ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុះរើ​តូប​អាជីវករ​នៅ​ផ្សារ​កំពង់​ប្រណាកជម្រះបញ្ជី ប្រធានស៊ីដាច់កូនចៅ

15 ឆ្នាំ មុន

ខេត្ត​ព្រះ​វិហារ ៖ ​សមត្ថ​កិច្ច​ចំរុះ​មួយ​ក្រុម​របស់​គណៈ​កម្ម​ការ​សុរិយោ​ដី​ខេត្ត កាល​ពី​ថ្ងៃ​ទី​៧ មីនា ​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក បាន​​ធ្វើ​ការ​រុះ​រើ​តូប​របស់​​អាជីវ​ករ​នៅ​ផ្សារ​កំពង់​ប្រណាក ដោយ​សំអាង​ថា មាន​ការ​ជូន​ដំណឹង​ជា​ច្រើន​លើក​ច្រើន​សា​មក​ហើយ។ ការ​អនុ​វត្ត​​រុះ​រើ​តូប​ដែល​អាជ្ញា​ធរ​ចាត់​ទុក​ថា ជា​សំណង់​អនា​ធិប​តេយ្យ​នៅ​លើ​ដី​ទំនាស់​នេះ ដឹក​នាំ​ដោយ​លោក​ស ថាវី អភិ​បាល​រង​ខេត្ត និង​លោក​ឡុង ស៊ីថា ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត និង​មាន​ការ​ចូល​រួម​ពី​សំណាក់​លោក​តូច វង្ស អភិ​បាល​ក្រុង​ព្រះ​វិហារ ចៅ​សង្កាត់​កំពង់​ប្រណាក មន្ត្រី​រៀបចំ​ដែន​ដី​ខេត្ត ដោយ​ក្នុង​នោះ​មាន​មន្ត្រី​ជំនាញ​ពាក់​ព័ន្ធ និង​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​ខេត្ត ប៉ូលិស​ស្នង​ការ​ដ្ឋាន​ខេត្ត-​ក្រុង​ព្រះ​វិហារ សរុប​ជិត​១.០០០​នាក់។

ការ​​បើក​យុទ្ធនា​ការ​រុះ​រើ​សំណង់​តូប​ផ្សារ​នេះ​ត្រូវ​បាន​ក្រុម​មន្ត្រី​អះ​អាង​ថា អនុ​វត្ត​តាម​ដីកា​លេខ​១៤ ចុះ​ថ្ងៃ​ទី​១៦ កក្កដា ឆ្នាំ​២០១០ របស់​គណៈ​កម្ម​ការ​សុរិយោ​ដី​ថ្នាក់​ខេត្ត និង​លិខិត​លេខ​១៣២ របស់​អាជ្ញា​ធរ​ដោះ​ស្រាយ​ទំនាស់​ដី​​ធ្លី​ចុះ​ថ្ងៃ​ទី​១៣ វិច្ឆិកា ឆ្នាំ​២០០៩ និង​យោង​សារា​ចរ​ណែនាំ​លេខ​០១ ស្តីពី​អនុ​វត្ត​នីតិ​វិធី​លើ​សំណុំ​រឿង​វិវាទ​ដី​ធ្លី​របស់​អនុ​គណៈ​កម្ម​ការ​សុរិយោ​ដី​រាជ​ធានី​-ខេត្ត ចុះ​ថ្ងៃ​ទី​២១ មករា ឆ្នាំ​២០១០ យោង​លិខិត​លេខ​៩៨៤ ចុះ​ថ្ងៃ​ទី​៨ វិច្ឆិកា ឆ្នាំ​២០១០ របស់​គណៈ​កម្ម​ការ​សុរិយោ​ដី​ថ្នាក់​ជាតិ ស្តី​ពី​សេចក្តី​សម្រេច​ជូន​ដំណឹង​ចូល​ជា​ស្ថាពរ។

