ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​កម្ពុជា​ពិតជា​អាច​ទប់ស្កាត់​ការ​នាំ​ចូល​ជ្រូក​ពី​វៀតណាម​អោយ​បាន ១០០​ភាគរយ​ដើម្បី​ការពារ​ការ​ឆ្លង​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក ដែរ​ឬទេ?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ខណៈ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក កំពុង​រីក​រាលដាល​នៅ​ប្រទេស​វៀត ណា​ម មន្ត្រីជាន់ខ្ពស់​កម្ពុជា បាន​ចាត់​អោយ​មន្ត្រី​ក្រោម​ឱវាទ​ត្រូវ​ទប់ស្កាត់​អោយ​បាន​នូវ ការ​នាំ​ចូល​ជ្រូក​ពី​ប្រទេស​វៀតណាម ដើម្បី​ការ​ការ​ឆ្លង​ជំងឺ​នេះ មក​កាន់​ជ្រូក​ក្នុងស្រុក…

រាជធានី​ភ្នំពេញ ៖ ខណៈ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក កំពុង​រីក​រាលដាល​នៅ​ប្រទេស​វៀត
ណា​ម មន្ត្រីជាន់ខ្ពស់​កម្ពុជា បាន​ចាត់​អោយ​មន្ត្រី​ក្រោម​ឱវាទ​ត្រូវ​ទប់ស្កាត់​អោយ​បាន​នូវ ការ​នាំ​ចូល​ជ្រូក​ពី​ប្រទេស​វៀតណាម ដើម្បី​ការ​ការ​ឆ្លង​ជំងឺ​នេះ មក​កាន់​ជ្រូក​ក្នុងស្រុក ។
ប៉ុន្តែ​សំនួរ​នៅ​តែ​កើត​មាន ថា​តើ​កម្ពុជា​ពិតជា​អាច​ទប់ស្កាត់​ការ​នាំ​ចូល​ជ្រូក​ពី​វៀតណាម​អោយ​បាន​១០០​ភាគរយ​ដើម្បី​ការពារ​ការ​ឆ្លង​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក ដែរ​ឬទេ ខណៈ​មាន​ព័ត៌មាន​ជា​បន្តបន្ទាប់​ស្តី​ពី​ការ​នាំ​ចូល​ជ្រូក​ពី​វៀតណាម​ដោយ​ខុសច្បាប់​មក​កម្ពុជា ។

ជាក់ស្តែង​កាលពី​ថ្ងៃ ទី​១៨ ខែមីនា ២០១៩ សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ខេត្តតាកែវ​បាន​ធ្វើការ​ចុះ​ចាប់​សត្វ​ជ្រូក​ដែល​ឈ្មួញ​បាន​លួច​ចូល​មក​ដោយ​ខុសច្បាប់ ហើយ​ឃ្លាំង​ស្តុក​ជ្រូក​នៅ​ភូមិ​ដើម​ផ្ដៀក​ឃុំ​ព្រៃ​ស្លឹក​ស្រុក​ទ្រាំង​ខេត្តតាកែវ ដែល​ឈ្មួញ​និង​ជា​ម្ចាស់​ទីតាំង​ដែល​បាន​លួច​នាំ​ជ្រូក​ចូល​មក​ស្តុ​ប​ទុក ដើម្បី​ធ្វើការ​ចែកចាយ​ដល់ទី​តាំង​សត្វឃាត​សម្រាប់​កាប់​សាច់​លក់ ដែល​ការ​ចាប់​ជាក់ស្តែង​មាន​ចំនួន​២៥​ក្បាល ។ កន្លង​មក​មាន មន្ត្រី​ពេទ្យសត្វ​ខេត្តតាកែវ ម្នាក់​បាន​លួច​ខ្សឹប​ប្រាប់​កោះសន្តិភាព​យើង​អោយ​ដឹង​ថា បច្ចុប្បន្ន​នេះ​យើង​ដឹង​ស្រាប់​ហើយ​កម្លាំង​ជំនាញ​ពេទ្យសត្វ​មាន​គ្នា​តិច​ណាស់ វា​មាន​ផល​លំបាក​ណាស់​ក្នុង​កា​ទប់ស្កាត់​ឈ្មួញ​ដែល​បាន​លួច​នាំ​ចូល​ជ្រូក​ពី​ប្រទេស​វៀត​ណាស ហើយ​ងាក​មក​មើល​កម្លាំង​សមត្ថកិច្ច​ផ្សេង​វិញ មិន​បាន​ចូលរួម​សហការ​គ្នា​ជាមួយ​ជំនាញ​ពេទ្យសត្វ​ឡើយ គឺ​ពួក​គេ​គិតតែ​ផល​ប្រ​យោ​ជ​ផ្ទាល់ខ្លួន​តែ​ប៉ុណ្ណោះ​ដូច​ជា​ករណី​នេះ​អ​ញ្ចឹ​ង ។

