ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជ័យ​លា​ភី​សម្រស់​ឯក​វាយ​ន​ភណ្ឌ​ឆ្នាំ​២០១៩ វគ្គ​ផ្តាច់ព្រ័ត្រ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រោយ​ការ​ប្រឡង​សម្រស់​ឯក​វាយ​ន​ភណ្ឌ​ឆ្នាំ​២០១៩ វគ្គ​ផ្តាច់ព្រ័ត្រ នា​រាត្រី​ថ្ងៃ​ទី​០១ ខែឧសភា ឆ្នាំ​២០១៩ រួច​មក​គណៈកម្មការ​វាយតម្លៃ​ការ​ប្រកួត​បាន​ប្រកាស​ជា​ផ្លូវការ​នូវ​បេក្ខជន​-​បេ​ក្ខ​នារី ដែល​ជា​កម្មករ​-​កម្មការិនី​ជ័យ​លា​ភី សម្រស់​ឯក​វាយ​ន​ភណ្ឌ​ឆ្នាំ​២០១៩…

រាជធានី​ភ្នំពេញ ៖ ក្រោយ​ការ​ប្រឡង​សម្រស់​ឯក​វាយ​ន​ភណ្ឌ​ឆ្នាំ​២០១៩ វគ្គ​ផ្តាច់ព្រ័ត្រ នា​រាត្រី​ថ្ងៃ​ទី​០១ ខែឧសភា ឆ្នាំ​២០១៩ រួច​មក​គណៈកម្មការ​វាយតម្លៃ​ការ​ប្រកួត​បាន​ប្រកាស​ជា​ផ្លូវការ​នូវ​បេក្ខជន​-​បេ​ក្ខ​នារី ដែល​ជា​កម្មករ​-​កម្មការិនី​ជ័យ​លា​ភី សម្រស់​ឯក​វាយ​ន​ភណ្ឌ​ឆ្នាំ​២០១៩ ។ ព្រឹត្តិការណ៍​ដ៏​ធំ​ប្រចាំឆ្នាំ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ស្ថានីយទូរទស្សន៍​បាយ័ន​ស្ទឹង​មាន​ជ័យ ។

លោក​អ៊ិ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​បញ្ជាក់​ថា ការ​រៀបចំ​កម្មវិធី​សម្រស់​ឯក​វាយ​ន​ភណ្ឌ​ត្រូវ​បាន​បង្កើត​ឡើង​ក្រោម​គំនិត​ផ្តួចផ្តើម​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​ចំនួន​៤​លើក​រួច​មក​ហើយ គឺ​នៅ​ឆ្នាំ​២០១៥ ឆ្នាំ​២០១៦ ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨ ដោយ​ទទួល​បាន​ជោគជ័យ និង​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ពី​សាធារណជន ជា​ពិសេស​ពី​ក្មួយ​ៗ​កម្មករ​-​កម្មការិនី​យើង ។ ឆ្នាំ​នេះ គឺជា​លើក​ទី​៥ ហើយ​ដែល​ក្រសួង​ការងារ​បាន​រៀបចំ​កម្មវិធី​សម្រស់​ឯក​វាយ​ន​ភណ្ឌ​ដែល​កាន់តែ​មាន​លក្ខណៈ​ទូលំទូលាយ​ជាង​មុន ដោយ​មានការ​ចូលរួម​ពី​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​) អគ្គនាយកដ្ឋាន​វិទ្យុ និង​ទូរទស្សន៍​បាយ័ន​ក្រុមប្រឹក្សា​សហជីព​ជាតិ​កម្ពុជា (CCNU) និង​សភា​សម្ព័ន្ធ​សហជីព​ជាតិ​កម្ពុជា (NACC) និង​ដៃគូ​ពាក់ព័ន្ធ​នានា សំដៅ​លើក​តម្លៃ​កម្មករ​-​កម្មការិនី និង​បង្កើត​នូវ​បរិយាកាស​សប្បាយ​រីករាយ​ជូន​កម្មករ​-​កម្មការិនី ដែល​កំពុង​បម្រើ​ការងារ​ក្នុង​ឧស្សាហកម្ម​ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ និង​ផលិត​ស្បែកជើង​នៅ​កម្ពុជា និង​វិស័យសេដ្ឋកិច្ច​ផ្សេង​ៗ​ទៀត ។

