ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​-​ជប៉ុន ចុះ​អនុស្សរណៈ ស្តី​ពី​ការ​បញ្ជូន​ពលករ ខណៈ ជប៉ុន​ចង់បាន​ពលករ ជំនាញ​ខាង​ថែទាំ​មនុស្ស ចាស់​ខ្លាំង​ជាងគេ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​អភិវឌ្ឍ​សេវា​រក​ការងារ​ធ្វើ​ជូន​ប្រជាពលរដ្ឋ​តាម​រយៈ​ទីភ្នាក់ងារ​ជាតិ​មុខរបរ​និង​ការងារ សម្រាប់​ការងារ​ក្នុង​ប្រទេស និង​តាម​រយៈ​ទីភ្នាក់ងារ​ជ្រើសរើស​ឯកជន​ស្របច្បាប់​សម្រាប់​ការងារ​នៅ​ក្រៅប្រទេស យ៉ាង​ហោច​ណាស់​មាន​ពលករ​ខ្មែរ ធ្វើការ​នៅ​បរទេស​មាន​ចំនួន​ប្រមាណ​ជាង ១.២ លាន​នាក់ ដែល​ក្នុង​នោះ…

រាជធានី​ភ្នំពេញ ៖ ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​អភិវឌ្ឍ​សេវា​រក​ការងារ​ធ្វើ​ជូន​ប្រជាពលរដ្ឋ​តាម​រយៈ​ទីភ្នាក់ងារ​ជាតិ​មុខរបរ​និង​ការងារ សម្រាប់​ការងារ​ក្នុង​ប្រទេស និង​តាម​រយៈ​ទីភ្នាក់ងារ​ជ្រើសរើស​ឯកជន​ស្របច្បាប់​សម្រាប់​ការងារ​នៅ​ក្រៅប្រទេស យ៉ាង​ហោច​ណាស់​មាន​ពលករ​ខ្មែរ ធ្វើការ​នៅ​បរទេស​មាន​ចំនួន​ប្រមាណ​ជាង ១.២ លាន​នាក់ ដែល​ក្នុង​នោះ មាន​កម្មសិក្សាការី​ខ្មែរ បំរើ​ការងារ​នៅ​ប្រទេស​ជប៉ុន មាន​ប្រមាណ​ជិត​៧​ពាន់​នាក់ ។

ជា​ថ្មី​ម្តងទៀត កម្ពុជា​និង​ជប៉ុន បាន​ចុះ ហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា ស្តី​ពី​កិច្ច​សហប្រតិបត្តិការ ការ​បញ្ជូន​ពលករ​ជំនាញ​ទៅ​ធ្វើការ​នៅ​ប្រទេស​ជប៉ុន រវាង ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួងយុត្តិធម៌​នៃ​ប្រទេស​ជប៉ុន នា​ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០១៩ នៅ​ក្រសួងយុត្តិធម៌ ប្រទេស​ជប៉ុន ក្រោម​វត្តមាន​របស់​រដ្ឋមន្ត្រីក្រសួង​ការងារ​កម្ពុជា លោក អ៊ិ​ត សំ​ហេង និង​លោក Takashi YAMASHITA រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ នៃ​ប្រទេស​ជប៉ុន ។ ដែល​ពិធី​ចុះហត្ថលេខា​នេះ ធ្វើ​ឡើង​រវាង​លោក សេង សក្តា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ការងារ និង​លោក​ជំទាវ Shoko SASAKI អគ្គនាយក​អន្តោប្រវេសន៍​ជប៉ុន​។

លោក Takashi YAMASHITA រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ នៃ​ប្រទេស​ជប៉ុន បាន​លើក​ឡើង​ថា កាលពី​ឆ្នាំ​កន្លង​ទៅ កម្ពុជា​-​ជប៉ុន បាន​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​លើក​ទី​៦៥​នៃ​ទំនាក់ទំនង​ការទូត​កម្ពុជា​ជប៉ុន ហើយ​ការ​ចុះ​អនុស្សា​រណៈ​នៃ​កិច្ច​សហប្រតិបត្តិការ​ស្តី​ពី​ពលករ​ជំនាញ​នា​ថ្ងៃ​ទី ២៥ ខែមីនា ឆ្នាំ​២០១៩ ជា​ភស្តុ​តាង​បញ្ជាក់​យ៉ាង​ច្បាស់ ពី​ទំនាក់ទំនង​ដ៏​ស្អិតរ​មួ​ត រវាង​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​រឹង​មាំ​ថែម​ទៀត ។ លោក អ៊ិ​ត សំ​ហេង បាន​សម្តែង​នូវ​ការ​កោតសរសើរ ចំពោះ​ក្រុមការងារ​បច្ចេកទេស​នៃ​ប្រទេស​ទាំង​ពីរ កម្ពុជា​-​ជប៉ុន ដែល​បាន​ខិតខំ​សហការ​គ្នា ប្រកបដោយ​ការ​ទទួលខុសត្រូវ​ខ្ពស់ នា​ពេល​កន្លង​មករ​ហូត​ឈាន​ដល់​ការ​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​នេះ​។ រដ្ឋមន្ត្រីក្រសួង​ការងារ​កម្ពុជា បាន​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ ប្រជាពលរដ្ឋ​កម្ពុជា​កំពុង​រស់នៅ សិក្សា និង​ធ្វើការ​នៅ​ប្រទេស​ជប៉ុន​មាន​ចំនួន​ប្រមាណ ១១,០០០ ពាន់​នាក់ ក្នុង​នោះ​កម្មសិក្សាការី​មាន​ប្រមាណ​ជិត​៧​ពាន់​នាក់​។

