ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលករ​ដែល​កាន់​ប័ណ្ណ​ព្រំដែន​ចាប់ផ្តើម​វិល​ត្រឡប់​តែ​អាណិត​កុមា​តូច​ៗ​បាត់បង់​ការ​សិក្សា

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ ២​ថ្ងៃ​ចុង​ក្រោយ​នេះ ពលករ​កាន់​ប័ណ្ណ​ព្រំដែន​ហៅ​ថា Border Pass ដែល​ទៅ​ធ្វើការ​លើ​ទឹកដី​ថៃ តាម​ខេត្ត​ជាប់​ព្រំដែន​បាន​សម្រុក​វិល​ត្រឡប់​មក​ស្រុក​កំណើត​វិញ​ជា​បន្តបន្ទាប់ តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ប៉ុន្តែ​អ្វី​ដែល​គួរ​អនិច្ចា…

បន្ទាយ​មាន​ជ័យ ៖ ២​ថ្ងៃ​ចុង​ក្រោយ​នេះ ពលករ​កាន់​ប័ណ្ណ​ព្រំដែន​ហៅ​ថា Border Pass ដែល​ទៅ​ធ្វើការ​លើ​ទឹកដី​ថៃ តាម​ខេត្ត​ជាប់​ព្រំដែន​បាន​សម្រុក​វិល​ត្រឡប់​មក​ស្រុក​កំណើត​វិញ​ជា​បន្តបន្ទាប់ តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ប៉ុន្តែ​អ្វី​ដែល​គួរ​អនិច្ចា គឺ​កុមា​តូច​ៗ​ត្រូវ​បាត់បង់​ការ​សិក្សា​ស្ទើរ​ទាំងស្រុង ។

ជាមួយ​ឥ​វ៉ា​ន់​សំពីងសំពោង​មាន​ឆ្នាំង​ចាន និង​កន្ទេល​មុង​ភួយ​ជា​លក្ខណៈ​គ្រួសារ​ពលករ​វិល​ត្រឡប់​ពី​ថៃ​ដែល​គ្រួសារ​ខ្លះ​មានកូន​រួម​ដំណើរ​រហូត​៣​នាក់ ខ្លះ​ម្នាក់​ដែល​អះអាង​ថា ពួក​គាត់​វិល​ត្រឡប់​ពី​ស៊ីឈ្នួល​ធ្វើការ​ឲ្យ​គេ​ក្នុង​ខេត្ត​ស្រះ​កែវ ដូច​ជា ដក​ដំឡូង កាប់​អំពៅ និង​ផ្សេង​ៗ​ទៀត ។ ពួក​គាត់​បន្ត​ថា បាន​ប្រើប្រាស់​ប័ណ្ណ​ព្រំដែន Border Pass សម្រាប់​ឆ្លង​ទៅ​មក​ដី​ថៃ​រក​ការងារ​ធ្វើ ហើយ​អ្នកខ្លះ​ថា ធ្លាប់​ទៅ​មក​៣​ទៅ​៤​ឆ្នាំ​មក​ហើយ ។ ពេល​សាកសួរ​រឿង​កុមា​តូច​ៗ​ពួក​គាត់​ឆ្លើយ​តប​ថា កូន​ៗ​មិន​បាន​ចូល​សាលា​ទេ ហើយ​បញ្ជាក់​យ៉ាង​ខ្លី​ថា ដោយសារ​កត្តា​ជីវភាព​ក្រីក្រ ខណៈ​គ្រួសារ​ខ្លះ​មាន​ទាំង​កូន​តូច​បំបៅ​ដោយ​ទឹកដោះ​តាម​ខ្លួន​ថែម​ទៀត ។

បុរស​ឈ្មោះ កែវ សុភា វ័យ​៤៥​ឆ្នាំ មាន​ទីលំនៅ​ក្នុងស្រុក​ជើងព្រៃ​ខេត្តកំពង់ចាម ប្រាប់​ថា គាត់​វិល​ត្រឡប់​ពី​ធ្វើការ​នៅ​ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ ជា​លក្ខណៈ​គ្រួសារ​ជាមួយ​កូនស្រី​ម្នាក់​អាយុ​១២​ឆ្នាំ ដោយ​កូនស្រី​គាត់​មិន​បាន​ចូល​រៀន​ទេ ព្រោះតែ​ជីវភាព​ខ្វះខាត ម្យ៉ាង​នៅ​ឯ​ស្រុក​កំណើត​មិន​មានការ​ងារ​ធ្វើ ។

ដោយឡែក​ស្ត្រី​ឈ្មោះ ស៊ុន ស៊ន អាយុ​២៤​ឆ្នាំ មក​ពី​ស្រុក​ស​ន្ទុ​ក​ខេត្តកំពង់ធំ​ប្រាប់​ថា នាង​មក​ពី​ធ្វើការ​លើ​ទឹកដី​ថៃ​ជា​លក្ខណៈ​គ្រួសារ មានកូន​២​នាក់ ដោយ​កូនច្បង​មិន​បាន​ចូល​រៀន​ដូច​គ្នា ។ ស្ទើ​គ្រប់​ពលករ​ប្រាប់​ថា ក្រោយ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​យ​ជាតិ​ក្នុង​ខែមេសា ពួក​គាត់​និង​ត្រឡប់​ទៅ​ធ្វើការ​លើ​ទឹកដី​ថៃ​វិញ ។ ពួក​គាត់​ថា ការ​វិល​ត្រឡប់​មក​ស្រុក​កំណើត​ឆ្នាំ​នេះ គឺ​សមត្ថកិច្ច​ខ្មែរ​-​ថៃ នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ខ្ល​ង​លឹ​ក​មិន​យក​កម្រៃ​អ្វី​ឡើយ ។

មន្ត្រី​នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វា​អន្តរជាតិ​ប៉ោយ​ប៉ែ​តម្នាក់​ប្រាប់​តាម​បណ្តាញ​សង្គម​វ៉ស​អាប់​ថា យោង​តាម​គោលការណ៍​ណែនាំ​របស់​ថ្នាក់លើ លោក​ខឹ​ម ចិ​ត្រា ដែល​ជា​នាយ​ប៉ុស្តិ៍​បាន​ណែនាំ​ដល់​កម្លាំង​ក្រោម​ឱវាទ​ត្រូវ​យកចិត្តទុកដាក់​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់ និង​សុវត្ថិភាព ដល់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ដែល​ឆ្លងកាត់​ព្រំដែន និង​សម្រួល​រាល់​ដំណើរ​វិល​ត្រឡប់​របស់​ពលករ​ខ្មែរ​ពី​ថៃ ដោយ​មិន​តម្រូវ​ឲ្យ​យក​ប្រាក់​ឡើយ ។

មន្ត្រី​ដដែល​បញ្ជាក់​ថា ពលករ​ដែល​ទៅ​ធ្វើការ​តាម​បណ្តា​ខេត្ត​ក៏​ដូច​ជា ក្រុង​បាងកក ប្រទេស​ថៃ ដែល​កាន់​លិខិតឆ្លងដែន​ការងារ​មក​ទល់​ពេល​នេះ​ពុំ​ទាន់​មានការ​វិល​ត្រឡប់​មក​ស្រុក​កំណើត​នៅឡើយ​ទេ ហើយ​អះអាង​ថា មាន​តែ​ពលករ​កាន់​ប័ណ្ណ​ព្រំដែន​ហៅ​ថា Border Pass​តែ​ប៉ុណ្ណោះ​ដែល​វិល​ត្រឡប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