ជួយ​ស្វែងរក​ទីផ្សារ​អោយ​បាន​ចេញ​ប្រកួត​ក្នុង និង​ក្រៅ​ស្រុក និង​នៅ​ក្រៅ​សង្វៀន​របស់​ប៉ុស្តិ៍​ផង​ដែរ ទើប​កាន់តែ​ធ្វើ​អោយ​លោក​ឈាន​ឡើង​ទីផ្សារ បើ​ទោះជា​អត់​ទទួល​ប្រកួត​ជាមួយ​កីឡាករ​ខ្មែរ​គ្នា​ឯង​។

ជាក់ស្ដែង​រាល់ថ្ងៃ លោក​ថា​ខ្លួន​មិនមែន​រង់ចាំ​ប្រកួត​តែ​នៅ​សង្វៀន​ទូរទស្សន៍​បាយ័ន​នោះ​ទេ គឺ​មាន​ព្រឹត្តិ​ការណ៍​ធំ​ៗ​ក្នុងស្រុក និង​ក្រៅ​ស្រុក​ច្រើន​ណាស់​ដែល​លោក​ទទួល​ប្រកួត សំខាន់​អោយ​តែ​មានការ​ជូន​ដំណឹង​ទៅ​កាន់​លោក​នាង សុ​ី​វត្ថា ជា​មុន ។ លោក​និយាយ​ថា​«​ដ្បិតថា​ខ្ញុំ​ប្រកាស​អត់​ប្រកួត​ប៉ុស្តិ៍​ផ្សេង និង​អត់​ប្រកួត​ជាមួយ​កីឡាករ​ខ្មែរ​គ្នា​ឯង ប៉ុន្តែ​សម្រាប់​ទីផ្សារ​អត់​មាន​ខែ​ទំនេរ​នោះ​ទេ​»​។

លោក កែវ រំ​ចង់ បន្ត​ថា ជា​រៀងរាល់ថ្ងៃ​លោក​មិន​ដែល​ខ្វល់​នឹង​រក​ការងារ​ខាងក្រៅ ឬ ប្រហែស​នឹង​ការ​ហ្វឹកហាត់​នោះ​ទេ ដោយសារ​ទី​១​លោក​មាន​ប្រាក់ខែ ហើយ​ទោះ​មិនសូវ​ជា​មានការ​ប្រកួត​ទាល់តែ​សោះ ក៏​មានការ​ប្រកួត​មួយ​ប្រកួត​ជាមួយ​កីឡាករ​បរទេស​នៅ​ប៉ុស្តិ៍​បាយ័ន​ដែល​អាច​រកបាន​ក្នុង​មួយ​ប្រកួត​១​ពាន់​ដុល្លារ​ដែរ ដែល​ចំណូល​ទាំងនេះ គឺ​លោក​អាច​រស់​បាន​យ៉ាង​ស្រួល ។

លោក​ថា រាល់ថ្ងៃ គឺ​ដឹង​តែ​ម្យ៉ាង រក្សា​កម្លាំង និង​ខំប្រឹង​ប្រកួត​កុំអោយ​អ្នក​ស្នេហា​វិស័យ​ប្រដាល់​បាក់ទឹក​ចិត្ត​តែ​មួយ​មុខ ក៏​ដូច​ជា​ដើម្បី​ការពារ​ទីផ្សារ​កុំអោយ​ធ្លាក់​ចុះ​។ លោក​ថា ការ​ប្រដាល់​មិនមែន​សុទ្ធតែ​មិនល្អ និង​ធ្វើ​អោយ​ជីវភាព​ខ្សត់ខ្សោយ​នៅ​ពេល​ពឹង​តែ​លើ​ការ​ប្រដាល់​មួយ​មុខ​នោះ​ទេ ជាក់ស្ដែង​សម្រាប់​រូប​លោក ដ្បិ​យ​ថា​មិន​ធ្វើ​ការងារ​ផ្សេង​ជា​ត្រីមុខ តែ​ការ​ប្រដាល់​នៅ​តែ​ជួយ​អោយ​លោក​រស់នៅ​ល្អ​ប្រសើរ សំខាន់​សួរ​ថា តើ​យើង​ដាក់ចិត្ត និង​ស្រលាញ់​វិស័យ​មួយ​នេះ​អោយ​អស់ពី​ចិត្ត​ពី​ថ្លើម​ឬទេ ។

លោក​ប្រកាស​មិន​ចោល​អាជីព​មួយ​នេះនោះ​ទេ ដោយ​លោក​នឹង​ប្រឹង​ប្រកួត​បង្កើន​សមត្ថភាព​អោយ​កាន់​តែ​ខ្លាំង បើ​ទោះជា​វ័យ​រាង​ជ្រេ​បន្តិច ដើម្បី​កុំអោយ​គេ​ថា កីឡាករ​ខ្មែរ​ចាស់​បន្តិច​ប្រកួត​មិនកើត​នោះ​ផង៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