ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គលេខាធិការ​សហព័ន្ធ​កីឡា​កាយ​វប្ប​កម្ម និង​លំ​ហាត់ប្រាណ​ប្រកាស​លាលែង​តំណែង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក តឹក ប៊ុ​ន​វី អគ្គលេខាធិការ​ខេមរៈ​សហព័ន្ធ​កីឡា​កាយ​វប្បកម្ម និង​លំ​ហាត់ប្រាណ និង​ជា​កីឡាករ​ជម្រើសជាតិ បាន​ប្រកាស​លាលែង​ពី​តំណែង និង​ទម្លាយ​រឿងអាស្រូវ​ផ្ទៃក្នុង​របស់​សហព័ន្ធ…

រាជធានី​ភ្នំពេញ ៖ លោក តឹក ប៊ុ​ន​វី អគ្គលេខាធិការ​ខេមរៈ​សហព័ន្ធ​កីឡា​កាយ​វប្បកម្ម និង​លំ​ហាត់ប្រាណ និង​ជា​កីឡាករ​ជម្រើសជាតិ បាន​ប្រកាស​លាលែង​ពី​តំណែង និង​ទម្លាយ​រឿងអាស្រូវ​ផ្ទៃក្នុង​របស់​សហព័ន្ធ ដោយ​បាន​ចោទប្រកាន់​លោក រស្មី សុខ​មង្គល ប្រធាន​សហព័ន្ធ​ថា ជា​មនុស្ស​គិតតែ​ពី​ប្រយោជន៍​ផ្ទាល់ខ្លួន និង​ប្រើប្រាស់​កីឡាករ​ធ្វើ​ជា​មុខ​ជំនួញ ដើម្បី​ផល​ចំណេញ​។

ក្រោយ​ទម្លាយ​រឿងអាស្រូវ​នៅ​ក្នុង​សហព័ន្ធ លោក តឹក ប៊ុ​ន​វី បាន​ប្រកាស​លាលែង​ពី​តំណែង​អគ្គលេខាធិ​ការ​ខេមរៈ​សហព័ន្ធ​កីឡា​កាយ​វប្បកម្ម​និង​លំ​ហាត់ប្រាណ ក្រោម​ហេតុផល មិន​អាច​បន្ត​ធ្វើ​ការងារ​ជាមួយ​ប្រធាន​សហព័ន្ធ ដែល​គិតតែ​ពី​ផលប្រយោជន៍ ។ នេះ​បើ​យោង​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​កីឡាក​រូប​នេះ​ដែល​មានឈ្មោះ​ថា Steven Amy នៅ​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០១៩​។

ទំព័រ​ហ្វេ​ស​ប៊ុ​ក​នេះ​បាន​រៀបរាប់​ដូច្នេះ​ថា​៖«​ខ្ញុំបាទ តឹក ប៊ុ​ន​វី ជា​អគ្គលេខាធិការ​ខេមរៈ​សហព័ន្ធ​កីឡា​កាយ​វប្បកម្ម និង​លំ​ហាត់ប្រាណ និង​ជា​កីឡាករ​ជម្រើសជាតិ​ម្នាក់ សុំ​ប្រកាស​លាលែង​ពី​សហព័ន្ធ​ចាប់ពី​ពេល​នេះ​តទៅ មូល ហេតុ​មក​ពី​ប្រធាន​សហព័ន្ធ​គិតតែ​ពី​ផល ប្រយោជន៍​ផ្ទាល់ខ្លួន គិតតែ​ពី​ផល​ចំណេញ​ផ្ទាល់ខ្លួន​របស់​គាត់​»​។

លោក​បាន​ចោទប្រកាន់​លោក រស្មី សុខ​មង្គល ដែល​ជា​ប្រធាន​សហព័ន្ធ​ថា ជា​បុគ្គល​គិតតែ​ពី​ផល​ចំណេញ​ផ្ទាល់ខ្លួន និង​យក​កីឡាករ​ធ្វើ​ជា​មុខ​ជំនួញ ។ លោក​បាន​បន្ថែម​ថា លោក រស្មី សុខ​មង្គល មិន​ដែល​យក​ថវិកា​ដែល​កៀរគរ​បាន​ពី​ក្រៅ​ស្រុក និង​ក្នុងស្រុក​មក​ដាក់​ក្នុង​សហព័ន្ធ ដើម្បី​អភិវឌ្ឍន៍​កីឡា​កាយ​វប្បកម្ម​នេះ​ឡើយ​។

លោក តឹក ប៊ុ​ន​វី បាន​លើក​ពី​សមិទ្ធផល និង​ស្នាដៃ​កាលពី​ពេល​កន្លង​មក​ថា លោក​ជា​កីឡាករ​ដំបូង​គេ​ដែល​​ឈ្នះ​មេដាយមាស​អាស៊ី​អាគ្នេយ៍ និង​មេដាយ​សំរឹទ្ធ​ពិភពលោក​នៅ​ឆ្នាំ​២០១៦ ។ កាល​ណោះ លោក​បាន​បរិច្ចាគ​ថវិកា​២០​ភាគរយ​ពី​ថវិកា​លើកទឹកចិត្ត​របស់​រាជរដ្ឋាភិបាល​ដល់​សហព័ន្ធ ដើម្បី​ទុក​ឲ្យ​កីឡាករ​ដូច​គ្នា​ប្រើប្រាស់​ពេល​ចេញ​ទៅ​ប្រកួត​ក្រៅប្រទេស​ម្តង​ៗ ។ កោះសន្តិភាព​មិន​អាច​ស្វែងរក​ការ​បំភ្លឺ​ពី​លោក រស្មី សុខ​មង្គល ជុំវិញ​ការ​ចោទប្រកាន់​របស់​លោក​តឹក ប៊ុ​ន​វី នៅឡើយ​ទេ​ដោយសារ​ទូរស័ព្ទ​ចូល​ហើយ​គ្មាន​អ្នក​លើក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