ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កងកម្លាំង​មួក​ខៀវ​១៨៤​នាក់​ទទួល​បាន​មេដាយ​ក្រោយ​បញ្ចប់​បេសកកម្ម​អង្គការសហប្រជាជាតិ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​ពិជ័យ​សេនា​ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ កាលពី​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០១៩​នេះ បាន​អញ្ជើញ​បំពាក់​មេដាយ​ការងារ​ជូន​ដល់​កងកម្លាំង​មួក​ខៀវ​កម្ពុជា​ចំនួន​១៨៤​នាក់…

រាជធានី​ភ្នំពេញ ៖ សម្តេច​ពិជ័យ​សេនា​ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ កាលពី​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០១៩​នេះ បាន​អញ្ជើញ​បំពាក់​មេដាយ​ការងារ​ជូន​ដល់​កងកម្លាំង​មួក​ខៀវ​កម្ពុជា​ចំនួន​១៨៤​នាក់ បាន​បញ្ចប់​បេសកកម្ម​ក្រោម​ឆ័​ត្រ​នៃ​អង្គការសហប្រជាជាតិ​នៅ​សាធារណៈរដ្ឋ​លី​បង់​ដែល​បាន​បញ្ចប់​បេសកកម្ម​កាលពី​ចុង​ខែមករា ឆ្នាំ​២០១៩​កន្លង​ទៅ ។

ពិធី​នេះ​បាន​ធ្វើ​ឡើង​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​ដោយ​មាន​លោកស្រី Paulin Tamesis តំណាង​UN ប្រចាំ​ប្រទេស​កម្ពុជា​ចូលរួម​ផង​ដែរ ។ ក្នុង​ពិធី​បំពាក់​មេដាយ​ការងារ​ជូន​កងកម្លាំង​រក្សា​សន្តិភាព​របស់​កម្ពុជា​នៅ​ថ្ងៃ​ទី​២១ ខែមីនា នេះ​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​បាន​ថ្លែង​ថា «​ការ​ដែល​រដ្ឋាភិបាល​បំពាក់​មេដាយ​ដល់​កងកម្លាំង​មួក​ខៀវ​នេះ​ដោយសារ​ពួក​គេ​មាន​ស្នាដៃ​ដ៏​ធំធេង​នៅ​លើ​ឆាក​អន្តរជាតិ លើ​ផ្នែក​វិស្វកម្ម និង​បោសសម្អាត​មីន ក្នុង​ក្របខ័ណ្ឌ របស់​អង្គការសហប្រជាជាតិ​» ។

សម្តេច​ពិជ័យ​ទៀ​បាញ់​បាន​ថ្លែង​ថា ក្នុង​រយៈពេល​ជាង​១២​ឆ្នាំ​កន្លង​ទៅ​នេះ​កងកម្លាំង​កម្ពុជា ដែល​ធ្លាប់​ពាក់​ស្លាក​សញ្ញា​របស់ អ​.​ស .​ប នៅ​លើ​ឯកសណ្ឋាន​បាន​ក្លាយជា​គ្រួសារ​មួយ​របស់ អ​.​ស​.​ប និង​ជា​បងប្អូន​លើ​សកលលោក ។ ក្នុង​ពេល​បំពេញបេសកកម្ម​ម្តង​ៗ​កងកម្លាំង​កម្ពុជា​តែងតែបាន​ចែករំលែក​នូវ​ជំនាញ និង​បទ​ពិសោធន៍​ល្អ​ៗ​ជាមួយ​បណ្តា​ប្រទេស​ដែល​រង​គ្រោះ​ដោយសារ​ជម្លោះ និង​អ​ស្ថេ​រ​ភាព ដើម្បី​ជួយ​រំលែក​ទុក្ខ និង​សង្គ្រោះ​អាយុជីវិត​ដ៏​ច្រើន​ផង​ដែរ​។

លោកស្រី​Paulin Tamesis អ្នកសម្របសម្រួល​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា​មាន​ប្រសាសន៍​ថា ប្រតិបត្តិការ​សន្តិភាព​របស់​អង្គការសហប្រជាជាតិ​នៅ​តាម​កន្លែង​ជា​ច្រើន​កង​រក្សា​សន្តិភាព​ត្រូវ​ធ្វើការ​ចល័ត​នៅ​កន្លែង​ដែល​ប្រឈម​នឹង​ហានិភ័យ​ជួបនឹង​ជម្លោះ​ហិង្សា និង​ជម្លោះ​ប្រដាប់​អាវុធ ហើយ​ពេល​ខ្លះ​កង​រក្សា​សន្តិភាព​ត្រូវ​ប្រឈម​នឹង​ហានិភ័យ​ផ្ទាល់ខ្លួន​ក៏​ដោយ​ក៏​កម្លាំង​រក្សា​សន្តិភាព ជួយ​សហគមន៍​ឱ្យ​មាន​ភាព​នឹងនរ​ផ្តល់​ការ​ការពារ​ដល់​ជន​ស៊ី​វិល លើកកម្ពស់​ច្បាប់​នីតិរដ្ឋ និង​ជំរុញ​សិទ្ធិ​មនុស្ស ដើម្បី​បុព្វហេតុ​ក្នុង​ការ​បង្កើត​សន្តិភាព និង​សកម្មភាព​ផ្នែក​មនុស្សធម៌ ។

