រាជធានីភ្នំពេញ ៖ ជនសង្ស័យជាជំនួយការនាយកទីផ្សារនៅក្រុមហ៊ុនឆ្នោតកោស ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន បន្ទាប់ពីចូលបម្រើការងារបានរយៈពេលកន្លះខែបានប្រើល្បិចឆបោកយកម៉ូតូរបស់បុគ្គលិកដែលធ្វើការក្នុងក្រុមហ៊ុនជាមួយគ្នា ចំនួន៣គ្រឿង និងឡេបថប របស់ក្រុមហ៊ុនយកទៅបញ្ជាំយកលុយទៅលេងល្បែងនៅក្នុងណេត បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ ត្រង់ចំណុចខាងមុខណេតលេងហ្គែមយីហោ ហេបភីណេត តាមបណ្តោយផ្លូវ២៦៥ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ។
ជនសង្ស័យខាងលើមានឈ្មោះ អ៊ឹង គៀងស៊ុង ភេទប្រុស អាយុ៣៤ឆ្នាំ តួនាទីជាជំនួយការនាយកទីផ្សារក្រុមហ៊ុនលក់ឆ្នោតកោសមួយកន្លែង នៅខណ្ឌទួលគោក ។
បើតាមសម្តីពីបុរសម្នាក់ឈ្មោះ អ៊ុន ចាន់ណា ភេទប្រុស អាយុ២៩ឆ្នាំ ជាបុគ្គលិកនៅក្នុងក្រុមហ៊ុនឆ្នោតកោសម៉ូដែនខាងលើ និងជាម្ចាស់ម៉ូតូមួយគ្រឿងម៉ាកឌូក ពណ៌ខៀវលាយស ពាក់ស្លាកលេខ ភ្នំពេញ 1CK-0777 ។ ដែលត្រូវជនសង្ស័យខាងលើខ្ចីយកទៅបានរៀបរាប់ប្រាប់ឲ្យដឹងថា ជនសង្ស័យខាងលើ គឺជាបុគ្គលិកដែលទើបតែចូលធ្វើការបានរយៈពេលកន្លះខែប៉ុណ្ណោះ នៅក្នុងក្រុមហ៊ុនឆ្នោតកោសម៉ូដែន ដែលមានទីតាំងអាគារលេខ១០៨០ ផ្លូវលំភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។
កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ កន្លងទៅពេលដែលបុគ្គលិកទាំងអស់ក្នុងក្រុមហ៊ុនខាងលើកំពុងបំពេញការងារ ខណៈពេលនោះជនសង្ស័យខាងលើក៏ប្រើល្បិចធ្វើជាខ្ចីម៉ូតូមួយគ្រឿងម៉ាក ភីស៊ីអ៊ិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1FB-5888 ពីបុគ្គលិកម្នាក់ដែលទើបតែចូលធ្វើការបានរយៈពេល២ថ្ងៃ ថា ខ្ចីយកទៅខាងក្រៅមួយភ្លេត ជនសង្ស័យក៏ជិះចេញទៅក្រៅបាត់ទៅ ។ មួយសន្ទុះក្រោយមកជនសង្ស័យខាងលើក៏បានត្រឡប់មកវិញ ដោយមិនឲ្យបុគ្គលិកដែលទើបតែចូលថ្មីដឹងនោះទេ រួចបានចូលទៅលួចយកម៉ូតូរបស់ក្រុមហ៊ុនមួយគ្រឿងទៀតម៉ាកភីស៊ីអ៊ិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1BI-5678 ជិះចេញពីក្រុមហ៊ុនបាត់ដោយមិនបានប្រាប់នរណាម្នាក់ក្នុងក្រុមហ៊ុននោះទេ ។
