នាង MARISOL VALLES និស្សិតស្រីម្នាក់ដែលត្រូវបានតែងតាំងជាប្រមុខប៉ូលិសក្រុង PRAXEDIS GUADALUPE GUER-RERO ជាទីក្រុងមួយមានប្រជាជន១០.០០០នាក់ ស្ថិតនៅភាគខាងកើតរដ្ឋ CHIHUAHUA កាលពីខែតុលាកន្លងមកនេះ ព្រោះតែគ្មាននរណាហ៊ានឈរឈ្មោះធ្វើប្រមុខប៉ូលិសទីក្រុងនេះទីបំផុតនាងបានសម្រេចសុំសិទ្ធិជ្រកកោននៅសហរដ្ឋអាមេរិក ក្រោយការគំរាមកំហែងនានាមក ។
នាង MARISOL VALLES អាយុ២០ឆ្នាំ បានទៅកាន់សហរដ្ឋអាមេរិកជាមួយសមាជិកគ្រួសារនាង២នាក់ ហើយបានស្នើសុំសិទ្ធិជ្រកកោនខាងនយោបាយ ពីព្រោះនាងបានទទួលការគំរាមសម្លាប់ពីសំណាក់ក្រុមឧក្រិដ្ឋជនមួយដែលចង់បង្ខំនាងឱ្យធ្វើការសម្រាប់ក្រុមគេ។
កាលពីខែតុលាកន្លងមកនេះ នាង MARISOL និស្សិតខាងការសិក្សាឧក្រិដ្ឋកម្មនៅទីក្រុង CIUDAD JUAREZ បានយល់ព្រមទទួលយកអម្រែកដ៏ធ្ងន់នេះធ្វើមេប៉ូលិសទីក្រុង PRAXEDIS GUADALUPE GUER-RERO ដែលពួកឧក្រិដ្ឋជនគ្រឿងញៀនមានអំណាចខ្លាំង ។ អភិបាលក្រុងនេះ និងកូនប្រុសត្រូវគេសម្លាប់ជាមួយគ្នា កាលពីខែមិថុនា កន្លងមកនេះ ។
ការចាកចេញរបស់នាង MARISOL VALLES ទៅកាន់សហរដ្ឋអាមេរិក កើតមានក្រោយពីការចាប់ពង្រត់កាលពីថ្ងៃទី២៦ ធ្នូ នូវនាង ERIKA GANDARA ប៉ូលិសស្ត្រីតែម្នាក់គត់នៃភូមិជិតខាងមួយរបស់នាង រួចនារីប៉ូលិសរូបនេះបាត់ខ្លួនរហូត ។ ទីក្រុង CIUDAD JUAREZ ជាទីក្រុងសំខាន់របស់រដ្ឋ CHIHUAHUA មានប្រជាជន១លាននាក់ នៅជាប់ព្រំដែនអាេមរិក មានអំពើហិង្សាខ្លាំងជាងគេបំផុតនៅម៉ិចស៊ិកជាមួយមនុស្សស្លាប់ជាង៣.១០០នាក់ កាលពីឆ្នាំ២០១០ ៕
ចែករំលែកព័តមាននេះ