ខេត្តកំពង់ចាម ៖ តាមរយៈការផ្សាយរបស់វិទ្យុ FM 100,5 MHz ក្រុងកំពង់ចាម ក្នុងនាទីព័ត៌មានចាប់ពីម៉ោង៦និង៧ព្រឹកថ្ងៃទី១៧ មីនា ២០១១ ដោយបានដកស្រង់ព័ត៌មានពីកាសែតកោះសន្តិភាព ស្តីពីបុរសម្នាក់លោតទឹកពីលើស្ពានគីហ្ស៊ុណា លិចក្នុងទន្លេមិនទាន់អណ្តែត ក៏បានឮដល់ក្រុមគ្រួសារអ្នករងគ្រោះ ទើបឈានដល់ការស្គាល់អត្តសញ្ញាណហើយ គឺឈ្មោះវ៉ែន ធឿន ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិមួង ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ដែលកើតរោគសរសៃប្រសាទ ហើយមុននេះត្រូវរងរបួសដោយបងថ្លៃប្រុសវាយត្រូវក្បាល និងខ្លួនប្រាណចំនួន៣ឈើជ្រូង បានមកសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកាលពីថ្ងៃទី១៣ មីនាបងថ្លៃសរសៃប្រសាទវាយប្អូនថ្លៃ៣ឈើជ្រុងសន្លប់នៅក្នុងថ្លុកឈាម។
លោកវរសេនីយ៍ត្រីណា ចេ ប្រធានគោលដៅការពារស្ពានគីហ្ស៊ុណា បានប្រាប់ឱ្យដឹងថា កាលពីថ្ងៃទី១៦ មីនា ២០១១ បុរសនេះបានទៅលោតទឹកធ្វើអត្តឃាតពីលើស្ពានគីហ្ស៊ុណា លិចបាត់ក្នុងទន្លេ មិនស្គាល់អត្តសញ្ញាណឥឡូវត្រូវបានក្រុមសាច់ញាតិដែលបាត់បង់សមាជិកបានធ្វើដំណើរពីខាងស្រុកត្បូងឃ្មុំ មកសួរនាំពីភិនភាគអ្នកលោតទឹកនោះ ដោយស្លៀកខោកីឡាត្រឹមជង្គង់ មានឆ្នូត.សចំហៀងសងខាង ក្បាលទំពែក និងរបួសក្បាលផង ទើបក្រុមសាច់ញាតិបានអះអាងថា អ្នករងគ្រោះមានឈ្មោះវ៉ែន ធឿន គឺរងរបួសក្បាល និងដងខ្លួន ដោយសារបងថ្លៃវាយ…បានរត់ចេញពីមន្ទីរពេទ្យខេត្តនៅព្រឹកថ្ងៃទី១៦ មីនា ទៅលោតទឹកទន្លេមេគង្គពីលើស្ពានគីហ្ស៊ុណាដើម្បីបញ្ចប់ជីវិតតែម្តង ។
លោកវរសេនីយ៍ត្រី ណា ចេ បានបន្តថា រហូតមកដល់វេលាម៉ោង៣និង៣០នាទីថ្ងៃទី១៧ មីនា នេះ គេមិនទាន់បានប្រទះឃើញសពបុរសរងគ្រោះនៅឡើយទេ ចំណែកក្រុមសាច់ញាតិរបស់អ្នករងគ្រោះក៏បានស្វះស្វែងជាច្រើនកន្លែងផងដែរ ៕
ចែករំលែកព័តមាននេះ