ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បារាំង​និង​ចិន​ស្នើ​ឲ្យ​មាន​កិច្ច​សហប្រតិបត្តិការ​រវាង EU និង​ចិន​បន្ថែម

4 ឆ្នាំ មុន

ទី​ក្រុងប៉ារីស ៖ យោង​តាម​ភ្នាក់ងារ​សារព័ត៌មាន Channel NewsAsia បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​២៦ មីនា កន្លង​មក​ថា លោក​ប្រធានាធិបតី ស៊ី…

ទី​ក្រុងប៉ារីស ៖ យោង​តាម​ភ្នាក់ងារ​សារព័ត៌មាន Channel NewsAsia បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​២៦ មីនា កន្លង​មក​ថា លោក​ប្រធានាធិបតី ស៊ី ជិន​ពីង (Xi Jinping) របស់​ប្រទេស​ចិន និង​លោក​ប្រធានាធិបតី Emmanuel Macron របស់​ប្រទេស​បារាំង​បាន​ស្នើ​កាលពី​ថ្ងៃ​ចន្ទ ឲ្យ​មាន​កិច្ច​សហប្រតិបត្តិការ​រវាង​សហភាព​អ៊ឺ​រ៉ុ​ប (EU) និង​ប្រទេស​ចិន​បន្ថែម ខណៈ​ដែល​កំពុង​មានការ​ព្រួយបារម្ភ​កាន់តែ​ខ្លាំង​ឡើង​ទាក់ទិន​នឹង​ការ​វិនិយោគ​របស់​ប្រទេស​ចិន​ក្នុង​តំបន់ ។

លោក Macron បាន​ស្នើ​ឲ្យ​មានការ​ចាប់​ដៃគូ​រវាង​អ៊ឺ​រ៉ុ​ប និង​ប្រទេស​ចិន​ដោយ​រឹង​មាំ និង​បាន​បន្ថែម​ថា វា​ត្រូវ​តែ​យោង​តាម​ភាព​ពហុភាគី និង​ការ​ធ្វើ​ពាណិជ្ជកម្ម​ដែល​យុត្តិធម៌ និង​មាន​លំនឹង ។ ជាមួយ​គ្នា​នេះ​ផង​ដែរ លោក​ស៊ី បាន​និយាយ​ប្រាប់​ដល់​សារព័ត៌មាន​ថា «​ប្រទេស​ចិន​នឹង​តែងតែ​គាំទ្រ​ការ​ធ្វើ​ស​មាហ​រណកម្ម​អ៊ឺ​រ៉ុ​ប និង​ការ​អភិវឌ្ឍន៍​របស់​តំបន់​នេះ​»​។

ប្រសាសន៍​របស់​អ្នកដឹកនាំ​ខាងលើ​ត្រូវ​បាន​ថ្លែង​ឡើង​បន្ទាប់​ពី​មានការ​ចុះ​កិច្ចព្រមព្រៀង​ជា​ច្រើន​ស្តី​ពី​អាវុធ​នុយក្លេអ៊ែរ ការ​ផ្លាស់​ប្តូរ​វប្បធម៌ ថាមពលបៃតង និង​កិច្ចព្រមព្រៀង​ដ៏​ធំ​ដែល​ប្រទេស​ចិន​ទិញ​យន្តហោះ Airbus A320 ចំនួន ២៩០ គ្រឿង និង A350 ចំនួន ១០​គ្រឿង​ផង​ដែរ ។

កិច្ចព្រមព្រៀង​ទាំងអស់​ដែល​រួម​មានការ​នាំ​ចេញ​សាច់​មាន់​ពី​បារាំង​ទៅ​កាន់​ប្រទេស​ចិន​សរុប​មាន​តម្លៃ​ប្រមាណ​៤០​ប៊ី​លាន​ដុល្លារ​ឯណោះ ។ មុន​ពេល​ទស្សនៈកិច្ច​ទៅ​កាន់​ប្រទេស​បារាំង លោក​ប្រធានាធិបតី ស៊ី បាន​ធ្វើ​ដំណើរ​ទៅ​កាន់​អ៊ី​តា​លី​ដែល​ជា​ប្រទេស G7 ដំបូង​ដែល​ចូលរួម​ក្នុង​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​សូត្រ​ថ្មី​របស់​ប្រទេស​ចិន​ដែល​បង្ក​ជា​កង្វល់​សម្រាប់​សហរដ្ឋអាមេរិក និង​សហភាព​អ៊ឺ​រ៉ុ​ប​ផង​ដែរ ។

លោក​ប្រធានាធិបតី Macron ក៏​បាន​ប្រកាស​ថា​ប្រទេស​បារាំង និង​ចិន​នឹង​សហការ​លើ​គម្រោង​វិនិយោគ​ជា​ច្រើន​ដែរ​ក្នុង​ប្រទេស​មួយ​ចំនួន​ក្នុង​ការ​រៀបចំ​សម្រាប់​គម្រោង​ផ្លូវ​សូត្រ​ថ្មី​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