លោក អ៊ិ​ត សំ​ហេង មាន​ប្រសាសន៍​បញ្ជាក់​ថា «​តាម​រយៈ​អនុស្សា​រណៈ​នៃ​កិច្ច​សហប្រតិបត្តិការ​នេះ ពលករ​ជំនាញ​កម្ពុជា​នឹង​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​ចាប់​យក​ឱកាស​មាស​នេះ ដើម្បី​ជា​ផលប្រយោជន៍​សម្រាប់​ខ្លួនឯង​ផង សម្រាប់​កម្ពុជា​ផង ក៏​ដូច​ជា​ចូលរួម​ចំណែក​ដោះស្រាយ​បញ្ហា​កង្វះ​កម្លាំង​ពលកម្ម​របស់​ជប៉ុន ជា​ពិសេស​សម្រេច​ឱ្យ​បាន​នូវ​ចក្ខុវិស័យ​គ្រប់​ជ្រុងជ្រោយ​ជា​យុទ្ធសាស្ត្រ​នៃ​ប្រទេស​ទាំង​ពីរ » ។
សូម​បញ្ជាក់​ថា រដ្ឋាភិបាល​ជប៉ុន​បាន​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការ​ទទួល​ជនភៀសខ្លួន និង​ការ​គ្រប់គ្រង​ជនអន្តោប្រវេសន៍ នៅ​ថ្ងៃ​ទី​៨ ខែធ្នូ ឆ្នាំ​២០១៨ ដោយ​បង្កើត​ទិដ្ឋាកា​ការងារ​ថ្មី​ចំនួន​២​ប្រភេទ​គឺ «​ពលករ​ជំនាញ​១» និង «​ពលករ​ជំនាញ​២» ។ ច្បាប់​នេះ​នឹង​ចាប់ផ្តើម​អនុវត្ត​នៅ​ថ្ងៃ​ទី​១ ខែមេសា ឆ្នាំ​២០១៩​។ ដោយឡែក​ប្រព័ន្ធ​បញ្ជូន​កម្មសិក្សាការី​នៅ​អនុវត្ត​ដដែល​។

ជប៉ុន​គ្រោង​ទទួលយក​ពលករ​ជំនាញ​ទាំង ២ ប្រភេទ ពី​ប្រទេស​ចំនួន​៨ រួម​មាន កម្ពុជា ចិន វៀតណាម ហ្វី​លី​ពី​ន ឥណ្ឌូ​នេ​ស៊ី ថៃ មី​យ៉ា​ន់​ម៉ា និង​នេ​ប៉ា​ល់ ចំនួន ៣៤៥,១៥០​នាក់ ក្នុង​រយៈពេល​៥​ឆ្នាំ​ដំបូង​ក្នុង​នោះ ៖ ពលករ​ជំនាញ​សម្រាប់​ការងារ​ចំនួន​១៤​ប្រភេទ រួម​មាន​ផ្នែក​ថែទាំ​មនុស្ស​ចាស់ ការ​សំអាត​អាគារ ការ​ផលិត​គ្រឿងបន្លាស់ ការ​ផលិត​គ្រឿង​ម៉ាស៊ីន ការ​ផលិត​គ្រឿងអគ្គិសនី និង​គ្រឿង​អេ​ឡិច​ត្រូ​និ​ច ការងារ​សំណង់ ការ​ផលិត​នាវា ការ​ជួសជុល និង​តម្លើងរថយន្ត ការងារ​អាកាសចរណ៍ ការ​រៀបចំ​បន្ទប់​ស្នាក់​នៅ កសិកម្ម នេសាទ និង​វារីវប្បកម្ម ការ​ផលិត​អាហារ​និង​ភេសជ្ជៈ និង​ការងារ​នៅ​ភោ​នី​យ​ដ្ឋា​ន​។ សូម​បញ្ជាក់​ថា កម្ពុជា​ជា​ប្រទេស​ទី​២ ដែល​បាន​ចុះ​អនុស្សា​រណៈ​នេះ​នៅ​ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០១៩ បន្ទាប់​ពី​ហ្វី​លី​ពី​ន​ដែល​បាន​ចុះ​នៅ​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០១៩ ។ បើ​តាម លោក​ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​តាម​រយៈ MoU ថ្មី​នេះ គឺ​មាន​ន័យ​ថា «​កម្មសិក្សាការី ដែល​ស្របច្បាប់​អាច​ក្លាយទៅជា​ពលករ​ជំនាញ​កំ​រឹត​១ ប្រសិនជា​ជំនាញ​ដែល​កម្មសិក្សាការី​កំពុង​ធ្វើ​បច្ចុប្បន្ន​ស្ថិត​នៅ​ក្នុង​ចំណោម​ជំនាញ​ទាំង​១៤ ដែល​ជប៉ុន​អនុញ្ញាត​។ បងប្អូន​នឹង​អាច​បន្ត​ធ្វើការ​ជា​ពលករ​ជំនាញ​នៅ​ជប៉ុន​បាន ៥​ឆ្នាំ​ថែម​ទៀត »​។

