ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុក​ក្មេក​​កាប់កូនប្រសា​​៤កាំបិត

15 ឆ្នាំ មុន

​ខេត្តកំពត​ ៖ ​កូនប្រសា​ប្រុសម្នាក់​​ទទួលរង​​របួស​ធ្ងន់ធ្ងរ ដោយសារ​​តែ​​ឪពុក​ក្មេក​​លបកាប់​​ពីក្រោយ​​៤កាំបិតផ្គាក់​​កាលពីវេលាម៉ោង​​៧​យប់​ថ្ងៃទី​​២៨ កុម្ភៈ នៅ​ក្នុងផ្ទះ​​របស់ខ្លួន ។ ​កូនប្រសា​​រងគ្រោះ​ឈ្មោះ​​ស៊ុន សំ ហៅល័ក អាយុ​​២៤​ឆ្នាំ ​រី​ឯ​​ឪពុក​​ក្មេកចិត្ត​​សាហាវ​​ប៉ងធ្វើ​​​ឃាត​កូនប្រសា​មិន​បាន​សម្រេច​ឈ្មោះ​​ឃី ឆន អាយុ​​៥០​ឆ្នាំ ​រស់នៅ​​ភូមិ​​ព្រៃ​កឹក ​ឃុំប្រាសាទ​​ភ្នំ​ខ្យង ស្រុក​កំពង់​​ត្រាច ។

តាមសេចក្តី​រាយការណ៍ជា​បឋម​​​​បាន​ឱ្យ​​ដឹង​ថា ​ឈ្មោះឃី ឆន ជា​ឪពុក​ក្មេក​​​ពេល​ត្រឡប់​មក​​ពី​ចូលរួម​​​ពិធីមង្គល​ការ​គេវិញ ​ទំនងជា​ស្រវឹង​​ជោក​ផង​ ហើយ​​មិន​ដឹង​ជា​ទាស់​ចិត្ត​រឿងអ្វី ក៏​​លប​ទៅ​កាប់កូនប្រសា​​ប្រុសដែល​​​កំពុងតែ​​អង្គុយ​​ដាំ​ទឹក​​ឱ្យ​​កូនផឹក ។ ពេលដែល​​ឪពុកក្មេក​​ប្រមឹក​​កាប់​ត្រូវ​នោះ ​កូនប្រសា​បាន​ព្យាយាម​​ស្រែក​​​ឱ្យ​គេ​​ជួយ ទើបមានកូន​ប្រសាប្រុស​​ម្នាក់​ទៀត​​បាន​រត់ទៅ​ជួយដែរ ​ឯ​ឃី ឆន ជា​ឪពុក​ក្មេក​ ​ក៏​រត់​គេច​​​​ខ្លួនបាត់ស្រមោលទាំង​យប់តែម្តង​ ​។ ចំណែក​​​បុរស​ជា​​កូនប្រសា​​ត្រូវក្រុមគ្រួសារ​​ដឹក​​តាម​រ៉ឺម៉ក​ទៅ​​​កាន់មន្ទីរពេទ្យ​​ស្រុកកំពង់ត្រាច​ដើម្បី​​សង្គ្រោះ​ ។ តាមសម្តីស្ត្រី​ជា​​​ម្តាយក្មេក​​បាន​និយាយ​​ថា ​ប្តីរបស់គាត់​​មិន​ដែល​ទាស់​សម្តី​គ្នា​ជាមួយកូនប្រសា​​ម្តង​ណា​ទេ ប៉ុន្តែ​នៅ​ពេលមុន​កើត​ហេតុ​​ ប្តីរបស់គាត់​បាន​ត្រឡប់​​មកពី​ហូប​ការ​​គេ​វិញ ហើយ​​មិនដឹង​ថា មាន​រឿងអ្វី​​នោះទេ​ស្រាប់​តែ​​​កាប់​កូន​ប្រសា​​​បែបនេះ​​ ។

លោកលឹម ​ហុកសេង មេបញ្ជា​ការ​​​កង​រាជ​អាវុធ​ហត្ថ​​ស្រុក​​កំពង់​​ត្រាច​​មានប្រសាសន៍​​ថា ករណី​ដែល​​​ឪពុកក្មេក​​​កាប់​កូន​ប្រសា​នេះ ​មិនទាន់​ដឹង​ពី​មូលហេតុ​​ជម្លោះ​​នៅឡើយទេ ​ប៉ុន្តែ​ឪពុក​​ក្មេក​​រូប​នោះ​ត្រូវ​​គេ​និយាយ​ថា ​ដោយ​​​សារ​ផឹក​​គ្រឿង​ស្រវឹង​ច្រើន ហើយ​ឥឡូវ​​សមត្ថកិច្ច​​កំពុង​តែ​​តាមស្វែង​រក​​ជនដៃ​ដល់​​ដើម្បីចាត់ការ​​តាម​ច្បាប់​ ៕