លោកស្រី លើក​ឡើង​ទៀត​ថា ការ​តាំងចិត្ត​របស់​កងកម្លាំង​មួក​ខៀវ​កម្ពុជា​ក្នុង​ការ​ការពារ និង​ជួយ​ដល់​ប្រជាជន​ដែល​មាន​តម្រូវការ និង​រង​ដោយ​ជម្លោះផ្ទៃក្នុង​ប្រទេស ។ ទ័ព​មួក​ខៀវ​ត្រូវ​ផ្តល់​ការ​ការពារ​ដល់​ជនភៀសខ្លួន​រាប់​លាន​អ្នក និង​គាំទ្រ​ដល់​ការ​សង្គ្រោះ​អាយុជីវិត​តាម​រយៈ​ការ​ផ្តល់​ជំនួយ​មនុស្សធម៌​ដែល​កម្ពុជា​បាន​ធ្វើ​ក្នុង​បេសកកម្ម​ដូច​ជា ការងារ​កសាង​ផ្លូវ ស្ពាន និង​បោសសម្អាត​មីន​នេះ​ហើយ ។

លោកនាយ​ឧត្តមសេនីយ សែ​ម សុវណ្ណ​នី អនុប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​កងកម្លាំង​រក្សា​សន្តិភាព និង​ជា​អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព​មាន​ប្រសា​ន៍​ថា​« កងកម្លាំង​វិស្វកម្ម​ពហុ​ជំនាញ​១៨៤​នាក់ ក្នុង​បេសកកម្ម​អង្គការសហប្រជាជាតិ​នៅ​ប្រទេស​លី​បង់ គឺ​បាន​ធ្វើ​មាតុភូមិនិវត្តន៍​កាលពី​ចុង​ខែមករា ឆ្នាំ​២០១៩​កន្លង​ទៅ ហើយ​កម្លាំង​នេះ​បាន​បំពេញការងារ​រយៈពេល​១​ឆ្នាំ​លើ​ផ្នែក​វិស្វកម្ម និង​ការងារ​បោសសម្អាត​មីន​» ។ លោក​បាន​បញ្ជាក់​ថា បេសកកម្ម​នៅ​សាធារណរដ្ឋ​លី​បង់​ជា​ឆ្នាំ​ទី​០៩ ដែល​បាន​ចូលរួម​អនុវត្ត​បំពេញភារកិច្ច​ប្រកបដោយ​ផ្លែផ្កា​ទទួល​បាន​ជោគជ័យ​ដ៏​ត្រចះត្រចង់ ។

កងទ័ព​នេះ​ឈរជើង​នៅ​ភាគ​ខាងកើត​ក្នុង​ក្រុង​ម៉ា​ចា​យ័ន (MARJAYOUN) នៃ​សាធារណរដ្ឋ​លី​បង់ ដោយ​បាន​ចូលរួម​បំពេញភារកិច្ច​បោសសំអាត​មីន​បម្រើ​ឲ្យ​ការ​សាងសង់ និង​ជួសជុល​បង្គោល​ព្រំដែន​សន្តិភាព (Blue Barrel) សាងសង់​មន្ទីរពេទ្យ សាងសង់​សំណង់​ប៉ុស្តិ៍ ថ្នល់ របាំង​ការពារ​គ្រាប់ និង​សំណង់​ផ្សេង​ៗ​ទៀត ជូន​ដល់​កងទ័ព​មួក​ខៀវ មក​ពី​បណ្តា​ប្រទេស​មួយ​ចំនួន ប្រចាំ​នៅ​តំបន់​បេសកកម្ម ស្ថិត​នៅ​តាម​ព្រំដែន រវាង​ប្រទេស លី​បង់ ស៊ី​រី និង​អ៊ី​ស្រា​អ៊ែ​ល ។
សូម​បញ្ជាក់​ថា មក​ទល់​នឹង​ពេល​នេះ​កម្ពុជា​បាន​បញ្ជូន​កម្លាំង​សរុប​ចំនួន​៥៩៦៩​នាក់ ក្នុង​នោះ មាន​នារី​ចំនួន​២៩០​នាក់​ទៅ​កាន់​បេសកកម្ម​ចំនួន​១០​ក្នុង​ប្រទេស​ចំនួន​៨​នៅ​ទ្វីបអាហ្វ្រិក និង​ម​ជ្ឈឹ​ម​បូព៌ា​លើ​ជំនាញ​បោសសំអាត​មីន វិស្វកម្ម​សំណង់​ផ្តេក​-​បញ្ឈរ តម្រួត​សណ្តាប់ធ្នាប់ មន្ទីរពេទ្យ​កំរិត​២ វិស្វកម្ម​ព្រ​លាន​យន្តហោះ និង​កម្ទេច​គ្រាប់​មិន​ទាន់​ផ្ទុះ ៕

កែសម្រួលដោយ