ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្វែង​យល់​ចំណុច​ពិសេស​4​យ៉ាង​ពីចាន់ រតនា ដើម្បី​ជាតិ និង​កីឡា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ចំណោម​កីឡាករ ប្រដាល់​កម្ពុជា​ល្បីឈ្មោះ គេ​កត់​សម្គាល់ថា កីឡាករ​ចាន់ រតនា មាន​ចំណុច​ពិសេស ៤​យ៉ាង​ខុស​ប្លែក​ពី​គេ​ធ្វើ​ឱ្យ​រូបគេ​ក្លាយជា​កីឡាករ ជួរ​មុខ…

រាជធានី​ភ្នំពេញ ៖ ក្នុង​ចំណោម​កីឡាករ ប្រដាល់​កម្ពុជា​ល្បីឈ្មោះ គេ​កត់​សម្គាល់ថា កីឡាករ​ចាន់ រតនា មាន​ចំណុច​ពិសេស ៤​យ៉ាង​ខុស​ប្លែក​ពី​គេ​ធ្វើ​ឱ្យ​រូបគេ​ក្លាយជា​កីឡាករ ជួរ​មុខ ។ ចំណុច​ពិសេស​ទាំង​៤​នោះ​គឺ​ចាន់ រតនា ជា​កីឡាករ​ដែល​វិ​វត្ត​ពី​ក្បាច់គុន​ច្រើន​ប្រភេទ​ខុស​គ្នា​ហើយ​នៅ​តែ​ល្បី​ុ​, ជា​ម្ចាស់​ក្លិប​ប្រដាល់​, ជា​កីឡាករ​ខ្មែរ​តែ​ម្នាក់​ដែល​មាន​ភរិយា​ជា​ជនជាតិ​បារាំង និង​ជា​កីឡាករ​ដែល​បណ្ដុះ​ឆន្ទៈ​ភរិយា និង​កូនស្រី​ឱ្យ​ចង់​រស់នៅ​ស្រុក​ខ្មែរ​តាម​ខ្លួន​និង​ស្រឡាញ់​ក្បាច់គុន​ប្រដាល់​។

យោង​តាម​ភាព​ជាក់ស្ដែង គេ​សុទ្ធតែ​ដឹង​ថា ចាន់ រតនា ផ្ដើម​ចេញពី​កីឡាករ​ប្រដាល់​គុន​ខ្មែរ តែ​ដោយ​សារ​តែ​លោក​មាន​ឪពុក​ជា​គ្រូ​យុទ្ធ​ក្រម ខម លោក​ក៏​ក្លាយជា​កីឡាករ​ល្បីឈ្មោះ​ផ្នែក​យុទ្ធ​ក្រម​ខម ដោយ​បាន​ទាំង​សម្ដែង​រឿង​ធ្វើ​ជា​តួឯក ហើយ​មានឈ្មោះ​បោះ​សំឡេង​ផង ។ មិនយូរ​ប៉ុន្មាន​លោក​ក៏​ត្រូវ​បាន​សមា​គម​ខ្មែរ​នៅ​ប្រទេស​បារាំង​ធានា​ឱ្យទៅ​បង្វឹក​នៅ​ប្រទេស​អឺរ៉ុប ហើយ ក៏​បាន​ជួប​ភរិយា​ជា​ជនជាតិ​បារាំង​សព្វថ្ងៃ ដោយ​ក្រោយ​ពេល​សេពគប់​គ្នា នាង​ក៏​ចុះ​មក​រក​ស៊ីនៅ​កម្ពុជា ហើយ​បាន​ចាប់ដៃ​គ្នា​រួមរស់​ជា​ប្ដី​ប្រពន្ធ​តែ​ម្ដង ។ មក​ដល់​បច្ចុប្បន្ន លោក​បាន​វិវត្តន៍​ខ្លួន​ក្លាយជា​កីឡាករ​ក្បាច់គុន​ចម្រុះ​ប្រដាល់​ដាក់​ទ្រុង ដោយ​ទីផ្សារ​របស់​លោក​គឺ​នៅ​តែ​ល្បី និង​មាន​ហាងឆេង​នៅ​សង្វៀន​ក្រៅប្រទេស ។

