រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា កម្ពុជាប្រកាសជំហរដាច់ណាត់ កម្ពុជាត្រៀមទៅបូហ្គ័រ ឥណ្ឌូណេស៊ី ។ ត្រង់ថៃថា ទៅឬមិនទៅ គឺជារឿងរបស់ថៃ ក្រសួងការបរទេស នាយករដ្ឋមន្ត្រីថៃ ថាទៅប្រជុំ មេទ័ពថៃថា មិនទៅប្រជុំ នៅវិលវល់ នៅតែថាពិគ្រោះទ្វេភាគី ។ បើពិគ្រោះទ្វេភាគីមានន័យថា ស្មើនឹងសម្លាប់តួនាទីអាស៊ាន ខោកក្បាលអាស៊ាន ទាត់អាស៊ានតែម្តង ។ កម្ពុជាមិនរួមចំណែកជាមួយទេ ។
សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍បញ្ជាក់បែបនេះ នាព្រឹកថ្ងៃទី២៨ ខែមីនា នៅវិទ្យាស្ថានជាតិអប់រំ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់ គរុនិស្សិតបច្ចេកទេសកម្រិតមូលដ្ឋាន កម្រិតឧត្តម និងនិស្សិតបច្ចេកវិទ្យាសរុប២.៥៦២នាក់ (នារី២៦៤នាក់) ដែលបានបញ្ចប់ការសិក្សាក្នុងឆ្នាំ២០០៥ដល់ឆ្នាំ២០១០ កន្លងទៅ ។ ពាក់ព័ន្ធនឹងបញ្ហាដែលភាគីថៃនៅតែវិលវល់ ហើយនៅតែកំពុងពិគ្រោះយោបល់ជាមួយថ្នាក់ដឹកនាំ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានលើកយកលិខិតរបស់រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ីមកបកស្រាយ ។ ក្នុងលិខិតនោះ រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ីបានទទួលយកអស់ហើយទាំងលក្ខខណ្ឌប្រតិបត្តិ និងការជួបប្រជុំ ។ ក្នុងពេលវេលានេះដែរ ថៃកំពុងតែពិគ្រោះយោបល់ជាមួយអ្នកពាក់ព័ន្ធ ។ ចំណុចគឺនៅមានការខុសគ្នាកន្លែងហ្នឹង ដូច្នេះអ្នកពាក់ព័ន្ធនៅក្នុងប្រទេសថៃមានអ្នកចេញមកថ្លែងថា ទៅប្រជុំ មានអ្នកចេញមកថ្លែងថា អត់ទៅប្រជុំ ។ ដូច្នេះបញ្ហានេះខ្ញុំអត់ខ្វល់ទេ ទុកឱ្យប្រធានអាស៊ានដោះស្រាយទៅ ។ សម្តេចបានលើកឡើងថា គេចង់ឱ្យមានការប្រជុំនៅកម្ពុជាឬនៅថៃ ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបញ្ជាក់ដាច់ណាត់ គ្មានការប្រជុំនៅកម្ពុជា និងនៅថៃទេ គឺត្រូវនៅប្រទេសទី៣ ព្រោះឥណ្ឌូណេស៊ីបានធ្វើលិខិតអញ្ជើញទៅហើយ ។ ខ្ញុំនឹងមិនចូលរួមណាមួយដើម្បីខោកក្បាលឥណ្ឌូណេស៊ីទេ ។ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ប្រគល់ការងារឱ្យប្រធានអាស៊ាន គឺឥណ្ឌូណេស៊ី ហេតុអ្វីកម្ពុជានិងថៃប្រជុំជាមួយគ្នាស្ងាត់ៗ ។ បើដូច្នោះមានន័យថា កម្ពុជារួមជាមួយថៃទាត់ឥណ្ឌូណេស៊ី ។ ខ្ញុំមិនលេងទេ ខ្ញុំសូមបដិសេធ អត់ទេ អត់ត្រូវធ្វើការសម្របសម្រួលជាមួយថៃសិន អត់ទេ ។ ឥណ្ឌូណេស៊ីដើរតួនាទីសម្របសម្រួល ឥណ្ឌូណេស៊ីអាចមករាជធានីភ្នំពេញ ឬទៅទីក្រុងបាងកក សម្របសម្រួល ឬក៏ហៅអ្នកទាំងពីរទៅឥណ្ឌូណេស៊ី ។ កម្ពុជាគាំទ្រ ដូច្នេះ ។ មិនអាចមានការប្រជុំណាមួយនៅភ្នំពេញ-កម្ពុជា ឬនៅបាងកក-ថៃទេ។ សូមបញ្ជាក់ឱ្យច្បាស់ បើសិនជាធ្វើយ៉ាងដូច្នេះ គឺបំពានលើសេចក្តីអង្គប្រជុំអាស៊ាន កាលពីថ្ងៃទី២២ ខែកុម្ភៈ ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា អត់ទេ សម្រុះសម្រួលពីរនាក់គឺអត់បានទេ ព្រោះរឿងនេះគឺជារឿងដល់ក្រុមប្រឹក្សាសន្តិសុខ ក្រុមប្រឹក្សាសន្តិសុខរុញមកឱ្យអាស៊ាន ។ រឿងអីកម្ពុជា-ថៃត្រូវធ្វើតែពីរនាក់ក្នុងបន្ទប់សម្ងាត់ ? បើធ្វើដូច្នេះ ហាក់បីដូចជាទះកំផ្លៀងប្រធានអាស៊ាននិងក្រុមប្រឹក្សាសន្តិសុខថែមទៀត ។ រឿងឯកភាព ឬមិនឯកភាពក្នុងប្រទេសថៃគឺជារឿងរបស់ថៃសុទ្ធសាធ ។ ឯរឿងកម្ពុជា គឺជំហរតែមួយទេ ចំណុចលក្ខខណ្ឌប្រតិបត្តិលើកទី១-កម្ពុជាឆ្លើយតបមិនឱ្យលើសពី២៤ម៉ោង ។ លើកទី២-កម្ពុជាក៏ឆ្លើយតបមិនឱ្យលើសពី២៤ម៉ោង ដល់លើកទី៣-កម្ពុជាឆ្លើយមិនឱ្យលើស២៤ម៉ោង គ្រាន់តែកម្ពុជាមានការធ្វើវិសោធនកម្មតូចមួយ ដោយនៅក្នុងនោះថា លិខិតព្រមព្រៀងគ្នាអាចធ្វើតាមរយៈការចុះហត្ថលេខារវាងកម្ពុជា-ថៃ-ឥណ្ឌូណេស៊ី ឬដោយការប្តូរលិខិត រវាងកម្ពុជា-ថៃ-ឥណ្ឌូណេស៊ី ។
កម្ពុជាសូមដកកថាខណ្ឌ ការប្តូរលិខិតនេះមកជាការចុះហត្ថលេខា ព្រោះសេចក្តីព្រាងលក្ខខណ្ឌប្រតិបត្តិ ខាងក្រោម ឈ្មោះរដ្ឋមន្ត្រីការបរទេស៣ប្រទេសរួចទៅហើយ ។ សម្តេចបានលើកថា ត្រង់កិច្ចការផ្ទៃក្នុងមាត្រា១៩០របស់ថៃ យ៉ាងម៉េចគឺជារឿងរបស់ថៃ គឺនៅសល់តែថៃខ្លួនឯងទេ ចំពោះមុខអាស៊ាននិងចំពោះក្រុមប្រឹក្សាសន្តិសុខ ។ ទោះបីជាថៃមិនទាន់ឱ្យសច្ចាប័ន៣មកកម្ពុជាក៏ដោយ កម្ពុជានឹងទៅប្រជុំទៀត កម្ពុជាគោរពការអញ្ជើញរបស់ឥណ្ឌូណេស៊ី។
ចំពោះបក្សអាវលឿងដែលមានចម្លងស្រ៊ីមឿង, សុនធិ លឹមថុងគល់, ប៉ានថេប ប្រកាសថា អ្នកណាលើកដៃនឹងកាត់ទោស ហាក់ដូចជារដ្ឋមួយទៅហើយនៅបាងកក ។ គណៈកម្មការព្រំដែនកម្ពុជា GBC ត្រូវទៅប្រជុំ អាចមានកិច្ចការថតពីលើអាកាសលើបញ្ហារុករកបង្គោលព្រំដែន ប៉ុន្តែមិនពិភាក្សាពីតំបន់ជម្លោះទេ ។ ការពិតទៅ វាគ្មានតំបន់ជម្លោះទេ ជម្លោះនេះ បណ្តាលមកពីថៃគូសផែនទីឯកតោភាគី ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បញ្ជាក់ថា ខ្ញុំនឹងលើកបញ្ហាហ្នឹងក្នុងកិច្ចប្រជុំកំពូលអាស៊ានតែម្តង បើសិនថ្នាក់រដ្ឋមន្ត្រីការបរទេសធ្វើមិនចេញ គឺបញ្ហាព្រំដែនកម្ពុជា-ថៃ ។ បញ្ហាសង្គ្រាមកម្ពុជា-ថៃគឺត្រូវដាក់លើតុអាស៊ានតែម្តង ។ កម្ពុជា បានរៀបចំរួចជាស្រេចចំពោះអ្នកសង្កេតការណ៍ឥណ្ឌូណេស៊ី ទាំងសំភារ ទាំងថវិកាសម្រាប់អ្នកសង្កេតការណ៍ ។ ឥឡូវអូសបន្លាយពេលដល់ណា លើសមួយខែហើយ តាំងពីថ្ងៃទី២២ ខែកុម្ភៈ ឥឡូវ ២៨ មីនា នៅតែទៅប្រជុំ ឬមិនប្រជុំ នៅវិលវល់ពិគ្រោះទ្វេភាគី ។ កម្ពុជាចង់បានសន្តិភាព ហើយអំពាវនាវដល់កងទ័ពទាំងអស់ឱ្យមានការអត់ធ្មត់ បង្កលក្ខណៈងាយស្រួលនៅតាមព្រំដែន គេនៅកន្លែងណា ឱ្យនៅកន្លែងនោះ ។ យើងក៏មិនត្រូវបំពានគេ ហើយក៏មិនត្រូវឱ្យគេមកបំពានយើងដែរ ។
សម្តេចតេជោបានកោតសរសើរនិងថ្លែងអំណរគុណដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ដែលខិតខំយកស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការការពារទឹកដីកម្ពុជានៅតំបន់ប្រាសាទព្រះវិហារ។ បងប្អូនបានប្រឹងប្រែងណាស់ ។ សម្តេចបានសុំអភ័យទោសផងដែរ ចំពោះភរិយា ឬបងប្អូនដែលមានកូនចៅជាកងទ័ពដោយសារមិនអាចឱ្យគ្រួសារកូនចៅមកចូលរួមចូលឆ្នាំបានទេ ព្រោះវាមានរឿងដូច្នេះ ។ នេះគឺជាពលិកម្មទាំង អ្នកនៅ ជួរមុខ និងអ្នកនៅក្រោយជាគ្រួសារ ក៏ប៉ុន្តែវាជាពលិកម្មនៅទូទាំងប្រទេសដែលប្រជាពលរដ្ឋរបស់យើងបានគាំទ្រចំពោះកម្លាំងប្រដាប់អាវុធ និងសូមអរគុណចំពោះស្ថាប័ននិងបណ្តាខេត្តដែលបានចុះទៅជាបន្តបន្ទាប់ដើម្បីលើកទឹកចិត្តកងទ័ព ។
យើងចង់បានណាស់នូវសន្តិភាព ដើម្បីកុំឱ្យមានការបាញ់គ្នា អ្នកណាបាញ់មុន បាញ់ក្រោយគឺមានតែអ្នកទី៣ មកសង្កេតការណ៍តែប៉ុណ្ណោះ សូមថៃកុំខ្លាច ហើយនៅពេលប្រជុំក៏កុំភ្លេចឱ្យគេនៅអង្គុយស្តាប់ទៅ ថតសំឡេងទុកទាំងអស់គ្នា បើមិនដូច្នេះ ពន្លាត់ខុសរឿង ។ ភាគីទី៣ ក៏មានវត្តមានដែរ ឬនៅបន្ទប់ផ្សេងក៏បាន រួចរាយការណ៍ឱ្យប្រធាន។ បើការចរចាមិនត្រូវគ្នា ប្រធានជាអ្នកសម្របសម្រួល ។
