ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វីរ៉ា ស៊ុម​ខ្វាម​ឃីត ត្រូវមានភារកិច្ច​ ៖ សារ​ភាព​កំហុស, ជាប់ពន្ធនាគារ​២ភាគ​​៣​សិន ទើបអាច​សុំការ​លើកលែង​បាន

15 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ អគ្គនាយក​នៃ​អគ្គ​នាយក​ដ្ឋាន​​ពន្ធនាគារ​​ក្រសួងមហាផ្ទៃ​​ លោកគួយ ​ប៊ុនសន ​បានមានប្រសាសន៍​កាលពីព្រឹក​ថ្ងៃ​ទី​​១១ មីនា ២០១១ ថា ​ទណ្ឌិត​​ជន​ជាតិ​សៀម​ឈ្មោះ​​វីរ៉ា​ ស៊ុម​ខ្វាមឃីត ​​មិនអាច​លើក​លែង​ទោស​​​បាន​ទេ ពីព្រោះ​​​លោកវីរ៉ា​ស៊ុមខ្វាម​ឃីត ​មិនទាន់បាន​​អនុវត្ត​​​ទោសក្នុង​ពន្ធនាគារ​​បាន​​២ភាគ​​៣​នៅ​ឡើយ​ទេ ។ ប៉ុន្តែ​​​ការលើកលែង​ទោស​​អាច​ធ្វើ​ទៅបានល្គឹក​ណាតែ​លោក​​វីរ៉ា​ស៊ុម​ខ្វាមឃីត បាន​សារ​ភាព​ថា ខ្លួន​បានចូល​ក្នុង​ទឹក​ដី​​កម្ពុជា​ដោយ​ខុស​ច្បាប់​​ និងប្រព្រឹត្ត​​​បទល្មើស​​​ចារ​កម្ម​​ដូចជា​ការ​ចោទប្រកាន់​​នោះពិតប្រាកដ​មែន។​
ការថ្លែង​​របស់​លោកគួយ ប៊ុនសន ​អគ្គ​នាយក​​​នៃ​អគ្គនាយកដ្ឋាន​​ពន្ធនាគារ​របស់ប្រទេស​កម្ពុជាខាងលើនេះ​ធ្វើឡើង​​​បន្ទាប់ពី​កាសែត​​​ថៃ​រ៉ាត់ ​របស់សៀម​បាន​ចេញ​ផ្សាយ​​កាលពីថ្ងៃទី​​១០ មីនា​​ ម្សិល​មិញ​​ថា​ ស្ថានទូត​ថៃប្រចាំ​នៅ​ក្នុង​ប្រទេស​កម្ពុជា ​នឹងនាំលិខិត​សុំព្រះ​រាជទាន​​​ទោស​ដល់​​ទណ្ឌិត​វីរ៉ា​ ស៊ុមខ្វាមឃីត ​និង​អ្នក​​ទោសស្ត្រី​​​ម្នាក់​​ទៀត​ចុះហត្ថលេខា​​ដើម្បីស្វែង​​រកការ​អភ័យ​ទោស​​​ណាមួយ​ពីកម្ពុជា​នៅវេលាថ្ងៃ​សុក្រ ទី​​១១ មីនា នេះ ។ កាសែត​ដដែល​​បានដកស្រង់​សម្តី​លោក​ឈួន ​នុន​អុី​កូម៉ា​ស៊ុត ​លេខាធិការ​នៃ​​ក្រសួងការបរទេស​​ថៃ​​និយាយ​ថា មេធាវី​ជន​​ជាតិ​កម្ពុជា​​បានធ្វើសេចក្តីព្រាង​​លិខិត​សុំ​ព្រះ​រាជ​ទាន​​​ទោស​ជា​ភាសា​​កម្ពុជា​រួច​រាល់ហើយ ។ ​លិខិត​នេះត្រូវបាន​បញ្ជូន​​ឱ្យ​​ស្ថានទូត​ថៃ​ប្រចាំ​​នៅ​កម្ពុជា​បកប្រែជា​​ភាសាថៃ ដើម្បី​ឱ្យវីរ៉ា ស៊ុម​ខ្វាម​ឃីត ​និង​អ្នកស្រី​​រ៉ាទ្រី ​​អាន ហើយ​និង​ចុះ​ហត្ថ​លេខា​​​នៅថ្ងៃ​សុក្រ​នេះ ។​
លោក​ឈួន ​នុន​​អុី​កូម៉ា​​ស៊ុត ​លេខាធិការ​​នៃក្រសួង​​ការបរទេស​ថៃដដែល​បាននិយាយ​​​​ទៀត​ថា ​បើគ្មាន​អត្ថន័យ​​ណាមួយ​ត្រូវកែ​សម្រួល​​ក្នុងខ្លឹមសារ​​នៃលិខិតនោះ​ទេ ​គេ​រំពឹង​​​ថា នឹង​​អាច​​បញ្ជូន​​លិខិត​សុំ​​ព្រះរាជ​ទាន​​ទោស​នេះ​ឱ្យ​ដល់​​ក្រសួង​ការបរទេស​កម្ពុជា ដើម្បី​បញ្ជូន​បន្តទៅ​​ក្រសួង​យុត្តិធម៌​​ និង​ខុទ្ធកាល័យ​​នាយករដ្ឋ​មន្ត្រី​​​កម្ពុជា​នៅ​សប្តាហ៍ក្រោយ​នេះ ។​
ថ្លែង​តាម​​ទូរស័ព្ទ​​ប្រាប់​កោះសន្តិភាព​​នៅ​ព្រឹក​​ថ្ងៃសុក្រ ទី​១១​ មីនា ឆ្នាំ​២០១១ នេះ លោក​​គួយ ប៊ុនសន ​អគ្គនាយក​​នៃ​អគ្គនាយកដ្ឋាន​​ពន្ធនា​គារ​​ក្រសួងមហាផ្ទៃ​​បានបញ្ជាក់​​​ឱ្យ​ដឹង​ដែរ​ថា កាលពី​​ថ្ងៃទី​​​១០ មីនា ម្សិលមិញ ​លោក​​បាន​ទទួល​​លិខិត​ថត​ចម្លង​​​​ពីស្ថានទូត​ថៃ​ប្រចាំ​កម្ពុជា ​ក្នុងការ​អនុញ្ញាត​​​ឱ្យ​ទណ្ឌិត​ជន​​ជាតិសៀម​​​ទាំង​​២​នាក់នោះផ្តិ​ត​មេដៃ ដើម្បី​​រក​​​ការសុំ​លើេកលែង​​ទោសនោះរួចហើយ ។ ​​ប៉ុន្តែ​​​លោកបាន​បញ្ជាក់​ថា ​លោកមិនទាន់​បានទទួល​​លិខិត​ជាផ្លូវការ​​ពីក្រសួង​​​ការបរទេសថៃ​​នោះនៅឡើយ​ទេ ​ហើយ​ថា ​ដរាបណា​​ពុំមាន​​លិខិត​ផ្លូវការ​​ គឺមិនអនុញ្ញាត​​ឱ្យ​អ្នក​​ណា​ម្នាក់​​​ចូលជួប​ដើម្បី​​ឱ្យ​​ទណ្ឌិត​​ទាំង​​​២នាក់នោះ​ផ្តិតមេដៃបានឡើយ​៕