ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​ក្រុង​ពាលី​ជួសជុល​បង្កាន់ដៃស្ពាន​កំពង់ក្តី និងបួង​សួង​​សុំ​សេចក្តីសុខ

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ស្ពាន​នាគ​បុរាណ (​ស្ពាន​កំពង់ក្តី​) ឬ​ស្ពាន​ប្រាប់​ទិស ដែល​សាងសង់​ឡើង​ពី​ថ្មបាយក្រៀម ដែល​មាន​អាយុកាល​ជាង​១​ពាន់​ឆ្នាំ​មក ហើយ​ត្រូវ​បាន​ធ្វើការ​ជួសជុល​ចំនួន​២​លើក​រួច​មក​ហើយ កាលពី​សម័យ​បារាំង និង​សម័យ​រដ្ឋ​កម្ពុជា…

ខេត្តសៀមរាប ៖ ស្ពាន​នាគ​បុរាណ (​ស្ពាន​កំពង់ក្តី​) ឬ​ស្ពាន​ប្រាប់​ទិស ដែល​សាងសង់​ឡើង​ពី​ថ្មបាយក្រៀម ដែល​មាន​អាយុកាល​ជាង​១​ពាន់​ឆ្នាំ​មក ហើយ​ត្រូវ​បាន​ធ្វើការ​ជួសជុល​ចំនួន​២​លើក​រួច​មក​ហើយ កាលពី​សម័យ​បារាំង និង​សម័យ​រដ្ឋ​កម្ពុជា ។

កាលពី​រសៀល​ថ្ងៃ​ទី​២៨ ខែ មីនា ឆ្នាំ​២០១៩ ព្រះសង្ឃ គណៈកម្មការ​វត្ត​ជីក្រែង ពុទ្ធបរិស័ទ អាជ្ញាធរ​ស្រុក​ជីក្រែង បាន​រួម​កិច្ចសហការ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា បាន​រៀបចំ​ធ្វើ​ពិធី​ក្រុង​ពាលី​ជួសជុល​បង្កាន់ដៃ​ស្ពានថ្ម​បុរាណ ស្ពាន​កំពង់ក្តី ហៅ​ស្ពាន​ប្រាប់​ទិស ​និង​បួង​សួង​សុំ​នូវ​សេចក្តីសុខ​ក្នុង​ពេល​ត​ភ្ជាប់​បង្កាន់ដៃស្ពាន ។

ក្នុង​ពិធី​ក្រុង​ពាលី​នោះ​ដែរ ក៏​មាន​វត្តមាន​ចូលរួម​របស់​លោក ស៊ឹង គង់ អតីត​អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា លោក ពៅ ប៊ុ​ន​ធឿ​ន អភិបាលស្រុក​ជីក្រែង មន្ត្រីរាជការ មេឃុំ និង​កងក​ម្លាំ​ប្រដាប់​អាវុធ រួម​ទាំង​ពុទ្ធបរិស័ទ ប្រជាពលរដ្ឋ​ចូលរួម​យ៉ាងច្រើន​កុះករ​ទៀត​ផង ។

បន្ទាប់​ពី​ធ្វើការ​ដង្ហែ​នូវ​ទេវរូប​ទាំង​ពីរ​អង្គ​ប្រទក្សិណ​ចំនួន​៣​ជុំ​ទី​អ​សនៈ និង​ថ្វាយ​ភួងផ្កា បូជា ទៀន ធូប​រួច​មក ព្រះសង្ឃ អាជ្ញាធរ​ដែនដី លោកតា​អាចារ្យ បាន​ចាប់ផ្តើម​ធ្វើ​ពិធី​ក្រុង​ពាលី និង​បួងសួង ទៅ​តាម​គន្លង​ប្រពៃណី​ព្រះពុទ្ធ​សាសនា ដែល​ពុទ្ធបរិស័ទ​គោរពរ​ប្រណិប័ត្តន៍​តរៀង​មក ដោយ​មានការ​សែនព្រេន ដើម្បី​សុំ​ម្ចាស់​ទឹក​ម្ចាស់​ដី ដែល​មាន​បារមី គង់​ប្រថាប់​ថែរក្សា​នៅ​ស្ពាន​នាគ​កំពង់ក្តី​ជា​ច្រើន​ពាន់​ជំនាន់​មក​ហើយ ដែល​មានឈ្មោះ​លោកតា គង់ និង​តា​ព្រហ្ម សូម​ឲ្យ​ជួយ​ថែរក្សា​ប្រជានុរាស្ត្រ​នៅ​ទូ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា ក៏​ដូច​ក្នុងស្រុក​ជីក្រែង ។

ក្នុង​ពិធី​នោះ​ដែរ ពុទ្ធបរិស័ទ​បួងសួង​សុំ​ឲ្យ​បារមី​លោកតា​ថែរក្សា​ស្ពានថ្ម​ទាំង​១៣ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ដើម្បី​បញ្ជៀ​ស​នូវ​គ្រោះថ្នាក់​ចរាចរណ៍ និង​សុំ​ឱ្យ​បារមី​របស់​លោកតា​គង់ លោកតា​ព្រហ្ម ការពារ​ស្ពាន​នាគ​កំពង់ក្តី ឬ ស្ពាន់​ប្រាប់​ទិស ក្នុងស្រុក​ជីក្រែង ។