លោក​បាន​បន្ត​ថា យោង​តាម​ច្បាប់​អន្តោ ប្រវេសន៍​ថ្មី​របស់​ជប៉ុន ជនបរទេស​ដែល​ទៅ​ប្រទេស​ជប៉ុន​ជា​រូបភាព​ទេសចរណ៍ ឬ​ជា​កម្មសិក្សាការី ហើយ​គេចខ្លួន​ខុសច្បាប់ រួច​ស្នើ​សុំ​សិទ្ធ​ស្នាក់​នៅ​ជប៉ុន​ជា​បន្ត​ក្រោម​ហេតុផល​ជនភៀសខ្លួន​នយោបាយ ឬ​ហេតុផល​ផ្សេង​ៗ គឺ​នឹង​មិន​ត្រូវ​បាន​អនុញ្ញាតិ​ឲ្យ​ធ្វើការ​ទៀត​ឡើយ​។ ហេតុ​ដូច្នេះ​ដើម្បី​ការងារ​យូរអង្វែង សូម​បងប្អូន​ដែល​មាន​បំណង​ទៅ​ធ្វើការ​នៅ​ជប៉ុន​ជា​កម្មសិក្សាការី​ក្តី ឬ​ជា​ពលករ​ជំនាញ​ក្តី ព្យាយាម​ធ្វើ​ជា​កម្មសិក្សាការី​ស្របច្បាប់ កុំ​ជឿ​តាម​ការ​អូស​ទាញ​របស់​មេខ្យល់​ដែល​អាច​ធ្វើ​ឲ្យ​ខូចអនាគត​យូរអង្វែង​របស់​ខ្លួន ។

សូម​រម្លឹក​ថា លោក MIZUI Kenta នាយករង​នៃ​ការិយាល័យ​គោលនយោបាយ​សុខាភិបាល​នៃ​ខុទ្ទកាល័យ​លេខាធិការដ្ឋាន​សម្រាប់​សុខភាព និង​សុមា​ល​ភាព​អាស៊ី ធ្លាប់​បាន​ប្រាប់​សារព័ត៌មាន​កោះសន្តិភាព​ថា ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ជប៉ុន កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៧ បាន​ចុះ MOU សម្រាប់​ការ​ចាប់ផ្ដើម​អនុវត្ត​កិច្ច​សហប្រតិបត្តិការ​រយៈពេល​៥​ឆ្នាំ ចាប់ពី​ថ្ងៃ​ទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៧ រហូត​ដល់​ឆ្នាំ​២០២២ ដែល​ក្នុង​នោះ​កម្ពុជា​នឹង​បញ្ជូន​កម្មសិក្សាការី​របស់​ខ្លួន​ទៅ​ធ្វើ​កម្មសិក្សា និង​បម្រើ​ការងារ​នៅ​ប្រទេស​ជប៉ុន លើ​វិស័យ​ការ​ថែទាំ​មនុស្ស​ចាស់ ។

សម្រាប់​ការងារ​ថែទាំ​មនុស្ស​ចាស់ ជប៉ុន​គឺ​ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​កម្មសិក្សាការី​បរទេស ដោយ​ការ​ផ្តល់​ជា​ប្រាក់​បៀរ​វត្ស​ជា​ធ​ម្យ​ម ១៤៣០០០ យ៉េន (​ប្រមាណ​ជាង ១៣០០​ដុល្លារ​) ក្នុង​មួយ​ខែ​សម្រាប់​ឆ្នាំ​ទី​១ បន្ទាប់​មក​ទៀត​ប្រាក់​បៀរ​វត្ស​នឹង​ឡើង​ដល់​ចំនួន​ប្រមាណ​ជា ១៣៧៤ ដុល្លារ​ក្នុង​១​ខែ និង​ឆ្នាំ​ទី​៣ ទទួល​បាន​ប្រមាណ​ជាង ១៣៩៤ ដុល្លារ​សហរដ្ឋអាមេរិក​ក្នុង​១​ខែ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