ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃុំ​ពីរ​ក្នុងស្រុក​រលាប្អៀរ​ជួប​គ្រោះ​រាំង​ស្ងួត​ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​យកចិត្តទុកដាក់

13 ឆ្នាំ មុន

ខេត្ដកំពង់ឆ្នាំង ៖ ​លោក​ទូច​ ​ម៉ា​រី​ម ទីប្រឹក្សា​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន និង​ជា​អភិបាលខេត្ដ​កំពង់ឆ្នាំង កាលពីព្រឹក​ថ្ងៃ​ទី​១០ ខែកញ្ញា ​បាន​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ស្វាយ​ជ្រុំ និង​ឃុំ​ពង្រ ក្នុងស្រុក​រលាប្អៀរ ដែល​កំពុង​ជួប​ការ​លំបាក ព្រោះ​ជួប​គ្រោះ​រាំង​ស្ងួត​គ្មាន​ទឹក​ធ្វើស្រែ​ ។ អមដំណើរ​ក្នុង​ពេល​នោះ​មាន​លោក​ប្រធាន​មន្ទីរ អនុប្រធាន​មន្ទីរ មន្ដ្រី​កសិកម្ម​ខេត្ដ ជា​ច្រើន​រូប លោក​អភិបាលស្រុក លោក​មេឃុំ​ទាំង​ពីរ ព្រមទាំ

ខេត្ដកំពង់ឆ្នាំង ៖ ​លោក​ទូច​ ​ម៉ា​រី​ម ទីប្រឹក្សា​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន និង​ជា​អភិបាលខេត្ដ​កំពង់ឆ្នាំង កាលពីព្រឹក​ថ្ងៃ​ទី​១០ ខែកញ្ញា ​បាន​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ស្វាយ​ជ្រុំ និង​ឃុំ​ពង្រ ក្នុងស្រុក​រលាប្អៀរ ដែល​កំពុង​ជួប​ការ​លំបាក ព្រោះ​ជួប​គ្រោះ​រាំង​ស្ងួត​គ្មាន​ទឹក​ធ្វើស្រែ​ ។ អមដំណើរ​ក្នុង​ពេល​នោះ​មាន​លោក​ប្រធាន​មន្ទីរ អនុប្រធាន​មន្ទីរ មន្ដ្រី​កសិកម្ម​ខេត្ដ ជា​ច្រើន​រូប លោក​អភិបាលស្រុក លោក​មេឃុំ​ទាំង​ពីរ ព្រមទាំង​នាំ​យក​នូវ​គោ​យន្ដ និង​ប្រេងម៉ាស៊ូត​ទៅ​ជួយ ភ្ជួរ​រាស់​ជូន​ប្រជាពលរដ្ឋ​ទាំងនោះ​ទៀត​ផង ​។

លោក ង៉ា​ន ណា​នី ប្រធាន​មន្ទីរ​កសិកម្ម ខេត្ដ​បាន​រាយការណ៍​ថា ក្នុង​ឃុំ​ស្វាយ​ជ្រុំ ផ្ទៃដីបង្កបង្កើន​ផល​ស្រូវ​រដូវវស្សា​មាន​ចំនួន​២,២៤០ហិ​កតា ប៉ុន្ដែ​គិត​ត្រឹម​ថ្ងៃ​ទី​៧​កញ្ញា ទើប​ធ្វើ​បាន១១២​ហិ​កតា គឺ​ស្មើនឹង​៥​ភាគរយ ​ប៉ុណ្ណោះ ចំណែក​ឃុំ​ពង្រ​វិញ ផ្ទៃដី​បង្កបង្កើន​ផល​មាន១.៤២០​ហិ​កតា តែ​ទើប​ធ្វើ​បាន​៤៥៤​ហិ​កតា ស្មើនឹង​៣១,៩៧​ភាគរយ​ប៉ុណ្ណោះ​ ។ កន្លង​មកជា​រៀង​រាល់​ឆ្នាំ​ឃុំ​ទាំង​ពីរ ​គឺ​មិន​ដែល​ជួប​ប្រទះ ភាពរាំងស្ងួត​ដែល​ធ្វើ​ឱ្យ​ការងារ​បង្កបង្កើន ផល​មាន​ភាព​យឺតយ៉ាវ​ដូច​ឆ្នាំ​នេះ​ទេ ​។ ក្រៅពីឃុំ​ទាំង​ពីរ​ខាងលើ លោក​ប្រធាន​មន្ទីរ​បាន បញ្ជាក់​ថា ឃុំ​ខ្លះ​បាន​ធ្វើ​រួចរាល់ និង​ខ្លះ​ធ្វើ​លើស ផែនការ ខ្លះ​ជិត​រួចរាល់ គឺ​គ្មាន​ឃុំ​ណា​យឺត​ដូច​ឃុំ ទាំង​ពីរ​នេះ​ទេ​ ។ ​ដោយសារ​បែប​នេះ​ហើយ ទើប​ផ្ទៃដី​បង្កបង្កើន​ផល​ទូ​ទាំង​ខេត្ដ​មាន ចំនួន១០៤.៦០០​ហិ​កតា សម្រេច​ធ្វើ​បាន​៩២.១៧០ហិ​កតា គឺ​ស្មើនឹង​៨៨,១២​ភាគរយ គិត​ត្រឹម​ថ្ងៃ ទី​១០ កញ្ញា ​នេះ ។

