ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា-ចិន បញ្ចប់សមយុទ្ធនាគមាស

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ លំ​ហាត់​សមយុទ្ធ​នាគ​មាស​ឆ្នាំ​២០១៩ ​លើ​វិញ្ញាសា​មួយ​ចំនួន​ដូច​ជា ការ​ប្រឆាំង​ភេរវកម្ម ការ​រំដោះ​ចំណាប់ខ្មាំង ការ​សង្គ្រោះ​ប្រជាពលរដ្ឋ​ពី​គ្រោះ​ធម្មជាតិ បានបិទ​បញ្ចប់​ហើយ​នៅ​ថ្ងៃ​ទី​២៥ មីនា ក្រោម​អធិបតីភាព​សម្តេច​ពិជ័យ​សេនា…

ខេត្តកំពត ៖ លំ​ហាត់​សមយុទ្ធ​នាគ​មាស​ឆ្នាំ​២០១៩ ​លើ​វិញ្ញាសា​មួយ​ចំនួន​ដូច​ជា ការ​ប្រឆាំង​ភេរវកម្ម
ការ​រំដោះ​ចំណាប់ខ្មាំង ការ​សង្គ្រោះ​ប្រជាពលរដ្ឋ​ពី​គ្រោះ​ធម្មជាតិ បានបិទ​បញ្ចប់​ហើយ​នៅ​ថ្ងៃ​ទី​២៥ មីនា ក្រោម​អធិបតីភាព​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ។
សម្តេច​ ពិជ័យ​សេនា ទៀ បាញ់ ថ្លែង​ថា សមយុទ្ធ​នាគ​មាស​ឆ្នាំ​២០១៩​នេះ ធំ​ជាង​ឆ្នាំ​មុន ព្រោះ​ការ​ហ្វឹកហ្វឺន​លើ​វិញ្ញាសា​ប្រមាណ​២០ រវាងកងទ័ព​កម្ពុជា​និង​កងទ័ព​រំដោះប្រជាជន​ចិន ដែល​បាន​ប្រើប្រាស់​អាវុធ រថក្រោះ ឧទ្ធម្ភាគចក្រ ការ​បាញ់​គ្រាប់​ពិត​សំដៅ​ទីតាំង​កម្ទេច​ភេរវ​ករ ដើម្បី​រំដោះ​ចំណាប់ខ្មាំង ។ ក្រុម​កម្លាំង​ស៊ើបការណ៍​ថ្មើរជើង​នៃ​កងកម្លាំង​នៃ​ប្រទេស​ទាំង​ពីរ ចុះ​ស្រាវជ្រាវ​រក​គ្រឿងផ្ទុះ ដែល​បង្កប់​ដោយ​ក្រុម​ភេរវ​ករ និង​ការ​លោត​ឆត្រ​របស់​កងទ័ព​ឆត្រយោង ។

សូម​ជម្រាប​ថា ពិធី​បើក​សមយុទ្ធ​បាញ់​គ្រាប់ពិត ត្រូវ​បាន​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​១៣ ខែមីនា ក្រោម​អធិបតីភាព​លោកនាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​នៃ​កងយោធពលខេមរភូមិន្ទ និង​លោក​ឧត្តមសេនីយ៍ទោ Feng Xiang នាយ​រង​សេនាធិការ​កងទ័ព​រំដោះប្រជាជន​ចិន ។ ចំពោះ​លំ​ហាត់​ហ្វឹកហ្វឺន​នេះ ភាគី​កងទ័ព​រំដោះប្រជាជន​ចិន​ចូលរួម​ចំនួន​២៥២​នាក់ និង​ភាគី​កម្ពុជា​ចូលរួម​ចំនួន​២.៥៤២​នាក់ ក្នុង​នោះ​មាន​កម្លាំង​ធ្វើ​លំ​ហាត់​ចំនួន​៣៨២​នាក់ កម្លាំង​បម្រើ​ការ​ក្នុង​លំ​ហាត់​ចំនួន​៤៤៨​នាក់ កម្លាំង​ចូលរួម​ក្នុង​ពិធី​បើក​-​បិទ​ចំនួន​១.៦៨៥​នាក់ ។ អាវុធ​យុទ្ធ​ភ័​ណ្ឌ​សំខាន់​ៗ​ដែល​ប្រើប្រាស់​នៅ​ក្នុងលំ​ហាត់​នាគ​មាស​ឆ្នាំ​នេះ​រួម​មាន​ដូច​ជា រថ​ពាសដែក រថក្រោះ កាំភ្លើង​ធំ កាំភ្លើងត្បាល់ ឧ​ទ្ធ​ម្ភា​គចក្រ អាវុធ​គាំទ្រ​ពីលើ​អាកាស​ជាដើម ។

