ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវ​ល្បឿន​លឿន​នឹង​ជួយ​ដល់​ការ​ធ្វើ​ដំណើរ​​សល់ត្រឹម​២​ម៉ោង ខណៈ​តម្លៃ​ប្រើ​ប្រាស់​​ហាក់​ស្រពិចស្រពិល​នៅឡើយ

5 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ថ្នាក់ដឹកនាំ​ក្រសួង​សាធារណការ និង​ដឹក​ជ​ញ្ជួ​ន​បាន​ឲ្យ​ដឹង​ថា ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ខេត្ត​ព្រះ​សីហ​នុ (Express Way) ដែល​ជា​ផ្លូវ​ល្បឿន​លឿន​ដំបូង​គេ​នៅ​ប្រទេស​កម្ពុជា គ្រោង​នឹង​បញ្ចប់​ការ​សាងសង់​នា​ខែមីនា ឆ្នាំ​២០២៣…

រាជធានី​ភ្នំពេញ ៖ ថ្នាក់ដឹកនាំ​ក្រសួង​សាធារណការ និង​ដឹក​ជ​ញ្ជួ​ន​បាន​ឲ្យ​ដឹង​ថា ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ខេត្ត​ព្រះ​សីហ​នុ (Express Way) ដែល​ជា​ផ្លូវ​ល្បឿន​លឿន​ដំបូង​គេ​នៅ​ប្រទេស​កម្ពុជា គ្រោង​នឹង​បញ្ចប់​ការ​សាងសង់​នា​ខែមីនា ឆ្នាំ​២០២៣ ខាង​មុខ​នេះ ហើយ​ផ្លូវ​នេះ​នឹង​អនុញ្ញាត​ឱ្យ​យានយន្ត​គ្រប់​ប្រភេទ អាច​បើកបរ​ក្នុង​ល្បឿន​រហូត​ដល់ ១០០​គ​.​ម ទៅ ១២០​គ​.​ម ក្នុង​មួយ​ម៉ោង។

ដូច្នេះ​ក្រោយ​ពេល​សាងសង់​រួចរាល់ រយៈពេល​ធ្វើ​ដំណើរ​រវាង​រាជធានី​ភ្នំពេញ និង​ខេត្ត​ព្រះ​សីហ​នុ នឹង​ប្រែ​ពី ៥ ម៉ោង​ក្នុង​ពេល​បច្ចុប្បន្ន​មក​នៅ​ត្រឹមតែ ២ ម៉ោង​ប៉ុណ្ណោះ នា​ពេល​អនាគត ។

យ៉ាងណាមិញ ពាក់ព័ន្ធ​នឹង​តម្លៃ​សេវា​នៃ​ការ​ប្រើប្រាស់​ផ្លូវ​ល្បឿន​លឿន​នេះ នៅ​មិន​ទាន់​សម្រេច​ជា​ផ្លូវការ​នៅឡើយ​ទេ ខណៈ​អ្នក​រកស៊ី​ខាង​សេវា​ដឹក​ជញ្ជូន ក៏​ដូច​ជា​ប្រជា​ពល​ដ្ឋ​ទូទៅ សង្ឃឹមថា តម្លៃ​ឆ្លងកាត់​ផ្លូវ​ហា​យ​វេ​៉​ដំបូង​គេ​នេះ នឹង​ត្រូវ​បាន​កំណត់​ក្នុង​អត្រា​មួយ​ធូរ​ថ្លៃ​ជាង តម្លៃ​ដែល​ធ្លាប់​បាន​បង់​កាលពីមុន​ទៅ​ក្រុមហ៊ុន​ឯកជន​សម្រាប់​ការ​ប្រើប្រាស់​ផ្លូវជាតិ​លេខ ៤ កន្លង​ទៅ​។

បើ​តាម​ប្រភព​ពី​ក្រសួង​សាធារណការ និង​ដឹក​ជ​ញ្ជួ​ន​បាន​ឲ្យ​ដឹង​ថា បើ​ទោះបីជា​តម្លៃ​សេវា​ឆ្លងកាត់​ផ្លូវ​មិន​ទាន់​កំណត់​ផ្លូវការ​ក៏​ពិតមែន តែ​ជា​បទ​ពិសោធន៍​គឺ​តម្លៃ​នៃ​ការ​ប្រើប្រាស់​ផ្លូវ​ល្បឿន​លឿន​ក្នុង​តំបន់ មាន​ប្រទេស​ខ្លះ គឺ​តម្លៃ​មាន​ច​ម្លោះ​ពី ១០ ទៅ​១៣ សេន ក្នុង​មួយ​គី​ឡួ​ម៉ែត្រ ។

