ទូរទស្សន៍រដ្ឋជប៉ុន NHK រាយការណ៍កាលពីថ្ងៃទី១៣ មីនា ដោយដកស្រង់សម្តីនាយប៉ូលិសខេត្ត Miyagi របស់ជប៉ុនថា គិតត្រឹមថ្ងៃទី១៣ មីនា ចំនួនអ្នកស្លាប់ ដោយសារគ្រោះធម្មជាតិរញ្ជួយដីដ៏ខ្លាំងកម្រិត៨,៩រីស្ទ័រ បង្កឱ្យមានស៊ូណាមី ដែលកើតឡើងនៅភាគឦសាន និងភាគខាងកើតប្រទេសជប៉ុនកាលពីថ្ងៃទី១១ មីនា កន្លងមក អាចកើនឡើងដល់ជាង១០.០០០នាក់ ហើយជាង១០.០០០នាក់ទៀតបាត់ខ្លួន ។ ការរញ្ជួយដីនេះជាបាតុភូតរញ្ជួយដីដ៏ខ្លាំងបំផុតពុំធ្លាប់កើតឡើយនៅប្រទេសជប៉ុន ។
ទីភ្នាក់ងារព័ត៌មានក្យូដូរបស់ជប៉ុនរាយការណ៍ថា កាលពីព្រឹកថ្ងៃទី១៣ មីនា នាយករដ្ឋមន្ត្រីជប៉ុន លោកណាអូតូ កាន បានចេញការណែនាំមួយជម្រុញឱ្យបង្កើនកងកម្លាំងស្វ័យការពារទៅកាន់តំបន់ដែលរងគ្រោះដោយសារការរញ្ជួយដីឱ្យបាន១០០.០០០នាក់ សម្រាប់ប្រតិបត្តិការជួយសង្គ្រោះ ។ ជាមួយគ្នានេះ កាលពីព្រឹកថ្ងៃទី១៣ មីនា លោកនាយករដ្ឋមន្ត្រីណាអូតូ កាន បានកោះធ្វើកិច្ចប្រជុំបន្ទាន់មួយដើម្បីវាយតម្លៃពីការខូចខាត បង្កឡើងដោយការរញ្ជួយដីនេះ ។
ក្នុងឱកាសនៃកិច្ចប្រជុំនោះ លោកណាអូតូ កាន ថ្លែងថា «ខ្ញុំស្នើឱ្យមានកិច្ចខិតខំប្រឹងប្រែងដើម្បីជួយសង្គ្រោះជីវិតអ្នកនៅរស់ឱ្យបានច្រើនតាមការដែលអាចធ្វើទៅបាន» ។ ទីភ្នាក់ងារព័ត៌មានក្យូដូឱ្យដឹងទៀតថា ការរញ្ជួយដីដ៏មានឥទ្ធិពលនោះបង្កការបំផ្លិចបំផ្លាញដល់អគារធំៗចំនួន២០.៨២៨ផងដែរ ។
- ជប៉ុនបើកប្រតិបត្តិការជួយសង្គ្រោះយ៉ាងធំ ខណៈមានការគំរាមកំហែងនុយក្លេអ៊ែរ
បន្ទាប់ពីការរញ្ជួយដីយ៉ាងខ្លាំងបំផុតពុំធ្លាប់ដែលមាននៅជប៉ុន ការព្រួយបារម្ភយ៉ាងខ្លាំងក្លាបំផុតគឺចំពោះសភាពការណ៍ក្នុងមជ្ឈ មណ្ឌលនុយក្លេអ៊ែរ ២នៅហ្វូគូស៊ីម៉ា ចម្ងាយ២៥០គីឡូម៉ែត្រ ខាងជើងក្រុងតូក្យូ ។ ការផ្ទុះមួយកើតមាននៅមជ្ឈមណ្ឌលនុយក្លេអ៊ែរ ហ្វូគូស៊ីម៉ា ទីមួយ ។ ដំបូល និងជញ្ជាំងរបស់អគាររេអាក់ទ័រ នៅទីនោះបានបាក់ ។ វិទ្យុសកម្មមានខ្ពស់ជាងកម្រិតមធ្យមនៅទីតាំងនោះ ។ អាជ្ញាធរអះអាងថា គ្រោះថ្នាក់វិទ្យុសកម្មមានកម្រិត៤ ក្នុងចំណោមកម្រិត៧ ។ ចំណែករេអាក់ទ័រទី២ មានសញ្ញានៃបញ្ហាជាមួយគ្រោះថ្នាក់នៃការផ្ទុះ ។ គ្រាប់ស្ករអ៊ីយ៉ូតត្រូវបានចែកចាយដល់ប្រជាជនទាំងឡាយ ។ ពួកអ្នករស់នៅ ក្នុងរង្វង់២០គីឡូម៉ែត្រ ជុំវិញទីតាំងនុយក្លេអ៊ែរ នោះត្រូវជម្លៀសចេញ ។ មនុស្ស៣នាក់ ដែលទទួលការធ្វើតេស្តរកឃើញវិទ្យុសកម្ម ។