ប្រភពដដែលបានបន្តទៀតថា មួយសន្ទុះក្រោយមកទៀត ជនសង្ស័យខាងលើក៏វិលត្រឡប់មកក្រុមហ៊ុនវិញដោយមិនមានម៉ូតូរបស់ក្រុមហ៊ុនមកជាមួយនោះទេ ។ ជនសង្ស័យក៏ប្រើល្បិចទៅខ្ចីម៉ូតូម៉ាកឌូក ពីបុរសខាងលើដែលជាបុគ្គលិកដូចគ្នាជាថ្មីម្ដងទៀត ដោយថា ខ្ចីជិះទៅជួបមិត្តភក្តិនៅខាងក្រោមមួយភ្លេត ដោយបុរសជាម្ចាស់ម៉ូតូគិតថា ជនសង្ស័យមានតួនាទីជំនួយការនាយកទីផ្សារនៅក្នុងក្រុមហ៊ុនក៏មានការទុកចិត្តព្រមឲ្យជនសង្ស័យខ្ចីជិះ ស្រាប់តែទៅបាត់យូរពេកមិនឃើញជនសង្ស័យយកម៉ូតូមកសងវិញ បុរសរងគ្រោះខាងលើក៏បានដើររកក្នុងក្រុងតែរកមិនឃើញមានការឆោឡោបង្កឲ្យមានការភ្ញាក់ផ្អើលដល់បុគ្គលិកផ្សេងទៀត ដែលបម្រើការងានៅក្នុងក្រុមហ៊ុនខាងលើទើបដឹងថា ជនសង្ស័យប្រើល្បិចឆបោកយកម៉ូតូពីបុគ្គលិកអស់ចំនួនបីគ្រឿង និងលួចយកឡេបថប របស់ក្រុមហ៊ុនមួយគ្រឿងទៀត ជាបន្តបន្ទាប់ក្នុងថ្ងៃតែមួយ រួចគេចខ្លួនបាត់ស្រមោល ។
បន្ទាប់មកជនរងគ្រោះ និងតំណាងក្រុមហ៊ុនខាងលើក៏បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាង ដើម្បីអោយសមត្ថកិច្ចជួយធ្វើការស្រាវជ្រាវជនសង្ស័យខាងលើ ។ ប្រភពដដែលបានបន្តទៀតថា លុះដល់វេលាកើតហេតុក៏មានបងប្រុសរបស់បុរសដែលជាម្ចាស់ម៉ូតូឌូក ដែលធ្លាប់ស្គាល់មុខរបស់ជនសង្ស័យបានទូរស័ព្ទមកប្រាប់បុរសជាម្ចាស់ឌូកថា គាត់បានប្រទះឃើញជនសង្ស័យនៅត្រង់ចំណុចកើតហេតុដែលកំពុងបំរុងចូលទៅក្នុងណេតយីហោ ហេបភី ណេត ។ បន្ទាប់មកបុរសរងគ្រោះជាម្ចាស់ម៉ូតូឌូកក៏បានធ្វើដំណើរទៅដល់កន្លែងកើតហេតុរួចក៏បានចាប់ក្របួចជនសង្ស័យប្រគល់ទៅសមត្ថកិច្ចភ្លាមៗតែម្តង ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យខាងលើបានឆ្លើយសារភាពថា គេពិតជាបានធ្វើសកម្មភាពឆបោកខ្ចីម៉ូតូពីបុគ្គលិក និងម៉ូតូរបស់ក្រុមហ៊ុនចំនួនបីគ្រឿង រួមទាំងឡេបថបមួយគ្រឿងទៀតពិតប្រាកដមែន ។ ហើយគេបានយកម៉ូតូ និងឡេបថបទាំងនោះទៅបញ្ចាំនៅ ហាងបញ្ចាំមួយកន្លែង បានលុយចំនួន២៤០០ដុល្លារ និងបានយកលុយទាំងនោះទៅលេងល្បែងតាមអ៊ីនធឺណិតអស់បាត់ទៅហើយ ។
ក្រោយពេលកើតហេតុជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចមូលដ្ឋាននាំខ្លួនយកទៅសាកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី៣ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោករង់ចាំធ្វើចាត់ការទៅតាមនីតិវិធីជាបន្តទៀត ៕
ចែករំលែកព័តមាននេះ