ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ឧបនាយក​រដ្ឋ​មន្ត្រី ទៀ បា.ញ់ នាំ​អំណោយ​ជូន​កង​កម្លាំង​ទិស​ទី​១ប្រាសាទ​ព្រះ​វិហារ

13 ឆ្នាំ មុន

ខេត្ត​ព្រះ​វិហារ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១១ មេសា លោក​នាយ​ឧត្តម​សេនីយ៍ ទៀ បា.ញ់ ឧបនាយក​រដ្ឋ​មន្ត្រី រដ្ឋ​មន្ត្រី​ក្រសួង​ការ​ពារ​ជាតិ បាន​ដឹក​នាំ​ប្រតិភូ​ជា​នាយ​ទាហាន​ជាន់​ខ្ពស់​ក្រសួង​ការ​ពារ​ជាតិ​ជា​ច្រើន​នាក់ នាំ​យក​អំណោយ​ជា​គ្រឿង​ឧប​ភោគ បរិ​ភោគ ភេសជ្ជៈ និង​ថវិកា​ទៅ​សួរ​សុខ​ទុក្ខ​កង​កម្លាំង​ដែល​កំពុង​ឈរ​ជើង​ការ​ពារ​បូរណ​ភាព​ទឹក​ដី​នៅ​លើ​សមរ​ភូមិ​ជួរ​មុខ​ទិស​ទី១​ប្រាសាទ​ព្រះ​វិហារ ក្នុង​​ខណៈ​បុណ្យ​ចូល​ឆ្នាំ​ថ្មី

ខេត្ត​ព្រះ​វិហារ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១១ មេសា លោក​នាយ​ឧត្តម​សេនីយ៍ ទៀ បាញ់ ឧបនាយក​រដ្ឋ​មន្ត្រី រដ្ឋ​មន្ត្រី​ក្រសួង​ការ​ពារ​ជាតិ បាន​ដឹក​នាំ​ប្រតិភូ​ជា​នាយ​ទាហាន​ជាន់​ខ្ពស់​ក្រសួង​ការ​ពារ​ជាតិ​ជា​ច្រើន​នាក់ នាំ​យក​អំណោយ​ជា​គ្រឿង​ឧប​ភោគ បរិ​ភោគ ភេសជ្ជៈ និង​ថវិកា​ទៅ​សួរ​សុខ​ទុក្ខ​កង​កម្លាំង​ដែល​កំពុង​ឈរ​ជើង​ការ​ពារ​បូរណ​ភាព​ទឹក​ដី​នៅ​លើ​សមរ​ភូមិ​ជួរ​មុខ​ទិស​ទី១​ប្រាសាទ​ព្រះ​វិហារ ក្នុង​​ខណៈ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ​នឹង​ឈាន​មក​ដល់​​នា​ពេល​ឆាប់​ៗ​​ខាង​មុខ​នេះ។

លោក​ឧប​នាយក​រដ្ឋ​មន្ត្រី ទៀ បាញ់ បាន​​សំណេះ​សំណាល​ជា​មួយ​នាយ-​ពល​ទាហាន​នៅ​ទីបញ្ជា​ការ​អង្គ​​រក្ស​ប្រចាំ​ជួរ​មុខ​ចំណុច​៩៥ ក្បែរ​ប្រាសាទ​ព្រះ​វិហារ។ នៅ​ទីនោះ​មាន​ការ​ទទួល​បដិ​សណ្ឋារ​កិច្ច​ពី​​លោក​នាយ​ឧត្តម​សេនីយ៍ ហ៊ីង ប៊ុន​ហៀង អគ្គ​មេបញ្ជា​ការ​រង​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ជា​មេ​បញ្ជា​ការ​អង្គ​រក្ស និង​ជា​អនុ​ប្រធាន​គណៈ​មេបញ្ជា​ការ​សមរ​ភូមិ​ទិស​យោធ​ភូមិ​ភាគ​ទី៤។ លោក​ឧប​នាយក​រដ្ឋ​មន្ត្រី​បាន​មាន​ប្រសាសន៍​​សំណេះ​សំណាល​ និង​ប្រគល់​គ្រឿង​ឧប​ភោគ​ បរិ​ភោគ​ និង​ថវិកា​ជូន​ដល់​អង្គ​ភាព​កង​អង្គ​រក្ស​ជា​និមិត្ត​រូប​ ហើយ​ក៏​បាន​ធ្វើ​ដំណើរ​នាំ​យក​កញ្ចប់​ថវិកា​ឡើង​ទៅ​ទីបញ្ជា​ការ​សន្តិ​ភាព​របស់​អគ្គ​បញ្ជា​ការ​ចំណុច​៥​មករា ក្បែរ​ជើង​ភ្នំ​ទ្រព្យ​ផង​ដែរ ដោយ​មាន​ការ​ទទួល​ស្វាគមន៍​ និង​ធ្វើ​បដិ​សណ្ឋារ​​កិច្ច​ពី​​លោក​នាយ​ឧត្តម​សេនីយ៍ ជា តារា អគ្គ​មេបញ្ជា​ការ​រង​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ និង​ជា​គណៈ​មេបញ្ជា​ការ​​ឯក​ភាព​សមរ​ភូមិ​ជួរ​មុខ​ទិស​យោធ​ភូមិ​ភាគ​ទី៤។

