ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៣​ថ្ងៃមុន​ឡើង​គ្រងរាជ្យ ​ស្ដេច​ថៃ​បាន​បង្កើត​​ភាព​ភ្ញាក់​ផ្អើល​ដែល​ស្មាន​មិន​ដល់

4 ឆ្នាំ មុន

ប្រទេស​ថៃ ៖ ៣​ថ្ងៃមុន​ឡើង​គ្រងរាជ្យ​ជា​ផ្លូវការ ព្រះមហាក្សត្រ​ថៃ​មហា​ វ៉ា​ជី​រ៉ា​ឡុ​ង​កន បាន​បង្កើត​ភាព​ភ្ញាក់​ផ្អើល ដោយ​ប្រកាស​ពី​ការ​រៀប​អភិសេក​ជាមួយ​ព្រះ​ជ​យា​តាំងពី​យូរ​មក​ហើយ ដែល​ត្រូវ​ក្លាយជា​ព្រះ​មហា​ក្សត្រី​យា​នី​។ តាម​ទស្សនាវដ្ដី​ព្រះ​បរមរាជវាំង ដែល​ចេញផ្សាយ​កាលពី​យប់​ថ្ងៃ​ទី​១…

ប្រទេស​ថៃ ៖ ៣​ថ្ងៃមុន​ឡើង​គ្រងរាជ្យ​ជា​ផ្លូវការ ព្រះមហាក្សត្រ​ថៃ​មហា​ វ៉ា​ជី​រ៉ា​ឡុ​ង​កន បាន​បង្កើត​ភាព​ភ្ញាក់​ផ្អើល ដោយ​ប្រកាស​ពី​ការ​រៀប​អភិសេក​ជាមួយ​ព្រះ​ជ​យា​តាំងពី​យូរ​មក​ហើយ ដែល​ត្រូវ​ក្លាយជា​ព្រះ​មហា​ក្សត្រី​យា​នី​។

តាម​ទស្សនាវដ្ដី​ព្រះ​បរមរាជវាំង ដែល​ចេញផ្សាយ​កាលពី​យប់​ថ្ងៃ​ទី​១ ​ឧសភា ២០១៩ នូវ​សេចក្ដី​ប្រកាស​មួយ​​ថា ព្រះមហាក្សត្រ​អង្គ​នោះ​ដែល​ធ្លាប់​រៀប​អភិសេក ពី​មុន​រួច​មក​ហើយ ​និង​មានការ​លែងលះ​គ្នា​៣​លើក បាន​រៀប​អភិសេក​ជា​ផ្លូវការ​ជាមួយ​ព្រះ​នាង​ស៊ូ​ធី​ដា​វ៉ា​ជី​រ៉ា​ឡុ​ង​កន ណា​អា​យូ​ធី​យ៉ា​(SUTHIDA VAJIRALONGKORN NA AYUDHYA)​។ ព្រះ​មហេសី​ព្រះ​អង្គជា​អតីត​អ្នកបម្រើ​តាម​យន្តហោះ ដែល​​រួមរស់​ជាមួយ​គ្នា​ចាប់តាំងពី​ច្រើន​ឆ្នាំ​មក​ហើយ​។ ព្រះ​នាង​ស៊ូ​ធី​ដា​វ៉ា​ជី​រ៉ា​ឡុ​ង​កន ចាប់ពី​ពេល​នេះ​តទៅ​ក្លាយជា​ព្រះ​មហាក្សត្រី​ស៊ូ​ធី​ដា​។

ពិធី​រៀប​អភិសេក​នោះ​ប្រព្រឹត្ត​ទៅ​នា​រសៀល​ថ្ងៃ​ទី​១ ​ឧសភា នៅ​ព្រះ​បរមរាជវាំង​តុសិត​ក្រុង​បាងកក ដោយ​នា​ឱកាស​នោះ​ព្រះមហាក្សត្រ​ទ្រង់​គ្រង​ឯកសណ្ឋាន​ពណ៌​ស រៀប​អភិសេក​ជាមួយ​ព្រះ​នាង​ស៊ូ​ធី​ដា ដែល​គ្រង​រ៉ូ​ប​ប្រពៃណី​ថៃ​ផលិត​ពី​សូត្រ​ពណ៌​ផ្កា​កុលាប​។ បន្ទាប់​ពី​នេះ​ព្រះ​នាង​ត្រូវ​ដំឡើង​ព្រះ​ឋានៈ​ជា​ព្រះ​មហាក្សត្រី​យា​នី​។