ដូច្នេះ​ប្រសិនបើ ផ្លូវ​ល្បឿន​លឿន នៅ​កម្ពុជា​ពី ភ្នំពេញ​-​ព្រះ​សីហ​នុ កំណត់​តម្លៃ​ប្រហាក់ប្រហែល​នេះ គឺ​សម្រាប់​ចម្ងាយ​ជាង ១៩០ គីឡូម៉ែត្រ អ្នក​ប្រើប្រាស់​ផ្លូវ​ល្បឿន​លឿន​នេះ គឺ​អាច​ត្រូវ​បង់ប្រាក់​ពី​រង្វង់ ១៩ ទៅ ២៤,៧ ដុល្លារ សម្រាប់​ការ​ប្រើប្រាស់​ផ្លូវ​ល្បឿន​លឿន​មួយ​នេះ ។

ប្រធាន​សមាគម​ភ្នាក់ងារ​បញ្ជូន​ទំនិញ​កម្ពុជា លោក ស៊ិ​ន ចន្ទី សង្ឃឹមថា​កម្រិត​តម្លៃ​សេវា​ឆ្លងកាត់ បើ​ដូច​ព័ត៌មាន​ថា​នឹង​មាន​កម្រិត ពី​១០ សេន ទៅ ១៣ សេន​ក្នុង​មួយ​គីឡូ​មែ​ត្រ គឺ​អាច​ទទួលយក​បាន​ពាក់ព័ន្ធ​នឹង​តម្លៃ​ឆ្លងកាត់ លោក ស៊ិ​ន ចន្ទី បាន​មាន​ប្រសាសន៍​បញ្ជាក់ លោក​មិន​ទាន់​បាន​ទទួល​ព័ត៌មាន​ច្បាស់​កា​រ​នៅឡើយ ពី​តម្លៃ​នៃ​ការ​ឆ្លងកាត់​ផ្លូវ​ល្បឿន​លឿន ពី​ភ្នំពេញ​-​ព្រះ​សីហ​នុ​នោះ​ទេ ។

តែ​លោក​សង្ឃឹមថានឹង​ធូរ​ថ្លៃ​ជាង​មុន ព្រោះ​តម្លៃ​បង់​ពី​មុន​សម្រាប់​ការ​ប្រើប្រាស់​ផ្លូវជាតិ លេខ​៤ យើង​ត្រូវ​បង់អស់​ប្រមាណ​ជិត​៤០​ដុល្លារ​អា​មេ​រិ​ក​ឯណោះ គឺ​ប្រមា​ន ៣៧​ដុល្លារ​សម្រាប់​កុងតឺន័រ ដូច្នេះ បើសិនជា (​តម្លៃ​នៅ​ស្រុក​ខ្មែរ​) ត្រឹមតែ​១០​ទៅ​១៣​សេន ក្នុង​មួយ​គីឡូម៉ែត្រ ហើយ​គិត​សរុប​ទៅ​យើង​អស់​ប្រមាណ​តែ​២៤​ដុល្លារ​អា​មេ​រិ​ក អ​ញ្ចឹ​ង​យើង​គិត​ថា​អាច​ទទួលយក​បាន » ។

លោក​បន្ត​ថា វា​មិន​ចម្លែក​ទេ ដែល​ផ្លូវ​ល្បឿន​លឿន រឺ​ហា​យ​វេរ​យ៍ គេ​យក​លុយ​ពី​អ្នក​ឆ្លងកាត់​នោះ ពីព្រោះ​នៅ​ស្ទើរតែ​គ្រប់​ប្រទេស​ទៅ​ហើយ នៅ​លើ​ពិភពលោក គ្មាន​អ្នក​ធ្វើ​ផ្លូវ​អោយ​ទទេ ដោយ​មិន​យក​លុយ​ទេ ។ គេ​ធ្វើ​អស់​រាប់​ពាន់​លាន​ដុល្លារ អ​ញ្ចឹ​ង​គេ​ត្រូវ​តែ​យក​លុយ​មក​វិញ​ហើយ តែបើ​យក​ខ្ពស់​ពេក ក៏​មាន​ផល​អាក្រក់​សម្រាប់​អ្នក​ដឹក​ជញ្ជូន​ដែរ ។