លោក​នាយ​ឧត្តម​សេនីយ៍ ជា តារា បាន​មាន​ប្រសាសន៍​ស្វាគមន៍​ដោយ​បាន​លើក​ឡើង​ជា​ច្រើន​​ពី​សភាព​ការណ៍​រួម​ជុំ​វិញ​ស្ថាន​ការណ៍​យោធា​ក្នុង​តំបន់​ព្រំ​ដែន ពិសេស​គឺ​នៅ​តំបន់​ប្រាសាទ​ព្រះ​វិហារ​ដែល​សៀម​តែង​តែ​បាន​បង្ក​នូវ​ភាព​អមិត្ត​មិន​ចេះ​ចប់​មក​លើ​កម្ពុជា ជាក់​ស្តែង​នៅ​វេលា​ម៉ោង​ប្រហែល​៦​ព្រឹក ថ្ងៃ​ទី​១១ មេសា សៀម​បាន​​​លួច​យក​​ទង់​សាសនា​មក​បោះ​នៅ​ចំណុច​សំបុក​ឃ្មុំ​ ដែល​ជា​កន្លែង​ហាម​ឃាត់​ជា​ទ្វេ​ភាគី​កន្លង​ទៅ​ថ្មី​ៗ​នេះ តែ​នៅ​ពេល​ព្រឹក​ដដែល​នោះ​ដែរ បន្ទាប់​ពី​​បាន​ឃើញ​​កម្លាំង​កម្ពុជា​ដែល​ឈរ​ជើង​ជិត​នោះ​បាន​​ដក និង​ហែក​ទង់​នោះ​ចោល។ ទាំង​អស់​ខាង​លើ​នេះ​ហើយ​​ដែល​សៀម​​នៅ​តែ​មាន​មហិច្ឆតា​​អាក្រក់​ជា​និច្ច​មក​លើ​កម្ពុជា។

លោក​ឧប​នាយក​រដ្ឋ​មន្ត្រី ទៀ បាញ់ បាន​សម្តែង​​ការ​កោត​សរ​សើរ​យ៉ាង​ក្រៃលែង នូវ​វីរ​ភាព​ដ៏​អង់​អាច​ក្លាហាន​របស់​នាយ-​ពល​ទាហាន​ទាំង​អស់​ដែល​បាន​តស៊ូ​លះ​បង់​គ្រប់​បែប​យ៉ាង ដើម្បី​បុព្វ​ហេតុ​ជាតិ និង​ទឹក​ដី​ ជាក់​ស្តែង​នារដូវ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ ដែល​នឹង​ឈាន​មក​ដល់​នៅ​ពេល​​ឆាប់​ៗ​ខាង​មុខ​ តែ​ដោយ​ឡែក​ចំពោះ​នាយ-​ពល​ទាហាន​ទាំង​អស់​គឺ​ស្ថិត​នៅ​លើ​សមរ​ភូមិ។ លោក​ឧប​នាយក​រដ្ឋ​មន្ត្រី​ក៏​បាន​មាន​ប្រសាសន៍​ក្រើន​រំលឹក​ដល់​នាយ-​ពល​ទាហាន​ទាំង​អស់​ធ្វើ​យ៉ាង​ណា​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ មិន​ត្រូវ​ធ្វេស​ប្រហែស​ក្នុង​កាតព្វ​កិច្ច​របស់​ខ្លួន​ឡើយ​ទៅ​លើ​ចោរ​សៀម​ឈ្លាន​ពាន ព្រោះ​មហិច្ឆតា​របស់​សៀម​វា​នៅ​តែ​បង្ក​គ្រប់​រូប​ភាព​ក្នុង​ការ​ឈ្លាន​ពាន​អធិ​បតេយ្យ​​ភាព​របស់​កម្ពុជា។ បន្ទាប់​មក​លោក​ឧប​នាយក​រដ្ឋ​មន្ត្រី ទៀ បាញ់ បាន​ដឹក​នាំ​ប្រតិភូ​អញ្ជើញ​ឡើង​ទៅ​អុជ​ធូប​បួង​សួង​នៅ​លើ​ពយ​តាឌី សុំ​សេចក្តី​សុខ សេចក្តី​ចម្រើន​ពី​បារមី​លោក​តាឌី និង​បារមី​ប្រាសាទ​ព្រះ​វិហារ​សុំ​ជួយ​តាម​ថែរក្សា​កង​កម្លាំង​​កម្ពុជា​ទាំង​អស់​ដែល​នៅ​ទីនោះ​​ឱ្យ​ទទួល​បាន​ជោគ​ជ័យ​​ជានិច្ច​ទៅ​លើ​ពួក​សៀម​ឈ្លាន​ពាន៕