ជុំ​វិញ​ការ​រុះ​រើ​សំណង់​តូប​ផ្សារ​២៦​ល្វែង នៅ​ក្នុង​ផ្សារ​កំពង់​ប្រណាក​នេះ លោក​ស ថាវី អភិ​បាល​រង​ខេត្ត និង​ជា​ប្រធាន​ក្រុម​ការ​ងារ​បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​យក​ព័ត៌​មាន​ និង​អាជីវ​ករ​នៅ​ក្នុង​ផ្សារ​កំពង់​ប្រណាក​នា​ព្រឹក​នោះ​ឱ្យ​ដឹង​ថា ពេល​នេះ​ខេត្ត​បាន​សម្រេច​ធ្វើ​ការ​រុះ​រើ​ ហើយ​ការ​អនុ​វត្ត​រុះ​រើ​នេះ​ក៏​ព្រោះ​តែ​មាន​ការ​ប្តឹង​តវ៉ា​ពី​មន្ត្រី​រាជ​ការ​នៃ​មន្ទីរ​ឧស្សាហ​កម្ម​ រ៉ែ និង​ថាម​ពល​ខេត្ត​ជា​​ច្រើន​ឆ្នាំ​មក​ហើយ តែ​ដោះ​មិន​ចេញ។

អ្នក​ដឹង​ប្រវត្តិ​ពី​ដី​ផ្សារ​នេះ​បាន​ឱ្យ​ដឹង​ថា ការ​ពិត​មន្ទីរ​ឧស្សាហ​កម្ម រ៉ែ និង​ថាម​ពល​ខេត្ត​ព្រះ​វិហារ​ កាល​ពី​ទស​វត្ស​ឆ្នាំ​១៩៩០ បន្ទាប់​ពី​មាន​ការ​បោះ​ឆ្នោត​នា​អាណត្តិ​ទី​១ ក្នុង​ឆ្នាំ​១៩៩៣ អាជ្ញា​ធរ​ខេត្ត​​បាន​សម្រេច​យក​ដី​នោះ​ទៅ​ធ្វើ​ជា​ផ្សារ​វិញ​ម្តង​ដោយ​សារ​​ឃើញ​ដី​នោះ​មាន​ទំហំ​ធំ​ស្ថិត​នៅ​កណ្តាល​ខេត្ត ។ ក៏​ប៉ុន្តែ​ពេល​នោះ​អាជ្ញា​ធរ​​ខេត្ត​​ក៏​បាន​សម្រេច​ធ្វើ​​សម្ប​ទាន​ដី​ផ្សារ​នោះ​ជា​​រួម​ទៅ​ឱ្យ​​មន្ទីរ​​ឧស្សា​ហកម្ម​ខេត្ត​ ​ចំនួន​៤៥ឡូត៍ ដើម្បីឱ្យ​អង្គ​ភាព​ចែក​ទៅ​​ឱ្យ​​មន្ត្រី​រាជ​ការ​ក្នុង​មន្ទីរ​ឱ្យ​បាន​សម​រម្យ​​។ ក្រោយ​ពី​ទទួល​បាន​ដីឡូត៍​ទាំង​អស់​ខាង​លើ​បែរ​ជា​​ប្រធានមន្ទីរ​ឧស្សាហកម្ម​​​ខេត្ត​លោក​សំ លាង​នី យក​ដី​ទាំង​អស់​ខាង​លើ​បែង​ចែក​ដោយ​ខ្លួន​ឯង​ មិន​មាន​ការ​ស្មើ​ភាព​ទើបធ្វើ​ឱ​្យ​មន្ត្រី​​រាជ​ការ​ក្នុង​មន្ទីរ​ឧស្សា​​ហកម្ម​ខេត្ត​​ប្តឹង​​លោកប្រធាន​ សំ លាង​នី​ ទៅ​អាជ្ញា​​ធរ​ខេត្ត​​សុំ​ឱ្យ​ជួយ​ធ្វើ​ការ​បែង​ចែក​​ដី​នេះ​ដល់ពួកគេ​ឱ្យ​​បាន​ស្មើ​ភាព​​នៅក្នុងឆ្នាំ​១៩៩៨។ ប៉ុន្តែ​តាមដែល​គេ​បាន​​ដឹង​ ការ​តវ៉ា​របស់​មន្ត្រី​​ក្រោមឱ​វាទ​របស់​លោក​សំ លាង​នី តាំងពី​ពេលនោះមក ទោះ​ជា​ខំ​ប្តឹង​ដល់​សម្តេច​តេជោ​​រហូត​មានចំណារ​សុំឱ្យ​​​អតីត​​អភិ​បាល​ខេត្ត​ព្រះវិហារ​ លោកព្រាប តាន់ ​ធ្វើ​ការ​ត្រួត​ពិនិត្យ​​ និងបែង​ចែក​ដីនោះ​ដល់​មន្ត្រី​រាជ​ការ​ឱ្យបានសមរម្យ​​យ៉ាង​ណា​ក៏​ដោយ ពេល​នោះ​អាជ្ញា​​ធរ​ខេត្តដោះ​មិនចេញ ទីបញ្ចប់​​គឺពួក​មន្ត្រី​រាជ​ការ​​ទាំង​នោះ​ក៏នៅ​តែ​មិនទទួល​បានភាព​យុត្តិ​ធម៌​​​​ដដែល។ ទើបពួក​គេ​នៅ​តែ​បន្ត​ការ​ប្តឹង​ទាម​ទារ​ទៅ​អាជ្ញា​ធរ​ជាតិ​ដោះ​ស្រាយ​ទំនាស់​ដីធ្លី​សុំ​ឱ្យ​​ធ្វើការ​ដោះ​ស្រាយ​​ និងបែង​ចែកដី​សម្បទាន​របស់ខេត្ត​​ឱ្យ​ពួក​គាត់​ជា​បន្ត​ទៀត​រហូត​មកដល់​ពេលនេះ។