ហើយ​សម្រាប់​ផ្លូវ​ល្បឿន​លឿន​របស់​កម្ពុជា វា​នឹង​ធ្វើ​អោយ​វិស័យ​ដឹក​ជញ្ជូន កាន់តែ​ប្រសើរ ដោយសារ​តែ​រយៈ​ចំងាយ​ខ្លី​ជាង​ផ្លូវ​ចាស់ ជា​ពិសេស​ផ្លូវ​ថ្មី​នេះ អាច​បើកបរ​បាន​លឿន និង​មិន​មាន​ឧបសគ្គ​ដូច​ការ​ប្រើប្រាស់​ផ្លូវ​ចាស់​នោះ​ឡើយ ។

លោក​បន្ថែម​ថា នៅ​ពេល​ផ្លូវ​នេះ រួចរាល់​នឹង​ផ្ដល់​ផល​ចំណេញ​ច្រើន​ណាស់ សម្រាប់​វិស័យ​ដឹក​ជញ្ជូន ជាក់ស្ដែង​សព្វ​ថ្ងៃនេះ ផ្លូវ​លេខ​៤ គេ​ប្រើ​ពេល​រហូត​ដល់​៦​ទៅ​៨​ម៉ោង ពី​ភ្នំពេញ​ទៅ​ព្រះ​សីហ​នុ ហើយ​ពេល​ខ្លះ​ត្រូវ​ប្រើ​យូរ​ជាង​នេះ ហើយ​វា​ក៏​បាន​ស៊ីប្រេង​ឥន្ធនៈ​ច្រើន​ផង​ដែរ ដោយសារ​តែ​វា​ស្ទះចរាចរណ៍

និង​ប្រើ​ពេល​យូរ ក៏​ប៉ុន្តែ​បើសិនជា​ផ្លូវ​ល្បឿន​លឿន​រួចរាល់ វា​មាន​ចំងាយ​ត្រឹមតែ​ជាង​១៩០​គីឡូម៉ែត្រ ដូច្នេះ​ខ្លី​ជាង​មុន អាច​បើក​លឿន​ជាង​មុន ដែល​ធ្វើ​អោយ​ប្រើ​ពេល​ខ្លី​ជាង​មុន អស់​ប្រេង​តិច​ជាង​មុន និង​មិន​ធ្វើ​អោយ​ប៉ះពាល់​ដល់​បរិស្ថាន​ផង​ដែរ ។

ក៏​ប៉ុន្តែ​លោក​សំណូមពរ​ដល់​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​និង​ស្ថាប័ន​ពាក់ព័ន្ធ​ថា​ដោយសារ​តែ​ផ្លូវ​នេះ គេ​កំណត់​អោយ​បើក​រាង​លឿន​បន្តិច ។

លោក​បន្ត​ថា «​ដូច្នេះ​វា​ជា​បញ្ហា​មួយ ដោយសារ​តែ​រថយន្ត​សណ្ដោង​សព្វ​ថ្ងៃនេះ​ជា​រថយន្ត​ចាស់​ៗ និង​ចង់​នាំ​ចូល​រថយន្ត​ថ្មី​ៗ​មក​ជំនួស​វិញ តែ​ពន្ធ​នាំ​ចូល​រថយន្ត​នៅ​ខ្ពស់​បើ​ធៀប​នឹង​ប្រទេស​ជិតខាង ដូច្នេះ​បើសិនជា​រដ្ឋាភិបាល​សម្រួល​ពន្ធ​នាំ​ចូល​រថយន្ត​មក​នៅ​កម្រិត​មួយ​ទាប​បន្តិច​នោះ វា​ជា​ការ​សម្រួល​បន្ថែម​មួយទៀត​សម្រាប់​វិស័យ​ដឹក​ជញ្ជូន កម្ពុជា និង​ចូលរួម​ពង្រឹង​សុវត្ថិភាព​លើ​ការ​ដឹក​ជញ្ជូន និង​ចូលរួម​ថែរក្សា​បរិស្ថាន​ផង​ដែរ​» ។