តាម​ការ​បញ្ជាក់​របស់​ព្រះ​គ្រូសូត្រស្តាំ ឃឿ​ន សា​វង្ស ក្នុង​នាម​តំណាង​លោកគ្រូ​ចៅអធិការ​វត្ត​ជីក្រែង បាន​ឲ្យ​ដឹង ពិធី​នេះ​ធ្វើ​ឡើង​ក្នុង​គោលបំណង​សម្រាប់​អ្នក​កាន់​ព្រះពុទ្ធ​សាសន៍ ទៅ​តាម​ពុទ្ធា​ឱវាទ​របស់​ព្រះសម្មាសម្ពុទ្ធ ដែល​ទ្រង់​បាន​សម្តែង​នូវ​ព្រះធម៌ ទុក​ឲ្យ​ពុទ្ធបរិស័ទ គោរព​បូជា ដើម្បី​ឲ្យ​យើង គ្រប់​រូប​ចេះ​រួបរួមសាមគ្គី​គ្នា សំខាន់​ប្រជាពលរដ្ឋ​នៅ​ទូ​ទាំង​ស្រុក​ជីក្រែង រួម​មតិ​គ្នា​បាន ផ្តួចផ្តើម​រៀបចំ​ពិធីបុណ្យ​ជួសជុល​បង្កាន់ដៃស្ពាន ដែល​មាន​តួអង្គ​ជានា​គ ក្នុង​ការ​សុំ​នូវ​សេចក្តីសុខ​ចម្រើន ថែរក្សា​នូវ​សុខ​សន្តិភាព​ឲ្យ​បាន​គង់វង្ស ដូច​ការ​ថែរក្សា​ឲ្យ​បាន​គង់វង្ស​នូវ​ស្ពាន​នាគ​បុរាណ ដែល​ជា​ប្រភព​ចំណូល​មិន​ចេះ​រីងស្ងួត​របស់​ជាតិ និង​ប្រជាជន​ស្រុក​ជីក្រែង​ផង​ដែរ ។

មាន​ប្រសាសន៍​សំណេះសំណាល​ក្នុង​ពិធី​នោះ​ដែរ លោក ស៊ឹង គង់ បាន​គូសបញ្ជាក់​ថា ដោយសារ​កត្តា​សន្តិភាព​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​ប្រជា​ពុទ្ធបរិស័ទ និង​ប្រជាពលរដ្ឋ មាន​សិទ្ធិ​សេរីភាព ក្នុង​ការ​ប្រកប​មុខរបរ ការ​ដើរហើរ ការ​ជួបជុំ​ធ្វើបុណ្យ​ទាន​ទៅ​តាម​ប្រពៃណី​សាសនា ។ លោក​ក៏​បាន​លើក​ឡើង​ផង​ដែរ អំពី​ជីវប្រវត្តិ​របស់​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ និង​ម្ចាស់​ក្សត្រិយ៍​ឥន្ទ្រ​ទេវី​ជា​វរៈនារី​ដ៏​ឆ្នើម​នា​សម័យ​មហានគរ ដោយ​ព្រះ​អង្គ​ទាំង​ពីរ បាន​បន្សល់​ទុក​នូវ​ស្នា​ព្រះ​ហស្ត​ក្នុង​ការ​កសាង​នូវ​រាល់​សម​ទ្ធិ​ផល​ជា​ច្រើន ទៅ​តាម​បែប​ព្រហ្ម​ម​ញ្ញ​សាសនា និង​ព្រះពុទ្ធ​សាសនា ព្រមទាំង​អភិវឌ្ឍន៍​នូវ​ប្រព័ន្ធ​ធា​រាស្ត្រ ប្រព័ន្ធ​គមនាគមន៍ មន្ទីរពេទ្យ​ជាដើម ។

លោក​បាន​បន្ត​ថា ម្យ៉ាងទៀត​ការ​ជួបជុំ​គ្នា​នៅ​លើ​ស្ពាន​នាគ​បុរាណ គឺ​ដើម្បី​ធ្វើ​ពិធី​ជួសជុល​បង្កាន់ដៃស្ពាន និងបួងសួង​សុំ​នូវ​សេចក្តីសុខ​ចម្រើន ជូន​ដល់​ប្រទេស​ជាតិ សំខាន់​ថ្នាក់ដឹកនាំ​កំពូល​ៗ និង អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ មន្ត្រីរាជការ និង ប្រជាពលរដ្ឋ ក្នុងស្រុក​ជីក្រែង ក្នុង​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​តាម​ដងផ្លូវ​ទូ​ទាំង​ប្រទេស សូមកុំ​ឲ្យ​កើត​មាន​គ្រោះថ្នាក់​ចរាចរណ៍​ឡើយ ។

លោក​បាន​លើក​ផង​ដែរ​អំពី​ការ​សាសនា គ្រប់​ជាតិ​សាសន៍ ដោយ​បញ្ជាក់​ថា សាសនា​នៃ​ប្រទេស​និ​មួយ​ៗ គឺ​ធ្វើការ​អប់រំ​មនុស្ស​គ្រប់​រូប ប្រព្រឹត្ត​តែ​អំពើ​ល្អ ឲ្យ​ស្គាល់​បុណ្យ​បាប អាក្រក់ ល្អ ហើយ​ក៏​ជា​ស្ពាន​មួយ​ក្នុង​ការ​ស្វែងរក​នូវ​សេចក្តី​ស្ងប់ និង​សុខ​សន្តិភាព ។ ដូច្នេះ​ដើម្បី​ភាព​សុខសាន្ត​របស់​ប្រជាជន​កម្ពុជា យើង​ត្រូវ​រួម​សាមគ្គី​គ្នា រក្សា​នូវ​សុខ​សន្តិភាព​ឲ្យ​បាន​គង់វង្ស និង​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​មាន​ភាព​រីក​ចម្រើន​ទៅ​អនាគត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