ខេត្តរតនគិរី ៖ សត្វអណ្តើកចម្លែកមួយក្បាលត្រូវបានគេប្រទះឃើញនៅក្នុងព្រៃតំបន់កន្ទុយនាគ ហើយចាប់យកមកចូលភូមិក៏មានការភ្ញាក់ផ្អើលល្បីតៗគ្នាធ្វើឱ្យមានចម្ងល់ខ្លាំង ស្ទើរទូទាំងខេត្តរតនគិរី ថែមទាំងមានឈ្មួញវៀតណាមចង់ទិញដោយឱ្យតម្លៃខ្ពស់ទៀតផង ។ បុរសឈ្មោះនៃ បានចូលព្រៃតំបន់កន្ទុយនាគប្រទះឃើញអណ្តើកចម្លែក រួចចាប់យកមកផ្ទះរបស់គាត់ កាលពីថ្ងៃទី២២ មីនា ២០១១ ស្ថិតក្នុងភូមិតាឡាវ ឃុំតាឡាង ស្រុកអណ្តូងមាស ហើយត្រូវបានឈ្មួញវៀតណាមតថ្លៃសុំទិញ ដោយឱ្យតម្លៃចំនួន២.៥០០ដុល្លារ ប៉ុន្តែម្ចាស់អណ្តើកចម្លែកនោះទារថ្លៃរហូតដល់៤.០០០ដុល្លារ ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា សត្វចម្លែកនោះត្រូវបានគេនាំយកទៅលក់នៅក្រុងបានលុងទៀតហើយ ប៉ុន្តែមានអ្នកខ្លះអះអាងថា មិនទាន់យកទៅលក់នៅឡើយទេ គឺនៅក្នុងដៃម្ចាស់ដើមនៅឡើយ សត្វអណ្តើកចម្លែកប្រភេទនេះ កាលពីឆ្នាំទៅមិញ ធ្លាប់មានគេចាប់បានដែរ ហើយបានលក់ទៅឱ្យឈ្មួញវៀតណាមតម្លៃ១.៥០០ដុល្លារ ។ អ្នកដែលបានឃើញផ្ទាល់បានឱ្យដឹងថា សត្វអណ្តើកចម្លែកនោះខុសគ្នាជាមួយអណ្តើកធម្មតាត្រង់ថា សត្វនោះមានស្នូកពីលើដូចជាកន្ធាយ ប៉ុន្តែស្នូកពីក្រោមដូចជាអណ្តើកធម្មតា ហើយមានកន្ទុយវែង មានស្រកាដូចពង្រូល ជើងដូចជាសត្វក្រពើ ឯក្បាលមានចំពុះកោងចុះក្រោមដូចចំពុះសត្វឥន្ទ្រី ។ សត្វប្រភេទនេះគឺជាសត្វកម្រមាន និងកម្របានជួបប្រទះណាស់ គឺមានតែក្នុងតំបន់ព្រៃកន្ទុយនាគទេ មានសត្វចម្លែកប្រភេទនេះ ។
ប្រភពក៏បានឱ្យដឹងទៀតថា ម្ចាស់សត្វនេះកំពុងបារម្ភខ្លាចក្រែងសមត្ថកិច្ច ឬក្រសួងពាក់ព័ន្ធចុះទៅដកហូតយកសត្វនោះពីគាត់ ដោយពុំបានផ្តល់ប្រាក់ដូចដែលឈ្មួញបានសុំទិញមានតម្លៃខ្ពស់ ។ សត្វកម្របែបនេះ គួរតែស្ថាប័នមានសមត្ថកិច្ចសុំទិញដោយឱ្យតម្លៃសមរម្យយកមករក្សាទុកនៅក្នុងសួនសត្វដើម្បីទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិមកទស្សនា ហើយក៏អាចទាញយកកម្រៃផលចំណេញពីទេសចរផងដែរ ។ បើមិនដូច្នោះទេ សត្វចម្លែកនោះត្រូវធ្លាក់ក្នុងកណ្តាប់ដៃឈ្មួញយកទៅក្រៅប្រទេសមិនខានឡើយ ៕




ចែករំលែកព័តមាននេះ