យ៉ាងណាមិញ លោក វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ បាន​មាន​ប្រសាសន៍ នៅ​ឯ​ពិធី​បើក​សិក្ខាសាលា​មួយ​ដែល​និយាយ​អំពី​បច្ចុប្បន្នភាព​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​កាលពី​ព្រឹក​ថ្ងៃ​ទី ២៦ ខែមីនា នេះ​នៅ​ទីស្ដីការ​ក្រសួងកសិកម្ម ថា ក្រោយ​ពេល​ដែល​កម្ពុជា​ទទួល​បាន​ដំណឹង​ពី​ការ​ផ្ទុះ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នៅ​ក្នុង​ប្រទេស​វៀតណាម យើង​បាន​ចាត់វិធានការ​តឹងរ៉ឹង​មួយ​ចំនួន​ដើម្បី​ទប់ស្កាត់​មិន​អោយ​ឆ្លង​មក​ប្រទេស​កម្ពុជា ដូច​ជា​ទប់ស្កាត់​ការ​នាំ​ចូល​ជ្រូក​ពី​វៀតណាម និង​ត្រួតពិនិត្យ​អោយ​បាន​ម៉ត់​ចង់​មុន​នឹង​នាំ​ចូល​ជាដើម ។

លោក​រដ្ឋមន្ត្រី បន្ត​ថា ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ ក៏​បាន​បញ្ជូន​មន្ត្រី និង​ភ្នាក់ងារ​របស់​ខ្លួន ទៅ​ត្រួតពិនិត្យ​តាម​បណ្ដា​ខេត្ត ជា​ពិសេស​ការ​ដឹក​ជញ្ជូន​ពី​វៀតណាម គ្រប់​មធ្យោបាយ ។ ហើយ​ទន្ទឹម​នឹង​ការ​ហាមឃាត់​មិន​អោយ​ដឹក​ជញ្ជូន​ជ្រូក​រស់​មក​កម្ពុជា បែរជា​មាន​ពួក​ឈ្មួញ​មួយ​ចំនួន បាន​កែខៃ​កាប់​ជា​សាច់​ហើយ​ដឹក​ចូល​មក​កម្ពុជា និង​ត្រូវ​បាន​មន្ត្រី កសិកម្ម​ចាប់​បាន​មួយ​ចំនួន​ផង​ដែរ ព្រមទាំង​មានការ​ព្រមាន ដល់​មន្ត្រី​ព្រំដែន ដែល​នៅ​តែ​អនុញ្ញាត​អោយ​នាំ​ចូល ។ លោក វេ​ង សា​ខុន មាន​ប្រសាសន៍​បន្ត​ថា ៖« យើង​នឹង​ចាត់វិធានការ​តឹងរ៉ឹង​ចំពោះ​មន្ត្រី​របស់​យើង ក្នុង​ការ​តាមដាន និង​ទប់ស្កាត់​ការ​ហូរ​ចូល​ជ្រូក​ពី​វៀតណាម មក​លក់​លើ​ទីផ្សារ​កម្ពុជា ហើយ​បើសិនជា​មន្ត្រី របស់​ធ្វើការ​មិន​ច្បាស់លាស់ និង​នៅ​តែ​បណ្ដោយ​តែ​អោយ​ជ្រូក​វៀតណាម​ហូរ​ចូល​មក​នោះ យើង​នឹង​ពិន័យ ដោយ​ការ​ដោះ​ដូរ​ទៅ​កាន់​ទីកន្លែង​ថ្មី និង​ដាក់​អ្នក​ថ្មី​ជំនួស » ។

លោក​បន្ថែម​ថា យើង​ត្រូវ​តែ​រួម​គ្នា​ទប់ស្កាត់​ជំងឺ​នេះ​អោយ​បាន​១០០​ភាគរ កុំអោយ​ចូល​មក​ក្នុងស្រុក​បាន​បើ​វា​ចូល​បាន​វា​នឹង​បំផ្លាញ​នូវ​ជ្រូក​រស់​ក្នុងស្រុក​របស់​កម្ពុជា ហើយ​វា​នឹង​ធ្វើ​អោយ​ប៉ះពាល់​ដល់​វិស័យ​ចិញ្ចឹម​ជ្រូក​នេះ​ទាំងមូល ដូច​ជាស​ង្វា​ក់​ផលិតកម្ម​ចំណី​សត្វ និង​ផលិតផល​កសិកម្ម ដែល​ត្រូវ​យក​មក​ផលិត​ចំណី សត្វ​ជា​ច្រើន​ផង​ដែរ ។
លោក​បញ្ជាក់​បន្ថែម​ថា ៖ « បើសិនជា​នៅ​មិន​អាច​ទប់ស្កាត់​បាន ហើយ​ជំងឺ​នេះ​ឆ្លង​មក​កាន់​ជ្រូក​ក្នុងស្រុក​យើង វា​ធ្វើ​អោយ​ប៉ះពាល់​សេដ្ឋកិច្ច​យើង ជាក់ស្ដែង​នៅ​ពេល​ជ្រូក​យើង​ឆ្លង​ជំងឺ វា​នឹង​ងាប់​យ៉ាង​ឆាប់រហ័ស ហើយ​ប៉ះពាល់​ដល់​អ្នក​ផ្គត់ផ្គង់​ក្នុង​វិស័យ​ចិញ្ចឹម​ជ្រូក ដែល​ធ្វើ​អោ​ពលរដ្ឋ​បោះបង់​ការ​ចិញ្ចឹម​ជ្រូក​ចោល​ទៀត » ។

