ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំនិញ​ឆ្លងកាត់​កំពង់​ផែ​ព្រះ​សី​ហនុមាន​កំណើន ២២,០៨% ក្នុង​ឆ្នាំ​២០១៨ តែ ប្រឈម​បាត់​ចំណូល​ប្រមាណ​ជាង ២ លាន​ដុល្លារ​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដោយ​មានការ​អភិវឌ្ឍ​នូវ​ការ​សាងសង់​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​តាម​ជំហាន​ៗ និង​ការ​កើនឡើង​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ​ជា​បន្តបន្ទាប់ នាំ​ឲ្យ​ការ​ដឹក​ជ​ញ្ជួ​ន​តាម​ផ្លូវ​សមុទ្រ​របស់​កម្ពុជា​មាន​កំណើន​គួរ​ឲ្យ​កត់សម្គាល់ ។ ជាក់ស្តែង​បរិមាណ​ទំនិញ​ឆ្លងកាត់​កំពង់​ផែ​ក្រុងព្រះសីហនុ បាន​កើនឡើង​ខ្ពស់​ក្នុង​ឆ្នាំ​២០១៨ ពោល​គឺ​មាន​កំណើន ២២,០៨%…

រាជធានី​ភ្នំពេញ ៖ ដោយ​មានការ​អភិវឌ្ឍ​នូវ​ការ​សាងសង់​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​តាម​ជំហាន​ៗ និង​ការ​កើនឡើង​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ​ជា​បន្តបន្ទាប់ នាំ​ឲ្យ​ការ​ដឹក​ជ​ញ្ជួ​ន​តាម​ផ្លូវ​សមុទ្រ​របស់​កម្ពុជា​មាន​កំណើន​គួរ​ឲ្យ​កត់សម្គាល់ ។ ជាក់ស្តែង​បរិមាណ​ទំនិញ​ឆ្លងកាត់​កំពង់​ផែ​ក្រុងព្រះសីហនុ បាន​កើនឡើង​ខ្ពស់​ក្នុង​ឆ្នាំ​២០១៨ ពោល​គឺ​មាន​កំណើន ២២,០៨% ធៀប​នឹង​ឆ្នាំ​២០១៧​។ រីឯ​ចំណូល​អាជីវកម្ម​សរុប​សម្រេច​បាន​ប្រមាណ​៧២ លាន​ដុល្លារ​អា​មេ​រិ​ក​។ នេះ​បើ​តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​របស់​លោក ស៊ុន ចាន់​ថុ​ល ទេស​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន នា​ឱកាស​ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី បុគ្គលិក កំពង់​ផែ​ស្វយ័ត​ខេត្ត​ព្រះ​សីហ​នុ​នៅ​ថ្ងៃ​ទី ០១ ខែឧសភា ម្សិលមិញ​នេះ ។

លោក​រដ្ឋមន្ត្រី​ក៏​បាន​បន្ត​ទៀត​ថា ផ្អែក​លើ​កំណើនសេដ្ឋកិច្ច​ដ៏​រឹង​មាំ និង​កំណើន​បរិមាណ​ទំនិញ​ឆ្លងកាត់​កំពង់​ផែ កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ នឹង​រំពឹង​ថា​បរិមាណ​កុងតឺន័រ ដែល​ឆ្លងកាត់​កំពង់​ផែ​នឹង​កើន​លើស ៧០០.០០០ TEUs នៅ​ឆ្នាំ ២០២០ និង​លើស ១.០០០.០០០ TEUs នៅ​ឆ្នាំ ២០២៣ ដែល​នាំ​ឱ្យ​តម្រូវការ​អភិវឌ្ឍ និង​សាងសង់​កំពង់​ផែ ត្រូវ​សម្រេច​ឱ្យ​បាន​ទាន់​ពេលវេលា និង​ប្រើប្រាស់​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ដោយ​បញ្ចុះតម្លៃ​លើកដាក់​ទំនិញ បញ្ចុះតម្លៃ​សេវា​ឡូ​ជិ​ស្ទិ​ក ពង្រឹង​នូវ​ប្រសិទ្ធភាព​គ្រប់គ្រង និង​ប្រតិបត្តិការ​កំពង់​ផែ និង​កតា្ត​ផ្សេង​ៗ​ទៀត ដើម្បី​ពង្រឹង​ការ​ប្រកួតប្រជែង​ក្នុង​តំបន់ និង​សកលលោក​។

