ខេត្តសៀមរាប ៖ រថយន្តក្រុង (ក្រុមហ៊ុនពិភពរស្មី) ដឹកអ្នកដំណើរពេញឡានជែងវ៉ាមិនផុត ធ្លាក់ផ្លូវខ្លួនឯងសំណាងល្អអ្នកដំណើររបួសស្រាល រីឯអ្នកបើកបរចុះរត់គេចខ្លួនយកតែរួចខ្លួនបង្កឱ្យមានការភិតភ័យស្លន់ស្លោពេញក្នុងរថយន្ត ។ ហេតុការភ្ញាក់ផ្អើលពេញរថយន្តក្រុងនោះបានកើតឡើង នាវេលាម៉ោង១៥និង៤០នាទីរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ លើផ្លូវជាតិលេខ ៦ ត្រង់ចំណុចទល់មុខផ្លូវចូលទៅភូមិបេង ស្ថិតនៅក្នុងភូមិថ្នល់តាសិត ឃុំគោកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប ។
លោកវរសេនីយឯកសុខ សុទ្ធាវុធ អធិការស្រុកជីក្រែងបានប្រាប់ថា មានរថយន្តមួយគ្រឿងម៉ាក KIA MOTORS ពាក់ស្លាកលេខភ្នំពេញ 3D- 9126 ពណ៌ទឹកប្រាក់ លាយខៀវ ប្រភេទដឹកអ្នកដំណើរធុនធំ អ្នកបើបរមិនស្គាល់អត្តសញ្ញាណ ដឹកមនុស្សចំនួន៣៤នាក់ (ជនជាតិចិន) ក្នុងទិសដៅពីកើតទៅលិច ។ រួចបានឡើងជែងវ៉ារថយន្តខាងមុខមិនផុត ជ្រុលចង្កូតធ្លាក់ចុះទៅខាងត្បូងផ្លូវបុកជាមួយដើមឈើដោយខ្លួនឯង ។ បណ្ដាលឱ្យរបួសស្រាលម្នាក់ឈ្មោះ គួក ពីង ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិចិន បញ្ជូនទៅមន្ទីរពេទ្យតាមរថយន្តសង្គ្រោះ ។ ចំពោះការខូចខាតរថយន្តមួយគ្រឿងធ្ងន់ ។
ក្រោយពេលកើតហេតុកម្លាំងជំនាញបានចុះដល់កន្លែងកើតហេតុ ដើម្បីពិនិត្យ និងធ្វើការវាស់វែង ហើយយករថយន្តពាក់ព័ន្ធមកអង្គភាព ចំណែកអ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណ បានគេចខ្លួនបាត់ ។ មូលហេតុជែងវ៉ាខ្វះការប្រុងប្រយ័ត្ន ។ បច្ចុប្បន្នរថយន្តក្រុងដឹកអ្នកដំណើររបស់ (ក្រុមហ៊ុនពិភពរស្មី) ត្រូវបានកម្លាំងជំនាញស្ទួចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