ក្នុង​ឱកាស​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​១៣៣ ទិវា​ពលកម្ម​អន្តរជាតិ ក្រោម​ប្រធានបទ «​កិច្ច​គាំពារ​សង្គម ដើម្បី​ផលិតភាព »​។ លោក​បន្ត​ថា ការ​រៀបចំ​កម្មវិធី​ដ៏​សប្បាយ​រីករាយ​ថ្ងៃនេះ ផ្តើម​ពី​ជោគជ័យ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​រក្សា​បាន​នូវ​សុខ​សន្តិភាព ស្ថិរភាព និង​ការ​អភិវឌ្ឍន៍​ដែល​ធ្វើ​ឱ្យ​មាន​កំណើនសេដ្ឋកិច្ច​ខ្ពស់​ជាង ៧%​ក្នុង​មួយ​ឆ្នាំ ដែល​បង្កើត​នូវ​ឱកាស​ការងារ​ជូន​ប្រជាពលរដ្ឋ​យើង​ជាង ៩៩,៣% ជោគជ័យ​នៃ​ការ​អនុវត្ត​នូវ​សិទ្ធិ​ការងារ ការ​លើកកម្ពស់​លក្ខខណ្ឌ​ការងារ ការ​លើកកម្ពស់​តម្លៃ​ការងារ និង​ជីវភាព​រស់នៅ​ដល់​ក្មួយ​ៗ​កម្មករនិយោជិត រួម​ទាំង​កិច្ច​គាំពារ​សង្គម​ប្រកបដោយ​ផ្លែផ្កា ។ តាម​រយៈ​កម្មវិធី​នេះ​យើង​សង្ឃឹម​ជឿជាក់​ថា ក្មួយ​ៗ​កម្មករ​កម្មការិនី​របស់​យើង​នឹង​កាន់តែ​ស្រឡាញ់ និង​មាន​មោទនភាព​ចំពោះ​ការងារ​ដែល​ខ្លួន​កំពុង​តែ​ធ្វើ សំដៅ​ចូលរួម​ធ្វើ​ឱ្យ​កាន់តែ​ប្រសើរ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម ។ តាម​រយៈ​ការ​ប្រឡង​នេះ​លោក​រដ្ឋមន្ត្រី​បាន​លើកទឹកចិត្ត​ដល់​ក្មួយ​ៗ​កម្មករ​-​កម្មការិនី​ត្រូវ​មាន​មោទនភាព​ថា ពិតជា​បាន​បង្ហាញ​ពី​សមត្ថភាព និង​ទេព​កោសល្យ​របស់​ខ្លួន​ដោយ​មិន​ត្រឹមតែ​ពូកែ​ការងារ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​មាន​រូប​សម្ផស្ស​ស្រស់​ស្អាត មានចំណេះ​ដឹង​ពី​ច្បាប់​ពាក់ព័ន្ធ​វិស័យ​ការងារ និង​សន្តិសុខ​សង្គម និង​មាន​សមត្ថភាព​សិល្បៈ​ផ្សេង​ៗ​ទៀត​ផង ។

លោក អ៊ិ​ត សំ​ហេង បាន​បញ្ជាក់​ថា ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ អះអាង​ថា នឹង​បន្ត​រៀបចំ​កម្មវិធី​នេះ​នៅ​ឆ្នាំ​ក្រោយ​ៗ​ទៀត ហើយ​សង្ឃឹមថា កម្មករ​-​កម្មការិនី​នឹង​បន្ត​ចូលរួម​ក្នុង​កម្មវិធី​នេះ​កាន់តែ​អធិកអធម​ថែម​ទៀត ។