លោក ស្រ៊ុ​ន ពៅ ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ពេល​នេះ ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​មិន​ទាន់​បាន​ឆ្លង​មក​កម្ពុជា​នោះ​ទេ ហើយ​ចំនាត់ការ​របស់​អាជ្ញាធរ ក៏​ឃើញ​ថា​មាន​ភាពល្អ​ប្រសើរ ជាង​មុន​ដែរ ដោយ​មាន​មន្ត្រី ចាំ​តាមដាន​ជាប់​ជា​ប្រចាំ បើ​ទោះបីជា​មិន​បាន​ល្អ​១០០​ភាគរយ​ក្តី ។ ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា មាន​ប្រសាសន៍​បន្ថែម​ថា « បច្ចុប្បន្ន​នេះ បើ​អោយ​វាយតម្លៃ​ការ​ទប់ស្កាត់​ជ្រូក​ពី​វៀតណាម អាច​បាន​ប្រមាណ​ជាង​៩០​ភាគរយ​ហើយ ដូច្នេះ​អ្នក​ពាក់ព័ន្ធ​ត្រូវ​តែ​បន្ត​ខិតខំ​អោយ​បាន​១០០ ភាគរយ ។ ហើយ​ក្នុង​នាម​ជា​សមាគម​អ្នក​ចិញ្ចឹម សត្វ​កម្ពុជា ដែល​ផ្តោត​លើ​សត្វ​ជ្រូក យើង​នឹង​ព្យាយាម​ពន្យល់​ដល់​កសិករ និង​ម្ចាស់​កសិដ្ឋាន អោយ​យល់​ដឹង​ពី​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក និង​ត្រូវ​មាន​វិធានការ ការពារ​អោយ​បាន​ម៉ឺងម៉ាត់ កុំអោយ​វា​ឆ្លង​មក​កាន់​ជ្រូក​ក្នុងស្រុក » ។

លោក​បន្ត​ថា ពេល​នេះ​តម្លៃ​ជ្រូក​រស់ ក៏​ដូច​ជា​សាច់​ជ្រូក​នៅ​លើ​ទីផ្សារ​ប្រទេស​កម្ពុជា ឃើញ​ថា​នៅ​តែ​មាន​ភាពល្អ​ប្រសើរ មិន​ឡើង​មិន​ចុះ ដែល​តម្លៃ​នៃ​កសិករ និង​អ្នក​ចិញ្ចឹម​ជ្រូក​អាច​ទទួលយក​បាន និង​អាច​ធ្វើ​អោយ​ពួក​គាត់​រក​ប្រាក់​ចំណេញ​សម្រាប់​ផ្គត់ផ្គង់​គ្រួ​សារបាន​។ ទាក់ទង​នឹង​វិស័យ​ផលិតកម្ម​ជ្រូក រដ្ឋមន្ត្រី​ក្រសួងកសិកម្ម បាន​បញ្ជាក់​ក្នុង​ពិធី​នោះ​ថា​ក្នុង​ឆ្នាំ​២០១៨ ការ​ចិញ្ចឹម​ជ្រូក​ជា​លក្ខណៈ​គ្រួសារ​មាន​ប្រមាណ​ជា ១,៩​លាន​ក្បាល និង​ជា​លក្ខណៈ​ឧ​ស្សហកម្ម​ប្រមាណ​ជា ០,៨​លាន​ក្បាល និង​មាន​កសិដ្ឋាន​គ្រប់​កម្រិត​ជាង ៦៧០​កសិដ្ឋាន​នៅ​ទូ​ទាំង​ប្រទេស​។ បច្ចុប្បន្ន ការ​កែប្រែ​ទម្លាប់​ពី​ការ​ចិញ្ចឹម​ជា​លក្ខណៈ​គ្រួសារ​មក​ជា​លក្ខណៈ​ឧស្សាហកម្ម​បាន​និង​កំពុង​រីក​ដុះដាល​យ៉ាង​លឿ​ក្នុង​រយ​:​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​ស្រប​ពេល​ដែល​សេដ្ឋកិច្ចជាតិ​មានការ​រីក​ចម្រើន កំណើនប្រជាជន និង​កំណើន​ភ្ញៀវ​ទេសចរណ៍ សេចក្តី​ត្រូវការ​សាច់ ដែល​តម្រូវ​ឲ្យ​អ្នក​ចិញ្ចឹម​ជ្រូក​យកចិត្តទុកដាក់​គិតគូ​ប្រើប្រាស់​បច្ចេកវិទ្យា​ទាន់សម័យ សម​ស្រប​ដើម្បី​ផលិត​សាច់​មាន​អនាម័យ និង​គុណភាព​ឆ្លើយ​តប​តាម​តម្រូវការ​ទីផ្សារ លើកកម្ពស់​ប្រសិទ្ធភាព​ផលិតកម្ម និង​ជា​ពិសេស​ធានា​សុខុមាលភាពសាធារណៈ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