លោក ស៊ុន ចាន់​ថុ​ល មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា «​ថ្មី​ៗ​នេះ កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ក៏​បាន​ចូលរួម​គាំទ្រ​ដល់​កិច្ច​សម្រួល​ពាណិជ្ជកម្ម និង​ធុរកិច្ច​នៅ​កម្ពុជា​សំដៅ​ជំរុញ​ភាព​ប្រកួត ប្រជែង និង​បង្កើន​ល្បឿន​នៃ​ការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ចជាតិ ដើម្បី​ធានា​ឱ្យ​បាន​នូវ​ចីរភាព​កំណើនសេដ្ឋកិច្ច​សម្រាប់​រយៈពេល​ខាង​មុខ តាម​រយៈ​វិធានការ​បញ្ចុះ​ថ្លៃ​លើកដាក់ Lo-Lo ចំនួន ១០% បញ្ចុះ​ថ្លៃ Bonus ពី ៧,៥០ ដុល្លារ មក ៥ ដុល្លារ​អា​មេ​រិ​ក ក្នុង​មួយ Box និង​កែសម្រួល​មិន​គិតថ្លៃ​ឈ្នួល​ប​ម្លា​ស់​ទី​នាវា (Shifting)»​។ យ៉ាងណាមិញ​តាម​រយៈ​វិធាន​ខាងលើ​នេះ កំពង់​ផែ​ធំ​ៗ​ចំនួន​ពីរ គឺ​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ និង​កំពង់​ផែ​ស្វយ័ត​ក្រុងភ្នំពេញ​ប្រឈម​មុខ​នឹង​ការ​ខាតបង់​ប្រាក់​ប្រមាណ​ជាង ៣ លាន​ដុល្លារ​សហរដ្ឋអាមេរិក​ផង​ដែរ ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក អូន ព័ន្ធ​មុនី​រ័​ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ។

