ក្រុងប៉ោយប៉ែត ៖ វត្តមានជនជាតិសៀមរាប់រយនាក់ដែលពាក់អាវក្រហមឆ្លងកាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែតមកក្នុងទឹកដីកម្ពុជានាវេលារសៀលម៉ោងប្រមាណ២ និង១៧នាទី ថ្ងៃទី២៦ ខែមីនា បានធ្វើឱ្យមានការកត់សំគាល់មួយ ព្រោះទាក់ទងនឹងប្រទេសសៀម ខណៈដែលមានវិបត្តិនយោបាយមិនឈប់ឈរនេះ ។ ការបែងចែកបក្សពួកដែលមាននិន្នាការផ្ទុយគ្នានោះគេដឹងថា ពួកអាវក្រហមគឺជាក្រុមដែលគាំទ្រលោកថាក់ស៊ីន ឯពួកអាវលឿងជាក្រុមជ្រុលនិយម និងជាតិនិយមចង្អៀតចង្អល់ដែលបានប្រើប្រាស់កេរិ៍្តឈ្មោះរាជានិយមមកធ្វើជាត្រីមុខ និងជាក្រុមដែលបានធ្វើឱ្យរដ្ឋាភិបាលអាប់ភីស៊ីតបានឡើងកាន់អំណាចនាពេលបច្ចុប្បន្ន ។
ទោះបីជាបែបណា គេបានច្រានចោលភ្លាមៗថា អ្នកពាក់អាវក្រហមទាំងនេះមិនមែនជាអ្នកគាំទ្រលោកថាក់ស៊ីនទេ តែជាក្រុមភ្ញៀវរបស់កាស៊ីណូហ្គ្រេន ឌីយ៉ាម៉ង់ ស៊ីធី ហើយក្រុមនេះពេលចាកចេញទៅវិញ នៅម៉ោង៩ និង១០នាទីព្រឹកថ្ងៃទី២៧ មីនា ស្រាប់តែពាក់អាវខៀវ ។ តាមសេចក្តីរាយការណ៍ពីក្រុងប៉ោយប៉ែតបានឱ្យដឹងថា ជនជាតិសៀមទាំងនោះនិយាយថា ពួកគេដែលមកកម្ពុជាមានចំនួន៣០០នាក់ មិនមែនជាក្រុមអាវក្រហមរបស់គណបក្សលោកថាក់ស៊ីនទេ គឺគ្រាន់តែមកសំចតសម្រាកលេងក្នុងកាស៊ីណូមួយយប់ប៉ុណ្ណោះនឹងត្រឡប់ទៅស្រុកខ្លួនវិញ ។ ក្រុមភ្ញៀវដែលចូលមកកម្ពុជាពាក់សុទ្ធតែអាវក្រហមនោះមិនមែនចំពោះតែជនជាតិសៀមទេ ក្នុងនោះក៏មានទាំងជនជាតិឡាវផងដែរ ព្រោះភ្ញៀវមួយចំនួនពេលសួរនាំប្រាប់ថា ពួកគេជាជនជាតិឡាវ ។
ជុំវិញបញ្ហាខាងលើ លោកលាក់ រម្មនា ប្រធានសេនាធិការប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានប្រាប់កោះសន្តិភាពតាមទូរស័ព្ទថា ក្រុមពាក់អាវក្រហមដែលចូលមកកម្ពុជា គឺគ្រាន់តែជាភ្ញៀវរបស់កាស៊ីណូប៉ុណ្ណោះ មិនមែនជាក្រុមអាវក្រហមនោះទេ។ ចំណែកឯចំនួនក្រុមនោះមានគ្នាប៉ុន្មាននាក់ច្បាស់លាស់នោះ គឺពុំដឹងទេ ព្រោះពួកគេមកត្រឹមតែកាស៊ីណូ ពុំទាន់ឆ្លងបារ៉ាស់ ឬចំណុចពិនិត្យឯកសារឆ្លងដែនទេ ។ ប្រជាពលរដ្ឋខ្មែរក៏ដូចជាមន្ត្រីមួយចំនួនដែលធ្វើដំណើរឆ្លងកាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែតទៅមកទឹកដីខ្មែរ-សៀម បាននិយាយតៗគ្នាថា ក្រុមនោះជាក្រុមគាំទ្រអតីតនាយករដ្ឋមន្ត្រីថៃ លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា ឬហៅថាក្រុមអាវក្រហម ។ ប៉ុន្តែវាជារឿងមិនពិតទេ ព្រោះក្រុមនោះជាភ្ញៀវមកលេងកាស៊ីណូតាមលក្ខណៈធម្មតាតែប៉ុណ្ណោះ ។
បើតាមការឱ្យដឹងពីជនជាតិសៀមចំនួន៤នាក់ដែលដើររកទិញអីវ៉ាន់នៅចំណុចខ្លោងទ្វារប្រាសាទកំពូល៣នៃច្រកទ្វារអន្តរជាតិប៉ោយប៉ែតថា ពួកគេជាក្រុមជួយ សង្គ្រោះមកពីខេត្តសមុទ្រប្រាកាន ។ នៅម៉ោង៩ និង១០នាទីព្រឹកថ្ងៃទី២៧ មីនា ក្រុមនោះបានចេញទៅប្រទេសសៀមវិញហើយដោយប្តូរអាវពីក្រហមមកអាវពណ៌ខៀវវិញគ្រប់គ្នា ។ បុរសចំណាស់ជាតិសៀមម្នាក់ដែលស្ថិតក្នុងក្រុមខាងលើបានប្រាប់ថា ពួកគាត់មកគ្រាន់តែសម្រាកដេកលេងក្នុងកាស៊ីណូ បែបធម្មតាប៉ុណ្ណោះ ប៉ុន្តែគាត់ពុំប្រាប់ឈ្មោះឱ្យដឹងទេ ៕



ចែករំលែកព័តមាននេះ