ត្រូវ​ដំឡើង​ឋានៈ​ជា​ឧត្ដមសេនីយ​កាលពី​ឆ្នាំ​២០១៦ ព្រះ​នាង​ស៊ូ​ធី​ដា​តែង​មាន​វត្ត​មាននៅ​អែប​ព្រះ​មហា​ក្សត្រ នា​ឱកាស​ពិធី​ផ្លូវការ​ជា​ច្រើន​។ ព្រះ​នាង​ពេល​នេះ​ត្រូវ​ការពារ​ដូច​បណ្ដា​សមាជិកគ្រួសារ​រាជវង្ស​ឯទៀត​ៗ​ដែរ ដោយ​ច្បាប់​ស្ដី​ពី​ការ​ប្រមាថ​ព្រះមហាក្សត្រ​។

ព្រះ​នាង​ស៊ូ​ធី​ដា​វ៉ា​ជី​រ៉ា​ឡុ​ង​កន ជា​ជ​យា​ទី​៤ ​របស់​ព្រះមហាក្សត្រ​ថៃ​។ ជ​យា​ទី​៣​ព្រះ​នាង​ស្រ៊ីរស្មី​(SRIRASMI)​ បាន​រៀប​អភិសេក​ជា​សម្ងាត់​កាលពី​ឆ្នាំ​២០០១ ហើយ​ត្រូវ​បាន​ដក​ឋានៈ​ចេញពី​ព្រះរាជ​វង្ស​ក្នុង​ឆ្នាំ​២០១៤​។ ចាប់តាំងពី​ពេល​នោះ​មក​សមាជិកគ្រួសា​របស់​នារី​ជា​រាស្ត្រ​នោះ​ច្រើន​នាក់ ត្រូវ​ចាប់​ដាក់គុក​ពី​បទ ប្រមាថ​ព្រះមហាក្សត្រ​។

ព្រះ​មហា​វ៉ា​ជា​រ៉ា​ឡុ​ង​កន បាន​ឡើង​លើ​រា​ជប​ល្ល​ង្ក​កាលពី​ខែធ្នូ​ឆ្នាំ​២០១៦ ក្រោយ​ពី​ព្រះ​បិតា​ចូល​ព្រះ​ទិវង្គត។ ពិធី​ដ៏​មហោឡារិក​នៃ​ការ​ឡើង​គ្រងរាជ្យសម្បត្តិ​ជា​ផ្លូវការ ត្រូវ​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​៤​ដល់​ថ្ងៃ​ទី​៦​ឧសភា ​នៅ​ក្រុង​បាងកក​។ ពិធី​ឡើង​គ្រងរាជ្យ​សុទ្ធ​ត្រូវធ្វើ​នា​ថ្ងៃ​ទី​៤​ឧសភា​។ នា​ថ្ងៃ​ទី​៥​ឧសភា ព្រះ​មហា​ក្សត្រ​នឹង​គង់​លើ​ស្នែង​ពណ៌​មាស ដែល​កង​យោធា​សែង​ព្រះ​អង្គ​ដង្ហែ​ក្នុង​ចម្ងាយ​ផ្លូវ​ជាង​៦​គីឡូម៉ែត្រ នា​ភាគ​កណ្ដាល​ក្រុង​បាងកក​។ ថ្ងៃ្ង​ទី​៦​ឧសភា​ព្រះ​អង្គ​នឹង​គង់នៅ​យ៉​ព្រះ​បរមរាជវាំង ហើយ​ទ្រង់​ទទួល​ធ្វើ​សវនាកា​ជាមួយ​បណ្ដា​អង្គទូត​បរទេស​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