ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នរណា​ទ្រាំ​បាន​! លើក​ទី​១​មិន​ថា​មិន​ស្តី​លើកលែង​ឱ្យ ញ៉ាម​មក​លើក​ទី​២​ទៀត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​កាន់តែ​បានចិត្ត ដោយ​បាន​ទៅ​ឆបោក​ម៉ូតូ​អ្នក​រួមការ​ងារ​យក​ទៅ​បញ្ចាំ​បាន​លុយ​លេងល្បែង​អស់ ហើយ​ជន​រង​គ្រោះ​ក៏​មិន​ថា​មិន​ស្តី​ដែរ តែ​ជនសង្ស័យ​មិន​អស់ចិត្ត​មក​លើក​ទី​២ ​ប្រើ​ល្បិច​ខ្ចី​ម៉ូតូ​ជិះ​ទៅ​មើល​រថយន្ត​គេ​កាលពី​រសៀល​ថ្ងៃ​ទី​២៩ មីនា ២០១៩ បែរជា​យក​ទៅ​បញ្ចាំ​បាត់…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​កាន់តែ​បានចិត្ត ដោយ​បាន​ទៅ​ឆបោក​ម៉ូតូ​អ្នក​រួមការ​ងារ​យក​ទៅ​បញ្ចាំ​បាន​លុយ​លេងល្បែង​អស់ ហើយ​ជន​រង​គ្រោះ​ក៏​មិន​ថា​មិន​ស្តី​ដែរ តែ​ជនសង្ស័យ​មិន​អស់ចិត្ត​មក​លើក​ទី​២ ​ប្រើ​ល្បិច​ខ្ចី​ម៉ូតូ​ជិះ​ទៅ​មើល​រថយន្ត​គេ​កាលពី​រសៀល​ថ្ងៃ​ទី​២៩ មីនា ២០១៩ បែរជា​យក​ទៅ​បញ្ចាំ​បាត់ លុះមក​ដល់​ម៉ោង​៦​និង​៣០​នាទី​ព្រលប់ ថ្ងៃ​ទី​៣០ មីនា​នេះ វិល​មក​វិញនៅ​យានដ្ឋាន​ជួសជុល​រថយន្ត​ផ្លូវ​២០០៤ ក្នុងភូមិ​អ័ក​គី​ដេ សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ ម្ចាស់​ម៉ូតូ​ប្តឹងឱ្យ​ចាប់ខ្លួន​តែ​ម្តង ដោយ​ទ្រាំ​លែង​​បាន​ទៀត​ហើយ ។

ជនសង្ស័យ​ខាងលើ​ឈ្មោះ យ៉េន ថា អាយុ​៣៦​ឆ្នាំ មុខរបរ​ជាង​ជួសជុល​រថយន្ត ស្នាក់​នៅផ្ទះ​ជួល​ភូមិ​ឫស្សី សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ខណ្ឌមានជ័យ ចំណែក​ជន​រង​គ្រោះ ឈ្មោះ ទិ​ត ជួន អាយុ​២០​ឆ្នាំ មុខរបរ​ជាង​បាញ់ថ្នាំ​រថយន្ត ស្នាក់​នៅ​យានដ្ឋាន​ផ្លូវ​២០០៤ ភូមិ​អ័ក​គី​ដេ សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ មាន​ទីលំនៅ​ផ្ទះ​លេខ​៣១ ផ្លូវលំ ភូមិ​តា​ភេ​ម សង្កាត់​កំ​បូល ខណ្ឌ​កំ​បូល រីឯ​ម៉ូតូ​ដែល​ជនសង្ស័យ​ឆបោក​យក​ទៅ​បាត់​ម៉ាក​ហុងដា សេ​១២៥ ស៊េរី​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1FH-5126 ។

តាម​សម្តី​ជន​រង​គ្រោះ​ឲ្យ​ដឹង​ថា ដូច​ជា​ជ្រុល​ពេក​ហើយ អ្នក​រួមការ​ងារ​ជាមួយ​គ្នា​ក្នុង​យានដ្ឋាន​សោះ ហើយ​កាលពី​អំឡុង​ខែធ្នូ ឆ្នាំ​២០១៨ ជនសង្ស័យ​ខ្ចី​ម៉ូតូ​ជិះ បែរជា​យក​ទៅ​បញ្ចាំ​នៅ​ម្តុំ​ផ្សារ​ឃ្លាំង​រំសេវ​យក​លុយ​៥០០​ដុល្លារ​លេងល្បែង​អស់ ហើយ​មក​វិញ​ឲ្យ​លុយ​១៥០​ដុល្លារ​ឲ្យ​ទៅ​លួស​ម៉ូតូ​ម្តេច​គ្រាន់ មាន​តែ​បន្ថែម​លុយ​បង្គ្រប់​ខ្លួនឯង​លួស​យក​ម៉ូតូ​មក​ប្រើប្រាស់​វិញ ។

ស្រាប់តែ​មក​ដល់​រសៀល​ថ្ងៃ​ទី​២៩ មីនា ជនសង្ស័យ​បាន​ខ្ចី​ម៉ូតូ​ម្តងទៀត​ប្រាប់​ថា ទៅ​មើល​រថយន្ត​ឲ្យ​គេ បែរជា​យក​ទៅ​បញ្ចាំ​នៅ​ម្តុំ​ផ្សារ​ជម្ពូ​វ័ន​បាត់​បាន​លុយ​យក​ទៅ​លេងល្បែង​ទៀត លុះ​មក​ដល់​ព្រលប់​ថ្ងៃ​ទី​៣០ មីនា​នេះ មក​យានដ្ឋាន​វិញ ក៏​ប្តឹង​ប៉ូលិស​ចាប់ខ្លួន​តែ​ម្តង ។

ចំណែក​ជនសង្ស័យ​សារភាព​ដែរ​ថា ខ្លួន​ពិតជា​យក​ម៉ូតូ​របស់​ជន​រង​គ្រោះ​ខាងលើ​ទៅ​បញ្ចាំ​បាន​លុយ​៥០០​ដុល្លារ​ចាញ់ល្បែង​ជល់​មាន់​អស់ហើយ ។ ជនសង្ស័យ​បន្ត​ទៀត​ថា តាម​ហាង​បញ្ចាំ​ស្រួល​ទេ ឲ្យ​តែ​ជិះ​ទៅ​ដល់​ទទួលយក​ទាំងអស់ ថ្លៃ​ថោក មិនដឹង ទៅ​តាម​ស៊េរី ភិនភាគ មិនបាច់​ឯកសារ មិន​យក​ឯក សារ​អ្វី​ទេ ងាយ​បំផុត ។

ក្រោយ​កើតហេតុ ជនសង្ស័យ​ត្រូវ​ឃាត់ខ្លួន​នាំ​ទៅ​ប៉ុស្តិ៍ ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង ចាត់ការ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