ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្រេច​កំពត​ឡើងថ្លៃ​២​ដុល្លារ​គ្រប់​ប្រភេទ ខណៈ​ម្រេច​ក្រៅ​តំបន់​កំពុង​យ៉ាប់យ៉ឺន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ខណៈ​ផលិតផល​ម្រេច​នៅ​តាម​បណ្ដា​ខេត្ត​ខ្ពង់រាប​មួយ​ចំនួន កំពុង​ប្រឈម​នឹង​បញ្ហា​ទីផ្សារ ដោយសារ​តម្លៃ​ម្រេច​ឆ្នាំ​នេះ​ធ្លាក់​ថ្លៃ​ខ្លាំង​នោះ បែរជា​ផលិតផល​ម្រេច​កំពត បាន​ឡើងថ្លៃ​ចំនួន ២​ដុល្លារ​បន្ថែម​លើ​គ្រប់​ប្រភេទ​ម្រេច ដែល​ធ្វើ​អោយ​តម្លៃ​ថ្មី​នេះ គឺ​កើនឡើង​ដល់…

រាជធានី​ភ្នំពេញ ៖ ខណៈ​ផលិតផល​ម្រេច​នៅ​តាម​បណ្ដា​ខេត្ត​ខ្ពង់រាប​មួយ​ចំនួន កំពុង​ប្រឈម​នឹង​បញ្ហា​ទីផ្សារ ដោយសារ​តម្លៃ​ម្រេច​ឆ្នាំ​នេះ​ធ្លាក់​ថ្លៃ​ខ្លាំង​នោះ បែរជា​ផលិតផល​ម្រេច​កំពត បាន​ឡើងថ្លៃ​ចំនួន ២​ដុល្លារ​បន្ថែម​លើ​គ្រប់​ប្រភេទ​ម្រេច ដែល​ធ្វើ​អោយ​តម្លៃ​ថ្មី​នេះ គឺ​កើនឡើង​ដល់ ១៧​ដុល្លារ​សម្រាប់​ម្រេចខ្មៅ​, ២៧​ដុល្លារ​សម្រាប់​ម្រេច​ក្រហម និង​៣០​ដុល្លារ សម្រាប់​ម្រេចស ។

លោក ងួ​ន ឡាយ ប្រធាន​សមាគម​លើកកម្ពស់​ម្រេច​ខេត្តកំពត បានអោយ​ដឹង តាម​ទូរ​សព្ទ​នា​ថ្ងៃ​ទី ២៨ ខែមីនា នេះ​ថា ការ​សម្រេច​ឡើងថ្លៃ​នេះ មិនមែន​ជា​ការ​សម្រេច​របស់​សមាគម​នោះ​ទេ ពោល​គឺ​មានការ​ព្រមព្រៀង​ពី​អ្នកបញ្ជា​ទិញ​ម្រេច​មួយ​ដ៏​ធំ​សម្រាប់​នាំ​ចេញ ដោយ​ក្រុមហ៊ុន​បញ្ជា​ទិញ​នេះ​គឺ​គេ​កំណត់​ទិញ​តែ​ពី​កសិករ​ខ្នាត​តូច​ប៉ុណ្ណោះ ទើប​អាច​លក់​ក្នុង​តម្លៃ​ទាំងនេះ បាន ។ លោក​បន្ត​ថា ក្រុមហ៊ុន La Plantation ដែល​ជា​អ្នកបញ្ជា​ទិញ​ម្រេច​ក្នុង​តម្លៃ​ថ្មី​នេះ បាន​កំណត់​យក​កសិករ​ខ្នាត​តូច ដោយ​មាន​ដំណាំ​ម្រេច​ក្រោម​១៥០០​គុម្ព ទើប​អាច​ទិញ​ក្នុង​តម្លៃ​នេះ​បាន និង​ព្រម​ទិញ​យក​ពី​កសិករ​ទាំងអស់​ដែល​ផលិត​បាន តែ​សម្រាប់​កសិករ​ខ្នាត​ធំ ដែល​មាន​ដំណាំ​ម្រេច​ច្រើន​ជាង​នេះ ក្រុមហ៊ុន​មិន​ទទួល​ទិញ ហើយ​បើសិនជា​មាន​តម្រូវការ ក៏​ទិញ​ក្នុង​តម្លៃ​ផ្សេង​ដែរ ។

លោក ងួ​ន ឡាយ មាន​ប្រសាសន៍​ថា « នេះ​គឺជា​ជោគជ័យ​ធំ​មួយ​សម្រាប់​សមាគម​ម្រេច​កំពត ជា​ពិសេស​កសិករ​ខ្នាត​តូច នៅ​ក្នុង​តំបន់​ម្រេច​ខេត្តកំពត សម្រាប់​លើកកម្ពស់​ជីវភាព​របស់​ពួក​គាត់ ក៏​ដូច​ជា​ការ​ស្វែងរក​ទីផ្សារ​ថ្មី​មួយ​សម្រាប់​ពួក​គាត់​ផង​ដែរ »​។ លោក​បន្ត​ទៀត​ថា បច្ចុប្បន្ន​នេះ នៅ​ក្នុង​សមាជិក នៅ​ក្នុង​សមាគម​មាន​កសិករ​ខ្នាត​តូច​រហូត​ដល់​ជាង​៨០​ភាគរយ​ទៅ​ហើយ ដូច្នេះ បើសិនជា​ជួយ​ពួក​គាត់​បាន គឺជា​ការ​ល្អ​ប្រសើរ​ណាស់ ហើយ​កសិករ​ប្រមាណ​តែ​២០​ភាគរយ​ទៀត អាច​រក​ទីផ្សារ​បាន​ដោយ​ខ្លួនឯង ជាក់ស្ដែង​អ្នកខ្លះ​មាន​ទីផ្សារ​សម្រាប់​លក់​រួច​ហើយ អ្នកខ្លះ​ទៀត ជា​ក្រុមហ៊ុន​បញ្ជា​ទិញ​ផង និង​ជា​អ្នក​ដាំ​ម្រេច​ផង ម្ល៉ោះហើយ​គេ​អត់​ត្រូវ​ភ័យ​រឿង​ទីផ្សារ​នោះ​ទេ​។ ជាក់ស្ដែង​ក្រុមហ៊ុន​មួយ​ចំនួន ដែល​ចូល​ជា​សមាគម​ក៏​បាន​នាំ​ចេញ​ម្រេច​ទៅ​កាន់​ទីផ្សារ​ក្រៅប្រទេស​ដោយ​ខ្លួន​គេ​ដែរ ។