លោកសំ លាង​នី ​ប្រធាន​មន្ទីរ​ឧស្សាហកម្ម ​ខេត្ត​បានឱ្យ​ដឹង​ថា ដីក្នុងផ្សារ​ដែល​គាត់​បានជួល​ទៅ​ឱ្យ​​អាជីវករ​ទាំង​អស់នោះ​គឺជា​ដី​របស់គាត់​ទាំង​អស់​មិន​មែន​​ជា​ដីរបស់​អ្នក​ណា​ម្នាក់ឡើយ ។ លោកបានបញ្ជាក់​ថា លោកបានបែង​ចែកឱ្យ​កូនចៅ​ ហើយ​រូបគាត់បាន​ប្រមូលទិញ​​យកវិញ​នៅ​ឆ្នាំ១៩៩៨ ។ លោកសំ​ លាង​នី នៅបាន​បញ្ជាក់​ប្រាប់​អ្នក​យក​ព័ត៌​មាន​ថា លោក​នឹង​ដាក់ពាក្យ​​​ប្តឹង​ពី​អាជ្ញា​ធរ​ខេត្ត​ដែល​បានរុះ​រើ​​​សំណង់​​ចេញពី​លើ​ដី​ដែល​លោក​ជួល​ឱ្យ​អាជីវ​ករ​​ទៅ​តុលាការ​ ។

មានការ​កត់សំគាល់​ថា ដីផ្សារ​ដែលកំពុង​មាន​​ការ​រុះរើ​​​ គឺមាន​ទំនាស់​​​រាប់​ឆ្នាំ​មកហើយ​។​ តាម​មន្ត្រី​រាជការ​នៃ​​មន្ទីរឧស្សា​ហកម្ម​ខេត្ត​បាន​ឱ្យ​ដឹង​ថា ដីទំនាស់​ក្នុងផ្សារ​កំពង់​​​ប្រណាកមួយ​​កន្លែង​​​នេះ​គឺ​មក​ទល់ពេលនេះ​មានរយៈ​ពេល​ប្រមាណ​១៣​ឆ្នាំ​ហើយ​ដែលដោះ​មិនចេញ​ ដោយ ​កន្លងទៅ​​ពួកគាត់​ជា​មន្ត្រី​​រាជការ​ក្នុង​មន្ទីរ​ឧស្សា​ហកម្ម​​​ខេត្ត ស្ថិតក្រោមឱ​វាទ​លោកសំ លាងនី ​​មានគ្នា​ចំនួន១៣​នាក់​ប៉ុណ្ណោះ និងកន្លង​មក​ពួក​គេ​ទាំងអស់គ្នា​បាន​សុំឱ្យ​លោកសំ​ លាង​នី ជា​ប្រធាន​បែងចែក​​របបដី​សម្ប​ទាន​ដែលខេត្ត​ប្រគល់​ជូន​​៤៥​ឡូត៍​តែម្នាក់​​​ពីរឡូត៍​ក្នុងចំនួន​១៣​នាក់តែ​ប៉ុណ្ណោះ​។ ទី​បំផុត​ក្នុង​ដី​៤៥​ឡូត៍​ត្រូវ​បាន​លោក​សំ លាង​នី ឱ្យ​ពួក​គាត់​តែ​៦​ឡូត៍​សំរាប់​គ្នា​១៣​នាក់​ ហើយ​ពួក​គេ​បាន​បដិ​សេធ​ថា កន្លង​ទៅ​ពួក​គាត់​ជា​កូន​ចៅ​មិន​បាន​លក់​ដី​មួយ​ឡូត៍​ណា​ទៅ​ឱ្យ​​លោក​ប្រធាន​ទេ។ ដោយ​ខ្លះ​បាន​ឱ្យ​ដឹង​ថា ពួក​គាត់​ខ្ចី​អង្ករ​​លោក​ប្រធាន​​ពីរ​ទៅ​បី​បាវ​​ស្រាប់​​តែ​ក្រោយ​មក​លោក​ប្រធាន​បាន​ប្រាប់​ថា គឺ​ជា​ថ្នូរ​រួច​គ្នា​នឹង​ដី​មួយ​ឡូត៍​។ ដូច្នោះ​ទើប​ពេល​នោះ​ធ្វើ​ឱ្យ​ពួក​គេ​ប្តឹង​សុំ​ឱ្យ​អាជ្ញា​ធរ​ជួយ​រក​យុត្តិ​ធម៌​។​