ក្នុង​លំ​ហាត់​នាគ​មាស​នេះ មានការ​ហ្វឹកហាត់​ក្នុង​ទីបញ្ជាការ​និង​ទីលាន ដោយ​ផ្តោត​សំខាន់​លើវិញ្ញាសា​មួយ​ចំនួន​ដូច​ជា ការ​ប្រឆាំង​ភេរវកម្ម ការ​រំដោះ​ចំណាប់ខ្មាំង ការ​សង្គ្រោះ​ប្រជាពលរដ្ឋ​ពី​គ្រោះ​ធម្មជាតិ ការ​បំពេញភារកិច្ច​ក្រោម​ឆត្រ​អង្គការសហប្រជាជាតិ និង​វិស្វកម្ម​ជាដើម ។ ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​ពេល​បើក​វគ្គលោកនាយ​ឧត្តមសេនីយ៍ ឥត សា​រ៉ាត់ អគ្គ​មេបញ្ជាការ​រង និង​ជា​នាយសេនាធិការ​ចម្រុះ នៃ​កង
យោធពលខេមរភូមិន្ទ មាន​ប្រសាសន៍​ថា ការ​ធ្វើ​លំ​ហាត់​សមយុទ្ធ​នាគ​មាស​ឆ្នាំ​២០១៩ រវាង​កង​យោធ​ពលខេមរភូមិន្ទ​ជាមួយ​កងទ័ព​រំដោះប្រជាជន​ចិន គឺ​នៅ​ទីលាន​បាញ់​គ្រាប់​ពិត ហ៊ុន សែន ជុំ​គិរី ស្ថិត​ក្នុងស្រុក​ជុំ​គិរី ខេត្តកំពត ។

លោកនាយ​ឧត្តមសេនីយ៍ ឥត សា​រ៉ាត់ បន្ត​ថា លំ​ហាត់​សមយុទ្ធ​«​នាគ​មាស​ឆ្នាំ​២០១៩» រវាងកម្ពុជា​និង​ចិន ប្រព្រឹត្ត​ទៅ​ក្រោម​របៀបវារៈ​«​ប្រឆាំង​ភេរវកម្ម និង​ផ្នែក​មនុស្សធម៌​» ខណៈ​សមយុទ្ធ​នេះ​កំពុង​ប្រព្រឹត្ត​ទៅ​នៅ​ទីលាន​បាញ់​គ្រាប់​ពិត ហ៊ុន សែន ជុំ​គិរី ដែល​មាន​ទ្រង់ទ្រាយ​ធំ​ជាង​បណ្តា​ឆ្នាំ​កន្លង​ទៅ ។

ទីតាំង​លំ​ហាត់​ហ្វឹកហ្វឺន​នាគ​មាស​ឆ្នាំ​២០១៩​នេះ ត្រូវ​បាន​កងពលតូច​លេខ​៧០​ធ្វើ​សកម្មភាព​រៀបចំ​កសាង​ទីលាន អគារ​ស្នាក់​នៅ ប្រព័ន្ធ​ផ្លូវ​ចល័ត​នៃ​លំ​ហាត់ និង​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វ័​ន្ត​ជា​ច្រើន ដែល​បម្រើ​ឱ្យ​សកម្មភាព​លំ​ហាត់​នាគ​មាស​កម្ពុជា​-​ចិន ឆ្នាំ​២០១៩ នៅ​ទីលាន​ហ្វឹកហ្វឺន​បាញ់​គ្រាប់​ពិត​របស់​សាលា​ហ្វឹកហ្វឺន​តេ​ជោ សែន របស់​កងពលតូច​លេខ​៧០ ស្ថិត​ក្នុងភូមិ​សាស្ត្រ​វាល​ចំបក់ ប្រជុំភ្នំ​ព្រះ ភូមិ​អូរ ឃុំ​ត្រពាំង​រាំង ស្រុក​ជុំ​គិរី ខេត្តកំពត ។

ក្នុង​សន្និសីទ​សារព័ត៌មាន​បិទ​បញ្ចប់ សម្តេច ពិជ័យ​សេនា ទៀ បាញ់ ថ្លែង​ថា លំ​ហាត់​នាគ​មាស​ឆ្នាំ​២០១៩ មិន​មានការ​គំរាមកំហែង​អ្នក​ណា​ទាំងអស់ ផ្ទុយ​ទៅ​វិញ​សមយុទ្ធ​នេះ គឺជា​ការ​បង្ហាញ​នូវ​ការ​ចូលរួម​ថែរក្សា​សន្តិសុខ​ក្នុង​តំបន់ តាម​រយៈ​ការ​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​គ្នា​តែ​ប៉ុណ្ណោះ ជា​ពិសេស​បទ​ពិសោធន៍​ប្រយុទ្ធ​ប្រឆាំង​អំពើ​ភេរវកម្ម ជួយ​សង្គ្រោះ​ប្រជា​ពលរ​ដ្ន ពេល​មាន​គ្រោះ​មហន្តរាយ​ធម្មជាតិ​ជាដើម ។