លោក វ៉ា ស៊ឹ​ម សូ​រិ​យា អ្នកនាំពាក្យ​ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន បានអោយ​ដឹង​ថា​តម្លៃ​ជាក់លាក់​ណាមួយ នៅ​មិន​ទាន់​ដឹង​ប្រាកដ​នៅឡើយ​ទេ រហូត​ទាល់តែ​ប្រជុំ​ជាមួយ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ក្រុមហ៊ុន​សាងសង់ ទើប​អាច​កំណត់​បាន ។ គួរ​បញ្ជាក់​ថា ផ្លូវ​នេះ​នឹង​ប្រើ​ពេល​សាងសង់​រយៈ​៤៨​ខែ ពោល​គឺ​៤​ឆ្នាំ​ដើម្បី​បញ្ចប់​ទាំងស្រុង នៅ​អំឡុង​ឆ្នាំ ២០២៣​ខាង​មុខ និង​អាច​ដាក់​អោយ​ដំណើរការ​ជា​ផ្លូវការ​តែ​ម្ដង ។

គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះ​សីហ​នុ គឺ​វិនិយោគ​ដោយ​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​និង​ថ្នល់​ចិន (CRBC) តាម​រយៈ​ក្រុមហ៊ុន​ខេ​ម​បូ​ឌា​ន ភី​ភី​អេស​អេ​ច​វី អិ​ច​ប្រេស​វ៉េ (Cambodian PPSHV Expressway Co., Ltd ) ត្រួតពិនិត្យ និង​ផ្តល់​ការ​ប្រឹក្សា​បច្ចេកទេស​សាងសង់​ដោយ​ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស Minconsult SDN BHD ដោយ​ប្រើប្រាស់​ថវិកា​វិនិយោគ​ប្រមាណ​ជិត ២.០០០​លាន​ដុល្លារ​អា​មេ​រិ​ក

និង​ប្រើប្រាស់​ថវិកាបដិភាគ​ដែល​ជា​ហិរញ្ញប្បទាន​ឥត​សំណង​ពិសេស​របស់​រដ្ឋា​ភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ប្រមាណ ១៥០​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​ត្រូវ​ប្រើ​រយៈពេល​សាងសង់​ចំនួន ៤៨​ខែ ដោយ​គិត​ចាប់ផ្តើម​ពី​ខែមីនា ឆ្នាំ​២០១៩ និង​បញ្ចប់​នៅ​ខែមីនា ឆ្នាំ​២០២៣​។

ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះ​សីហ​នុ ត​ភ្ជាប់​ពី​ភូមិ​ទី​១ សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ដល់​ភូមិ​ទី​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ឆ្លងកាត់​រាជធានី​ភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់​ស្ពឺ ខេត្តកោះកុង និង​ខេត្ត​ព្រះ​សីហ​នុ ដែល​មាន​ទទឹង​តួ​ផ្លូវ​សរុប ២៤,៥​ម៉ែត្រ ក្រាល​បេតុង​កៅស៊ូ (AC) កម្រាស់ ១០​សង់ទីម៉ែត្រ ចែក​ជា ៤​គន្លង (២​គន្លង​ទៅ ២​គន្លង​មក​) ។

នៅ​ពេល​ចរាចរណ៍​កើនឡើង ផ្លូវ​នេះ​នឹង​ត្រូវ​ពង្រីក​ចំនួន ២ គន្លង​បន្ថែម​ទៀត ដែល​មាន​ន័យ​ថា​មាន ៣​គន្លង​ទៅ និង ៣ គន្លង​មក ។