លោក​ ស ថាវី អភិ​បាល​រង​ខេត្ត​ជា​ប្រធាន​ក្រុម​សមត្ថ​កិច្ច​ចុះ​អនុវត្ត​បាន​ឱ្យ​ដឹង​ទៀត​ថា ពេល​នេះ​ដី​ទំនាស់​ក្នុង​ផ្សារ​ ដែល​បាន​តំរូវ​​ឱ្យ​អាជីវ​ករ​រុះ​រើ​​សំណង់​ដែល​បាន​សង់​នៅ​លើ​ដី ទំនាស់​ចេញ​នោះ​ គឺ​ក្នុង​គោល​បំណង​យក​ដី​ដែល​មាន​ទំនាស់​យូរ​ឆ្នាំ​នោះ​ទៅ​រក្សា​គ្រប់​គ្រង​ដោយ​អាជ្ញា​ធរ​ខេត្ត​ និង​ដើម្បី​ធ្វើ​ការ​ពិនិត្យ​បែង​ចែក​ឱ្យ​មាន​ភាព​យុត្តិ​ធម៌​ដល់​មន្ត្រី​រាជ​ការ​ឡើង​វិញ​ ហើយ​ដី​ណា​ក្រៅ​ពី​ទំនាស់​ត្រូវ​ឱ្យ​អាជីវ​ករ​ដាក់​ពាក្យ​ទៅ​គណៈ​កម្មការ​ផ្សារ​ដែល​គ្រប់​គ្រង​ដោយ​សាលា​ខេត្ត​ដើម្បី​សង់​តូប​លក់​ដូរ​ជា​ថ្មី​​ឡើង​វិញ។

លោក​ម៉ែន វុត្ថា អនុ​ប្រធាន​មន្ទីរ​រៀប​ចំ​ដែន​ដី​ខេត្ត​ជា​ប្រធាន​លេខា​ធិការ​ដ្ឋាន​នៃ​គណៈ​កម្មការ​សុរិយោ​ដី​ខេត្ត​បាន​ឱ្យ​ដឹង​ដែរ​ថា ដី​ដែល​មាន​ទំនាស់​ដ៏​រាំុ​រ៉ៃ​អស់​រយៈ​ពេល​ជាង​១០​ឆ្នាំ​កន្លង​មក​នេះ ត្រូវ​​បាន​ដក​ហូត​និង​ធ្វើ​ការ​រុះ​រើ​សំណង់​ចេញ ដោយ​ឡែក​ដី​ឡូត៍​ណា​ដែល​ជា​ចំណែក​លោក​សំ លាង​នី ប្រធាន​មន្ទីរ​ឧស្សាហ​កម្ម​ខេត្ត​ គឺ​ត្រូវ​ប្រគល់​ទៅ​ឱ្យ​លោក​សំ លាង​នី​វិញ​ ចំណែក​ណា​ដែល​ត្រូវ​​ប្រគល់​ឱ្យ​ទៅ​មន្ត្រី​រាជ​ការ​ក្រោម​ឱវាទ​ គឺ​ត្រូវ​ប្រគល់​ទៅ​ឱ្យ​ពួក​គាត់​នា​ពេល​ខាង​មុខ​នេះ។

