មានការប៉ះទង្គិចគ្នាជាថ្មីទៀតនៅក្នុងទីក្រុងគែរ ប្រទេសអេហ្ស៊ីបរវាងសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យជាមួយប៉ូលិស ដោយពួកសកម្មជនរងការវាយប្រហារដោយប៉ូលិសស្លៀកពាក់ឯកសណ្ឋានស៊ីវិលប្រដាប់ដោយដាវនៅខាងក្រៅបរិវេណក្រសួងមហាផ្ទៃ ។ នេះជាការប៉ះទង្គិចគ្នាលើកដំបូងក្នុងប្រទេសអេហ្ស៊ីបចាប់តាំងពីការដួលរលំរបបរបស់លោកហូស្នី ម៉ូបារ៉ាក់ អតីតប្រធានាធិបតីអេហ្ស៊ីប កាលពីខែកុម្ភៈ កន្លងមក។
តាមប្រភពព័ត៌មានថា ក្រុមបាតុករបានសម្រុកចូលក្រសួងមហាផ្ទៃ និងប៉ុស្តិ៍ប៉ូលិសដើម្បីដណ្តើមឯកសារដែលពួកគេអះអាងថា បង្ហាញភស្តុតាងពីរបៀបនៃការគាបសង្កត់ពលរដ្ឋក្រោមការគ្រប់គ្រងរបស់លោកមូបារ៉ាក់ ។
ការប៉ះទង្គិចគ្នានេះកើតឡើងកាលពីថ្ងៃទី៦ មីនា កន្លងមក រវាងប៉ូលិសស្លៀកពាក់ឯកសណ្ឋានស៊ីវិលប្រដាប់ដោយដាវសាមូរ៉ៃ និងកាំភ្លើងជាមួយក្រុមបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យក្រោយពីមានការប៉ុនប៉ងបំបែកក្រុមបាតុករនៅពេលពួកគេប្រមូលផ្តុំគ្នានៅក្នុងទីក្រុងគែរ ទាមទារឱ្យមានការធ្វើកំណែទម្រង់វិធានការសន្តិសុខ ។
បាតុករមួយរូបប្រាប់ទីភ្នាក់ងាររ៉យទ័រថា ប៉ូលិសបានបាញ់ឡើងលើដើម្បីបំបែកពួកយើង ហើយយើងបានរត់ ប៉ុន្តែទៅជួបប៉ូលិស២០០នាក់ ស្លៀកឯកសណ្ឋានស៊ីវិល ។
ការប្រមូលផ្តុំលើកចុងក្រោយរបស់ក្រុមបាតុករនៅប្រទេសអេហ្ស៊ីបគឺទាមទារឱ្យធ្វើកំណែទម្រង់វិធានការ និងច្បាប់សន្តិសុខ ៕
ចែករំលែកព័តមាននេះ