លោក អូន ព័ន្ធ​មុនី​រ័​ត្ន​បាន​បញ្ជាក់​ថា​ការ​កែទម្រង់​ដ៏​មុត​ស្រួច​ដាក់​ចេញ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី តាម​រយៈ​ការ​បញ្ចុះតម្លៃ​ការ​លើកដាក់ ព្រមទាំង​ថ្លៃ និង​ការ​មិន​យកឈ្នួល​បំ​លាស់​ទី​ចំណត​នាវា នឹង​ធ្វើ​ឲ្យ​កំពង់​ផែ​ក្រុងព្រះសីហនុ បាត់បង់​នូវ​ចំណូល​ប្រមាណ​ជាង ២ លាន​ដុល្លារ​អា​មេ​រិ​ក និង​កំពង់​ផែ​ភ្នំពេញ​នឹង​ខាត ប្រមាណ​ជាង ១ លាន​ដុល្លារ​អា​មេ​រិ​ក​នេះ​ក៏​ដោយ «​ក៏​ប៉ុន្តែ​ប្រការ​នេះ បាន​ធ្វើ​ឲ្យ​ថ្លៃ​ឡូ​ជី​ស្ទីក​របស់​កម្ពុជា​យើង​មាន​កម្រិត​ទាប​ជាង​មុន និង​ពង្រឹង​នូវ​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា​ទាំងមូល​តែ​ម្តង​» ។ លោក​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បាន​បន្ត​ថា ការ​ចូលរួម​របស់​កំពង់​ផែ​ដល់​សេដ្ឋកិច្ចជាតិ​ទាំងមូល បើ​ទោះបីជា​មិន​ទាន់​ធំធេង​ក្តី តែ​កំពង់​ផែ គឺជា​អង្គភាព​សេដ្ឋកិច្ច​មួយ​ដ៏​សំខាន់ និង​មិន​អាច​ខ្វះ​បាន​នៅ​ក្នុង​ការ​ធ្វើ​ទំនាក់ទំនង​ពាណិជ្ជកម្ម​របស់​កម្ពុជា ជាមួយនឹង​ពិភពលោក ទាំងមូល​ក៏​ដូច​ជា​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​» ។
បន្ថែម​ពីលើ​នេះ​លោក អូន ព័ន្ធ​មុនី​រ័​ត្ន បាន​សម្តែង​នូវ​ក្តី​រីករាយ ដោយ​បានឃើញ​បរិមាណ​ទំនិញ​ឆ្លងកាត់​ផែ បាន​កើនឡើង​ខ្ពស់​នៅ​ក្នុង​ឆ្នាំ​០១៨ នេះ ពោល​គឺ​មាន​កំណើន ២២,០៨ ភាគរយ ក្នុង​នោះ​បរិមាណ​កុងតឺណ័រ​ឆ្លងកាត់​មាន​កំណើន​ប្រមាណ ១៧,៧ ភាគរយ ធៀប​២០១៧ ប៉ុន្តែ​ទោះបីជា​យើង​សម្រេច​បាន​នូវ​សមិទ្ធិ​ផល ដែល​បាន​រៀបរាប់​ខាងលើ ក៏​យើង​មិន​ត្រូវ​មាន​ភាព​ស្កប់ស្កល់ ក៏​យើង​មិន​ត្រូវ​ភ្លេចខ្លួន​ជាមួយនឹង​លទ្ធផល​ទាំងនេះ​ទេ ។ ពីព្រោះ​កិច្ច​ដំណើរការ​នៃ​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ក្នុង​ប្រទេស និង​សមាហរណកម្ម​សេដ្ឋកិច្ច កម្ពុជា​នៅ​ក្នុង​តំបន់ និង​ពិភពលោក តម្រូវ​ឲ្យ​យើង​ទាំងអស់​គ្នា បន្ត​ខិតខំ​ជា​ប្រចាំ​។ ព្រោះ​កំពង់​ផែ ជា​មាត់ច្រក​ចេញចូល​ដ៏​សំខាន់​បំផុត​សម្រាប់​ការ​ធ្វើ​ពាណិជ្ជកម្ម ជា​ពិសេស​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា ដែល​ជា សេដ្ឋកិច្ច​បើកចំហរ និង​ពឹងផ្អែក​ជា​ចម្បង​លើ​ការ​ធ្វើ​ពាណិជ្ជកម្ម សម្រាប់​ការ​អភិវឌ្ឍន៍ ។