ប្រធាន​សមាគម​រូប​នេះ បាន​លើក​ឡើង​ផង​ដែរ​ថា សម្រាប់​ឆ្នាំ ២០១៩​នេះ បើសិនជា​ប្រមូល​ទិញ​ពី​កសិករ​ខ្នាត​តូច​ទាំងអស់​នឹង​ទទួល​បាន​ទិន្នផល​ប្រមាណ​២០​តោន ខណៈ​ទិន្នផល​ម្រេច​របស់​សមាគម​ទាំងមូល​រំពឹង​ថា នឹង​ទទួល​បាន​ជុំវិញ ៩០​តោន ។
លោក​បញ្ជាក់​ថា ចំពោះ​កុងត្រា​ទិញ​លក់​រវាង​ក្រុមហ៊ុន​មួយ​នេះ នឹង​ត្រូវធ្វើ​ឡើង​នៅ​ក្រោយ​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ ហើយ​បន្ទាប់​ពី​នោះ​ក្រុមហ៊ុន​ក៏​នឹង​ចាប់ផ្ដើម​ប្រមូល​ទិញ​ម្រេច​ពី​កសិករ​ខ្នាត​តូច នៅ​ក្នុង​តំបន់​ម្រេច​ខេត្តកំពត ផង​ដែរ ។

ជាមួយនឹង​ការ​កើនឡើង​នៃ​តម្លៃ​ម្រេច​ថ្មី​នេះ កសិករ​មួយ​ចំនួន​នៅ​ក្នុង​តំបន់​ម្រេច​កំពត បាន​បង្ហាញ​ពី​ក្ដី​សាទរ និង​សង្ឃឹមថា ព័ត៌មាន​នេះ​នឹង​ក្លាយជា​ការ​ពិត​ពីព្រោះ​កន្លង​មក ផលិតផល​ម្រេច​កំពត​ដែល​កសិករ​ទទួល​ទិន្នផល​ហើយ តែ​ពិបាក​រក​ទីផ្សារ ជា​ពិសេស​បញ្ហា​ហិរញ្ញវត្ថុ​ផ្ទាល់​តែ​ម្ដង ដោយ​ក្រុមហ៊ុន​ទិញ​យក​ម្រេច​ទៅ​បាត់​ហើយ តែ​មិន​ទាន់​អោយប្រាក់​ទៅ​កសិករ​។​ចំណែក​កសិករ​ផ្សេង​ទៀត បាន​លក់​ទៅ​អោយ​ឈ្មួញ​នៅ​ក្រៅ​សមាគម ដើម្បី​បាន​ប្រាក់​ត្រលប់​មក​វិញ​ខ្លះ យក​ទូទាត់​ការ​ចំណាយ​នានា ដូច​ជា​ការ​ចំណាយ​ទៅ​លើ​ថ្លៃ​កម្មករ​ជាដើម ។

គួរ​បញ្ជាក់​ថា ម្រេច​កំពត​នៅ​តែ​រក្សា​បាន នូវ​តម្លៃ​មួយ​ថេរ បើ​ទោះបីជា​ម្រេច​នៅ​ក្រៅ​តំបន់​បាន​ធ្លាក់​ចុះ​ដល់​កម្រិត​ណា​ក៏​ដោយ​ជាក់ ស្ដែង​កាលពីមុន​នេះ​បន្តិច តម្លៃ​ម្រេច​កំពត​គឺ ខ្មៅ ១៥​ដុល្លារ​ក្នុង​មួយ​គីឡូក្រាម ម្រេច​ក្រហម ២៥​ដុល្លារ​អា​មេ​រិ​ក ក្នុង​មួយ​គីឡូក្រាម និង​ម្រេច​សមាន​តម្លៃ ២៨​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​គីឡូក្រាម ។ ចំណែក​ម្រេច​ក្រៅ​តំបន់​ពី​ម្រេច​ខេត្តកំពត​វិញ កំពុង​មាន​បញ្ហា​ទីផ្សារ និង​ប្រឈម​នឹង​ការ​កាប់​ចោល​ដើម្បី​ដាំ​ដំណាំ​ថ្មី​ដែល​មាន​ទីផ្សារ​ពី​សំណាក់​ប្រជាពលរដ្ឋ​ដូច​ជា​ម្រេច​នៅ​មណ្ឌល​គី​រី ព្រះ​វិហារ ត្បូងឃ្មុំ​និង​កំពង់ចាម​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