លោកទូច ម៉ា​រី​ម អភិបាលខេត្ដ​កំពង់ឆ្នាំង បាន​មាន​ប្រសាសន៍​លើកទឹកចិត្ដ​ដល់​ប្រជាកសិករ ​នៅ​កណ្ដាល​វាលស្រែ​ដែល​កំពុង​ហួតហែង ​ថាសូម​បងប្អូន​ប្រជាពលរដ្ឋ​ខំប្រឹង​ឱ្យ​អស់លទ្ធភាព​ ​ពាក្យចាស់​លោក​ថា អស់​អ្វី​អស់​ចុះ តែ​កុំ​អស់សង្ឃឹម ។ ដូច​ពេល​នេះ​អ៊ីចឹង​បងប្អូន ខ្លះ​សំណាប​ចាស់ខែ​ជ្រុល​មិន​ទាន់​បាន​ស្ទូង​ខូចអស់ ប៉ុន្ដែ​សូមកុំ​អស់សង្ឃឹម​យើង​នៅ​សល់ ពេល​ប្រមាណ​ជាង​១​ខែ​មាន​លទ្ធភាព​ប្ដូរ​ដាក់ស្រូវស្រាល​វិញ ដែល​ខាង​មន្ទីរ​កសិកម្ម​ខេត្ដ​បានចែក​ជូន​បងប្អូន ។ ពេល​សាប​ពូជស្រូវ​ស្រាលថ្មី​នេះ​ហើយ សូម​ប្រឹងប្រែង​មើលថែ​កុំឱ្យ សំណាប​ងាប់​លៃលក​រក​ទឹក​ដាក់​ទម្រាំ​មានភ្លៀង​ធា្ល​ក់មក យើង​ដក​ស្ទូង​តែ​ម្ដង​ ​។ លោកអភិបាលខេត្ដ​មាន​ប្រសាសន៍​បន្ដ​ថា ក្រោម​កិច្ច ខិតខំ​ប្រឹងប្រែង​ពី​អាជ្ញាធរ​មូលដ្ឋាន​ភូមិ ឃុំ ស្រុក និង​ថ្នាក់​ខេត្ដ ដែល​ប្រើ​មធ្យោបាយ​នាំ ទឹក​ពី​ប្រឡាយ​តូច​ធំ ពី​អាង​ត្រ​ញំ​ង និង​ទីកន្លែងខ្លះ​មាន​ទឹកភ្លៀងទូ​ទាំង​ស្រុក​រលាប្អៀរ​សម្រេចដាំ​ដុះ​ស្រូវ​រដូវវស្សា​បាន​៥៨​ភាគរយ ​នៃ​ផែន ការ​ហើយ ចំណែក​ទូ​ទាំង​ខេត្ដ​វិញ​គឺ​ជិត​រួចរាល់អស់ហើយ​ដែរ ដោយ​បាន​ជាង​៨៨​ភាគរយ​នៃផែនការ​ដែរ​ ។ ​ប៉ុន្ដែ​ក្នុងស្រុក​ទាំង​៧ និង​ក្រុង​១ គឺ​មាន​តែ​ស្រុក​រលាប្អៀរ​មួយ​ប៉ុណ្ណោះ ដែលនៅ​យឺត​ជាងគេ ​។

លោក ង៉ា​ន ណា​នី​ បាន​បន្ថែម​ថា ប្រេងម៉ា​សូត​ដែល​នាំ​យក​មក​ថ្ងៃនេះ​“១០ កញ្ញា​” មាន​ចំនួន​៣០០​លី​ត្រ និង​ថ្ងៃ​ទី​១១ កញ្ញា បន្ថែម​២០០​លី​ត្រ​ទៀត ដែល​ជា​អំណោយ​ដ៏ថ្លៃថ្លា​របស់​លោក​អភិបាលខេត្ដ សម្រាប់​ចាក់គោ​យន្ដ​ភ្ជួរ​ដាស់ដី រង់ចាំ​ភ្លៀង​មក​ដល់​នឹង​ដកស្ទូង​តែ​ម្ដង ​។ ​លោក​បាន​រំលឹក​ថា កាលពី​សបា្ដហ៍ មុន​លោក​បណ្ឌិត ច​ន្ទ័ សា​រុន រដ្ឋមន្ដ្រីក្រសួង កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​បាន​ចែក​ពូជស្រូវស្រាល​ប្រភេទ​អ៊ី​អ៊ែ​៦៦ ចំនួន​៥៤២​គីឡូក្រាម ដល់​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ពីរ​ខាងលើ​នេះផង​ដែរ ខណៈ​ដែល​លោក​បណ្ឌិត​អញ្ជើញ​មកពិនិត្យ​ដោយ​ផ្ទាល់​ ។ លោក​បញ្ជាក់​ថា ស្រូវ​អ៊ី​អ៊ែ៦៦​នេះ ១២​គីឡូក្រាម​ធ្វើ​បាន​១​ហិ​កតា ហើយមន្ទីរ​លោក​ក៏​បាន​ត្រៀម​ស្រូវស្រាល​បន្ថែម ទៀត​ជូន​ប្រជា​កសិករ​ដែល​ត្រូវការ​បន្ទាន់ កាលមុន​បាន​ជូន​ដល់​ពួក​គាត់​ចំនួន​៥០០​គីឡូក្រាមរួច​ហើយ​ ៕