គេបានហាមឃាត់មិនឱ្យបរិភោគបន្លែទាំងឡាយដែលផលិតនៅក្បែរមជ្ឈមណ្ឌលនុយក្លេអ៊ែរហ្វូ គូស៊ីម៉ា ដាយអ៊ីជី ក្រោយពីមជ្ឈមណ្ឌលនោះរងការខូចខាតហើយធ្លាយចេញវិទ្យុសកម្មដោយសារការរញ្ជួយដីខ្លាំងមួយកម្លាំង៩រីស្ទ័រ កាលពីថ្ងៃទី១១ មីនា កន្លងមក។
មានការរញ្ជួយដីថ្មីទៀតកាលពីថ្ងៃទី២៣ មីនា នៅជប៉ុនដែលការរញ្ជួយដីថ្មីនេះមានកម្លាំង ៤,៧រីស្ទ័រ ប៉ះពាល់តំបន់នៃមជ្ឈមណ្ឌលនុយក្លេអ៊ែរ ហ្វូគូស៊ីម៉ា ។ ពុំមានការខូចខាតថ្មីៗឡើយក៏ប៉ុន្តែសភាពការណ៍នៅគួរឱ្យព្រួយបារម្ភក្នុងមជ្ឈមណ្ឌលនុយក្លេអ៊ែរនេះ ។ ផ្សែងខ្មៅដែលហុយចេញពីរេអាក់ទ័រទី៣បានហុយចូលក្នុងដែនអាកាសរបស់ជប៉ុនដែលបង្កឱ្យមានការជម្លៀសកម្មករទាំងឡាយដែលធ្វើការក្នុងមជ្ឈមណ្ឌលនេះចេញជាបណ្តោះអាសន្នខណៈដែលចាប់តាំងពីច្រើនថ្ងៃមកហើយផ្សែងពណ៌.សបានហុយចេញពីរេអាក់ទ័រទី២ និងទី៣ ។
ម្យ៉ាងវិញទៀតបើតាមអាជ្ញាធរសន្តិសុខនុយក្លេអ៊ែរជប៉ុនថា ពួកអ្នកបច្ចេកទេសដែលខិតខំជួសជុលរេអាក់ទ័រត្រូវផ្អាកការងារពួកគេមកពីមានកម្រិតវិទ្យុសកម្មខ្ពស់ពេកដល់ប្រមាណជា៥០០ MILLISIEVERTS ក្នុងមួយម៉ោង ។នេះជាកម្រិតវិទ្យុសកម្មខ្ពស់បំផុតពុំធ្លាប់កត់សំគាល់ឃើញនៅទីតាំងរេអាក់ទ័រនេះ ។ អ្នកបច្ចេកទេស២នាក់ ក៏ត្រូវរបួសដែរ ពេលពួកគេប៉ុនប៉ងស្តារអគ្គិសនីឡើងវិញ ក្នុងរេអាក់ទ័រទីមួយដែលមានសីតុណ្ហភាពឡើងខ្ពស់ ។ រេអាក់ទ័រទាំង៦នៅមជ្ឈមណ្ឌលហ្វូគូស៊ីម៉ាដាយអីុជី ត្រូវបានតភ្ជាប់ដោយខ្សែកាបបណ្តាញអគ្គិសនីពីខាងក្រៅក៏ប៉ុន្តែរហូតមកទល់ពេលនេះ មានតែបំពង់ទឹកធ្វើឱ្យត្រជាក់នៃរេអាក់ទ័រទី៥មួយប៉ុណ្ណោះ ដែលដំណើរការវិញ ។ ទន្ទឹមនឹងនេះ បន្លែដែលផលិតនៅក្បែរមជ្ឈមណ្ឌលនុយក្លេអ៊ែរត្រូវហាមឃាត់មិនឱ្យបរិភោគ ។ ចំណែកអាជ្ញាធរក្រុងតូក្យូវិញក៏បានណែនាំផងដែរ កុំឱ្យប្រើប្រាស់ទឹកម៉ាស៊ីនក្នុងក្រុងសម្រាប់កូនង៉ែតមកពីមានសារ ធាតុអ៊ីយ៉ូដខ្ពស់ពេកសម្រាប់កូនង៉ែត ។ នៅក្រុងតូក្យូផលិតផលស្រស់ជាច្រើនត្រូវហាមឃាត់ឱ្យបរិភោគមកពីមានអត្រាខ្ពស់នៃវិទ្យុសកម្ម ។
ដោយសារការភ័យខ្លាចកាន់តែខ្លាំងឡើង នៃការសាយភាយវិទ្យុសកម្មក្នុងផលិតផលស្បៀង ការនាំចូលផលិតផលសមុទ្រជប៉ុនរបស់កូរ៉េខាងត្បូងមានការធ្លាក់ចុះខ្លាំង ។ តួលេខប្រចាំថ្ងៃគិតជាមធ្យមនៃការនាំចូលផលិតផលសមុទ្ររបស់កូរ៉េខាងត្ពូងពីជប៉ុនមានដល់៣,៤១លានដុល្លារមុនការរញ្ជួយដី តែតួលេខនេះធ្លាក់ចុះរវាងថ្ងៃទី១៤ និងទី១៨ មីនា មកនៅត្រឹម២,៧៨លានដុល្លារ៕
ចែករំលែកព័តមាននេះ