តុល្យការបណ្តោះអាសន្ននៃគ្រោះរញ្ជួយដីនេះអ្នកស្លាប់ និងបាត់ខ្លួនឡើងដល់១.៨០០នាក់។ សាកសពមនុស្សរវាងពី៣០០ទៅ៤០០នាក់ ត្រូវបានរកឃើញក្នុងកំពង់ផែមួយនាភាគឦសានជប៉ុន ។ ហើយអាជ្ញាធរបានបាត់ដំណឹងពីប្រជាជនប្រមាណជា១០.០០០នាក់នៅមីណា មីសាន់រីកូ ជាទីក្រុងកំពង់ផែមួយនៅភាគឦសាន ដែលរងការប៉ះពាល់ខ្លាំងជាងគេដោយការរញ្ជួយដី និងរលកយក្សស៊ូណាមី ។ រដ្ឋាភីបាលជប៉ុននិយាយថា នេះជាការរញ្ជួយខ្លាំងបំផុតនៅជប៉ុនចាប់តាំងពីសករាជ MEIJI (ឆ្នាំ១៨៦៨ ដល់ឆ្នាំ១៩១២) មក ហើយ គេគិតថា មនុស្សជាច្រើនពាន់នាក់ត្រូវស្លាប់ ។ កងទ័ពជប៉ុនបានរកឃើញសាកសពមនុស្សពី៣០០ទៅ៤០០នាក់ នៅកំពង់ផែរីគូ ហ្សេនតាកាតា ។ លើសពីនេះទៀត សាកសពមនុស្សរវាងពី២០០ទៅ៣០០នាក់ត្រូវបានរកឃើញនៅកន្លែង កំសាន្តមាត់សមុទ្រសេនដាយ (ក្រុងមីយ៉ាហ្ស៊ី) ក្រោយរលកយក្សស៊ូណាមី កម្ពស់១០ម៉ែត្រនៅទីនោះ ។
គ្រោះថ្នាក់នុយក្លេអ៊ែរចំបងនៅមជ្ឈមណ្ឌលនុយក្លេអ៊ែរហ្វូគូ ស៊ីម៉ាលេខ១ ស្ថិតនៅភាគឦសានជប៉ុនដែរ គឺការផ្ទុះកើតឡើងនាថ្ងៃទី១២ មីនា វេលាម៉ោង១៥និង៣៦នាទីម៉ោងក្នុងស្រុក ដែលតាមទូរទស្សន៍រដ្ឋ NHK ថា បណ្តាលឱ្យមនុស្សរបួសជាច្រើននាក់ក្នុងចំណោមនិយោជិត។ ក្នុងករណីមានពពកវិទ្យុសកម្ម វិទ្យុសកម្មនេះ នឹងអាចប៉ះពាល់ដល់ឧបទ្វីបកាំឆាត់ការ របស់រុស្ស៊ី យ៉ាងហោចណាស់ក៏រយៈពេល១៤ម៉ោងដែរ ។ ក្រុងមីណាមី សាន់រីគូ មានប្រជាជន១៧.០០០នាក់ អាជ្ញាធរនិយាយថា បាត់ដំណឹងពីមនុស្សប្រមាណជា១០.០០០នាក់ ។ ក្នុងទីក្រុងនេះ ហាក់ដូចជានៅសល់អគារតែ៣ប៉ុណ្ណោះ មន្ទីរពេទ្យមួយ និងទីតាំងរៀបការមួយកន្លែង ព្រមទាំងអគារមួយទៀត ក្រៅពីនោះត្រូវបំផ្លាញខ្ទេច ។
- រដ្ឋាភិបាលជប៉ុនរងការរិះគន់ចំពោះភាពយឺតយ៉ាវក្នុងការធ្វើសកម្មភាពទប់ស្កាត់ការផ្ទុះមជ្ឈមណ្ឌលនុយក្លេអ៊ែរ