លោក ស៊ុន ចាន់​ថុ​ល ថ្លែង​នា​ឱកាស​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​នៅ​ថ្ងៃ​ទី​២២ ខែមីនា​ស​ប្តា​ហ៍​មុន រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជ​ញ្ជួ​ន មាន​ប្រសាសន៍​បញ្ជាក់​ថា «​ការ​វិនិយោគ​ដែល​អនុវត្ត​តាម​រូបភាព​សាងសង់ ធ្វើ​អាជីវកម្ម និង​ផ្ទេរ Build-operate-transfer គឺ​អនុញ្ញាតិ​ឲ្យ​ក្រុមហ៊ុន វិនិយោគ​មាន​សិទ្ធ​ប្រមូល​កំរៃ​សេវា ពី​អ្នក​ប្រើប្រាស់​ផ្លូវ ក្នុង​អត្រា​កំណត់​មួយ ដូច​មាន​ចែង​ក្នុង​កិច្ចព្រមព្រៀង​សម្ប​ទាន ទៅ​តាម​ទំហំ និង​ប្រភេទ​នៃ​យានយន្ត​នីមួយ​ៗ ។

យោង​តាម​សំណើរ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ស្នើ​សុំ​ក្រុមហ៊ុន​ឲ្យ​បញ្ចុះតម្លៃ សេវា ឆ្លងកាត់​លើ​ផ្លូវ​ល្បឿន​លឿន​នេះ ក្រុមហ៊ុន​ក៏​បាន​ឯកភាព មិន​យក​ថ្លៃ​យានយន្ត​គ្រប់​ប្រភេទ ដែល​បើកបរ​លើ​ផ្លូវ​ល្បឿន​​​លឿន​នេះ ក្នុង​រយៈពេល​មួយ​ខែ​ដំបូង និង​បញ្ចុះតម្លៃ ២០% សម្រាប់​រយៈ​មួយ​ឆ្នាំ​បន្ទាប់ នោះ ។

លើស​ពី​នេះ​ទៀត ក្រុមហ៊ុន​យល់ព្រម​កែសម្រួល​តម្លៃ ពី​សេវា​ឆ្លងកាត់ ក្នុង​រយៈពេល ៥ ឆ្នាំ​ម្តង នៃប្រតិបត្តិ​អាជីវកម្ម​របស់​ខ្លួន​ផង​ដែរ​» ។

លោក​រដ្ឋមន្ត្រី​បន្ត​ថា «​បន្ទាប់​ពី​ការ​សាងសង់​រួច​ជា​ស្ថាពរ ផ្លូវ​នេះ នឹង​ក្លាយទៅជា​ផ្លូវ​ប៉ូ​ល​សេដ្ឋកិច្ច និង​ទេសចរណ៍​ដ៏​មាន​សក្តានុពល​របស់​ប្រទេស​កម្ពុជា ត​ភ្ជាប់​ពី​រាជធានី​ភ្នំពេញ ទៅ​កាន់​ក្រុងព្រះសីហនុ និង​ដើរតួ​នាទី​យ៉ាង​សំខាន់ ក្នុង​ការ​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការ​ធ្វើ​ដំណើរ និង​ប្រព័ន្ធ ភស្តុ​ភារ​កម្ម​របស់​កម្ពុជា ។

សំដៅ​សម្រួល​ដល់​ការ​ដឹក​ជ​ញ្ជួ​ន​ផលិតផល ដំណាំ​កសិផល ផលិតផល​ក​សិ​-​ឧស្សាហកម្ម ក្រុម​ហ៊ុន​វិនិយោគ និង​បងប្អូន​ប្រជាពលរដ្ឋ​មក​ពី​គ្រប់​តំបន់​នៅ​ទូ​ទាំង​ប្រទេស ទៅ​កាន់​ទីផ្សារ​ក្នុងស្រុក

និង​ជា​ពិសេស​ទៅ​កាន់​ទីផ្សារ​បរទេស​តាម​រយៈ​កំពង់​ផែ​សមុទ្រ​អន្តរជាតិ​ទឹក​ជ្រៅ​របស់​យើង​ប្រកបដោយ​ភាព​ងាយស្រួល ចំណាយ​តិច និង ឆាប់រហ័ស សំដៅ​បង្កើន​សមត្ថភាព​ប្រកួតប្រជែង​ធុរកិច្ច និង​ទាញ​យក​អត្ថប្រយោជន៍​ឲ្យ​បាន​ច្រើន លើសលប់​ពី​សមា​ហរ​ន្ត​កម្ម សេដ្ឋកិច្ច​អាស៊ាន តំបន់ និង​ពិភពលោក​» ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