សម្តេចតេជោនាយករដ្ឋមន្ត្រីសង្ឃឹមថា បណ្តាសមាជិកអាស៊ានទាំងអស់ នឹងចាប់អារម្មណ៍លើរឿងនេះ ។ សមាជិកក្រុមប្រឹក្សាសន្តិសុខទាំងអស់់ដែលបានប្រជុំកាលពីថ្ងៃទី១៤ ខែកុម្ភៈ នឹងបន្តតាមដានលើកិច្ចការងារនេះ ហើយមិនត្រូវមានការបកស្រាយណាផ្សេងខុសពីនេះ ព្រោះជំហររបស់កម្ពុជាមានតែមួយទេ ជំហរនេះមិនមែនជាជំហរផ្តាច់ការរបស់ខ្ញុំទេ តែវាជាជំហររួមរបស់រាជរដ្ឋាភិបាល ព្រោះមានការបកស្រាយខ្លះថា ធ្វើសំបុុត្រមកលោកនាយឧត្តមសេនីយ៍ ទៀ បាញ់ ហើយ ប៉ុន្តែប្រហែលជាមិនហ៊ានទេ ដោយសារនាយករដ្ឋមន្ត្រីកំណត់ដូច្នេះ ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានរិះគន់ហើយច្រានចោលថា បើរដ្ឋមន្ត្រីមិនស្តាប់នាយករដ្ឋមន្ត្រី មានតែដើរចេញតែប៉ុណ្ណឹង ។ អត់មានជំហររដ្ឋមន្ត្រីផ្សេង ជំហរនាយករដ្ឋមន្ត្រីផ្សឹងទេ ជាគោល ការណ៍ បើរដ្ឋមន្ត្រីធ្វើខុសគឺមិនមែននាយករដ្ឋមន្ត្រីដើរចេញទេ គឺរដ្ឋមន្ត្រីជាអ្នកដើរចេញ សូមកុំភាន់ច្រឡំ មិនថារដ្ឋមន្ត្រីណាទេ ទាំងអស់ក្នុងគណៈរដ្ឋមន្ត្រីហ្នឹង បើជំហរខុសពីនាយករដ្ឋមន្ត្រី សូមអញ្ជើញចេញ គេអត់ដែលទុកសមាជិករដ្ឋាភិបាលណាដែលមានជំហរខុសពីនាយករដ្ឋមន្ត្រីទេ ប៉ុន្តែនេះ មិនមែនជាជំហរដោយឡែករបស់នាយករដ្ឋមន្ត្រី សូមកុំបកស្រាយច្រឡំ ។
បើនៅក្នុងប្រទេសថៃ ជំហររបស់រដ្ឋមន្ត្រីការបរទេស ហាក់ដូចជាស្របគ្នាមួយនាយករដ្ឋមន្ត្រី តែជំហរអគ្គបញ្ជាការកងទ័ពបែរជាទៅម្ខាង។ យ៉ាងណាគឺជារឿងរបស់ថៃ តែសូមកុំមកបកស្រាយបំពានបំភ្លៃ ថាកម្ពុជានឹងធ្វើជាម្ចាស់ GBC អត់ទេ ម្ចាស់ផ្ទះគឺឥណ្ឌូណេស៊ី ។ សម្តេចមានប្រសាសន៍ថា អ្នកសារព័ត៌មានទាំងអស់នៅក្នុងប្រទេសកម្ពុជាត្រូវថា «កម្ពុជា និងថៃមិនអាចធ្វើម្ចាស់ផ្ទះទេ គឺឥណ្ឌូណេស៊ីជាអ្នកធ្វើម្ចាស់ផ្ទះ » ដើម្បីកំណត់គ្នាឱ្យច្បាស់ពីរឿងហ្នឹង ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានលើកឡើងថា មានតំណាងរាស្ត្រថៃម្នាក់នៅទីក្រុងបាងកក និយាយថា ទុកឱ្យរដ្ឋាភិបាលក្រោយដោះស្រាយទៅ ព្រោះសភាជិតរំលាយហើយ ។ បើដូច្នេះតើយើងត្រូវធ្វើការជាមួយអ្នកណា ។ បើដូច្នេះខ្ញុំអត់ជម្រើសទេ ខ្ញុំត្រូវលើកនិយាយក្នុងកិច្ចប្រជុំកំពូលអាស៊ានហើយ ព្រោះប្រជុំកំពូលអាចដាក់ក្នុងរបៀបវារៈ។ ប៉ុន្តែក៏មិនចាំបាច់ដាក់ក្នុងរបៀបវារៈដែរ នៅពេលប្រជុំមិនចំហ លើកអ្វីក៏បានដែរ ។ ខ្ញុំច្បាស់ជាលើក ព្រោះរឿងនេះបានប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសរួចហើយ និយាយឱ្យច្បាស់ពីរឿងនេះ ៕
ចែករំលែកព័តមាននេះ