រាជធានីភ្នំពេញ ៖ សមាជិកក្រុមជនសង្ស័យពីបទប្លន់កាបូបប្រាក់អាជីវករផ្សារអូរឫស្សីម្នាក់ទៀត បានត្រូវសមត្ថកិច្ចការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ចាប់ខ្លួន ខណៈដែលបក្សពួក៤នាក់កំពុងត្រូវបានឃុំខ្លួននៅពន្ធនាគារព្រៃស ។ ការឃាត់ខ្លួនជនសង្ស័យប្លន់កាបូបប្រាក់នេះបានធ្វើឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី១៩ មីនា នៅផ្ទះជួលលេខ១១៧DZ ផ្លូវលេខ២១៥ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក ក្នុងពេលដែលសមត្ថកិច្ចនគរបាលរាជធានី និងគណៈបញ្ជាការឯកភាព ខណ្ឌទួលគោក ចុះធ្វើការងាររដ្ឋបាល ។
សមាជិកក្រុមប្លន់ខាងលើនេះ ឈ្មោះស៊ឹម សារ៉េន ភេទប្រុស អាយុ៣២ឆ្នាំ ជាកម្មករសំណង់ស្នាក់នៅផ្ទះចាប់ខ្លួននោះតែម្តង ។ គួរបញ្ជាក់ថា កាលពីថ្ងៃទី១០ កក្កដា ឆ្នាំ២០១០ វេលាម៉ោង៥និង១០នាទីល្ងាច មានអាជីវករលក់មាស និងប្តូរប្រាក់នៅផ្សារអូរឫស្សី ២នាក់ប្តីប្រពន្ធ បានបិទតូបលក់ដូរប្រមូលប្រាក់ដាក់ក្នុងកាបូបរួចជិះរថយន្តទៅផ្ទះរបស់ខ្លួននៅក្នុងសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ ។ លុះពេលបើកដល់ផ្ទះលេខ១៥Eo និង១៧Eo ផ្លូវលេខ៦៧ ដែលជាផ្ទះរបស់ខ្លួន ជនរងគ្រោះត្រូវចោរ១ក្រុមមានបក្សពួកពី៤ទៅ៦នាក់ ប្រើប្រាស់ម៉ូតូ២គ្រឿង និងអាវុធខ្លីស្ទើរគ្រប់ដៃបានភ្ជង់គំរាមបាញ់ជនរងគ្រោះប្លន់យកកាបូកប្រាក់ដែលក្នុងនោះមានលុយខ្មែរតែជាង១០លានរៀលទេ ។
ក្រោយពីកើតមានអំពើប្លន់នោះ សមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល និងខណ្ឌទួលគោក ចាប់បានជនដៃដល់ចំនួន៤នាក់ ក្នុងនោះមានមេខ្លោងឈ្មោះវ៉ៃ និងបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារព្រៃសរហូតដល់សព្វថ្ងៃ នេះមិនទាន់ត្រូវបានផ្តន្ទាទោសផង ។ លោកវរសេនីយ៍ត្រី ផែង វណ្ណៈ ដែលជាម្ចាស់ករណីឃាត់ខ្លួនសមាជិកក្រុមប្លន់កាបូបប្រាក់ខាងលើនេះ បានអះអាងថា ក្រុមនេះ មាននៅសេសសល់បក្សពួកថែមទៀត ហើយយើងនឹងបន្តធ្វើការស្រាវជ្រាវស្វែងរកចាប់ខ្លួន ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ៕
ចែករំលែកព័តមាននេះ