ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្លិប​បឹង​កេ​ត អេ​ហ្វ​ស៊ី ចាប់អារម្មណ៍​ខ្លាំង​ចំពោះ​ការចូលរួម​អភិវឌ្ឍន៍​កីឡាបាល់ទាត់​របស់​សាលា​ឯកជន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្លិប​បឹង​កេ​ត អេ​ហ្វ​ស៊ី ដែល​ជា​ក្លិប​បាល់ទាត់​ដ៏​ល្បី​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា កាលពី​ថ្ងៃ​ទី​៣០ មេ​សា បាន​ធ្វើ​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​ជាមួយ​សាលារៀន​វេ​ស្ទ​ឡាញ​ន៍​សាខា​​សន្ធរ​ម៉ុ​ក ដោយ​ភាគី​ខាង​ក្លិប​បាល់ទាត់​បឹង​កេ​ត អេ​ហ្វ​ស៊ី…

រាជធានី​ភ្នំពេញ ៖ ក្លិប​បឹង​កេ​ត អេ​ហ្វ​ស៊ី ដែល​ជា​ក្លិប​បាល់ទាត់​ដ៏​ល្បី​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា កាលពី​ថ្ងៃ​ទី​៣០ មេ​សា បាន​ធ្វើ​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​ជាមួយ​សាលារៀន​វេ​ស្ទ​ឡាញ​ន៍​សាខា​​សន្ធរ​ម៉ុ​ក ដោយ​ភាគី​ខាង​ក្លិប​បាល់ទាត់​បឹង​កេ​ត អេ​ហ្វ​ស៊ី មាន​លោកស្រី ពុធ ធីតា ជា​ប្រធាន
ក្លិប និង​លោក ប៉ិច បូ​ឡែ​ន តំណាង​ឱ្យ សាលា ។ ការ​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នេះ​ផ្ដោត​សំខាន់​ទៅ​លើ​ការ​បណ្ដុះបណ្ដាល​កីឡាករ​ថ្នាល​ដើម្បី​ឱ្យ​ពួក​គេ​ក្លាយជា​កីឡាករ​អាជីព​ទៅ​ថ្ងៃ​អនាគត​។

លោកស្រី ពុធ ធីតា បាន​ថ្លែង​ថា លោកស្រី​ពិតជា​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ចំពោះ​ការ​ចូលរួម​អភិ​វឌ្ឍន៍​វិស័យ​កីឡាបាល់ទាត់​របស់​សាលា​ឯកជន​នៅ​ក្នុង​ពេល​នេះ ។ លោកស្រី​ថា សព្វ​ថ្ងៃនេះ​មាន​តែ​ក្លិប​បាល់ទាត់​បឹង​កេ​ត​អេ​ហ្វ​ស៊ី​តែ​១​គត់​ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​ពី​សហព័ន្ធ​កីឡាបាល់ទាត់​អា​ស៊ី (AFC) ហើយ​នេះ​ក៏​ជា​លើក​ទី​១​ផង​ដែរ​ដែល​ក្លិប​បាល់ទាត់​បឹង​កេ​ត​ចាប់​យក​សាលារៀន​វេ​ស្ទ​ឡាញ​ន៍ ជា​ដៃគូ​អភិវឌ្ឍន៍​វិស័យ​កីឡាបាល់ទាត់ ដោយ​បាន​ផ្ដោត​សំខាន់​ទៅ​លើ​កីឡាករ​ថ្នាល ។

លោកស្រី​បន្ត​ថា ការ​សិក្សា​មួយ​មុខ​នៅ​មិន​ទាន់​គ្រប់គ្រាន់​នោះ​ទេ ផ្ទុយ​ទៅ​វិញ​ការ​លេង​កីឡា​ជា​ផ្នែក​មួយ​ក្នុង​ការ​ចូលរួម​លើកកម្ពស់​សុខុមាលភាព និង​ការ​សាមគ្គីភាព ។ ជាង​នេះ​ទៅ​ទៀត ក្លិប​បាល់ទាត់​បឹង​កេ​ត​អេ​ហ្វ​ស៊ី ក៏​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​សម្រេច​គោលដៅ​របស់​ក្មួយ​ៗ​ដែល​ចង់​ក្លាយជា​កីឡាករ​អាជីព​នា​ពេល​អនាគត​។

លោក ប៉ិច បូ​ឡែ​ន បាន​លើក​ឡើង​ថា បច្ចុប្បន្ន​ទីផ្សារ​កីឡាបាល់ទាត់​កំពុង​តែ​មានការ​រីក​ចម្រើន​ខ្លាំង ។ អ្នក​ដែល​ក្លាយជា​កីឡាករ​ល្បី កីឡាករ​អាជីព​ទទួល​បាន​ប្រាក់ខែ​ខ្ពស់​ជាង​បុគ្គលិក​ជាន់ខ្ពស់​របស់​ក្រុមហ៊ុន​ទៅ​ទៀត ។ ដូច្នេះ​លោក​គិត​ថា ការ​ចាប់​ដៃគូ​ជាមួយ​ក្លិប​បាល់ទាត់​បឹង​កេ​ត​នា​ពេល​នេះ គឺជា​ឱកាស​មួយ​សម្រាប់​ប្អូន​ៗ​ដែល​មាន​និស្ស័យ​ចូល​ចិត្ត​លេង​កីឡាបាល់ទាត់ ហើយ​ចង់​ក្លាយជា​កីឡាករ​បាល់ទាត់​អាជីព។

ជាមួយ គ្នា​នេះ​លោក​ក៏​បាន​លើក​ឡើង​ពី​ការ​លេង​កីឡា​មិន​ត្រឹមតែ​អាច​អូស​ទាញ​មនុស្ស​ឱ្យ​ងាក​ចេញពី​ភាព​មិនល្អ​នោះ​ទេ លោក​សង្ឃឹមថា ក្មួយ​ៗ​ទាំងអស់​នឹង​ក្លាយជា​កីឡាករ​ឆ្នើម​សម្រាប់​ចូល រួម​ប្រកួត​​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២ ឆ្នាំ​២០២៣​ដែល​កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