អីុចឹង ហើយ​ទើប​គេ​ចាត់​ទុក​ថា ចាន់ រតនា មាន​លក្ខណៈ​ពិសេស​ខុស​គេ​មួយ​គឺ​មាន​ជំនាញ​ច្រើន​ប្រភេទ ហើយ​ថែម​ទាំង​នៅ​តែ​ជោគជ័យ​គួរ​ឱ្យ​កត់សម្គាល់​។ ចំណុច​មួយទៀត​ដែល​អ្នកគាំទ្រ​កោតសរសើរ​មិន​ដាច់​ពី​មាត់ គឺ​ទោះជា​លោក​មាន​ភរិយា​មាន មុខរបរ​បើកហាង​ធំដុំ​មួយ​នៅ​ភ្នំពេញ​ទៅ​ហើយ ក៏​លោក​នៅ​តែ​ងប់ងុល​នឹង​អាជីព​ប្រដាល់ ដោយ បាន​ចំណាយ​ទុន និង​ពេលវេលា​បើក​ក្លិប​បង្វឹក​កូន​ខ្មែរ​ជា​រៀងរាល់ថ្ងៃ ដើម្បី​ចែករំលែក​ចំណេះ​ជំនាញ ។ លោក​បាន​បង្ហាត់​ពី​ក្បាច់គុន​សម្រាប់​ចូល​ប្រឡូក​ក្នុង​ការ​ប្រកួត​នៅ​ONE Championship ដោយ​ដើរតួ​ជា​ម្ចាស់​ក្លិប​ផង និង​ជា​គ្រូបង្វឹក​ផង ។ លោក​ត្រូវ​គេ​កត់​សម្គាល់ថា ស្ទើរតែ​ពលី​នឹង​អាជីព​ប្រដាល់​មួយ​នេះ ដោយ​មិន​ខ្វល់​ពីមុខ​ជំនួញ​ភរិយា​ជនជាតិ​បារាំង​និង​គម្រោង​ចេញ​ទៅ​រស់នៅ​ប្រទេស​បារាំង​។

កីឡាករ​រូប​នេះ​រឹតតែ​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ចង​ចាំ គឺ​លោក​នៅ​តែ​ទទួល​ប្រកួត បើ​ទោះជា​លោក​សារភាព​ថា​ខ្លួន​មាន​វ័យ​ជ្រេ និង​ខ្សោយកម្លាំង​ជាង​មុន​ទៅ​ហើយ ។ ចាន់ រតនា រមែង​បង្ហាញ សមត្ថភាព​យ៉ាង​កក្រើក​ក្នុង​ការ​ប្រកួត​របស់​គេ ដោយ​ការ​ប្រកួត​នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួ ប្រទេស ម៉ា​ឡេ​ស៊ី កាលពី​ពេល​កន្លង​ទៅ ត្រូវ​បាន​ចាត់​ទុក​ថា សមត្ថភាព​ដែល​គេ​ធ្វើ​បាន​នៅ​តែ​ខ្លាំង និង​ទាក់ទាញ​មិនធម្មតា​។

ស្រប​ពេល​ដែល​ព្រឹត្តិការណ៍ ONE Championship កំពុង​តែ​កើប​ប្រជាប្រិយភាព​បាន​យ៉ាង​ធំធេង​នោះ​ផង ទើប​ការ​បង្ហាញខ្លួន​ទទួល​ប្រកួត​របស់​ចាន់ រតនា នៅ​តែ​ធ្វើ​ឱ្យ​អ្នកគាំទ្រ​យល់​ថា លោក​ពិតជា​កីឡាករ​ជើង​ចាស់​ដែល​មាន​ទេព​កោសល្យ និង​រក្សា​បាន​កម្លាំង​ខុស​ពី​វ័យ​របស់​កីឡាករ​រួម​ជំនាន់​។

ចំណុច​ចុង​ក្រោយ​ដែល​អ្នកកីឡា និង​មហាជន កោតសរសើរ​មិន​ដាច់​ពី​មាត់​នោះ​គឺ​ចាន់ រតនា មាន​ទឹកចិត្ត​ស្រឡាញ់​ប្រទេស​កំណើត​របស់ ខ្លួន អាច​អន្ទង​ទឹកចិត្ត​ភរិយា​គឺ​អ្នកស្រី​Cindy Coupon​លែង​ចង់ទៅ​រស់នៅ​ប្រទេស​បារាំង​វិញ និង​រមែង​បណ្ដុះ​កូនស្រី​ទាំង​២​ឱ្យ​ស្គាល់​ពី​វប្បធម៌ ខ្មែរ​ជា​ពិសេស​ក្បាច់គុន​បុរាណ​ខ្មែរ​។

ចាន់ រតនា នៅ​តែ​ប្រកាន់​ជំហរ​ថា​៖«​កូន ទី​១​របស់ខ្ញុំ​ឈ្មោះ Lycia មាន​អាយុ​១១​ឆ្នាំ និង​កូន​ទី​២​ឈ្មោះ Melody អាយុ​ជិត​៧​ឆ្នាំ ហើយ ។ ជា​រឿយ​ៗ ខ្ញុំ​មិន​ត្រឹមតែ​បង្រៀន គាត់​ឱ្យ​ស្គាល់​អ្វី​ជា​ខ្មែរ​ប៉ុណ្ណោះ​ទេ សូ​ម្បី​តែ​ក្បាច់ គុន​ប្រដាល់​ក៏​ខ្ញុំ​តែង​ឆ្លៀតពេល​បង្រៀន​គាត់​ឱ្យ​យល់​ដឹង​ពី​ក្បាច់គុន​ខ្មែរ​ដែរ​»​។ លោក ពន្យល់​ថា ៖ « ដោយសារ​តែ​កូន​ៗ​របស់ខ្ញុំ កើតមក នៅ​ជាមួយ​ក្បាច់គុន​រាល់ថ្ងៃ ក្បាច់គុន​ស្ថិត​ក្នុង ឈាម​របស់​ពួក​គេ​ទៅ​ហើយ ។ ទោះបី​ពួក​គេ​មិន​បាន​ហ្វឹកហាត់​ត្រឹមត្រូវ​ក៏​ដោយ តែ​ពួក​គេ​មាន ទេព​កោសល្យ​ខាង​កីឡា​នេះ ។ ដូច្នេះ នៅ​ពេល​អនាគត​វា​ងាយស្រួល​សម្រាប់​ពួក​គេ​ក្នុង​ការ​ជ្រើស​យក​អាជីព​កីឡា​នេះ ។