នាយករដ្ឋមន្ត្រីជប៉ុន លោកណាអូតូ កាន កាលពីថ្ងៃទី១៣ មីនា រងការរិះគន់យ៉ាងខ្លាំង ចំពោះការបញ្ចេញប្រតិកម្មដែលគេយល់ថា យឺតយ៉ាវពេករបស់រដ្ឋាភិបាលលោក ចំពោះការផ្ទុះមជ្ឈមណ្ឌលនុយក្លេអ៊ែរមួយ ក្រោយការរញ្ជួយដីនៅភាគឦសានប្រទេស។ ក្នុងអត្ថាធិប្បាយមួយកាសែតជប៉ុនយ៉ូមីអ៊ូរី ជាកាសែតធំបំផុតវាយតម្លៃថា រដ្ឋាភិបាលផ្តល់ព័ត៌មានយឺតពីបញ្ហាទាំងឡាយនៃការផ្ទុះ ក្នុងមជ្ឈមណ្ឌលនុយក្លេអ៊ែរ ហ្វូគូស៊ីម៉ាលេខ១ ដែលការផ្ទុះបានកម្ទេចដំបូល និងជញ្ជាំងអគារ ដែលមានរេអាក់ទ័រទីមួយ ក៏ប៉ុន្តែពុំបណ្តាលឱ្យបែករេអាក់ទ័រនេះឡើយ ។ ការធ្លាយវិទ្យុសកម្មកើតមានជុំវិញមជ្ឈមណ្ឌលនុយក្លេអ៊ែរនេះ ក៏ប៉ុន្តែរដ្ឋាភិបាលប៉ុនប៉ងសម្រាលការភ័យខ្លាចរបស់ប្រជាជន ដោយអះអាងថា ពុំមានគ្រោះថ្នាក់នៃការបែកធ្លាយរេអាក់ទ័រឡើយ និងថា កម្រិតវិទ្យុសកម្មមានការថយចុះក្រោយការផ្ទុះ។
កាសែតយូមីអ៊ូរីគូសបញ្ជាក់ថា ៥ម៉ោងក្រោយការផ្ទុះទើបរដ្ឋាភិបាលផ្តល់រាល់ព័ត៌មាន ទាក់ទិនដល់ការផ្ទុះដែលបង្កឱ្យមានការព្រួយបារម្ភខ្លាំងក្នុង ចំណោមប្រជាជនមូលដ្ឋាន ។ យោងតាមពួកអ្នកឯកទេសអាមេរិកខាងបរមាណូថា ការប្រើប្រាស់ទឹកសមុទ្រសម្រាប់បាញ់ឱ្យត្រជាក់ដល់រេអាក់ទ័រ នុយក្លេអ៊ែរមួយដូចដែលជប៉ុនបានធ្វើក្នុងមជ្ឈមណ្ឌលនុយក្លេ អ៊ែរហ្វូគូស៊ីម៉ា ដែលរងការខូចខាតឧបករណ៍បាញ់ទឹកឱ្យត្រជាក់ដោយសារការរញ្ជួយដីគឺ ជាសកម្មភាពដោយអស់សង្ឃឹមមួយដែលអាចបង្កគ្រោះមហន្តរាយនុយ ក្លេអ៊ែរដូចនៅ TCHERNOBYL ។
អ្នកជំនាញការជាច្រើនព្យាករណ៍ថា គ្រោះថ្នាក់នុយក្លេអ៊ែរដូចនៅជប៉ុនក្រោយការរញ្ជួយដីនេះ នឹងអាចធ្វើឱ្យប៉ះពាល់ដល់ការជម្រុញសាខាថាមពលនេះក្នុងប្រទេស ជាច្រើន ។ លោក ROBERT ALVAREZ អ្នកឯកទេសខាងរំសាយគ្រឿងសព្វាវុធនុយក្លេអ៊ែរ និយាយថា សភាពការណ៍ក្លាយទៅជាគ្រោះថ្នាក់ដែលគេនឹកស្មានមិនដល់ ព្រោះពេលមានអាសន្នបែបនេះ គេពុំមានលទ្ធ ភាពបញ្ជូនទឹកសាបសម្រាប់បាញ់ឱ្យត្រជាក់ដល់រេអាក់ទ័រ ហើយពេលចង់ធ្វើឱ្យមានស្ថិរភាពគេងាកមកប្រើដោយអស់សង្ឃឹមនូវ ទឹកសមុទ្រជំនួសវិញ ។ បន្ទាប់ពីមនុស្ស៣នាក់រងការប៉ះពាល់ដោយវិទ្យុសកម្ម កាលពីថ្ងៃទី១២ មីនា មក មនុស្ស១៩នាក់ទៀតរងការប៉ះពាល់ដោយវិទ្យុសកម្មមកពីមជ្ឈមណ្ឌល នុយក្លេអ៊ែរហ្វូគូស៊ីម៉ាដែរ៕



















































































ចែករំលែកព័តមាននេះ