ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​ឆ្នាំ​២០២០​កម្ពុជា​រំពឹង​នឹង​ទទួលភ្ញៀវ​ទេសចរណ៍​ជាង​៧​លាន​នាក់

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ឯកឧត្តម ហោ សា​រុន អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​តំណាង​លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​អញ្ជើញ​បើក​សិក្ខាសាលា​ស្តី​ពី​«​ការ​ពង្រឹង​សន្តិសុខ និង​សុវត្ថិភាព​ទេសចរណ៍​»…

ខេត្ត​ប៉ៃលិន ៖ ឯកឧត្តម ហោ សា​រុន អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​តំណាង​លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​អញ្ជើញ​បើក​សិក្ខាសាលា​ស្តី​ពី​«​ការ​ពង្រឹង​សន្តិសុខ និង​សុវត្ថិភាព​ទេសចរណ៍​» នា​ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០១៩ បាន​ថ្លែង​រំពឹង​ថា នៅ​ឆ្នាំ​២០១៩ កម្ពុជា​នឹង​ទទួលភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ប្រមាណ​៦.៧​លាន​នាក់ ខណៈ​នៅ​ឆ្នាំ​២០២០​នឹង​ទទួល​បាន​ជាង​៧​លាន​នាក់ និង​នាំ​មក​នូវ​ចំណូល​ប្រមាណ​៥​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​នោះ​បង្កើត​ឱកាស​ការងារ​បាន​ជិត​១​លាន​នាក់ ហើយ​នៅ​ឆ្នាំ​២០៣០ អាច​នឹង​ទទួល​បាន​ទេសចរណ៍​អន្តរជាតិ​ប្រមាណ​១៥​លាន​នាក់ នាំ​មក​នូវ​ចំណូល​ប្រមាណ​១០​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក​ដែល​អាច​បង្កើត​ឱកាស​ការងារ​ជិត​២​លាន​នាក់ ។

ពិធី​នេះ​ក៏​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​លោក​ជំទាវ ជា លាភ អភិបាលរង​ខេត្ត​ប៉ៃលិន លោក​ឧត្តមសេនីយ៍ឯក ហេង ចាន់​ធា​រី ប្រធាន​នាយកដ្ឋាន​នគរបាល​ទេសចរណ៍ លោក លឹ​ម វាសនា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ប៉ៃលិន និង​តំណាង​មន្ទីរ​ពាក់ព័ន្ធ​អាជីវករ​ក្នុង​ក្រុងប៉ៃលិន ដោយ​មាន​កិច្ចសហការ​ខ្ពស់​ជាមួយ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ព្រមទាំង​មានការ​ចូលរួម​ពី​មន្ទីរ​ពាក់ព័ន្ធ សាលាក្រុង​ប៉ៃលិន ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំ ដែន​អន្តរជាតិ​ព្រំ យុវជន​មន្ទីរ​អប់រំ​ខេត្ត សហគមន៍​មូលដ្ឋាន​ទេសចរណ៍ និង​ម្ចាស់​មូលដ្ឋាន​អាជីវកម្ម​សេវាកម្ម​ទេសចរណ៍​ក្នុង​ក្រុងប៉ៃលិន​ខេត្ត​ប៉ៃលិន សរុប​ចំនួន​៧០​នាក់ ។

ឯកឧត្តម​ហោ សា​រុន បាន​មាន​ប្រសាសន៍​ឱ្យ​ដឹង​ថា គោលបំណង​នៃ​ការ​រៀបចំ​សិក្ខាសាលា​ក្នុងថ្ងៃនេះ គឺ​ដើម្បី​ពង្រឹង​ការ​យកចិត្តទុកដាក់​ខ្ពស់​លើ​ការងារ​បដិសណ្ឋារកិច្ច​ស្វាគមន៍​ភ្ញៀវ​ទេសចរណ៍​រួសរាយ​រាក់ទាក់ និង​ធានា​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​រក្សា​សន្តិសុខ សុវត្ថិភាព​ទេសចរណ៍​ក្នុង​ខេត្ត​ឱ្យ​បាន​ល្អ​ប្រសើរ​ព្រមទាំង​ផ្សព្វផ្សាយ និង​ពង្រឹង​បញ្ហា​សន្តិសុខ សុវត្ថិភាព​ទេសចរណ៍​ឱ្យ​បាន​ល្អ​ប្រសើរ ជា​ពិសេស​ការ​ចូលរួម​សហការ​ពី​អស់លោក លោកស្រី​ផ្នែក​ឯកជន ជាមួយ​អាជ្ញាធរ​ដែនដី សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់​ក្នុង​ការ​រក្សា​សន្តិសុខ សុវត្ថិភាព​ទេសចរណ៍​តាម​មូលដ្ឋាន​អាជីវកម្ម សេវាកម្ម​ទេសចរណ៍ និង​គោលដៅ​ទេសចរណ៍​នានា​ក្នុង​ខេត្ត​ប៉ៃលិន ។

វិស័យ​ទេសចរណ៍​ដែល​ត្រូវ​បាន​រាជរដ្ឋាភិបាល​ចាត់ទុកជា​មាស​បៃតង គឺជា​វិស័យ​មួយ​ដែល​ចូលរួម​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច​-​សង្គម បង្កើត​ការងារ និង​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​ជា​ការ​នាំ​ចេញ​នៅ​នឹង​កន្លែង​ព្រមទាំង​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ចូលរួម​ថែរក្សា​អភិរក្ស​បរិស្ថាន​ឆ្លើយ​តប​នឹង​បម្រែបម្រួល​អាកាសធាតុ​ប្រកបដោយ​ប្រសិទ្ធភាព ។

សូម​បញ្ជាក់​ថា វិស័យ​ទេសចរណ៍​កម្ពុជា​ដែល​ត្រូវ​បាន​រាជរដ្ឋាភិបាល​ចាត់ទុកជា​«​មាស​បៃតង​» ក៏​សម្រេច​បាន​នូវ​ការ​រីក​ចម្រើន​គួរ​ជាទី​មោ​ទ​នៈ​ដោយ​ទទួល​បាន​កំណើន​វិជ្ជមាន​ជា​រៀង​រាល់​ឆ្នាំ និង​រួមចំណែក​ប្រមាណ​១២.៧% នៃ​ផលិតផល​ក្នុងស្រុក​សរុប និង​ផ្តល់​ការងារ​យ៉ាងច្រើន​ដោយ​ផ្ទាល់ និង​ដោយ​ប្រយោល​ដល់​ប្រជាជន​កម្ពុជា ហើយ​នៅ​ឆ្នាំ​២០១៨​កន្លង​ទៅ​យើង​សម្រេច​បាន​កំណើន​ក្នុង​អត្រា​១០,៧% ជាមួយនឹង​ការ​មក​ដល់​នៃ​ទេសចរណ៍​អន្តរជាតិ​ជាង ៦,២​លាន​នាក់ និង​នាំ​ប្រាក់​ចំណូល​ប្រមាណ​៤.៣៥៦​លាន​ដុល្លារ​ចាក់​បញ្ចូល​ក្នុង​សេដ្ឋកិច្ចជាតិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