ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាល់​ទាត់​ដណ្តើម​ពាន​រង្វាន់​សម្តេច​តេជោ​​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ

15 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ ការ​ប្រកួត​បាល់​ទាត់​ពាន​រង្វាន់​សម្តេច​តេជោ ហ៊ុន សែន លើក​ទី​៥ ឆ្នាំ​២០១១ បាន​បញ្ចប់​នៅ​ត្រឹម​ថ្ងៃ​សៅរ៍ ទី១២ មីនា ​នេះ​ហើយ ហើយ​ការ​ប្រកួត​ពេល​នេះ​ទៀត​សោត​ គឺ​ក្រុម​បៀល​ប្រាយ​យូណាយ​ធីត ​ជួប​ប្រកួត​ជា​មួយ​ក្រុម​ព្រះ​ខ័ន​រាជ្យ ដើម្បី​ដណ្តើម​យក​តំណែង​ជា​ម្ចាស់​ជើង​ឯក ខណៈ​​ដែល​ក្រុម​ណាហ្គា​ខប ដណ្តើម​យក​​ចំណាត់​ថ្នាក់​លេខ​៣ ជា​មួយ​ក្រុម​ក្រសួង​ការ​ពារ​ជាតិ នៅ​រសៀល​ថ្ងៃ​សុក្រ ទី​១១ ខែ​មីនា។

ឆ្លង​កាត់​ការ​ប្រកួត​អស់​រយៈ​ពេល​ជិត​៣​ខែ ចាប់​ពី​ថ្ងៃ​ទី​៧ មករា រហូត​មក​នោះ ពេល​នេះ​គេ​បាន​រក​ឃើញ​ក្រុម​ចំនួន​២​ដែល​បាន​ឡើង​មក​ដល់​វគ្គ​ប្រកួត​ផ្តាច់​ព្រ័ត្រ​ដណ្តើម​យក​តំណែង​ជា​ម្ចាស់​ជើង​ឯក​ពាន​រង្វាន់​សម្តេច​តេជោ ហ៊ុន សែន លើក​ទី​៥ ឆ្នាំ​២០១១ គឺ​​ក្រុម​បៀល​ប្រាយ​យូណាយ​ធីត និង​ក្រុម​​ព្រះ​ខ័ន​រាជ្យ។ ក្នុង​ចំណោម​ក្រុម​បាល់​ទាត់​ដែល​ខ្លាំង​ៗ ​ក្រុម​​ដែល​មាន​ជំនឿ​ចិត្ត​ក្នុង​ការ​​ដណ្តើម​បាន​តំណែង​លេខ​១​នោះ ​គឺ​ក្រុម​​បៀល​ប្រាយ​ ពី​ព្រោះ​ចាប់​តាំង​ពី​បើក​ការ​ប្រកួត​វគ្គ​ជម្រុះ​៣២​​ក្រុម រហូត​ឈាន​ចូល​ដល់​វគ្គ​ជម្រុះ​១៦​ក្រុម និង​៨​ក្រុម​ចុង​ក្រោយ​ គឺ​​ក្រុម​បៀល​ប្រាយ​អត់​ដែល​ស្គាល់​ចាញ់ ឬ​ស្មើ​ម្តង​ណា​ឡើយ។ ម្យ៉ាង​វិញ​ទៀត​នៅ​វគ្គ​ជម្រុះ​១៦​​ក្រុម ដែល​ជា​ដំណាក់​កាល​ដ៏​តឹង​តែង​បំផុត ក្រុម​បៀល​ប្រាយ​បាន​បំបាក់​ក្រុម​រិទ្ធិ​សែន​ ក្នុង​លទ្ធ​ផល​៦-១។ ប៉ុន្តែ​អ្វី​ដែល​​​ធ្វើ​ឱ្យ​មាន​ការ​ចាប់​អារម្មណ៍​បំផុត​នោះ គឺ​នៅ​ពេល​មក​ប៉ះ​​ក្រុម​ខ្លាំង​ភ្នំពេញ​ក្រោន នៅ​វគ្គ​ជម្រុះ​៨​ក្រុម​​ចុង​ក្រោយ ដែល​មិន​មាន​អ្នក​ណា​គេ​ជឿ​ថា អាច​គេច​ផុត​ពី​ការ​បរា​ជ័យ​​នោះ គេ​បែរ​ជា​ធ្វើ​ឱ្យ​ក្រុម​អ្នក​មាន​មួយ​នេះ​ជួប​ការ​បរា​ជ័យ​យំ​មិន​ចេញ​ ដោយ​ការ​ទាត់​បាល់​ប៉េណាល់ទី​ឈ្នះ​ក្នុង​លទ្ធ​ផល ៤-៥ បន្ទាប់​ពី​បញ្ចប់​ការ​ប្រកួត​​ក្នុង​រយៈ​ពេល​១២០​នាទី ទទួល​បាន​លទ្ធ​ផល ១-១។

ចំណែកឯ​ការ​មក​ប៉ះ​ក្រុម​ក្រសួង​ការ​ពារ​ជាតិ​នៅ​វគ្គ​1/4 ក៏​មាន​សភាព​តាន​តឹង​ណាស់​ដែរ ព្រោះ​ការ​ប្រកួត​បាន​អូស​បន្លាយ​ដល់​ទៅ​១២០​នាទី ខណៈ​ពេល​ដែល​ការ​ប្រកួត​៩០​នាទី​​ទទួល​បាន​លទ្ធ​ផល​ស្មើ ១-១។ ប៉ុន្តែ​ក្រុម​បៀល​ប្រាយ​មាន​ឱកាស​រក​បាន​១​គ្រាប់​នាំ​មុខ​មុន​នៅ​៩​នាទី​ក្នុង​ម៉ោង​បន្ថែម។

លោក​មាស សំអឿន គ្រូ​បង្វឹក​របស់​ក្លឹប​បៀល​ប្រាយ​ធ្លាប់​បាន​មាន​ប្រសាសន៍​ថា យុទ្ធ​សាស្ត្រ​នៃ​ការ​លេង​​របស់​ក្រុម​លោក ​ត្រូវ​បាន​កំណត់​ច្បាស់​លាស់​ ​គឺ​នៅ​ពេល​ចូល​លេង​នៅ​លើ​ទីលាន​មិន​ថា​ប៉ះ​ក្រុម​ខ្លាំង ឬ​ខ្សោយ​នោះ​ទេ គឺត្រូវ​តែ​លេង​​ឱ្យ​អស់​ពី​សមត្ថ​ភាព។ លោក​បាន​បញ្ជាក់​ថា ការ​ឡើង​សង្វៀន​បើ​យើង​មិន​វាយ​គេទេ គឺ​គេ​វាយ​យើង តែ​បើ​យើង​តាំង​ចិត្ត​ថា​ត្រូវ​តែ​វាយ គឺ​មិន​អត់​ប្រយោជន៍​នោះ​ទេ ​ការ​វាយ​ចេញ​បាន​ច្រើន​ យ៉ាង​ហោច​ណាស់​ក៏​អាច​ត្រូវ​គេ​បាន​ខ្លះ​ដែរ។ យ៉ាង​ណា​មិញ​ការ​ប្រកួត​បាល់​ទាត់​ បើ​យើង​គិត​តែ​ពី​ខ្លាច​​មិន​សម្រុកគឺ​មិន​ងាយ​ទាត់​ចូល​ទី​គេ​បាន​​ទេ។

ចំណែក​​ក្រុម​ព្រះ​ខ័ន​រាជ្យ​វិញ​​កាល​ពី​វគ្គ​ប្រកួត​ជម្រុះ​តាម​តំបន់ គឺ​មិន​សូវ​ជួប​ការ​លំបាក​ឡើយ ​ប៉ុន្តែ​គេ​យ៉ាប់​បន្តិច​នៅ​ពេល​មក​ប៉ះ​​ក្រុម​នាគ​ខៀវ​ ក្នុង​វគ្គ​ជម្រុះ​១៦​ក្រុម​ចុង​ក្រោយ ​ដោយ​អាច​​យក​ឈ្នះ ៣-២ យ៉ាង​លំបាក។ ​ពេល​នេះ​គេ​​សង្កេត​ឃើញ​​ក្រុម​ព្រះ​ខ័ន​រាជ្យ​ដាក់​កីឡា​ករ​បម្រុង​ចូល​លេង​ច្រើន។ ទោះ​ជាយ៉ាង​ណា​ក្តី សម្រាប់​ក្រុម​ព្រះ​ខ័ន​រាជ្យ​នៅ​ពេល​ឈាន​​ចូល​ដល់​វគ្គ​ប្រកួត​ជម្រុះ​វគ្គ​1/4 គេ​បាន​លត់​ក្រុម​អន់​ព្រែក​ប្រា រហូត​ដល់​ទៅ​ ៥-១ និង​បាន​​លត់​ក្រុម​ខ្លាំង​ណាហ្គា​ខប ៤-០ ជា​បន្ត​ទៀត​នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។

លោក​រិទ្ធ ឌីណា អ្នក​គ្រប់​គ្រង​ក្រុម​ព្រះ​ខ័ន​រាជ្យ​ ហាក់​បី​ដូច​ជា​បាន​បង្ហាញ​នូវ​ការ​ប្រុង​​ជើង​ការ​ខ្ពស់​ជាង​មុន ព្រោះ​ឈាន​មក​ដល់​ដំណាក់​កាល​ចុង​ក្រោយ​នេះ វា​គឺ​ជា​រឿង​មួយ​ដែល​មិន​អាច​លេង​សើច​បាន​នោះ​ទេ។ អ្នក​វិភាគ​ទូទៅ​គេ​មាន​ការ​កោត​សរ​សើរ​ចំពោះ​ក្រុម​បៀល​ប្រាយ​មិន​ដាច់​ពី​មាត់​ថា ​ជា​ក្រុម​​មាន​ទម្រង់​នៃ​ការ​លេង​ខុស​ប្លែក​ពី​គេ ដែល​ពិបាក​យល់​បំផុត។ ចំណែក​ណាហ្គា​ខប​ ម្ចាស់​ជើង​ឯក​ក្រប​ខណ្ឌ​លីក​ឆ្នាំ​២០១០ បាន​មក​ប៉ះ​ក្រុម​ក្រសួង​ការ​ពារ​ជាតិ​​ដើម្បី​ដណ្តើម​យក​​ចំណាត់​ថ្នាក់​លេខ​៣៕