ជុំ​វិញ​ការ​រុះ​រើ​នេះ​បាន​ប៉ះ​ពាល់​ដល់​អាជីវ​ករ​ផង​ដែរ ទោះ​បី​ជា​​ដី​ ជា​ទីតាំង ជា​ដី​ទំនាស់​ក្តី​ក៏​ពួក​គេ​មាន​ការ​បង់​ខាត​​ក៏​បាន​នាំ​គ្នា​តវ៉ា​សុំ​ឱ្យ​អាជ្ញា​ធរ​ខេត្ត​ចេញ​សំណង​ ប៉ុន្តែ​អាជ្ញា​ធរ​ខេត្ត​បញ្ជាក់​ប្រាប់​អាជីវ​ករ​ទៅ​វិញ​ថា អាជ្ញា​ធរ​ខេត្ត​មិន​​ចេញ​សំណង​ឱ្យទេ ដោយ​សំអាង​ថា នៅ​លើ​ដី​ទំនាស់​ខាង​លើ​នេះ​អាជ្ញា​ធរ​បាន​ហាម​ឃាត់​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដោយ​ឱ្យ​រង់​ចាំ​ការ​ដោះ​ស្រាយ​ចប់​រួច​រាល់​សិន​ទើប​​អាច​ដំណើរ​ការ​ឱ្យ​សាង​សង់ ឬ​ជួល​ឱ្យ​អាជីវ​ករ​លក់​ដូរ​ជា​ធម្មតា។
លោក​តូច វង្ស អភិ​បាល​ក្រុង​ព្រះ​វិហារ​ឱ្យ​ដឹង​ថា ដោយ​មាន​ការ​ស្តាប់​តាម​លោកសំ លាងនី ប្រធាន​មន្ទីរ​ឧស្សាហ​កម្ម រ៉ែ និង​ថាម​ពល ដែល​អះ​អាង​ខ្លួន​ឯង​ថា ជា​ម្ចាស់​ដី​បាន​ប្រកូក​ប្រកាស​ហៅ​អាជីវ​ករ​ឱ្យ​ជួល​ គឺ​ជា​ដី​របស់​ខ្លួន ហើយ​ប្រមូល​យក​ថវិកា​ពី​ការ​ជួល​ដី​ទំនាស់​​ក្នុង​មួយ​ខែ​​ជាង​២.០០០​ដុល្លារ​អាមេរិក ក្នុង​រយៈ​​កាល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក។ លោក​តូច វង្ស បញ្ជាក់​ថា មុន​ពេល​មាន​ការ​អនុ​វត្ត​បែប​នេះ គឺ​អាជ្ញា​ធរ​ខេត្ត​ក្រុង​បាន​ជូន​ដំណឹង​ជា​ច្រើន​លើក​ហើយ​ថា សុំ​រង់​ចាំ​ការ​ដោះ​ស្រាយ​ចប់​សិន ​ទើប​មាន​ការ​អនុ​ញ្ញាត​ឱ្យ​ជួល​លក់​ដូរ​បាន។ ប៉ុន្តែ​កន្លង​ទៅ​នេះ​ប្រជា​ពល​រដ្ឋ​ជា​អាជីវ​ករ​មិន​ស្តាប់​អាជ្ញា​ធរ​ទេ គឺ​ស្តាប់​តែ​លោក​សំ លាងនី ដែល​មិន​មែន​ជា​ម្ចាស់​ដី​ពិត​ប្រាកដ​ទៅ​វិញ។
ក្រុម​អ្នក​សង្កេត​ការណ៍​កំពុង​រង់​ចាំ​មើល តើ​ការ​លោភ​លន់របស់​លោក​សំ លាងនី នឹង​ត្រូវ​​បាន​ទទួល​យុត្តិ​ធម៌​បែប​ណា?