រាជធានីភ្នំពេញ ៖ លោកព្រឹទ្ធាចារ្យ លឺឡាយស្រេង ដែលមានវ័យ៨៥ឆ្នាំ ដែលកំពុងតែរស់នៅក្រៅប្រទេសអស់រយៈពេល២ឆ្នាំមកហើយ បានស្នើសម្តេចតេជោចូលស្រុកកំណើតវិញ ។ ដែលលោកបានអះអាងថា លោកនៅក្រៅប្រទេសមិនបានចូលរួមជាមួយគណបក្សនយោបាយណាមួយឡើយ ហើយបានបញ្ជាក់លើបណ្តាញសង្គមតាមរយៈការឡាយវីដេអូនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ ។
លោកលឺឡាយស្រេង ៖ថា «ខ្ញុំចេញពីស្រុកកំណើតមកជិត២ឆ្នាំហើយ ។ មិនដឹងថ្ងៃណាបានចូលមកស្រុកវិញទេ សព្វថ្ងៃនេះមានជំងឺអីផងហើយខ្ញុំ បាននិយាយច្រើនដងហើយ សូមឲ្យសម្តេចនាយកអនុគ្រោះនៅពេលនិយាយខុសបន្តិចអីនឹងទុកជាមោឃអនុញ្ញាតឲ្យខ្ញុំចូលស្រុកវិញទៅ ។ ពីព្រោះខ្ញុំបានបម្រើជាមួយសម្តេចច្រើនអាណត្តិហើយ» ។ លោកព្រឹទ្ធាចារ្យក៏បានលើកឡើងថា លោកនៅក្រៅប្រទេសមិនបានចូលរួមជាមួយគណបក្សនយោបាយណាមួយនោះទេ ហើយអ្វីដែលលោកនិយាយ គឺនិយាយត្រង់ៗ ដូច្នេះគួរណាអនុញ្ញាតឲ្យលោកចូលស្រុកវិញ ណាមួយជិតចូលឆ្នាំផង ខ្ញុំនឹកវត្ត និងបងប្អូនខ្ញុំ ។
លោកបញ្ជាក់ថា«ប៉ុន្មានថ្ងៃទៀតជិតដល់ថ្ងៃឆេងម៉េងហើយ ខ្ញុំមិនបានថែថ្នូរឪពុកម្តាយខ្ញុំជាង១២ឆ្នាំហើយ ដូច្នេះត្រូវយ៉ាងម៉េច សូមសម្តេចគិតថា ជាសហការីធ្លាប់ធ្វើការជាមួយអស់រយៈពេល៣អាណត្តិ គួរណាស់តែផ្តល់ឱកាសដល់មនុស្សម្នាក់នេះផង ។ ស្លាប់ថ្ងៃណាក៏មិនដឹង ព្រោះសង្ខារមនុស្សមិនទៀង ហើយណាមួយចេះតែឈឺផង មួយថ្ងៃលេបថ្នាំ៩គ្រាប់ ហើយ១ខែត្រូវទៅពេទ្យមួយដង» ។ ជាមួយគ្នានោះដែរលោកក៏បានឲ្យដឹងថា លោកឈប់ពីនយោបាយហើយ ហើយអ្វីដែលលោកនិយាយពីស្ថានការណ៍នយោបាយកាលពេលកន្លងមក ដើម្បីចង់ឲ្យខ្មែរនិយាយគ្នា ប៉ុន្តែរហូតមកដល់ពេលនេះភាគីម្ខាងៗនិយាយគ្នាលែងបានហើយ ដូច្នេះលោកឈប់និយាយហើយ ។ លោកក៏បានត្អូញថា នៅស្រុកគេបានជួលផ្ទះក្នុងមួយខែតម្លៃ២០០ដុល្លារ ហើយមួយខែស្ទើរដាច់ខ្យល់ ។
សូមជម្រាបថា លោកព្រឹទ្ធាចារ្យខាងលើបានទៅរស់នៅស្រុកគេ ក្រោយពីលោកបានជាប់ពាក់ព័ន្ធប្រមាថព្រះមហាក្សត្រកម្ពុជា ៕
ចែករំលែកព័តមាននេះ