រាល់​ថ្ងៃនេះ កូនស្រី​ច្បង​ចូល​ចិត្ត​ហាត់​ក្បាច់គុន​ជាង​កូនស្រី ពៅ ។ Melody ហាត់​តែ​ពេល​គាត់​ចង់ ប៉ុណ្ណោះ ។ គាត់​ចូល​ចិត្ត​ហាត់​និង​លេង​ជាមួយ​ខ្ញុំ តែ​ពេល​ខ្លះ​ខ្ញុំ​អស់កម្លាំង​ពេក​មិន​អាច​ហាត់​ឬ​លេង​ជាមួយ​គាត់​បាន គាត់​មិន​ដែល​នឿយណាយ ទេ »​។

ពេញ​មួយ​អាជីព​របស់​ខ្លួន ចាន់ រតនា បាន​ប្រឡូក​ក្នុង​ការ​ប្រកួត​គុន​ខ្មែរ​និង​គុន​ចម្រុះ​ដ៏​ពិបាក​ៗ​ជា​ច្រើន​ប្រកួត​តែ​មិន​ដែល​សន្លប់​ឡើយ​ហើយ​គ្រួសារ​របស់​គេ​តែងតែ​គាំទ្រ​ជា​និច្ច ។ រតនា បញ្ជាក់​ថា ៖ « ខ្ញុំ​គិត​ថា ពួក​គាត់​បារម្ភ ពី​ខ្ញុំ​នៅ​ពេល​ខ្ញុំ​ប្រកួត ប៉ុន្តែ​វា​មិន​អី​ទេ ។ ប្រពន្ធ ខ្ញុំ​បាន​ប្រាប់​ខ្ញុំ​ថា នៅ​ពេល​កូន​ៗ​ឃើញ​ខ្ញុំ​វ៉ៃ និង ហូរ​ឈាម ពួក​គេ​ភ័យ​ហើយ​ស្រែ​កថា [​ប៉ា​ៗ ចូលចាប់​គេ​ទៅ ! ចូល​ទៅ​ៗ !] ។ តែ​ឥឡូវ ពួក​គេ​បាន​ឃើញ​ខ្ញុំ​ប្រកួត​ច្រើន​ដង​ណាស់ ហើយ​ខ្ញុំ គិត​ថា ពួក​គេ​លែង​ភ័យ​ទៀត​ហើយ ។ ឪពុក របស់​ពួក​គេ​ជា​អត្ត​ព​លិ​ក​ម្នាក់ ដូច្នេះ​ពួក​គេ​ត្រូវ​តែ​ស៊ាំ​នឹង​ស្ថានភាព​នេះ »​។

ចំណុច​ទាំង​៤​ខាងលើ​នេះ​សុទ្ធតែ​ជា​អ្វី​ដែល ចាន់ រតនា បាន​ធ្វើ​ហើយ​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ការ​លះបង់​មួយ​គួរ​ឱ្យ​សរសើរ​បើ​ធៀប​នឹង​កីឡាករ ផ្សេង​ទៀត​ដែល​មានឱកាស​ក្លាយជា​បុគ្គល​មាន​ជីវភាព​ល្អ​ប្រសើរ​ដូច​លោក​ទៅ​ហើយ​នោះ​។

គួរ​បញ្ជាក់​ថា ចាន់ រតនា កើត​នៅ​ជំរំ​ជន ភៀសខ្លួន​ក្នុង​ប្រទេស​ថៃ អំឡុង​ពេល​កម្ពុជា​មាន សង្គ្រាម​ស៊ី​វិល ហើយ​គេ​បាន​កែប្រែ​ជីវិត​តាម រយៈ​ក្បាច់គុន ដោយ​លោក​ប្រកាស​ថា បើ​ទោះ ជា​លោក​មិន​មានកូន​ប្រុស តែ​លោក​ក៏​មាន​បំណង​ចង់ឱ្យ​កូនស្រី​របស់​លោក​ធ្វើ​ជា​អ្នក​ប្រដាល់​ផង​ដែរ ខណៈ​ដែល​កូនស្រី​ទាំង​ពីរ​ក៏​ប្រាប់​លោក​ថា ពួក​គេ​ចង់​វ៉ៃ​លើ​រេញ​ដូច​លោក​ផង​ដែរ បើ​លោក​គាំទ្រ​ពួក​គេ​១០០% ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