សម្តេច​ពិជ័យ​សេនា បន្ត​ថា លំ​ហាត់​ហ្វឹកហ្វឺន​នាគ​មាស ផ្តោត​សំខាន់​លើ​ប្រធានបទ​កិច្ចការ​មនុស្សធម៌ និង​ការ​ប្រឆាំង​ភេរវកម្ម ដែល​ជា​ឱកាស​សម្រាប់​កងទ័ព​ប្រទេស​ទាំង​២ ត្រូវ​សិក្សា​រៀនសូត្រ​ទៅ​វិញ​ទៅ​មក ដើម្បី​បង្កើន​សមត្ថភាព​វិជ្ជាជីវៈ សម្រាប់​បំពេញភារកិច្ច​ការពារ​ប្រទេស​ជាតិ​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព និង​ខ្លាំងក្លា​ថែម​ទៀត ។

សម្តេច​ពិជ័យ​សេនា​លើក​ឡើង​ថា មិន​តែប៉ុណ្ណោះ​លំ​ហាត់​នាគ​មាស​ឆ្នាំ​២០១៩ គឺជា​ការ​ចូលរួម​ចំណែក​ជំរុញ​ទំនាក់ទំនង​មិត្តភាព​កម្ពុជា​-​ចិន ឱ្យ​កាន់តែ​រឹង​មាំ​ខ្លាំងក្លា ជា​ពិសេស​កិច្ច​សហប្រតិបត្តិការ​រវាង​កង​យោធ​ពល​ខេមរភូមិន្ទ និង​កងទ័ព​រំដោះប្រជាជន​ចិន​តែ​ម្តង ។

គួរ​រំឭក​ថា សមយុទ្ធ​នាគ​មាស​ឆ្នាំ​២០១៩បាន​ធ្វើ​ឡើង​រួម​គ្នា រវាង​កង​យោធពលខេមរភូមិន្ទ និង​កងទ័ព​រំដោះប្រជាជន​ចិន ដែល​មាន​រយៈពេល​២៨​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៨ ខែកុម្ភៈ ដល់​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០១៩ ។ សមយុទ្ធ​នេះ​មាន​ភាគី​កងទ័ព​រំដោះប្រជាជន​ចិន​ចូលរួម​ចំនួន​២៥២​នាក់ និង​ភាគី​កម្ពុជា​ចូលរួម​ចំនួន​២.៥៤២​នាក់ ក្នុង​នោះ​មាន​កម្លាំង​ធ្វើ​លំ​ហាត់​ចំនួន​៣៨២​នាក់ កម្លាំង​បម្រើ​ការ​ក្នុង​លំ​ហាត់​ចំនួន​៤៤៨នាក់ កម្លាំង​ចូលរួម​ក្នុង​ពិធី​បើក​-​បិទ​ចំនួន​១.៦៨៥​នាក់ ។

លោក ចាំង ហាំ​ឈី​ង មេបញ្ជាការ​រង​កងទ័ព​ចិន បាន​លើក​ឡើង​ថា បច្ចុប្បន្ន​នេះ​ទំនាក់ទំនង​ចិន​-​កម្ពុជា បាន​ឈាន​ដល់​ចំណុចកំពូល និង​ល្អជាង​ពេល​ណា​ៗ​ទាំងអស់ ដែល​មិត្តភាព​ជា​ដែកថែប​នេះ បាន​កើតឡើង​ក្នុង​ដំណាក់កាល​ដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក ស៊ី ជី​ន​ពីង ប្រ​ធានា​ធ​បិ​តី​ចិន ។

ប្រទេស​កម្ពុជា​និង​ប្រទេស​ចិន នឹង​បន្ត​ពង្រឹងពង្រីក​ទំនាក់ទំនង​និង​កិច្ច​សហប្រតិបត្តិការ​ដ៏​រឹង​មាំ​នេះ​បន្ថែម​ទៀត ដើម្បី​អភិវឌ្ឍ​កិច្ច​សហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ ។ កងទ័ព​កម្ពុជា​-​ចិន បាន​ធ្វើ​លំ​ហាត់​នាគ​មាស នៅ​ប្រទេស​កម្ពុជា​ចំនួន​២​លើក​រួច​មក​ហើយ ដែលលើក​ទី​១ នៅ​ឆ្នាំ​២០១៦ និង​លើក​ទី​២ នៅ​ឆ្នាំ​២០១៨ ។ ភាគី​ទាំង​ពីរ​បាន​ឯកភាព​បង្កើត​ឱ្យ​មាន​លំ​ហាត់​ហ្វឹកហ្វឺន​នេះ​រៀង​រាល់​១​ឆ្នាំ​ម្តង ដើម្បី​ពង្រឹង​កិច្ច​សហ​ប្រតិ​បត្តិ​យោធា ។ លំ​ហាត់​នាគ​មាស ឆ្នាំ​២០១៩ ត្រូវ​បាន​គេ​មើលឃើញ​ថា មាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ ដោយ​មាន​កម្លាំង​ទ័ព និង​សព្វាវុធ​ចូលរួម​ច្រើន​ជាង​មុន​ផង​ដែរ ៕