សូម​ជម្រាប​ថា បេក្ខជន​-​បេ​ក្ខ​នារី​សម្រស់​ឯក​វាយ​ន​ភណ្ឌ​ឆ្នាំ​២០១៩​នេះ​រួម​មាន សម្រាប់​បេក្ខជន ជ័យ​លា​ភី​លេខ​១ បាន​ទៅ​លើ​បេក្ខជន លឿង វិសាល ពាក់​ស្លាក​លេខ​៨ មក​ពី​មណ្ឌល​រាជធានី​ភ្នំពេញ -​ជ័យ​លា​ភី​លេខ​២ បាន​ទៅ​លើ​បេក្ខជន សុខ មនោ​ចិន ពាក់​ស្លាក​លេខ​៩ មក​ពី​មណ្ឌល​ខេត្តបន្ទាយមានជ័យ ជ័យ​លា​ភី​លេខ​៣ បាន​ទៅ​លើ​បេក្ខជន រ​ដ្ឋា ថៃ​លី ពាក់​ស្លាក​លេខ​៧ មក​ពី​មណ្ឌល​ខេត្តស្វាយរៀង ។ សម្រាប់​បេ​ក្ខ​នារី ជ័យ​លា​ភី​លេខ​១ បាន​ទៅ​លើ​បេ​ក្ខ​នារី យ៉ុ​ន កាន់​ទី​ម៉ា ពាក់​ស្លាក​លេខ​២ មក​ពី​មណ្ឌល​រាជធានី​ភ្នំពេញ ជ័យ​លា​ភី​លេខ​២ បាន​ទៅ​លើ​បេ​ក្ខ​នារី សុ​ន ស្រី​ពៅ ពាក់​ស្លាក​លេខ​៣ មក​ពី​មណ្ឌល​ខេត្តស្វាយរៀង​ជ័យ​លា​ភី​លេខ​៣ បាន​ទៅ​លើ​បេ​ក្ខ​នារី លី ណៃ​ហ៊ា​ង ពាក់​ស្លាក​លេខ​៧ មក​ពី​មណ្ឌល​រាជធានី​ភ្នំពេញ ។

ចំពោះ​រង្វាន់​សម្រាប់​បេក្ខជន​-​បក្ខ​នារី ដែល​ចូលរួម​ក្នុង​ការ​ប្រឡង​វិញ រួម​មាន ជ័យ​លា​ភី​លេខ​១ ទទួល​បាន​ថវិកា​ចំនួន​៥​លាន​រៀល ម៉ូតូ Honda Beat ចំនួន​១​គ្រឿង ៥០០​ដុល្លារ​ពី​ទ្រូ​ម៉ា​នី គូ​ប៉ុង​ចំនួន​១​លាន រៀន​ពី​ហាង​លក់​សម្លៀក​បំពាក់ Mr. Man រ៉ូ​បរា​ត្រី​ស្រមោល​សរ និង​អាវ​ខ្មែរ​ពី​ហាង​កាត់ដេរ បូ​រ៉ា​និ​ច ជ័យ​លា​ភី​លេខ​២ ទទួល​បាន​ថវិកា​ចំនួន​៤​លាន​រៀល និង​ម៉ូតូ Honda Beat ចំនួន​១​គ្រឿង ជ័យ​លា​ភី​លេខ​៣​ទទួល​បាន​ថវិកា​ចំនួន​៣​លាន​រៀល និង​ម៉ូតូ Honda Beat ចំនួន​១​គ្រឿង ជ័យ​លា​ភី​កិត្តិយស​ទទួល​បាន​ថវិកា​ចំនួន​២​លាន​រៀល និង​ម៉ូតូ Honda Beat ចំនួន​១​គ្រឿង អ្នក​មិន​ទទួល​បាន​ជ័យ​លា​ភី​ក៏​ទទួល​បាន​ថវិកា​ចំនួន​១​លាន​រៀល និង​ម៉ូតូ Honda Beat ចំនួន​១​គ្រឿង​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