លោក​រដ្ឋមន្ត្រី​ក៏​បាន​ស្នើ​ទៅ​ថ្នាក់ដឹកនាំ​ក្រសួង​សាធារណការ​និង​ដឹក​ជ​ញ្ជួ​ន ដើម្បី​ពង្រឹង​ភាព​ប្រកួតប្រជែង​របស់​កំពង់​ផែ​ស្វ័​យ័​ត​ដោយ «​ស្នើ​បន្ត​ការ​ចរចារ​ជាមួយ​ក្រុមហ៊ុន​កប៉ាល់​ដឹក​កុងតឺណ័រ ទាំងអស់​ឲ្យ​បញ្ចុះតម្លៃ​ដឹក ជ​ញ្ជួ​ន​បន្ថែម​ទៀត នឹង​ធ្វើការ​ពិនិត្យ តាមដាន​ការ​អនុវត្ត​របស់​ក្រុមហ៊ុន​ទាំង​អស់នេះ ទាក់ទង​នឹង​ការ​បញ្ចុះតម្លៃ​ដូចដែល​បាន​ឯកភាព​គ្នា​កន្លង​មក «​ទី​២ ដើម្បី​បញ្ចុះ​ថ្លៃ​ឡូ​ជី​ស្ទីក​និង​ពង្រឹង​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា ខ្ញុំ​សុំ​ស្នើ​ឲ្យ​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ បន្ត​ពិនិត្យ​លទ្ធភាព កាត់​បន្ថយថ្លៃ សេវា តាម​រយៈ​ការ​កាត់​បន្ថយ ចំណាយ​ដែល​មិន​ចាំបាច់ និង​ការ​ពង្រឹង ប្រសិទ្ធភាព ប្រតិបត្តិការ​របស់ កំពង់​ផែ​បន្ថែម​ទៀត​» ។ លោក អូន ព័ន្ធ​មុនី​រ័​ត្ន បញ្ជាក់​។ លោក​បាន​បន្ត​ទៀត​ថា លោក​សូម​លើក ទឹកចិត្ត​ឲ្យ​កំពង់​ផែ ជម្រុញ​គម្រោង​សាងសង់ ចំណត​ផែ​កុងតឺន័រ​ថ្មី ប្រវែង ៣៥០ ម៉ែត្រ ជម្រៅ​ទឹក ១៤,៥ ម៉ែត្រ និង​ការ​បំពាក់​គ្រឿង ចក្រ​ធុន​ធ្ងន់​ឲ្យ​សម្រេច​បាន​ទាន់​ពេលវេលា ។

សូម​បញ្ជាក់​ថា ចំណត​ផែ​កុងតឺន័រ​ថ្មី​មួយ​នេះ នឹង​ធានា​ដល់​ការ​ចូល​ចត​នាវា​កុងតឺន័រ​ខ្នាត​ធំ​ៗ មាន​ចំណុះ​រហូត​ដល់​ទៅ ៦០.០០០ តោន ឬ ស្មើនឹង ៩៣% នៃ​ចំនួន​នាវា​ប្រចាំ​តំបន់​អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​ក​។ ក្រោយ​ការ​សាងសង់​ចំណត​ផែ​កុងតឺន័រ​ថ្មី​នេះ​រួច​នៅ​ដើមឆ្នាំ​២០២៣ កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ នឹង​ក្លាយទៅជា​កំពង់​ផែ​លំដាប់ថ្នាក់ ខ្នាត​មធ្យម ដែល​នឹង​មាន​បរិមាណ​កុងតឺន័រ​ឆ្លងកាត់​លើស​ពី ១.២៩​លាន​TEUs/​ឆ្នាំ រីឯ​តម្លៃ​ដឹក​ជញ្ជូន​តាម​សមុទ្រ​ទៅ​-​មក​កម្ពុជា នឹង​កាន់តែ​ចុះ​ទាប​ប្រហាក់ប្រហែល​នឹង​ថ្លៃ​ដឹក​ជញ្ជូន​តាម​សមុទ្រ​នៃ​ប្រទេស​ជិតខាង​។

លោក អូន ព័ន្ធ​មុនី​រ័​ត្ន បញ្ជាក់​ថា «​គម្រោង​នេះ​នឹង​ធ្វើ​ឲ្យ ថ្លៃ​ដឹក​ជ​ញ្ជួ​ន​តាម​ផ្លូវ​សមុទ្រ ពី​កម្ពុជា​មាន​កម្រិត ប្រហាក់ប្រហែល​ជាមួយនឹង​ប្រទេស​ជិតខាង ព្រមទាំង​ផ្តល់​លទ្ធភាព​សម្រាប់​ការ​នាំ​ទំនិញ​ចេញ​-​ចូល ដោយ​ផ្ទាល់​ពី​កម្ពុជា​ទៅ​កាន់ បណ្តា​ផែ​ក្នុង​តំបន់ មួយ​ចំនួន​ថែម​ទៀត ឲ្យ​បាន​កាន់តែ​ល្អ​ប្រសើរ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